អាជ្ញាធរ​ជាតិ​អប្សរា​ ប្រាប់​កសិករ​ឱ្យ​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​មុន​ប្រើប្រាស់​ទឹក​បារាយណ៍​ខាងលិច​

​បារាយណ៍​ខាងលិច​ នៃ​ខេត្តសៀមរាប។ (នាយកដ្ឋានគ្រប់គ្រងទឹក/ ខែធ្នូ ឆ្នាំ២០១៩)

អាជ្ញាធរ​ជាតិ​អប្សរា​ ប្រាប់​កសិករ​ឱ្យ​ស្នើសុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​មុន​ពេល​យក​ទឹក​បារាយណ៍​ខាងលិច​ទៅ​ប្រើប្រាស់​ ដោយ​ថា​ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ បែងចែក​ និង​សន្សំសំចៃ​ខ្ពស់​ បង្ការ​កុំ​ឱ្យ​មានការ​ខ្វះខាត​នារ​ដូវ​ប្រាំង​។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ លោក​ ឡុង​ កុសល​ បាន​អះអាង​ថា​ បច្ចុប្បន្ន​ កសិករ​ធ្វើស្រែ​ប្រាំង​ដែល​ត្រូវ​ប្រើប្រាស់​ទឹក​បារាយណ៍​ខាងលិច​ នៃ​ខេត្តសៀមរាប​ ត្រូវ​ស្នើសុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ រឺ​សហគមន៍​ប្រើប្រាស់​ទឹកជា​មុន​សិន​ ទើប​អាច​ទាញ​យក​ទឹកបាន​។ លោក​បញ្ជាក់​ថា​ ការ​ចាត់​វិធានការបែបនេះ​ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ ចែក​ទឹក​ជូន​កសិករ​ធ្វើស្រែ​បាន​គ្រប់គ្រាន់​ ហើយ​សំចៃ​ខ្ពស់​ បញ្ចៀស​បញ្ហា​ខ្វះ​ទឹក​អំឡុង​ពេល​អាកាសធាតុ​ប្រែប្រួល​នារ​ដូវ​ប្រាំង​ដែល​អូស​បន្លាយ​យូរ​។

លោក​ ឡុង​ កុសល​ បាន​រៀបរាប់​ថា​៖ «បើសិន​ពួកគាត់​ពុំ​ទទួល​បាន​ព័ត៌មាន​ហ្នឹង​ច្បាស់លាស់​ទេ​ វា​នាំ​ឱ្យ​មានការ​ខូចខាត​ដល់​ដំណាំស្រូវ​របស់​គាត់ ​ទីមួយ​។ ទីពីរ​ កិច្ចការ​ងារ​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ហ្នឹង​ គឺ​យើង​ផ្គត់ផ្គង់​ទៅដល់​រដ្ឋាករទឹក​ខេត្តសៀមរាប​ហ្នឹង​ផង​ ដែល​គាត់​យក​ទឹក​ទៅ​ផលិត​ជា​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ចែកចាយ​នៅក្នុង​ក្រុង​សៀមរាប​។ ទីបី​ យើង​រក្សា​ទឹក​ទុក​មួយ​ចំណែក​ដើម្បី​រក្សា​តុល្យភាព​ទឹក​ក្រោម​ដី​»។

បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ការប្រកាស​ស្នើ​ពលរដ្ឋ​ឱ្យ​ប្រើប្រាស់​ទឹក​បា​រាយ​ណ៍​ខាងលិច​ដោយ​សន្សំសំចៃ​ មិនមែន​ធ្វើឡើង​រៀងរាល់​ឆ្នាំ​ឡើយ​ ការណែនាំ​ដល់​កសិករ​បែបនេះ​ ធ្វើឡើង​តែ​ចំពោះ​ឆ្នាំ​ណាដែល​អាកាសធាតុ​ប្រែ​ក្តៅ​ខ្លាំង​ ហើយ​រដូវប្រាំង​អាច​អូស​បន្លាយពេល​យូ​ប៉ុណ្ណោះ​។ ឯកា​រត​ម្រូ​វឱ្យ​ពលរដ្ឋ​ស្នើសុំ​ទៅ​អាជ្ញាធរ​មុន​ប្រើ​ទឹក​បា​រាយ​រណ៍​ខាងលិច​ធ្វើស្រែ​ប្រាំង​ គឺ​សកម្មភាព​ដែល​អាជ្ញាធរ​អប្សរា​បាន​ធ្វើជា​ទៀងទាត់​ប្រមាណ​ជាង១០ឆ្នាំ​មក​ហើយ​។

កសិករ​រស់នៅ​ក្នុង​ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ អ្នកស្រី​ កង​ សុ​ឡៃ​ បាន​បញ្ជាក់​ថា​ អ្នកស្រី​ពេញចិត្ត​នឹង​ការ​យកចិត្ត​ទុកដាក់​របស់​អាជ្ញាធរ​ជួយ​ពលរដ្ឋ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ធ្វើស្រែ​ប្រាំង​។ ទោះជា​អ្នកស្រី​យល់ថា​ការ​ស្នើសុំ​ប្រើ​ទឹក​ទៅ​អាជ្ញាធរ​មូលដ្ឋាន​មុន​ទាញ​យក​ទឹក​ធ្វើស្រែ​មាន​ភាព​ស្មុគស្មាញ​ ហើយ​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​ដែល​មានចំណេះ​ទាប​យ៉ាងណា​ក្ដី​ តែ​វា​ជា​វិធី​បន្ថយ​ជម្លោះ​នៃ​ការ​ទាញ​ផល​មិន​ស្មើគ្នា​ និង​ជួយ​ជំរុញ​លទ្ធភាព​កសិករ​អាច​ធ្វើស្រែ​ប្រាំង​មួយឆ្នាំ​បាន​ពីរ​ដង​។

អ្នកស្រី​ កង​ សុ​ឡៃ​ បន្ថែម​ថា​៖ «ជូន​ព័ត៌មាន​ទៅ​អាជ្ញាធរ​ដែនដី​ ល្អ​ច្រើន​ ព្រោះ​អត់​ទឹក​ក៏​គាត់​ដឹងពី​បញ្ហា​យើង​ គាត់​លើក​ជា​សំ​ណើ​ផ្សេង​ៗទៅ​ថ្នាក់លើ​ជួយ​ដល់​កសិករ​ណា៎​បង​។ ដូច​នៅ​ភូ​មិចឹ​ង គេ​អាច​គ្រប់គ្រង​ដី២០០ហិកតា​ រឺ៣០០ហិក​តា​ ចឹង​បើ​មាន​ទឹក​ប៉ុណ្ណេះ​មិន​គ្រប់​ទេ​ តើ​យើង​គួរ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ តើ​យើង​គួរ​ជីក​ប្រឡាយ​ រឺ​ស្ដុ​កទឹក​នៅកន្លែង​ណា​ទៀ​តចឹង​ទៅ​»។

ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បណ្ឌិត​ យ៉ង​ សាំង​កុមារ​ មានប្រសាសន៍​ថា ​ការ​រក្សា​ទឹក​ទុក​ប្រើប្រាស់​ប្រកបដោយ​និរន្ត​ភាព​ត្រូវ​ផ្អែកលើ​កត្តា​សំខាន់​បី​ ដែល​ទី១គឺ​បង្កើន​សមត្ថភាព​ស្ដុ​កទឹក​តាមរយៈ​ការ​ស្ដារ​អាង​ និង​ប្រព័ន្ធ​ប្រឡាយ​ជាដើម​ បង្កើន​ការ​ជីក​ស្រះ​បន្ថែម​កន្លែង​ទុក​ទឹក​ថ្មី​ ទី២ មាន​វិធានការ​គ្រប់គ្រង​ការប្រើ​ទឹក​ច្បាស់លាស់​ និង​ទីបី​ លើកទឹកចិត្ត​ពលរដ្ឋ​ដាំ​ណាំ​ផ្សេងៗ​ផ្គត់ផ្គង់​ជីវភាព​ ជាជាង​ផ្តោត​លើ​ការ​ធ្វើស្រែ​តែ​ម៉្យាង​។

បណ្ឌិត​ យ៉ង​ សាំង​កុមារ​ បន្ថែម​ថា​៖ «សំខាន់​មួយទៀត​ហ្នឹង ​គឺ​វិមជ្ឈការ​នៃ​ការគ្រប់គ្រង​ទឹក​តាមរយៈ​ពង្រឹង​សមត្ថភាព​ និង​ទម្លាក់​ធនធាន​ថវិកាឱ្យ​បាន​ច្រើន​ទៅ​ថ្នាក់ក្រោម​ជាតិ​ ពិសេស​ថ្នាក់​ ថ្នាក់​ស្រុក​អ៊ីចឹង​ កុំ​ផ្តល់​ទៅ​ថ្នាក់​ខាងលើ​ច្រើនពេក​ ដែល​ច្រើនតែ​ធ្វើ​គម្រោ​ងធំៗ​ដែល​មាន​ទឹកលុយ​រាប់​លាន​ដុល្លា​រ។ ឯរឿង​តូច​ៗដែល​មាន​លុយ​ខ្ទង់ម៉ឺន​ សែន​ដុល្លា​ ដែល​ថ្នាក់ក្រោម​អាច​ធ្វើ​បាន​ វា​មិនសូវ​មាន​ទេ​។ ជា​រួម​ យើង​មាន​សក្តា​នុ​ពល​ច្រើន​ ប៉ុន្តែ​ សំខាន់​លើ​ការងារ​គ្រប់គ្រង​ និង​ការបែងចែក​ថវិកា»។

តាម​ព័ត៌មាន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩​ ចាប់ពី​ខែសីហា​ ដល់​ខែតុលា​ ឆ្នាំ២០១៩នេះ​ ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​បញ្ជូន​ទឹក​ប្រមូល​មក​ពី​ភ្នំ​គូលែន​ ទំនប់​នានា​ជុំវិញ​រមណីយដ្ឋាន​អង្គរ​ និង​របបទឹកភ្លៀង​ មក​រក្សាទុក​ក្នុង​បា​រា​យណ៍​ខាងលិច​ប្រមាណ៥៦លាន​ម៉ែត្រគូប​។ ឆ្នាំនេះ ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ប្រកាស​បើកទឹក​ផ្គត់ផ្គង់​ស្រែប្រាំង​ពី​ខែវិច្ឆិកា​ រហូត​ចុងខែ​កុម្ភៈ​ ហើយ​បច្ចុប្បន្ន​បាន​ស្រោចស្រព​ដីស្រែ​ក្នុង​ស្រុក​ពួក​ និង​ក្រុង​សៀមរាប​ប្រមាណ៧៥០០ហិកតា​៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ