បទយកការណ៍៖ ពលរដ្ឋ​ និង​អាជ្ញាធរ​ឃុំ​មួយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ស្នើសុំ​ស្ពានថ្ម​ថ្មី​មួយ​ ក្រោយ​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម​

ពលរដ្ឋនៅភូមិតាពេញ ឃុំរកាពប្រាំ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ លោក រស់ សារ៉ាយ។ (សូត សុខប្រាថ្នា/ ថតថ្ងៃទី ៧ ធ្នូ ២០១៩)

ពាក្យស្លោក​ដែល​រាជរដ្ឋាភិបាល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់អំណាច​ដាក់ចេញ​ និង​តែង​យក​ទៅ​ផ្សព្វផ្សាយ​តាម​ទីសាធារណៈ ឬចង​នៅមុខ​រោងពិធី​ ឬវេទិកា​នានា​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ថា​ «មានផ្លូវ​មាន​ស្ពាន​គឺ​មាន​ក្ដី​សង្ឃឹម​»

មន្ត្រី​រដ្ឋាភិបាល​ក៏​តែង​ប្រកាសប្រាប់​ពលរដ្ឋ​អំពី​គោលនយោបាយ​របស់​ខ្លួន​ ដោយ​យកចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ពិសេស​ផ្លូវ​ ស្ពាន​ ដើម្បី​នាំ​ឱ្យ​ពលរដ្ឋ​កាន់តែ​ងាយស្រួល​ក្នុង​ការរស់នៅ​ ការ​ធ្វើដំណើរ​ទៅរៀន​សូត្រ​ ធ្វើការងារ​ និង​ធ្វើ​ពាណិជ្ជកម្ម​ ជាដើម​។

ឃុំរកាពប្រាំ (សូត សុខប្រាថ្នា)

យ៉ាងនេះ​ក្ដី​ ពលរដ្ឋ​នៅ​ភូមិ​តា​ពេញ​ ក្នុង​ឃុំ​រកាពប្រាំ​ ស្រុក​ត្បូងឃ្មុំ​ បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​មួយ​ខ្សែដែល​ជា​តំបន់​ភ្ជាប់គ្នា​ពី​ស្រុក​ត្បូងឃ្មុំ​ ទៅកាន់​ស្រុក​តំបែរ​ ដោយសារ​ស្ពានឈើ​មាន​ប្រវែង​ប្រមាណ១រយ​ម៉ែត្រ​ កាន់តែ​ចាស់​ទុ្រ​ឌទ្រោម​ខ្លាំង​មិន​អាច​ឆ្លងកាត់​បាន​បន្ត​ទៀត​។

ពលរដ្ឋ​នៅ​ភូមិ​នេះ​ពិបាកធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នោះ​នៅ​រដូវវស្សា​ ដោយ​ត្រូវ​ធ្វើដំណើរ​ដោយ​ទូក​ ឬក្បូន​ចម្លង​ ក្រោយពេល​ស្ពាន​តា​ពេញ​នេះ​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ សូម្បីតែ​មនុស្ស​ក៏​ពិបាក​ដើរ​ឆ្លងកាត់​ផង​។

រី​ឯនៅ​រដូវប្រាំង​វិញ​ ពលរដ្ឋ​បាន​រៃអង្គាស​ប្រាក់​គ្នា​ដើម្បី​ចាក់​ដី​ផ្នែក​ខាងក្រោម​ស្ពាន​ធ្វើជា​ផ្លូវ​ឆ្លងកាត់​ ប៉ុន្តែ ​ត្រូវ​ចុះ​ចំណោទ​ផង​ដែរ​។

ជា​ពលរដ្ឋ​នៅ​ភូមិ​តា​ពេញ​មួយ​រូប​ លោក ​រស់​ សា​រ៉ា​យ មានប្រសាសន៍​ថា ​តំបន់​នេះ​មាន​ពលរដ្ឋ​ច្រើន​ត្រូវ​ឆ្លងកាត់​ទៅវិញទៅមក​ ប៉ុន្តែ ​ពួកគេ​ត្រូវ​ប្រឈមមុខនឹង​ការ​លំបាក​ ពិសេស​នៅ​រដូវវស្សា​តែ​ម្ដ​ង។

លោក​ឱ្យ​ដឹង​ថា​ ស្ពានឈើ​ចាស់​ដែល​ពលរដ្ឋ ​និង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​កសាង​កាលពី​ឆ្នាំ​២០០២​ ហើយ​ពលរដ្ឋ​ក៏​ចេះតែ​ជួសជុល​ឆ្លងកាត់​រហូត​មក​ ប៉ុន្តែ​ ចាប់តាំងពី​ឆ្នាំ២០១៦មក​ ស្ពានឈើ​តា​ពេញ​នោះ​ចាស់​ទ្រុឌទ្រោម​កាន់តែ​ខ្លាំង​មិន​អាច​ឆ្លងកាត់​បានតែ​ម្ដ​ង។

លោក​មានប្រសាសន៍​បន្ត​ថា​៖ «បាទ​! រដូវវស្សា​ វា​វេទនា​ គ្រាន់តែ​ដើរ​ ឬបណ្ដើ​រម៉ូ​តូ​ តែបើ​ជិះ​ម៉ូតូ​ ឆ្លង​ឡាន​ គោយន្ត​អី​ គឺ​អត់​បាន​សោះតែ​ម្ដ​ង។ ខ្លះ​ឆ្លង​ដោយ​ទូក​ ខ្លះ​ធ្វើ​ក្បូន​ទៅ​អូស​អ៊ីចឹង​ទៅ​»។

អនុប្រធាន​ភូមិ​តា​ពេញ​ លោក ​ភួង​ សុផល​ មានប្រសាសន៍​ថា​ ផ្លូវ​នេះ​ ពិតជា​មាន​សារៈសំខាន់​ប្រាដកមែន​ ដោយ​ពលរដ្ឋ​ក្នុង​ភូមិ​តែង​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​ធ្វើចម្ការ​ ទៅ​សាលាឃុំ​ ទៅ​មណ្ឌលសុខភាព​ ហើយ​ក្មេង​ត្រូវ​ទៅ​សាលារៀន​ ជាដើម​។

បន្ថែម​ពីនេះ​ ផ្លូវ​នេះ​ ក៏​ជា​កន្លែង​ដាក់​កសិផល​ដូចជា​ កៅស៊ូ​ ដំឡូងមី​ ស្វាយចន្ទី​ អំពៅ​ ស្វាយកែវ​រមៀត​ទៅ​លក់​នៅ​ទីផ្សារ​ ប៉ុន្តែ​ ចាប់តាំងពី​ស្ពាន​តា​ពេញ​ទ្រុឌទ្រោម​ខ្លាំង​តាំងពី​ឆ្នាំ២០១៦មក​ ពលរដ្ឋ​ត្រូវ​ធ្វើដំណើរ​វាង​ផ្លូវ​ចម្ងាយ​ដី​រាប់​សិប​គីឡូម៉ែត្រ​ និង​ចំណាយ​ថវិកា​ច្រើន​ ពិសេស​គឺ​នៅ​រដូវវស្សា​តែ​ម្ដ​ង។

ពលរដ្ឋ​ និង​អាជ្ញាធរ​ឃុំ​មួយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ស្នើសុំ​ស្ពានថ្ម​ថ្មី​មួយ​ ក្រោយ​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម​
អនុប្រធានភូមិតាពេញ លោក ផួង សុផល ត្អូញត្អែរ​ពីការលំបាកធ្វើដំណើរ​ឆ្លងកាត់ស្ពានតាពេញ ដោយសារស្ពានចាស់ទ្រុឌទ្រោមខ្លាំង។ (សូត សុខប្រាថ្នា/ ថតថ្ងៃទី ៧ ធ្នូ ២០១៩)

លោក​មានប្រសាសន៍​បន្ត​៖ «រាល់ថ្ងៃ​ហ្នឹង ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ខ្ញុំ​ពិបាកធ្វើ​ដំណើរ​ណាស់ ​ផ្លូវ​ដែល​ឆ្លងកាត់​ស្ពាន​ហ្នឹង​។ បើ​នៅ​ខែប្រាំង​ យើង​អាច​ជិះ​តាម​ក្រោម​ [ស្ពាន] ប្រជាពលរដ្ឋ​យើង​ធ្វើ​ផ្លូវ​ដាក់​លូ​ដាក់​អី​ ជិះ​បណ្ដោះ​អាសន្ន​បាន​ បើ​ខែវស្សា​ យើង​ពិបាក​ទាំងស្រុង​ លោកគ្រូ​អើយ​»។

ស្លាក​សញ្ញា​ដែល​បោះបង្គោល​នៅ​ខាងមុខ​ស្ពាន​ចាស់​នោះ​ឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំ២០១៣​ អាជ្ញាធរ​មូលដ្ឋាន​បាន​កសាង​ផ្លូវ​ឆ្លងកាត់​ស្ពាន​តា​ពេញ​មួយ​ខ្សែ​ដោយ​ភ្ជាប់​ពី​ម្ខាង​នៃ​ស្រុក​ត្បូងឃ្មុំ​ និង​ខ្ខា​ងនៃ​ស្រុក​តំបែរ​ ដែល​ចំណាយ​ទឹកប្រាក់​ជិត១រយ​លាន​រៀល​ ប៉ុន្តែ ​គេ​មិនបាន​រៀបចំ ​ឬកសាង​ស្ពាន​ថ្មី​ជំនួស​ស្ពានឈើ​ចាស់​ឡើយ​។

មេភូមិ​តា​ពេញ​ អ្នកស្រី​ ហាន់​ ស៊ី​ថេង​ មានប្រសាសន៍​ថា​ ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​របស់​អ្នកស្រី​ បច្ចុប្បន្ន​មាន​ចំនួន​ជាង១៥០គ្រួសារ​។

អ្នកស្រី​បន្ត​ថា​ កន្លងមក​ អាជ្ញាធរ​ភូមិ​ និង​ឃុំ​បាន​ស្នើ​ទៅ​អាជ្ញាធរ​ស្រុក​ខេត្ត​ ព្រមទាំង​ទៅ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ ដែល​មាន​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ លោក​ ជា​ សុ​ផា​រ៉ា​ ត្បិត​លោក​ជា​ប្រធាន​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​នេះ​ជាច្រើន​សារ​ ប៉ុន្តែ​ មកទល់​ពេលនេះ​គ្មាន​លទ្ធផល​ល្អ​ឡើយ​។

ពលរដ្ឋ​ និង​អាជ្ញាធរ​ឃុំ​មួយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ស្នើសុំ​ស្ពានថ្ម​ថ្មី​មួយ​ ក្រោយ​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម​
មេភូមិតាពេញ អ្នកស្រី ហាន់ ស៊ីថេង ស្នើរដ្ឋាភិបាលឱ្យជួយកសាងស្ពានថ្មថ្មី​ដើម្បី​សម្រួលការធ្វើដំណើររបស់ពលរដ្ឋ។ (សូត សុខប្រាថ្នា/ ថតថ្ងៃទី ៧ ធ្នូ ២០១៩)

អ្នកស្រី​បន្ត​ថា​៖ «សុំ​ឱ្យ​ថ្នាក់ដឹកនាំ​ខាងលើ ​លោក​ជួយ​អ្នកភូមិ​ខ្ញុំ​ រឿង​ស្ពាន​ហ្នឹង​ផង​ ព្រោះ​ពលរដ្ឋ​ពួក​ខ្ញុំ​នេះ​លំបាក​ណាស់​សព្វថ្ងៃ​ក្នុង​ការ​ឆ្លងកាត់​។ ខែវស្សា​ទៅ​ទឹកឡើង​លិច​ ខែប្រាំង​គ្រាន់​បាន​ជិះ​ខ្លះ ​អ៊ីចឹង​ទៅ​។ ខែវស្សា​ទឹក​លិច​ ពិបាក​រក​ឆ្លងកាត់​រក​ទៅណា​ក៏​មិនកើត​ដែរ​»។

មេ​ភូមិ​ស្ត្រី​រូប​នេះ​ លើកឡើង​ទៀត​ថា​ ប្រសិនបើ​រដ្ឋាភិបាល​កសាង​ស្ពានថ្ម​ថ្មី​ ជំនួស​ស្ពានឈើ​ចាស់​បច្ចុប្បន្ន​ នឹង​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ ដោយ​ថា ​ផ្លូវ​នេះ​មាន​ពលរដ្ឋ​ជាច្រើន​ស្រុក​ឆ្លងកាត់​ដូចជា​ស្រុក​ត្បូងឃ្មុំ​ ស្រុក​ក្រូច​ឆ្មា​ និង​ស្រុក​តំបែរ ​ជាដើម​។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ មានប្រសាសន៍​ថា​ ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​ រួមមាន​ផ្លូវ​ ស្ពាន​ ជាដើម​ នៅ​មិនទាន់​មាន​ភាព​រីកចម្រើន​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ពលរដ្ឋ​នៅឡើយ​ទេ​។

លោក​ថា​ ការ​គិតគូរ​របស់​រដ្ឋ​កន្លងមក ​ភាគច្រើន​នៅ​ទីក្រុង​ ឬទីប្រជុំជន​ និង​នៅ​តំបន់​ក្បែរ​ៗទីប្រជុំជន​ប៉ុណ្ណោះ។

លោក​មានប្រសាសន៍​ថា​៖ «ដំណោះស្រាយ​គឺ​ការរៀបចំ​ឱ្យ​មានការ​កំណត់​យក​តំបន់​អាទិភាព​ ដែល​ផ្តល់​ជូន​ទៅ​ពលរដ្ឋ​តាម​ទី​ជនបទ​ដាច់ស្រយាល​។ គេ​ត្រូវ​សិក្សា​អំពី​តម្រូវការ​នេះ​ ទាក់​ទងវិស័យ​សេដ្ឋកិច្ច​ សង្គម​ និង​វប្បធម៌ ​ជាដើម​។ ហើយ​ខ្ញុំ​សង្ឃឹមថា ​អាទិ​ភាព​ទាំងអស់​នេះ​ អាច​នឹង​មានការ​ប្រែប្រួល ​ប្រសិនបើ​ឃុំ-សង្កាត់​ បាន​អនុវត្ត​ពេញលេញ​នូវ​គោលការណ៍​នៃ​ការ​អភិវឌ្ឍ​តាម​បែ​បបរិ​យា​ប័ន្ន»។

ក្នុង​ពិធី​បើក​សម្ពោធ​ស្ពាន​ចំនួន​៥ នៅ​ខេត្តបាត់ដំបង​ កាលពី​ខែសីហា​ឆ្នាំនេះ​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ ​និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​លើកឡើង​ថា​ គិត​ត្រឹម​ចុងឆ្នាំ២០១៨​ កន្លងមក​នេះ​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ ​និង​ផ្លូវ​ខេត្ត​ សរុប​ប្រវែង​ជាង​ ១ម៉ឺន​ ៦ពាន់​គីឡូម៉ែត្រ​ ត្រូវ​បាន​ស្ដា​រ និង​ស្ថាបនា​ឱ្យ​ប្រសើរ​ជាង​មុន​។

ដោយឡែក​ ស្ពាន​ធំៗ​ ដែល​បាន​សាងសង់​រួចរាល់​មាន​ចំនួន​ ១៧​ស្ពាន​ គិតជា​ប្រវែង​សរុប​ជាង​ ១៦​ ០៦៧​ម៉ែត្រ​ ប៉ុន្តែ​ លោក​មិនបាន​បញ្ជាក់​ពី​ស្ពាន​ឆ្លង​កា​ត់​តូច​ៗខ្លី​ៗ ដែល​បាន​កសាង​រួច​ និង​កំពុង​កសាង​នោះ​ទេ​។

ក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​សាធារណការ​ និង​ដឹកជញ្ជូន​ ឆ្នាំ២០១៨​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩កាលពី​ខែមករា​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​ថ្លែង​ពេលនោះ​ថា​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដឹកជញ្ជូន ​រួមមាន​ ផ្លូវ​ ស្ពាន​ ផ្លូវដែក​ ផ្លូវអាកាស​ ផ្លូវទឹក​ កំពង់ផែ​ ជា​សរសៃឈាម​ជំរុញ​លំហូរ​ពាណិជ្ជកម្ម​ និង​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​។

លើស​ពីនេះ​ វិស័យ​នេះ​ក៏បាន​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជន​ គ្រប់​ស្រទាប់វណ្ណៈ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ផង​ដែរ​ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ