អតីត​សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា​ ពួកគេ​មិន​វិល​ចូល​កម្ពុជា​វិញ​ព្រោះ​បារម្ភ​សមត្ថកិច្ច​ចាប់ខ្លួន​

អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ និង​ធ្លាប់​ជាប់ពន្ធ​នា​គារ​ លោក​ នាង សុឃុន​។ (ហ្វេសប៊ុក Neang Sokhun)

អតីតមន្ត្រី​ និង​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅប្រទេស​ អះអាង​ថា​ ពួកគេ​មិនទាន់វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ដោយ​បារម្ភ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​ ហើយ​ថា​ តុលាការ​មិនទាន់​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​ពួកគេ​នៅឡើយ​ទេ​។

អតីតមន្ត្រី​ និង​សកម្មជន​ជាច្រើន​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​នាំគ្នា​រត់គេច​ខ្លួន​ទៅក្រៅ​ប្រទេស​ បន្ទាប់​តុលាការ​បាន​ចេញដីកាកោះ​ហៅ​ និង​ដីកា​ចាប់ខ្លួន​ ពាក់ព័ន្ធ​នឹង​ការប្រកាស​គាំទ្រ​គម្រោង​ដំណើរ​វិលត្រឡប់​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ ចូល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី៩​ ខែវិច្ឆិកា​កន្លងមក​នេះ​។

អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ និង​ធ្លាប់​ជាប់ពន្ធ​នា​គារ​ លោក​ នាង សុឃុន​ ប្រាប់​វី​អូ​ឌីតា​មបណ្ដាញ​សង្គម​នៅ​ថ្ងៃនេះ​ថា​ បច្ចុប្បន្ន​នេះ​ មាន​មន្ត្រី​ និង​សកម្មជន​ CNRP​ ជាង ១០០នាក់​ កំពុង​ភៀសខ្លួន​នៅ​ក្រៅប្រទេស​។ លោក​បន្ត​ថា​ ពួកគាត់​មិន​វិល​ចូល​កម្ពុជា​វិញ​ ដោយ​បារម្ភ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​ពួកគាត់​ ខណៈ​ដែល​តុលាការ​មិនទាន់​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​ពួកគាត់​ទាំងអស់គ្នា​នោះ​។

លោក​ នាង​ សុ​ឃុន​ ប្រាប់​ថា​៖ «អ្វី​ដែល​ខ្ញុំ​មិន​អាច​ទៅ​បាន​នោះ​ គឺ​មាន​មូលហេតុ​បែបនេះ​ ទី១​ ក្រសួង​ការបរទេស​ គេ​បាន​លុប​លិខិតឆ្លងដែន​របស់ខ្ញុំ​ ហើយ​គេ​បាន​ចេញដីកា​តាម​ចាប់ខ្លួន​យើងខ្ញុំ​ និង​មន្ត្រី​មួយចំនួន​ផ្សេងទៀត​ ដែល​សកម្ម​នឹង​រឿង​នយោបាយ​។ ដូច្នេះ​ ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ គឺ​គ្រាន់​តែ​ជា​បំ​ភ័ន្តមតិ​ជាតិ​ និង​អន្តរជាតិ​ ក៏​ដូច​លួង​ចិត្ត​ប្រជាពលរដ្ឋ​មិន​ឱ្យ​ងើបឡើង​តវ៉ា​ប៉ុណ្ណោះ​»

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ លោក​ កុយ​ គង់​ មា​នប្រ​សាន​ស៍​ថា​ ការ​លុប​សុពលភាព​លិខិតឆ្លងដែន​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​កន្លងមក​ ដោយសារ​ក្រសួង​ទទួល​បាន​របាយការណ៍​ក្រសួងមហាផ្ទៃ​។ លោក​បន្ត​ថា​ ប្រសិន​អ្នក​ទាំងនោះ​ចង់​វិញ​ត្រឡប់​មក​កម្ពុជា​វិញ​ ពួកគេ​អាច​ដាក់​លិខិត​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ ដើម្បី​សុំ​ត្រឡប់​មក​កម្ពុជា​វិញ​។

លោក​ កុយ​ គង់​ ប្រាប់​ថា​៖ «ធ្វើ​លិខិតបើកផ្លូវ​ស្ថានទូត​នៅ​បាងកក​ និង​អគ្គ​កុងស៊ុល​នៅ​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​។ អត់មាន​ធ្វើទុក្ខ​បុកម្នេញ​អី​ទេ​ វា​ទៅតាម​ផ្លូវច្បាប់​របស់​តុលាការ​ យើង​ធ្វើ​អី​ក៏ដោយ​ទៅតាម​ផ្លូវច្បាប់​»

អតីត​មេឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ កញ្ញា​ កឹម​ តុលា​ បានឱ្យ​ដឹង​ថា​ កញ្ញា​ក៏​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​ ហើយ​មិនទាន់​ត្រឡប់​មក​កម្ពុជា​វិញ​ ដោយ​មើលឃើញ​ថា​ រដ្ឋាភិបាល​នៅតែ​បន្ត​ធ្វើទុក្ខ​បុកម្នេញ​លើ​មន្ត្រី​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​តាម​រូប​ផ្សេង​ៗជាដើម​។

កញ្ញា​ កឹម​ តុលា​ ប្រាប់​ថា​៖ «សមត្ថកិច្ច​ ឬជន​មិន​ស្គាល់​មុខ​ណាមួយ​ ធ្វើបាប​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ មានការ​វាយ​ លួច​វាយ​ដោយមិនដឹង​ហេតុផល​ក៏​មាន​។ អាហ្នឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​ដល់អាយុ​ជីវិត​ដែរ​ ហើយ​ជា​ការរំលោភ​សិទ្ធិ​សកម្មជន​បក្ស​ប្រឆាំង​ រំលោភសិទ្ធិ​នៃ​ការរស់នៅ​ក្នុងនាម​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ធម្មតា​ ហើយ​នៅតែ​ចង់​ធ្វើបាប​ពួក​ខ្ញុំ​ទៀត​»

កញ្ញា​ កឹម​ តុលា​ បន្ត​ថា​ ក្រៅពី​បារម្ភ​សុវត្ថិភាព​ កញ្ញា​ និង​សកម្មជន​ CNRP​ ចំនួន​ ២៦នាក់​ទៀត​ ត្រូវ​បាន​ក្រសួង​ការបរទេស​លុបចោល​សុពលភាព​លិខិតឆ្លងដែន​ផង​ដែរ​។

កាលពី​ថ្ងៃទី១៤​ ខែវិច្ឆិកា​កន្លងមក​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រាប់​ឱ្យ​ដោះលែង​អ្នកគាំទ្រ​អតីត​គណបក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​យុទ្ធនាការ​វិលត្រឡប់​មកវិញ​របស់​អតីត​មេ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ និង​បាន​អំពាវនាវ​ទៅ​សកម្មជន​ ឬអ្នកគាំទ្រ​បក្ស​ប្រឆាំង​ដែល​ចាកចេញ​ទៅក្រៅ​ប្រទេស​ ឱ្យ​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន​ បាន​អះអាង​ថា​ ដីកា​ស្វែងរក​ចាប់ខ្លួន​អតីត​សកម្មជន​ ឬអ្នកគាំទ្រ​បក្ស​ប្រឆាំង​ទាំងអស់​ ត្រូវ​បាន​តុលាការ​លុបចោល​អស់ហើយ​ ហើយក៏​បើកផ្លូវ​ឱ្យ​ពួកគេ​វិលត្រឡប់​ចូល​ប្រទេសកំណើត​វិញ​ផង​ដែរ​។

លោក​ ជិន​ ម៉ា​លីន​ ប្រាប់​ថា​៖ «ចំពោះ​អ្នក​ដែល​រត់​ទៅក្រៅ​គេចខ្លួន​ពី​ដីកា​ចាប់ខ្លួន​ យើង​មិនដឹង​ថា​ អ្នក​ទាំងនោះ​ មកវិញ​ហើយ​ ឬក៏​នៅ​ ហើយ​មកវិញ​ប៉ុន្មាន​នាក់​ទេ​ ពីព្រោះ​នីតិវិធី​ ព្រះរាជ​អា​ជ្ញា​របា​នសុំ​ឱ្យ​ចៅក្រម​ស៊ើបសួរ​លុបចោល​ដីកា​ចាប់ខ្លួន​ហ្នឹង​រួចហើយ​។ អ៊ីចឹង​ ពួកគេ​អាចម​កវិញ​បាន​គ្រប់ពេល​។ ប៉ុន្តែ​ សម្រាប់​សកម្មជន​ដែល​គាំទ្រ​ផែនការ​ក្បត់​ដែល​ត្រូវ​រង​ការចោទប្រកាន់​ ហើយ​ឃុំខ្លួន​បណ្ដោះអាសន្ន​ហ្នឹង​ ត្រូវ​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​»

នាយករង​អង្គការ​លី​កាដូ​ទទួលបន្ទុក​ផ្នែក​ឃ្លាំ​សិទ្ធិមនុស្ស​ លោក​ អំ​ សំអាត​ យល់ថា​ អតីត​សកម្មជន​បក្ស​ប្រឆាំង​ នៅតែ​មិនព្រម​វិ​លមក​កម្ពុជា​វិញ​ ពីព្រោះ​ពួកគេ​ភ័យខ្លាច​ ដោយសារ​ថ្មី​ៗនេះ ​អតីតមន្ត្រី​ និង​សកម្មជន​មួយចំនួន​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ជាបន្តបន្ទាប់​ ប៉ុន្តែ​ សមត្ថកិច្ច​មិនដែល​ចាប់បាន​ជនល្មើស​ឡើយ។

លោក​ថា​៖ «អ៊ីចឹង​ ដើម្បី​ធានា​ថា​ មិន​មានការ​រើសអើង​ផ្នែក​នយោបាយ​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មាន​សិទ្ធិ​ស្មើៗ គឺ​អាជ្ញាធរ​ និង​រដ្ឋាភិបាល​ ត្រូវ​ចាត់វិធានការ​ ដើម្បី​សន្តិសុខ​ សុវត្ថិភាព​ ដោយ​មិន​មានការ​គំរាមកំហែង​ និង​ការ​ធ្វើទុក្ខ​បុកម្នេញ​»

អតីត​សកម្មជន​ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​ ៨០នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ និង​ចោទប្រកាន់​ពី​បទ«រួមគំនិត​» នៅក្នុង​អ្វី​ដែល​អាជ្ញាធរ​កម្ពុជា​ហៅថា​ «ការប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​»

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​អតីត​បក្ស​ប្រឆាំង​ លោក​ សំ​ សុ​គង់​ បានឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា​ សកម្មជន​ ឬអ្នកគាំទ្រ​ CNRP​ ចំនួន​ ៧៦នាក់​ហើយ​ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ គិត​ត្រឹម​ថ្ងៃនេះ​ ក្នុង​នោះមនុស្ស​ចំនួន​ ១៩៩នាក់​ ដែល​ត្រូវ​បាន​ដីកាកោះហៅ​ និង​តាម​ចាប់ខ្លួន​ពីសំណាក់​តុលាការ​ និង​ប៉ូលិស​ប៉ុ​ស្ដិ៍​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ