ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខេត្តកោះកុង​អូស​បន្លាយ​រយៈពេល១៤ឆ្នាំ ​ស្នើ​ក្រសួង​ដោះស្រាយ​

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាង១០០នាក់​ ដែល​អះអាង​ថា​ តំណាង​ឱ្យ​ពលរដ្ឋ២០០គ្រួសារ ​មក​ពី​ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ បាន​ប្រមូល​ផ្តុំគ្នា​មុខក្រសួង​រៀបចំ​ដែនដី​​ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ដោះស្រាយ​សំណង​បន្ថែម​លើ​ជម្លោះដីធ្លី​របស់​ពួកគាត់​ដែលអូស​បន្លាយ១៤ឆ្នាំ​មក​ហើយ​។ (ហ៊ី ឆាយ)

ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាង១០០នាក់​ ដែល​អះអាង​ថា​ តំណាង​ឱ្យ​ពលរដ្ឋ២០០គ្រួសារ ​មក​ពី​ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ បាន​ប្រមូល​ផ្តុំគ្នា​មុខក្រសួង​រៀបចំ​ដែនដី​នៅ​ថ្ងៃនេះ​ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ដោះស្រាយ​សំណង​បន្ថែម​លើ​ជម្លោះដីធ្លី​របស់​ពួកគាត់​ដែលអូស​បន្លាយ១៤ឆ្នាំ​មក​ហើយ​។

អ្នកស្រី​ អឹម​ សុខន​ ដែល​អះអាង​ថា​ ជា​តំណាង​ពលរដ្ឋ​ប្រាប់​វី​អូ​ឌី​មុខក្រសួង​ថា​ ប្រជាពលរដ្ឋ២០០គ្រួសារ​នៅ​ភូមិ​ចំនួន៤ ក្នុង​ឃុំ​ជីខលើ​ មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុម​ហ៊ុនចម្ការ​អំពៅ​កោះកុង​ស៊ូ​គ័រ​របស់​លោក​ លី​ យ៉ុង​ផា​ត់ តាំងពី​ឆ្នាំ២០០៦​ ប៉ុន្តែ​ ក្រោយ​ពលរដ្ឋ​តវ៉ា​ជាបន្តបន្ទាប់​ គឺ​នៅ​ឆ្នាំ២០១៨​ ក្រសួង​រៀបចំ​ដែនដី​បាន​ដោះស្រាយ​ដោយ​សម្រេច​កាត់​ដី​ទំហំ៣០០ហិ​កតា​ ចេញពី​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុមហ៊ុន​មក​ចែក​ឱ្យ​ពលរដ្ឋ​វិញ​។

តំណាង​ពលរដ្ឋ​រូប​នេះ​បន្ត​ថា​ ខណៈ​ពេល​ដែល​ក្រសួង​ដោះស្រាយ​ដីធ្លី​ឱ្យ​ពលរដ្ឋ២០០គ្រួសារ​នោះ​ គឺ​អ្នកភូមិ​មិនបាន​ទទួលយក​សំណង​ខូចខាត​ពី​ក្រសួង​នោះ​ទេ​ ដោយ​អ្នកស្រី​អះអាង​ថា​ ក្រុមហ៊ុន​បញ្ជាទិញ​ស្ករអំពៅ​ពី​កម្ពុជា​មួយ​ឈ្មោះ​«ថេ​តអិន​ឡាយ​»នៅ​ប្រទេស​អង់គ្លេស​ បាន​សន្យា​ចេញ​​សំណង​ខូចខាត​ជំនួស​ ប៉ុន្តែ ​រហូត​ពេលនេះ​ ក្រុមហ៊ុន​បញ្ជាទិញ​ស្ករអំពៅ​មួយ​នេះ​មិន​ផ្តល់​សំណង​ឱ្យ​ពលរដ្ឋ​ឡើយ​។

អ្នកស្រី​ អឹម​ សុខន​៖ «ឯកសារ​ទាំងអស់​មានតែ​តំណាង​ និង​មេធាវី​របស់ខ្ញុំ​ទេ​ដឹង​ច្បាស់​ ប៉ុន្តែ​ តំណាង​របស់​ពួក​ខ្ញុំ​ពេល​ដឹង​ថា​ អត់​បាន​សំ​ណងចឹង​ គាត់​ហាក់​បោះបង់​ពួក​ខ្ញុំ​ចោល​ ហើយ​ខ្ញុំ​អស់ជំនឿ​លើ​តំណាង​ បាន​រក​អន្តរាគមន៍​ពី​ក្រសួង​ជួយ​អន្តរាគមន៍​»។

លោក​ តេង​ កៅ​ ដែល​អះអាង​ថា​ ជា​តំណាង​ពលរដ្ឋ​ដែរ​នោះ​ និយាយ​ថា​ ក្រុមហ៊ុន«ថេ​តអិន​ឡាយ​»បោកប្រាស់​ប្រជាពលរដ្ឋ​ដោយ​មិនបាន​ផ្តល់​សំណង​ឱ្យ​ប្រជាពលរដ្ឋ​តាម​ការសន្យា​ឡើយ​ ដោយធ្វើ​ឱ្យ​អ្នកភូមិ​ខាតបង់​ទ្រព្យសម្បត្តិ​ និង​ផល​ដំ​ណាំ​ទទេ​ៗ។

តំណាង​ពលរដ្ឋ​រូប​នេះ​ បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន ​នគ​រូប​នី​យក​ម្ម​ និង​សំណង​ លោក​ ជា​ សុ​ផា​រ៉ា​ ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន ​ឱ្យដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​។ លោក​ តេង​ កៅ​ បន្ត​ថា​ ក្រោម​ជម្លោះដីធ្លី​ជាមួយ​ក្រុម​ផលិត​ស្ករអំពៅ​រយៈពេល១៤ឆ្នាំ​កន្លងមក​នេះ ​បាន​ធ្វើ​ឱ្យ​អ្នកភូមិ​មាន​ជីវភាព​ខ្វះខាត​ និង​ក្រីក្រ​។

លោក​បន្ថែម​ថា​៖ «ប្រជាជន​យើងខ្ញុំ​មានការ​រង​ទុក្ខលំបាក​វេទនា​ កូនចៅ​ពួក​ខ្ញុំ​ត្រូវ​បាត់បង់​ការសិក្សា​ហើ​យកូនៗ​របស់​ពួក​យើង​ត្រូវ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ និង​មក​ភ្នំពេញ​ ដោយ​គ្រួសារ​របស់​ពួក​យើង​ជំពាក់បំណុល​ធនាគារ​ច្រើន​»។

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែន​ នគ​រូប​នី​យក​ម្ម​ និង​សំណង់​ លោក​ សេង​ ឡូត​ សុំ​មិន​ឆ្លើយតប​ទេ​ ដោយ​ថា​ លោក​កំពុង​ជាប់រវល់​ប្រជុំ​។

អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​ លោក​ មាន​ ចាន់​យ៉ា​ដា​ ដែល​ចុះទៅ​ជួប​ពលរដ្ឋ​កន្លែង​តវ៉ា​ផ្ទាល់​ បាន​ប្រាប់​ឱ្យ​អ្នកភូមិ​ត្រ​ឡប់​ទៅផ្ទះ​នៅ​ថ្ងៃនេះ​វិញ​ ដោយ​សន្យា​ប្រាប់​ទៅ​អាជ្ញាធរ​ខេត្ត​ជា​អ្នក​ដោះស្រាយ​ ហើយ​ថា​ ពលរដ្ឋ​អាច​ត្រឡប់​មក​សារជាថ្មី​ទៀត​នៅ​ខែមករា ​ឆ្នាំ២០២០​ ប្រសិន​ពុំ​មាន​ដំណោះស្រាយ​។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​នាំពាក្យ​សាលាខេត្ត​កោះកុង​ លោក​ សុខ​ សុទ្ធី​ បានទេ​ជុំវិញ​ករណីនេះ​ ដោយ​ទូរសព្ទ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​។

មន្ត្រី​សម្របសម្រួល​ស្ដី​ទីនៅ​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្តកោះកុង​ លោក​ ប៉ី​ វ៉ាន់​នី​ មានប្រសាសន៍​ថា​ បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ពេល​កន្លងមក​ មិន​មាន​តម្លាភាព​ និង​ច្បាស់លាស់​ជូន​ប្រជាពលរដ្ឋ​។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​ ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ស្រាវជ្រាវ​ និង​អន្តរាគមន៍​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ ដើម្បី​បញ្ឈប់​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​។

លោក​ ប៉ី​ វ៉ាន់​នី​៖ «អ៊ីចឹង​ អាជ្ញាធរ​ត្រូវ​ធ្វើការ​ដោះស្រាយ​ឡើងវិញ​ ហើយ​ស្រាវជ្រាវ​ឡើងវិញ​ទៅ​ថា​ ពួកគាត់​ហ្នឹង​ពិតប្រាកដ​ទេ​ដែល​ថា ​គាត់​អត់​ទាន់​ទទួល​បាន​សំណង​នោះ​។ ហើយ​ដោះស្រាយ​ជូន​គាត់​ទៅ​ គាត់​ទទួលយក​បាន​ គាត់​ទទួលយក​ គាត់​ឈប់​តវ៉ា​ហើយ​។ និង​ត្រូវ​ធ្វើការងារ​ដោះស្រាយ​ដោយ​ស្មោះត្រង់​ និង​តម្លាភាព​ទៅ​»។

ក្នុង​ញ្ញ​ត្តិ​មួយ​ចុះ​ថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០១៩​ ដាក់​ទៅ​សហ​ភាព​អ៊ឺ​រ៉ុប ​(EU​) ប្រចាំ​កម្ពុជា​ ប្រជាពលរដ្ឋ​ក៏បាន​ស្នើ​ទៅ​ឯកអគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ «ថេ​តអិន​ឡាយ​» នៅ​ប្រទេស​អង់គ្លេស​ ឱ្យ​ដោះស្រាយ​សំណង​ខូចខាត​ជូន​ពលរដ្ឋ​តាម​ការសន្យា​ផង​ដែរ​។

បើ​តំណាង​ពលរដ្ឋ ​អ្នកស្រី​ អឹម​ សុខន​ គឺ​ពលរដ្ឋ២០០គ្រួសារ​នោះ​បាន​ទាមទារ​ថ្លៃ​សំណង​ខូចខាត​បន្ថែមចំនួន៦ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ