អាជ្ញាធរ​ខេត្ត​កណ្ដា​លរារាំង​ក្រុម​កម្មករ​មិន​ឱ្យ​មក​ខុទ្ទកាល័យ​លោក​ ហ៊ុន​ សែន​ រក​ដំណោះស្រាយ​វិវាទ​ការងារ​

ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្រុម​កម្មករ​បម្រើការ​ងារ​រោងចក្រ​មួយ​ក្នុង​ស្រុក​ខ្សាច់​កណ្ដា​ល ខេត្ត​កណ្ដា​ល ដង្ហែក្បួន​តវ៉ា​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ដើម្បី​រក​អន្តរាគមន៍​ពី​លោក​ ហ៊ុន​ សែន​ ជួយ​ដោះស្រាយ​វិវាទ​ការងារ​ ដែលអះអាង​ថា​ ថៅកែ​បាន​បិទ​ទ្វា​រោងចក្រ​ដោយ​មិនបាន​ជូនដំណឹង​ និង​ដោះស្រាយ​សំណង​ជូន​ពួកគេ​។ (ហ៊ី ឆាយ)

អាជ្ញាធរ​បាន​រារាំង​ក្រុម​កម្មករ​បម្រើការ​ងារ​រោងចក្រ​មួយ​ក្នុង​ស្រុក​ខ្សាច់​កណ្ដា​ល ខេត្ត​កណ្ដា​ល មិន​ឱ្យ​ឡើង​មក​តវ៉ា​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ដើម្បី​រក​អន្តរាគមន៍​ពី​លោក​ ហ៊ុន​ សែន​ ជួយ​ដោះស្រាយ​វិវាទ​ការងារ​ ដែលអះអាង​ថា​ ថៅកែ​បាន​បិទ​ទ្វា​រោងចក្រ​ដោយ​មិនបាន​ជូនដំណឹង​ និង​ដោះស្រាយ​សំណង​ជូន​ពួកគេ​។

កម្មករ​ប្រមាណ៥០០នាក់​បម្រើការ​ងារ​នៅ​រោងចក្រ​ អេស​អ៊ី​អ៊ី​អេស​ គ្លូ​ប៊ល ​(SEES​ GLOBAL​ CO​.,LTD) ស្ថិត​ក្នុង​ភូមិ​ព្រៃចាស់​ ឃុំ​វិហារសួគ៌​ នៅ​ថ្ងៃនេះ​ បាន​នាំគ្នា​ដើរ​ជា​ក្បួន​ចេញពី​រោង​ចក្រ​បម្រុងទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រីដើម្បី​សុំ​ទៅ​លោក​ ហ៊ុន​ សែន ​ជួយ​ដោះស្រាយ​សំណង​ជូន​ពួកគេ​ ប៉ុន្តែ​ ដើរ​បាន​ប្រមាណ៤គីឡូម៉ែត្រ​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កណ្ដា​លរារាំង​ឱ្យ​ត្រឡប់ទៅ​ដោះស្រាយ​នៅ​រោងចក្រ​វិញ​។

អភិបាលស្រុក​ខ្សាច់​កណ្ដា​ល លោ​ក ប៊ុ​ន ផេង​ ដែល​ដឹកនាំ​កម្លាំង​ចុះ​រារាំង​ មានប្រសាសន៍​ថា​ ការ​ចុះ​ឃាត់​មិន​ឱ្យ​កម្មករ​ដើរ​ហែរ​ក្បួន​ទៅ​ដល់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នោះ​ ដោយសារ​បារម្ភ​ខ្លាច​ប៉ះពាល់​ទៅ​ទី​សារ​ធា​ណៈ​ និង​ម្យ៉ាងទៀត​ អាជ្ញាធរ​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​កំពុង​សម្របសម្រួល​ដោះស្រាយ​ជូន​កម្មករ​ហើយ​។

លោក​បន្ថែម​ថា៖ ​«យើង​ធ្វើ​អី​ក៏ដោយ​ គឺ​ធ្វើតាម​នីតិវិធី​ និង​តាមផ្លូវ​ច្បាប់​។ បើ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​អត់​លទ្ធភាព​ដោះស្រាយ​ អាហ្នឹង​បងប្អូន​ធ្វើ​អី​ធ្វើ​ចុះ​។ ប៉ុន្តែ​ នេះ​ខ្ញុំ​ថា​ ខ្ញុំ​មានលទ្ធភាព​ច្រើន​ក្នុង​ការ​ដោះស្រាយ​។ ដូច​ខ្ញុំ​បាន​ជម្រាប​ទៅ​សហជីព​អ៊ីចឹង​ ខ្ញុំ​មាន​មេ​នៅ​ខាងលើ​ជួយ​ដោះស្រាយ​ច្រើន​ ហើយ​ពួកគាត់​តាំងចិត្ត​ថា​ ជួយ​យើង​ដែរ​»។

ខណៈ​អាជ្ញាធរ​រារាំង​មិន​ឱ្យ​កម្មករ​ធ្វើដំណើរ​ហែរ​ក្បួន​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នោះ ​ក៏​មន្ត្រី​ក្រសួង​ការ​ងា​រនិង​បណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ​មួយចំនួន​ ចុះ​មក​សម្របសម្រួល​ និង​ទទួល​ញត្តិ​ពី​ក្រុម​កម្មករ​ផង​ដែរ​។ ហើយ​ក្រោយ​មានការ​សម្របសម្រួល​ពី​មន្ត្រី​ទាំងនោះ​រួច​មក ​គឺ​ក្រុម​កម្មករ​បាន​ត្រឡប់ទៅ​តវ៉ា​មុខ​រោងចក្រ​វិញ​។

អគ្គលេខាធិការ​រង​នៅ​គណ​កម្មការ​ដោះស្រាយ​កូដកម្ម​ បាតុកម្ម​នៅ​គ្រប់មុខ​សញ្ញា​នៃ​ក្រសួងការងារ​ លោក​ ខៀវ​ សា​វុធ​ ដែល​ចុះ​មក​សម្របសម្រួល ​និង​ដោះស្រាយ​ករណីនេះ​ដែរ​ មានប្រសាសន៍​ថា​ ក្រសួងការងារ​នឹង​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​ដោយ​ផ្អែក​តាមច្បាប់​ ហើយ​ថា​ មិន​ឱ្យ​កម្មករ​បាត់​បង់​ផលប្រយោជន៍​ឡើយ​។

លោក​បន្ថែម​ថា​៖ «យើង​ឃើញ​ហើយ​ នៅ​ថ្ងៃ​នេះក្រុមប្រឹក្សាអាជ្ញា​កណ្ដា​លកំ​ពុង​កោះ​អញ្ជើញ​គ្រប់​ភាគី​មក​ដោះស្រាយ​។ ដោយឡែក​ខាង​ក្រសួងការងារ​ដែល​មាន​ខ្ញុំ​ជា​តំណាង​ ក៏​មក​ទទួលពាក្យ​ប្តឹង​របស់​បងប្អូន​កម្មករ​ទៅ​ដោះស្រាយ​ដោយ​ផ្អែក​តាមច្បាប់ ​គឺ​មិន​ឱ្យ​បាត់បង់​ផលប្រយោជន៍​របស់​បងប្អូន​កម្មករ​ទេ​។ បើ​យើង​ចង់បាន​ល្ងាច​ហ្នឹង​ ឬស្អែក ​វា​លំបាក​បន្តិច​ តែ​ដឹង​ថា​ បាន​ដំណោះស្រាយ​»។

កម្មការិនី​ផ្នែក​ដេរ​ម្នាក់ ​អ្នកស្រី​ ភួង​ សុធា​ ប្រាប់​វី​អូ​ឌី​កន្លែង​រារាំង​ថា​ ក្រុម​កម្មករ​បាន​ផ្ទុះ​ការ​តវ៉ា​មុខ​រោងចក្រ​រយៈពេល១០ថ្ងៃហើយ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ពី​ភាគី​ពាក់ព័ន្ធ​ ប៉ុន្តែ​ មិន​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ​ ទើប​ក្រុម​កម្មករ​សម្រេច​នាំគ្នា​ដើរ​ជា​ក្បួន​ទៅ​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។

កម្មការិនី​រូប​នេះ​អះអាង​ថា​ ថៅកែ​រោងចក្រ​ជា​ជនជាតិ​កូរ៉េ​ខាង​ក្បូង​ បាន​បិទ​ទ្វា​រោងចក្រ​ចាស់​ទៅ​បង្កើត​រោងចក្រ​ថ្មី​ ដោយ​មិនបាន​ជូនដំណឹង​ និង​ដោះស្រាយ​សំ​ណង​ផ្សេង​ៗជូន​កម្មករ​ឡើយ​។

អ្នកស្រី​បន្ថែម​ថា​៖ «គំនិត​វា​ [ថៅកែ​រោងចក្រ​] ចង់​បិទ​រោងចក្រ​ហ្នឹង​ វា​ទៅ​បើក​រោងចក្រ​ថ្មី​ ប៉ុន្តែ​ វា​អត់​បាន​ជូនដំណឹង​កម្មករ​ទេ​ កម្ម​ចាស់​ៗដឹង​ទេ​។ ហើយ​វា​ឱ្យ​កម្ម​ករ​ចាស់ៗហ្នឹង​ធ្វើ​កិច្ចសន្យា​លុប​អតីតភាព​ការ​ងារ​ចាស់​ៗហ្នឹង​ ហើយ​ទៅ​ចូល​រោងចក្រ​ថ្មី​ដោយ​មិន​ទទួល​បាន​សំណង​ទេ​។ ប៉ុន្តែ ​កម្មករ​ចាស់​មិនព្រម ​ក៏​តវ៉ា​»។

កម្មការិនី​ម្នាក់​ផ្នែក​ដេរ​ ​អ្នកស្រី​ ចែវ​ យឹម​ ដែល​អះអាង​ថា​ បម្រើការ​ងារ​នៅ​រោងចក្រ​ អេស​អ៊ី​អ៊ី​អេស​ គ្លូ​ប៊ល​ រយៈពេល៧ឆ្នាំ​ ឱ្យ​ដឹង​ថា​ កម្មករ​ប្រមាណ៥០០នាក់​បាន​បម្រើការ​ងារនៅ​រោងចក្រ​នេះ​ចន្លោះ២ឆ្នាំ ទៅ៩ឆ្នាំ​ ដោយ​បាន​ប្រើ​កិច្ចសន្យា​មិនកំណត់​។

អ្នកស្រី​បន្ត​ថា​ បើ​ថៅកែ​រោងចក្រ​ប្តូរ​ទីតាំង​ ឬកន្លែង​ថ្មី ​ត្រូវ​ដោះស្រាយ​សំ​ណង​ផ្សេង​ៗជូន​កម្មករ​តាមផ្លូវ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ជាមុន​សិន​។

ប្រធាន​រដ្ឋបាល​រោងចក្រ​ អេស​អ៊ី​អ៊ី​អេស​ គ្លូ​ប៊ល​ ( SEES​ GLOBAL​ CO​.,LTD​) លោក​ ប៊ុ​ន ណា​រ៉េ​ត មិន​អាច​សុំ​ការ​ឆ្លើយតប​បានទេ​ជុំវិញ​បញ្ហា​នេះ​ដោយ​ទូរ​សព្ទ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​ ប៉ុន្តែ​ យ៉ាង​ណា ​តំណាង​សហជីព​ឱ្យ​ដឹង​ថា​ នៅ​ម៉ោង៤រសៀល​នេះ ​ភាគី​ពាក់ព័ន្ធ​មាន​តំណាង​ក្រសួងការងារ​ មន្ទីរ​ការងារ​ខេត្ត​កណ្ដា​ល តំណាង​កម្មករ​ និង​សហជីព​កំពុង​ជួប​ប្រជុំ​គ្នា​ស្វែងរក​ដំណោះស្រាយ​។

ប្រធាន​សម្ព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា​ លោក​ សៀង​ រិទ្ធី​ មានប្រសាសន៍​ថា​ តាមផ្លូវ​ច្បាប់ ពេល​រោងចក្រ​បិទ​ទ្វា​ ត្រូវ​ដោះស្រាយ​សំណង​ជូន​កម្មករ​ចំនួន៥ចំណុច​មាន​ប្រាក់​រំលឹក​អតីតភាព​ការងារ​ ប្រាក់​ជូនដំណឹង​មុន​ សំណង​ជំងឺចិត្ត​ ប្រាក់បំណាច់​ឆ្នាំ​ដែល​នៅសល់​ និង​ប្រាក់ខែ​ចុងក្រោយ​។

ជុំវិញ​វិវាទ​ការងារ​នៅ​ អេស​អ៊ី​អ៊ី​អេស​ គ្លូ​ប៊ល​ លោក​ សៀង​ រិទ្ធី​ យល់ឃើញ​ថា​ ថៅកែ​រោងចក្រ​ហាក់​មាន​ចេតនា​ចង់​គេ​ចវេស​មិន​ដោះស្រាយ​ប្រាក់​អតីតភាព​ការងារ​ជូន​កម្ម​ករ​ចាស់​ៗដែល​យូរឆ្នាំ​។ សហជីព​រូប​នេះ​បន្ត​ថា​ ដើម្បី​ជួយ​សម្រួល​ និង​ពន្លឿន​ការ​ដោះស្រាយ​ជូន​ដល់​កម្មករ​ រដ្ឋាភិបាល​ត្រូវ​បញ្ចេញ​ថវិកា​បុ​រេ​ប្រទាន​មក​ដោះស្រាយ​ជូន​កម្មករ​។

លោក​បន្ថែម​ថា​៖ «អ៊ីចឹង​ទេ ​ជា​សំណូមពរ​របស់​តំណាង​សហជីព​ និង​បងប្អូន​កម្មករ​គឺ​មានតែ​ពឹង​ទៅ​លើស​ម្ដេច ហ៊ុន ​សែន ​ទេ ​សុំ​ឱ្យ​គាត់​ទម្លាក់​លុយ​បុ​រេប្រទាន ​ដើម្បី​យក​មក​ដោះស្រាយ​ជូន​បងប្អូន​កម្មករ​ជាបឋម​សិន​។ ហើយ​កិច្ចការ​ងារ​ទាមទារ​តាមផ្លូវ​ច្បាប់​ជាមួយ​ថៅកែ​រោងចក្រ​ហ្នឹង សុំ​ឱ្យ​រដ្ឋាភិបាល​ធ្វើការងារ​ជា​បន្ត​តាម​ក្រោយ​ទៀត​ចុះ​»។

ប្រធាន​សម្ព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា​ លោក​ សៀង​ រិទ្ធី​ ឱ្យ​ដឹង​ថា​ រោងចក្រ​ អេស​អ៊ី​អ៊ី​អេស​ គ្លូ​ប៊ល (SEES​ GLOBAL​ CO​.,LTD​) កំពុង​ផលិត​ស្រោមជើង​ ស្រោមដៃ​ និង​ស្រោម​មុខ​ ឱ្យ​ផ្លាក​យីហោ​ TNS​ ដែល​មានកម្ម​ករ​កំពុង​បម្រើការ​ងារ​ទាំង​ចាស់​ និង​ថ្មី​ សរុប​ប្រមាណ៧០០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ