​សេចក្ដីសម្រេច​លើ​បណ្ដឹង​ជំទាស់​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ត្រូវ​បាន​លើក​ពេល​ប្រកាស​ទៅ​សប្ដាហ៍​ក្រោយ

អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី លោក យាង សុធារិន្ទ (ឆ្វេង) និង​លោក អ៊ួន ឈិន ធ្វើ​ដំណើរ​ទៅ​ដល់​សាលា​ឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​សវនាការ​បណ្ដឹង​របស់​ពួកគេ​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​បាន​បញ្ជា​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ។ (ឆពណ្ណ បញ្ញា)

អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី បាន​ប្រាប់​ឱ្យ​ដឹង​ថា សាលាឧទ្ធរណ៍​បាន​សម្រេច​លើកពេលប្រកាសសាលដីកា​សំណុំរឿង​របស់​ពួកគេ​ទៅ​ចុង​ខែ​នេះ បន្ទាប់​ពី​បញ្ចប់​សវនាការ​បណ្ដឹង​ទាស់​នៅ​រសៀល​ថ្ងៃ​នេះ។

អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋ​បរទេស ហើយ​បន្ទាប់​មក​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​មួយ​ករណី​បន្ថែម​ទៀត​ ពី​បទ​ផលិត និង​កាន់​កាប់​រូបភាព​អាស​អាភាស។

សំណុំ​រឿង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​តុលា​កន្លង​មក ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ ប៉ុន្តែ ពួកគេ​បាន​ប្ដឹង​សាលា​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្ដី​សម្រេច​នេះ។

ក្រោយ​សវនាការ​នៅ​រសៀល​ថ្ងៃ​នេះ លោក យាង សុធារិន្ទ បាន​ប្រាប់​ថា សាលា​ឧទ្ធរណ៍​បាន​សម្រេច​លើក​ពេល​ប្រកាស​សាល​ដីកា​ទៅ​ប្រកាស​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឬ​ដើម​សប្ដាហ៍​ក្រោយ​នេះ។

ប្រាប់អ្នកសារព័ត៌មាន​នៅក្រៅរបងតុលាការ លោក សុធារិន្ទ និយាយថា លោកចាត់ទុកការសម្រេចរបស់សាលាដំបូងកាលពីខែតុលាកន្លងមកថា មានចេតនាចង់ធ្វើបាបពួកគាត់ ព្រោះពួកគាត់ជាអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី។

លោក យាង សុធារិន្ទ និយាយ​ថា៖ «អ៊ីចឹង វាជាចេតនាមួយចាប់ខ្លួនពួកខ្ញុំ​ជាការគំរាមកំហែង ទៅលើអ្នកសារព័ត៌មាន ​ផ្សេងទៀតដែរ។ បើសិនជាតុលាការរកឃើញ ពួកខ្ញុំ​កំហុសប្រាកដណាស់​នឹងប្រកាសសាលក្រមតាំងពីថ្ងៃទី៣ តុលា មិនមែន​បង្កើតឱ្យមានសាលក្រមចាត់​របៀប​[ស៊ើបអង្កេតបន្ថែម​]»

លោក អ៊ួន ឈិន បាន​ស្នើទៅ​សាលាឧទ្ធរណ៍ឱ្យ​ច្រានចោល​សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលតម្រូវឱ្យស៊ើបអង្កេតករណីនេះឡើងវិញ។

លោក អ៊ួន ឈិន និយាយ​ថា៖ «សាលាឧទ្ធរណ៍នឹងទម្លាក់ចោល និងច្រានចោលសាលក្រមចាត់របៀប។ ពួកយើងនឹងមានសេរីភាពឡើងវិញ»

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ក្រោយ​មក​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ដាក់​ឃុំ​ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋ​បរទេស និង​ផលិត និង​កាន់​កាប់​រូបភាព​អាស​អាភាស។

អ្នក​ទាំង​ពីរ ត្រូវ​បាន​ដោះ​លែង​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន និងដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ