តុលាការ​សម្រេច​ឃុំខ្លួន​កូនប្រុស​អធិការ​នគរបាល​ក្រុង​បាវិត​ ក្រោយ​បាញ់សម្លាប់​ស្ត្រីម្នាក់​

អធិការរង​នគរបាល​ក្រុង​បាវិត​ លោក​ កែវ​ ចិ​ត្រា​ ដែល​ជា​កូនប្រុស​របស់​លោក​ កែវ​ គង់​ អធិការ​នគរបាល​ក្រុង​បាវិត​ផង​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ បន្ទាប់ពី​បាន​បាញ់សម្លាប់ទៅលើ​ស្ត្រីម្ចាស់ហាង​ឈ្មោះ​ សឿន​ ស្រីណេ​ កាលពី​រាត្រី​ថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០១៩។ (បណ្ដាញសង្គម)

មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​ បានឱ្យ​ដឹង​ថា​ កូនប្រុស​អធិការ​នគរបាល​ក្រុង​បាវិត​ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​បាញ់សម្លាប់ស្ត្រីម្ចាស់ហាង​មួយ​រូប​នៅ​ក្រុង​បាវិត​ ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ​រួចហើយ​ទៅតាម​ដីកា​បង្គាប់​របស់​តុលាការខេត្ត​នេះ​។

អធិការរង​នគរបាល​ក្រុង​បាវិត​ លោក​ កែវ​ ចិ​ត្រា​ ដែល​ជា​កូនប្រុស​របស់​លោក​ កែវ​ គង់​ អធិការ​នគរបាល​ក្រុង​បាវិត​ផង​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ បន្ទាប់ពី​បាន​បាញ់សម្លាប់ទៅលើ​ស្ត្រីម្ចាស់ហាង​ឈ្មោះ​ សឿន​ ស្រីណេ​ កាលពី​រាត្រី​ថ្ងៃទី២០​ ខែធ្នូ​ ហើយ​ស្ត្រី​រូប​នោះ​ បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម​។

ស្នងការ​នគរបាល​ខេត្តស្វាយរៀង​ លោក​ កឹង​ ឃន​ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា​ មន្ត្រី​នគរបាល​ដែល​បាញ់ប្រហារ​ទៅលើ​ស្ត្រីម្ចាស់ហាង​នោះ​ ត្រូវ​បាន​សាលាដំបូង​ខេត្តស្វាយរៀង​ សម្រេច​ចោទប្រកាន់​ និង​ដាក់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រួចរាល់​ហើយ​។

លោក​ កឹង​ ឃន​ បាន​រៀបរាប់​ថា​៖ «បញ្ជូន​ទៅ​តុលាការ​ឃុំខ្លួន​ ដាក់គុក​ហើយ​។ បទ​ចោទ​ គឺ​ឃាតកម្ម​ មនុស្សឃាត​ [តើ​ជា​បទ​ចោទ​ មនុស្សឃាត​ដោយចេតនា​ រឺ​អចេតនា​?] អត់មាន​អចេតនា​ទេ ​អាហ្នឹង​»

ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់​សាលាដំបូង​ខេត្តស្វាយរៀង​ កាលពី​ថ្ងៃទី២២​ ខែធ្នូ​ ចៅក្រម​ស៊ើបសួរ​ អ្នកស្រី​ ឈុន​ ដា​វី​ បានសម្រេច​ឱ្យ​ជនសង្ស័យ​ កែវ​ ចិ​ត្រា​ ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​បទ​ «ឃាតកម្ម​ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​»

ចៅក្រម​ស៊ើបសួរ​ អ្នកស្រី​ ឈុន​ ដា​វី​ បាន​បដិសេធ​មិន​ធ្វើការ​បកស្រាយ​អ្វី​ទាំងអស់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​នេះ​ ដោយ​អះអាង​ថា​ អ្នកស្រី​ជាប់រវល់​បំពេញការងារ​។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធ​មនុស្ស​លី​កាដូ​ប្រចាំ​ខេត្តស្វាយរៀង​ លោក​ នុត​ បូ​ពិ​ណ្ណា​រ័ត្ន​ បាន​ចាត់ទុក​ករណីនេះ​ ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ជាពិសេស​រំលោភសិទ្ធិ​ស្ដ្រី។

លោក​ នុត​ ប៊ូ​ពិ​ណ្ណា​រ័ត្ន​ និយាយ​ថា​៖ «ខ្ញុំ​យល់ឃើញ​ថា​ សកម្មភាព​នៃ​បទល្មើស​នេះ​ គឺជា​សកម្មភាព​បទល្មើស​មួយ​ដែល​រំលោភ​លើ​ផ្លូវច្បាប់​ ហើយ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ជាពិសេស​ទៅលើ​ស្ដ្រី ដោយសារ​ការប្រើ​ប្រាស់​អាវុធ​បាញ់​នៅ​កណ្ដា​លក្រុង​ ហើយ​មាន​ចេតនា​បាញ់​លើ​ក្បាល​ស្ដ្រី។ អ៊ីចឹង​ យើង​មើលទៅ​វា​ឃោរឃៅ​ណាស់​ រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ណាស់​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ