អាជ្ញាធរ​ខេត្តកោះកុង​បញ្ជា​ឱ្យ​ទាហាន​ម្នាក់​កាយដី​ចេញពី​ឆ្នេរសមុទ្រ​ក្រោយ​បញ្ជា​ពី​លោក ហ៊ុន​ សែន​

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរខេត្ត និងមន្ដ្រីមកពីក្រសួងរៀបចំដែនដី ព្រមទាំងមន្ដ្រីតុលាការផងនោះ បានចុះទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលចាក់ដីលុបសមុទ្រ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ធ្វើឡើងដោយឧត្តមសេនីយ៍ទោផ្កាយ២ម្នាក់។ (FreshNews)

មន្ត្រី​សាលាខេត្ត​កោះកុង​ បានឱ្យ​ដឹង​ថា​ សមត្ថកិច្ច​ខេត្ត​បាន​បញ្ជា​ឱ្យ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​មួយ​ កាយ​អាចម៍ដី​ចេញពី​ឆ្នេរសមុទ្រ​ស្ថិត​ក្នុង​ភូមិ​ស្មាច់​ង៉ា​ម ក្នុង​ខេត្តកោះកុង​ បន្ទាប់ពី​មាន​បញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ចុង​សប្ដាហ៍​កន្លងមក​នេះ​។

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រីក្រសួង​ដែនដី​ នគ​រូប​នី​យក​ម្ម​ និង​សំណង់​ លោក​ ជា​ សុផា​រ៉ា​ និង​អភិបាលខេត្ត​កោះកុង​ លោកស្រី​ មិថុនា​ ភូ​ថង​ កាលពី​ថ្ងៃ២២​ ខែធ្នូ​ ឱ្យ​ពិនិត្យ​ករណី​មាន​នាយទាហាន​ម្នាក់​ល្មើសច្បាប់​ ចាក់​ដី​លុប​ឆ្នេរសមុទ្រ​នៅ​ខេត្តកោះកុង​នា​ពេល​ថ្មី​ៗនេះ​។

អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង​ លោក​ សុខ​ សុទ្ធី​ មានប្រសាសន៍​ថា​ សំណុំរឿង​ទាហាន​ចាក់​ដី​លុប​សមុទ្រ​នៅ​ភូមិ​ស្មាច់​ង៉ា​ម ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់វិធានការ​ច្បាប់​រួចហើយ​។

លោក​ សុខ​ សុទ្ធី​ ប្រាប់​ថា​៖ «កាលពី​ថ្ងៃទី៣​ ខែធ្នូ​ មន្ត្រី​សាលាខេត្ត​បាន​សហការ​ជាមួយ​មន្ត្រី​តុលាការ​ ចុះ​ស្រាវជ្រាវ​ និង​រឹបអូស​យក​គ្រឿង​ចាក់​មួយចំនួន​។ បន្ទាប់ពី​បុគ្គល​ឈ្មោះ​ ទុន​ ដៀប​ បាន​លុប​ឆ្នេរសមុទ្រ​ដែល​មាន​ទំ​ហំ​ទទឹង៣ម៉ែត្រ​ និង​បណ្ដោ​យជាង៤០ម៉ែត្រ​»

មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ​ លោក​ ហួរ​ អ៊ី​ន មានប្រសាសន៍​ថា​ ទាហាន​ម្នាក់​បាន​ចាក់​ដី​លុប​សមុទ្រ​(ព្រែក​កោះ​ប៉ោល​) បាន​មួយ​ផ្នែក​ ក្រោយមក​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​ លោក​ អ៊ុន​ សុវណ្ណ​ធានី​ សហការ​ជាមួយ​មន្ត្រី​បរិស្ថាន​ខេត្ត​ ចុះ​ទប់ស្កាត់​ការ​ចាក់​ដី​នេះ​ ព្រមទាំង​កោះហៅ​ទាហាន​ធ្វើ​កិច្ចសន្យា​កាយ​យក​ដី​ដែល​ចាក់​នោះ​ ចេញពី​សមុទ្រ​វិញ​។

ទោះជាយ៉ាងណា​ មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ​រូប​នេះ​ សង្កេតឃើញ​ថា​ មន្ត្រី​តុលាការ​មួយចំនួន​ អនុវត្ត​ច្បាប់​នៅក្នុង​ខេត្តកោះកុង​មាន​ស្ដ​ង់​ដារ​ពីរ​ រវាង​អ្នកមាន​អំណាច​ និង​អ្នក​គ្មាន​អំណាច​។

លោក​ ហួរ​ អ៊ី​ន និយាយ​ថា​៖ «នៅ​កោះកុង ​មិនមែន​មានតែ​ករណី​ហ្នឹង​មួយ​ទេ​ ករណី​កាយ​ភ្នំ​ ករណី​លុប​ព្រែ​កផ្សេង​ៗទៀត​ សម្រាប់​អ្នកមាន​លុយ​ មានអំណាច​ យើង​មិនដែល​ឃើញ​មាន​ចំណាត់ការ​ផ្លូវច្បាប់​ម្ដ​ងណា​ទេ​ ប៉ុន្តែ​ សម្រាប់​ប្រជាពលរដ្ឋ​តូចតាច​ ទៅលើ​កាប់ឆ្ការ​ទៅលើ​ដី​ដែល​បាន​វាស់វែង​ហើយ​ ក៏​ត្រូវ​មាន​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​ យើង​ឃើញ​ការអនុវត្ត​មាន​ស្ដ​ង់​ដា​ពីរ​ រវង​អ្នកមាន​លុយ​ អ្នកមាន​អំណាច​ ហើយនិង​ប្រជាពលរដ្ឋ​សាមញ្ញ​ ដែល​មាន​ជីវភាព​ក្រីក្រ​»

ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​ លោក​ អ៊ុន​ សុវណ្ណ​ធានី​ សុំ​មិន​ធ្វើការ​បកស្រាយ​ជុំវិញ​ករណីនេះ​ទេ​ ដោយ​ថា​ ករណីនេះ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការស៊ើបអង្កេត​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ