ស៊ីម៉ាក់និងអង្គការ JICA ចុះហត្ថលេខាកិច្ចសហប្រតិបត្តិការបច្ចេកទេសដើម្បីបោសសម្អាតមីន

ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ពិធីចុះហត្ថលេខាកិច្ចសហប្រតិបត្តិការបច្ចេកទេសបោសសម្អាតមីន រវាងស៊ីម៉ាក់ និងអង្គការ JICA ជប៉ុន។ (ឆពណ្ណ បញ្ញា)

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ស៊ី​ម៉ាក់​ និង​អង្គការ​ JICA​ របស់​ជប៉ុន​ ចុះហត្ថលេខា​កិច្ច​សហប្រតិបត្តិ​ការ​បច្ចេកទេស​ ដើម្បី​បោសសម្អាត​មីន​នៅ​ប្រទេស​កម្ពុជា​ឱ្យ​អស់​ក្នុង​ឆ្នាំ២០២៥​ ខាងមុខនេះ​។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នា​ថ្ងៃនេះ​ តំណាង​ប្រធាន​អង្គការ​ JICA​ ប្រចាំ​ប្រទេស​កម្ពុជា​ លោក​ Sugano​ Yuichi​ លើកឡើង​ថា​ ការ​ចុះហត្ថលេខា​អង្គការ​ JICA ​ជាមួយ​ស៊ី​ម៉ាក់​ ធ្វើឡើង​ដើម្បី​ផ្ដល់​ជំនួយ​បច្ចេកទេស​ និង​កិច្ច​សហប្រតិបត្តិ​ការ​បន្ថែម​ក្នុង​ការ​កសាង​សមត្ថភាព​របស់​ស៊ី​ម៉ាក់​ ដើម្បី​ពង្រឹង​កិច្ចការ​បោសសម្អាត​មីន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថា​៖ «គម្រោង​ ឬក៏​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ នឹង​ចូលរួម​ចំណែក​ ធ្វើ​ឱ្យ​ស៊ី​ម៉ាក់​អាច​សម្រេច​គោលដៅ​នៅ​ឆ្នាំ២០១៨​-២០២៥​ ដើម្បី​សម្រេច​បាន​នូវ​ការ​បោស​សម្អាត​មីន​ នៅ​ទូទាំង​ប្រទេស​ ក៏ដូចជា​ ដើម្បី​បង្កើនមុខងារ​សមត្ថកិច្ច​របស់​ស៊ី​ម៉ាក់​ផង​ដែរ​»

ប្រធាន​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ហៅ​កាត់​ ស៊ី​ម៉ាក​ លោក​ ហេង​ រតនា​ មានប្រសាសន៍​ថា​ ការ​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​ ដើម្បី​បន្ត​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​បច្ចេកទេស​រយៈពេល៤​ឆ្នាំ​បន្ត​ទៀត​ ពោល​គឺ​ចាប់ពី​ឆ្នាំ២០២០​ ដល់២០២៤​ ។

លោក​ថា​៖ «នៅចំពោះមុខ​ អត់​ទាន់​ប្រកាស​ចំនួន​ថវិកា​ជាក់លាក់​ទេ​ គឺជា​កិច្ច​សហប្រតិបត្តិ​ការ​បច្ចេកទេស​ គាត់​នឹង​ផ្ដល់​អ្នកបច្ចេកទេស​ សម្រាប់​ជួយ​សម្របសម្រួល​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ អាច​ជាមួយ​ប្រទេស​ផ្សេង​ៗដែល​យើង​ផ្ដល់​ការ​ហ្វឹកហ្វឺន​ និង​តម្រូវការ​ជាក់ស្ដែង​របស់​យើង​ ក្នុង​ការ​ពង្រឹង​សមត្ថភាព​របស់​យើង​។ ឧទាហរណ៍​សម្ភារ​ ឡាន​ សម្ភារអី​ផ្សេង​ៗទៀត​ យើង​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​»។

លោក​ ហេង​ រតនា​ បន្ត​ថា​ អង្គការ​ JICA​ ក៏បាន​ផ្តល់​ថវិកា​ជា​ជំនួយឥតសំណង​ចំនួន១៧៩៩៨៥០​ដុល្លារ​អាមេរិក​ឱ្យ​ស៊ី​ម៉ាក់​ សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​គំ​រោង​សមា​ហរណកម្មបោសសំអាត​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ សម្រាប់​រយៈពេល៦ខែ​ ចាប់ពី​ថ្ងៃទី០១​ ខែមករា​ ដល់ថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២០​។

អង្គការ​ JICA​ របស់​ជប៉ុន​ បាន​ផ្ដល់​ជំនួយ​លើ​វិស័យ​បោសសម្អាត​មីន​មក​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ១៩៩៨​ ដល់​ឆ្នាំ២០១៩​ មាន​ទឹកប្រាក់​ប្រហែលជា​ ១៥០​លាន​ដុល្លារ​អាមេរិក​។

ឯកអគ្គ​រាជទូត​ Masahiro​ Mikami​ (ម៉ា​សា​ហ៊ី​រ៉ូ​ មីកា​មី​) មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​ថា ស៊ី​ម៉ាក់​ និង​ អង្គការ​ JICA​ បាន​ជួយ​បោសសម្អាត​មីន​ពី​ផ្ទៃដី​ស្រែចម្ការ​ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ​បាន​ចំនួន​ ១៦០០គីឡូម៉ែត្រ​ក្រឡា​នៅ​ទូទាំង​ប្រទេស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ