វិភាគ​៖ ហេតុ​អ្វី​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ទទួល​ស្គាល់​សន្ធិសញ្ញា​ព្រំដែន​ជា​មួយ​វៀតណាម​នៅ​ពេល​នេះ​?

លោកនាយករដ្ឋមន្ត្រីវៀតណាម និងលោកនាយករដ្ឋកមន្ត្រី ហ៊ុន សែន។ (បណ្ដាញសង្គម)

ព្រះមហាក្សត្រ​កម្ពុជា​ សម្ដេចព្រះ​បរមនាថ​​​ នរោត្តម​ សីហ​មុ​នី​ បាន​ឡាយ​ព្រះ​ហស្តលេខា​ទទួល​ស្គាល់​សន្ធិសញ្ញា​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម ​កាល​ពី​ថ្ងៃ​ទី​៥ ខែធ្នូ​ កន្លង​ទៅ​ បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ចម្រុះ​ចំពោះ​ការ​ទទួល​ស្គាល់​នេះ​ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​ការពារ​ថា ​ការ​ទទួល​ស្គាល់​ព្រំដែន​កម្ពុជា​-វៀតណាម​នេះ​ នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ព្រំដែន​ពិត​ប្រាកដជា​មួយ​ប្រទេស​ជិតខាង​ខ្លួន​។

តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ សម្រេច​ទទួល​ស្គាល់​សន្ធិសញ្ញា​ដែល​ចម្រូង​ចម្រាស់នៅ​ពេល​នេះ​?

សន្ធិសញ្ញា​កំណត់​ព្រំដែន​រវាង​កម្ពុជា​ និងវៀតណាម​ ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី២៧​ ខែ​ធ្នូ​ ឆ្នាំ​១៩៨៥​ ក្នុង​ចេតនា​កំណត់​ជា​ផ្លូវ​ការ​ខ្សែ​ព្រំដែន​រដ្ឋ​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ សំដៅ​កសាង​ព្រំដែន​សន្ដិ​ភាព មិត្តភាព​យូរ​អង្វែង​ រវាង​ប្រទេស​ទាំង​ពីរ​។ ទោះ​ជា​យ៉ាង​ណា​ សន្ធិសញ្ញា​នេះ​ត្រូវ​បាន​លុប​ចោល​វិញ​ដោយ​សន្ធិសញ្ញា​សន្ដិ​ភាព​ក្រុង​ប៉ារីស ២៣​តុលា​ ឆ្នាំ​១៩៩១​ ទើប​នៅ​ឆ្នាំ​២០០៥​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​សភា​ជាតិ​បាន​បោះឆ្នោត​ធ្វើ​ឱ្យ​សន្ធិសញ្ញា​នេះ​រស់​ឡើងវិញ​ និង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​បន្ថែម​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០១៩​នេះ​។ ជា​រួម​គឺ​សន្និ​សញ្ញា​នេះ​ត្រូវ​ប្រើ​ពេល​៣៤​ឆ្នាំ​ និង​ត្រូវ​បាន​លុប​ចោល​ម្ដង​ ទើប​បាន​ចូល​ជា​ធរមាន​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៩​នេះ​ ស្រប​ពេល​ដែល​បក្ស​ប្រជាជន​កម្ពុជា​កាន់កាប់​អាសនៈ​១២៥​កៅអី​ពេញ​សភា​។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ កញ្ញា​ លី​ ស្រី​ស្រស់​៖ «សភា​ និង​រដ្ឋាភិបាល​ គឺ​នៅ​ក្នុង​បក្ស​តែ​មួយ។ ​អ៊ីចឹង ​វា​មិន​មានការ​ជជែក​វែក​ញែក​ ឬក៏​លើក​ឡើង​ជា​បញ្ហា​បារម្ភ​អី​ផ្សេង​ៗពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ធ្វើ​សន្ធិសញ្ញា​នេះ​ទេ​។ អ៊ីចឹង​ នៅ​ត្រង់​កន្លែង​នេះ​ វា​មាន​លក្ខខណ្ឌ​ងាយស្រួល​សមស្រប​សម្រាប់​បក្ស​ប្រជាជន​ ដែល​ចង់​ឱ្យ​សន្ធិសញ្ញា​ឆ្នាំ​៨៥​ហ្នឹង​អាច​អនុវត្តនបាន​ ហើយ​ឈាន​ដល់​ការ​ចុះ​សន្ធិសញ្ញា​ស្របច្បាប់​ ឬក៏​ស្រប​នឹង​លក្ខខណ្ឌ​ច្បាប់​»។

អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ លោក​ គឹម​ សុខ​ មាន​ប្រសាសន៍​ថា ​ច្បាប់​ដែល​យល់​ព្រម​នៅ​ចុង​ឆ្នាំ​នេះ​ នឹង​ធ្វើ​ឱ្យ​វៀតណាម​ទទួល​ប្រយោជន៍​យ៉ាងច្រើន​លើ​ទឹក​ដី​ខ្មែរ​ ដែល​អាច​ធ្វើ​ឱ្យ​វៀតណាម​ស្ងប់​ចិត្ត​ខ្លះ​ពី​រឿង​ព្រំដែន​ជា​មួយ​កម្ពុជា ​ខណៈ​ដែល​ខ្លួន​បាន​រង់ចាំ​ជាង​៣០​ឆ្នាំ​ហើយ​មក​នោះ​។ លោក​បន្ថែម​ថា ​មូល​ហេតុ​ដែល​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥​ ត្រូវ​បាន​យល់​ព្រម​នៅ​ពេល​ដែល​កម្ពុជា​មាន​បញ្ហា​នយោបាយ​ក្នុង​ស្រុក​បែប​នេះ​ ជា​ការ​ជំរុញ​ពី​វៀតណាម​ ដែល​ពួកគេ​ព្រួយ​បារម្ភ​ពី​ស្ថិរភាព​អំណាច​របស់​លោក ​ហ៊ុន​ សែន​ ដែល​កំពុង​រួម​រឹត​ដោយ​បញ្ហា​ក្នុង​ស្រុក​ និង​សម្ពាធ​ពី​អន្តរជាតិ​។

លោក​ថា​៖ «វា​ពិត​មែន​ហើយ​ យួន​មាន​ឥទ្ធិពល​ជាង​គេ​ តែ​ក្នុង​ដំណាក់កាល​នេះ ​យើង​ឃើញ​មាន​ចិន​ ហើយ​យើង​ទុក​ចិត្ត​បាន​ទេ​ថា​ ចារកម្ម​ដ៏​មាន​ប្រសិទ្ធភាព​របស់​បស្ចឹ​មប្រទេស​នៃ​លោក​ខាង​លិច​ដែល​មាន​ប្រជា​ធិបតេយ្យ​ហើយ​គេ​ខ្លាំង​នោះ​ តើ​ជ្រៀត​ចូល​ក្នុង​កម្រិត​ណា​នៃ​ផ្ទៃ​ក្នុង​បក្ស​ប្រជាជន​ និង​បាន​ត្រៀម​ខ្លួន​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​ណា​មួយ​នៅពេល​ដែល​លោក​ ហ៊ុន​ សែន​ អស់​ពី​អំណាច​ដែរ​ឬទេ​? កន្លែង​នេះ ​គឺជា​ចំណុច​សំខាន់​បំផុត​ដែល​យួន​បារម្ភ​ណាស់​ បារម្ភ​ថា ​ប្រសិន​ជា​បាត់​ពី​លោក​ ហ៊ុន​ សែន​ ទៅ​ ហើយ​មិន​អាច​រើស​មេ​ដឹក​នាំ​ណា​មួយ​ដែល​នៅ​តែ​ធានា​អំពី​ប្រយោជន៍​យួន​នៅ​កម្ពុជា ​ដូច្នេះ​ យួន​ក៏​ពិបាក​ក្នុង​ការ​រក្សា​ប្រយោជន៍​ខ្លួន​នៅ​កម្ពុជា​ដែរ​»។ 

សម្រាប់​សាស្ត្រា​ចារ្យ​ផ្នែក​កិច្ចការ​អន្តរជាតិ​នៃ​សកលវិទ្យាល័យ​ Occidental​ រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ លោក​ អៀ សុផល​ បាន​ឱ្យ ​VOD​ ដឹង​តាម​សារ​អេ​ឡិច​ត្រូ​និច​អ៊ី​ម៉ែ​លថា​ ការ​ប្រញាប់​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន ក្នុង​ការ​ទទួល​ស្គាល់​ព្រំដែន​ជាមួយ​វៀតណាម​នេះ​ ជា​ការ​ផ្ដល់​សម្ប​ទាន​ និង​បន្ធូរ​ស្ថាន​ការ​ជាមួយ​វៀតណាម ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​ និង​ចិន​កាន់​តែ​ស្អិត​រមួត​។

លោក​ថា​៖ «ប្រាកដ​ណាស់​ថា​ ពួកគេ​បារម្ភ​ខ្លាច​រឿង​ស្ថានភាព​ប្រែប្រួល​នៅពេល​មានរបប​ថ្មី​មួយទៀត​។ ក្រុង​ហាណូយ​ ពិត​ជា​បារម្ភ​មែនទែន​ចំពោះ​ឥរិយាបថ​របស់​ទីក្រុង​ភ្នំពេញ​ជាមួយ​ទីក្រុង​ប៉េកាំង​។ ក្រុងភ្នំពេញ​ត្រូវតែ​យកចិត្តយកថ្លើម​ក្រុង​ហាណូយ​ ដើម្បី​កុំ​ឱ្យ​ពួកគេ​ខឹង​សម្បារ​»។

ជា​រួម ​អ្នក​វិភាគ​យល់​ថា​ ការ​យល់​ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ដោយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ​ គឺ​ជា​ការ​ជំរុញ​ពី​វៀតណាម​ ដោយ​បារម្ភ​ពី​ការ​ប្រែ​ខ្លួន​របស់​កម្ពុជា​ទៅ​រក​ចិន​ ឬមាន​ការ​ផ្លាស់ប្ដូរ​ការ​ដឹក​នាំ​ជាដើម ស្រប​ពេល​ដែល​រដ្ឋាភិបាល​យល់​ព្រម ​គឺ​ក្នុង​អត្ថន័យ​ដើម្បី​បន្ធូរ​អារម្មណ៍​របស់​វៀតណាម​លើ​បញ្ហា​ព្រំដែន​ដែល​អូស​បន្លាយ​ជាង​៣០​ឆ្នាំ​នេះ​។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​VOD​ កាល​ពី​ចុង​សប្ដាហ៍​មុន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន​ លើកឡើង​ថា​ ការ​រៀ​បចំ​ដំណើរការ​បោះបង្គោល​ព្រំដែន​នេះ​ វា​គឺជា​ភារកិច្ច​របស់​រដ្ឋាភិបាល​ ដែល​ជា​តំណាង​ស្របច្បាប់​របស់​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់​ថា​ ការ​ទទួល​ស្គាល់​ព្រំដែន​នេះ​ជា​ការ​រក្សា​ដី​កម្ពុជា​ដើម្បី​ការពារ​កុំ​ឱ្យ​បាត់បង់​តទៅទៀត​។

លោក​ សុខ​ ឥសាន​៖ «រាជរដ្ឋាភិបាល​មាន​តួនាទី​ និង​ភារកិច្ច​ការពារ​ឯករាជ្យ​ អធិបតេយ្យ​ភាព​ និង​បូរណភាពទឹកដី​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ច្បាស់លាស់​ហើយ​។ អ៊ីចឹង​ រាជរដ្ឋាភិបាល​មិន​ថយក្រោយ​ចំពោះ​ការ​លើកឡើង​ ការរារាំង​ ឧបសគ្គ​នានា​ ដែល​បង្កើត​ឡើង​ដោយក្រុម​ប្រឆាំង​ ឬមួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទេ​។ រាជរដ្ឋាភិបាល​ធ្វើ​ទៅតាម​តួនាទី​ ភារកិច្ច​ និង​ការទទួលខុសត្រូវ​របស់​ខ្លួន​ចំពោះ​ប្រជាជាតិ​ និង​ប្រជាជន​កម្ពុជា​»។

ពេល​ដែល​កម្ពុជា​ត្រូវ​មាន​ព្រំដែន​ច្បាស់លាស់​ជា​មួយ​វៀតណាម​

ចាប់​តាំង​ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៥៣មក​ នៅ​មិន​ទាន់​មាន​រដ្ឋាភិបាល​ណាមួយ​បាន​រៀប​ចំ​បោះបង្គោល​ព្រំដែន​ជា​មួយ​វៀតណាម​សម្រេច​ជា​ផ្លូវ​ការ​ និង​ដាច់ស្រេច​នៅ​ឡើយ​ទេ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សាស្ត្រា​ចារ្យ​ប្រវត្តិ​សា​ស្ត្រ សំបូរ​ ម៉ា​ណា​រ៉ា​។

លោក​ សំបូរ​ ម៉ា​ណា​រ៉ា​ ៖ «ច្រើន​របប​ហើយ ​យើង​អត់​ទាន់​បាន​បង្កើត​(ព្រំដែន​)ជាក់​លាក់​ទេ​ ធ្វើ​របង​ឱ្យ​វា​ញឹក​ដើម្បី​ការពារ​កុំ​ឱ្យ​វា​មាន​បញ្ហា​នោះ ​គឺ​វា​អត់​ដែល​មាន​ទេ​! របង​យើង​ច្រើន​តែ​រង្វើល​ វា​អាច​មាន​ការ​ឆ្លង​ទៅ​ឆ្លង​មក​ ធ្វើ​ឱ្យ​មាន​មន្ទិល​ទៅ​មន្ទិល​មក​ ឬក៏​មាន​បញ្ហា​វា​ច្រើន​អ៊ីចឹង​។ […] យើង​គិត​ឡើង​វិញ​ទៅ​ គឺ​យើង​គួរ​តែ​មោទនភាព​ដែល​សម្រាប់​យើង​ផ្ទាល់​ នៅពេល​ដែល​យើង​ប្រឹងប្រែង​ជាមួយ​គ្នា​ដោះស្រាយ​ជា​មួយ​គ្នា​ តាម​រយៈ​(ព្រំដែន​)នេះ​ឱ្យ​បាន​ ហើយ​កាលណា​យើង​មាន​របង​ពិត​ប្រាកដ​ យើង​មាន​កំណត់​ត្រា​ត្រឹមត្រូវ​ទៅ​ យើង​ទទួល​គ្រប់គ្នា​ទៅ​ យើង​ខំ​អភិវឌ្ឍ​រៀង​ខ្លួន​ទៅ​»។ 

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង ​កញ្ញា​ លី​ ស្រី​ស្រស់​ ទទួល​ស្គាល់​ថា​ ការ​បោះ​បង្គោល​ព្រំ​ដែន​ឱ្យ​បាន​ចប់​សព្វគ្រប់​គឺ​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​ តែ​កញ្ញា​ថា ​មិន​គួរ​ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ​កម្ពុជា​មាន​ដូច​ពេល​បច្ចុប្បន្ន​នេះ​នោះ​ទេ​។

កញ្ញា​ លី​ ស្រី​ស្រស់​៖ «នៅក្នុង​ស្ថាន​ភាព​ដែល​ប្រទេស​កម្ពុជា​មាន​បក្ស​តែ​មួយ​ ហើយ​ក្នុង​ស្ថាន​ការណ៍​នយោបាយ​នៅ​មាន​ភាព​ចម្រូង​ចម្រាស ​ចំពោះ​ខ្ញុំ​គឺ​ថា ​ការ​ធ្វើ​រឿង​ទាំង​នេះ​គឺ​មិន​គួរ​ធ្វើ​ទេ​។ មាន​ន័យ​ថា ​ចាំ​នៅពេល​ដែល​យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ការណ៍​មួយ​ដែល​វា​នឹង​ធឹង​ ដែល​វា​អាច​រក្សា​បាន​នូវ​តុល្យភាព​ជុំវិញ​នៃ​ការ​បោះបង្គោល​ព្រំដែន​ ព្រោះ​យើង​ការ​ពារ​កុំ​ឱ្យ​មាន​ការ​ចាញ់​ប្រៀប​វៀតណាម​»។ 

សម្រាប់​លោក​ គឹម​ សុខ​ លើក​ឡើង​ថា​ នៅពេល​ដែល​ប្រទេស​មួយ​ជួប​ប្រទះ​បញ្ហា​នយោបាយ​ អ្នក​ដឹក​នាំ​ប្រទេស​នោះ​មិន​គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​កិច្ច​ការ​ជាតិ​ធំៗ​តាម​បំណង​ភ្លាម​ៗបែប​នេះ​នោះ​ទេ​។

លោក​ គឹម​ សុខ​៖ «យើង​ត្រូវ​ដឹង​ថា​ បរទេស​ នៅពេល​ដែល​យើង​កាន់​តែ​ច្របូក​ច្របល់​ គេ​កាន់​តែ​ឆ្លៀត​ កាល​ណា​យើង​កាន់​តែ​ច្របូក​ច្របល់​នៅ​ក្នុង​បញ្ហា​ផ្ទៃ​ក្នុង​ជាតិ​ឯង​ ដូច្នេះ​ យើង​បាត់​សមត្ថភាព​ការពារ​ជាតិ​ហើយ​។ ប្រជាពលរដ្ឋ​រវល់​ខ្វល់ខ្វាយ​អំពី​បញ្ហា​នយោបាយ​ក្នុង​ស្រុក​ បញ្ហា​ជម្លោះ​នៅ​ក្នុង​ផ្ទៃ​ក្នុង​ជាតិ​ ម្លោះ​ហើយ​គាត់​ទន់​ដៃ​ទន់​ជើង​នៅ​ក្នុង​ការ​ងាក​ទៅ​មើល​ពី​បញ្ហា​ព្រំដែន​ សកម្មជន​ផ្សេង​ៗ។ ដូច្នេះ​ហើយ ​អ្នក​ដឹក​នាំ​ជា​តិ​ គេ​មិន​ត្រូវ​ធ្វើ​ឱ្យ​តែ​រួច​ពី​ដៃ​ ឬក៏​ចេះ​តែ​បង្ហើ​តទៅ​តាម​អារម្មណ៍ ​ឬគំនិត​របស់​ខ្លួន​ក្នុង​ស្ថាន​ភាព​បែប​នេះ​ទេ ​វា​ធ្វើ​ឱ្យ​ជាតិ​ខាតបង់​កាន់​តែ​ធ្ងន់​»។

អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត​ មាស​ នី​ លើក​ឡើង​ថា ​ការ​ព្រមពៀង​ព្រំដែន​ជាមួយ​វៀតណាម​ក្នុង​កាលៈទេសៈ​កម្ពុជា​មាន​បញ្ហា​នយោបាយ​ ដូច្នេះ​ វា​នឹង​នៅតែ​បន្ត​បង្កើត​បញ្ហា​ដល់​ដល់​មនុស្ស​ជំនាន់​ក្រោយ​ថែមទៀត​ បើ​ទោះបីជា​រដ្ឋាភិបាល​អះអាង​ថា​ សន្ធិសញ្ញា​ព្រំដែន​បន្ថែម​នេះ​ ជា​មធ្យោបាយ​ការពារ​ទឹកដី​កម្ពុជា​ក៏ដោយ​។

លោក​បណ្ឌិត​ មាស​ នី​៖ «លោក​ បើសិនជា​ពេលវេលា​ណា​ ដែល​យើង​មិនទាន់​ឯកភាពជាតិ​គ្រប់គ្រាន់​ទេ ហើយ​យើង​បង្ខំ​ទៅចុះ​សន្ធិសញ្ញា​ហ្នឹង​ជាមួយ​ប្រទេសជិតខាង​ រឿង​ហ្នឹង​មិន​ចប់​ទេ​ ដល់​ជំ​នាន់​ក្រោយ​ៗទៀត​ វា​នៅតែ​មាន​បញ្ហា​បន្តបន្ទាប់​ទៀត​»។

ជា​រួម ​សម្រាប់​អ្នក​វិភាគ​យល់ថា​ ការ​ព្រមព្រៀង​សន្ធិសញ្ញា​ព្រំដែន​ដែល​ជា​បញ្ហា​ជាតិ​ទាំង​មូល​ជា​មួយ​វៀតណាម​ គឺ​មិន​សាក​សម​នោះ​ឡើយ​សម្រាប់​កាលៈទេសៈ​កម្ពុជា​នៅពេល​នេះ​ តែ​សំណួរ​នោះ​ថា​ តើ​ពេល​ណា​ទើប​កម្ពុជា​មាន​ឯកភាពជាតិ​របស់​ខ្លួន​នោះ​? 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ