របាយការណ៍​កងរាជអាវុធហត្ថ​៖ បទល្មើស​បង្រ្កាប​បាន​ច្រើនជាង​គេ​នៅ​ឆ្នាំ២០១៩ គឺ​បទល្មើស​គ្រឿងញៀន​

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបនៅចំណុចផ្ទះលេខ២៨៥AE0 ផ្លូវ៣៧១ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានម្ចាស់ផ្ទះឈ្មោះ អ៊ុយ រ៉ាស៊ី ភេទប្រុស (ពុំមានការឃាត់ខ្លួនមនុស្ស) កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ

របាយការណ៍​កម្លាំង​កងរាជអាវុធហត្ថ​បាន​បង្ហាញថា ​ក្នុងរយៈពេល​មួយឆ្នាំ​នេះ ​ការ​បង្រ្កាប​បទល្មើស​គ្រឿងញៀន​កើតឡើង​ច្រើនជាង​គេ ​បើ​ប្រៀបធៀប​នឹង​បទល្មើស​ដទៃទៀត​។

ក្នុង​របាយការណ៍​បូកសរុប​លទ្ធ​ផលការងារ​របស់​កងរាជអាវុធហត្ថ​ក្នុង​ឆ្នាំ២០១៩​ និង​លើក​ទិសដៅ​ការងារ​បន្ដ​ ឆ្នាំ២០២០​ នៅ​ថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ បាន​ឱ្យ​ដឹង​ថា​ ក្នុងរយៈពេល​ពេញ​មួយឆ្នាំ​នេះ ​កម្លាំង​កងរាជអាវុធហត្ថ​ បាន​ធ្វើការ​បង្ក្រាប​បទល្មើស​ ចំនួន​ ២,៣៩៨ករណី ​ក្នុង​ប្រតិបត្តិ​ការ​ ២,៥៥០លើក​។ របាយការណ៍​ដដែល​បញ្ជាក់​ថា ​ការ​បង្រ្កាប​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន​ឈរ​លំដាប់​ទី១ បើ​ធៀប​នឹង​បទល្មើស​ដែល​បង្រ្កាប​បាន​ក្នុង​ឆ្នាំ​ជាមួយគ្នា​ ពោល​គឺ​ការ​បង្រ្កាប​ការ​ប្រើប្រាស់​គ្រឿងញៀន​មាន ១៨៨លើក​ និង​ជួញដូរ​ចែកចាយ​គ្រឿងញៀន ៩៦៣លើក​។

ក្រៅពី​នេះ​ ការ​បង្រ្កាប​បទល្មើស​ហិង្សា​ដោយចេតនា​មាន ២៧លើក​ លួច​មាន​ស្ថាន​ទម្ងន់ទោស ២៨លើក​ រំលោភ​សេពសន្ថវៈ ៣៥លើក​ បង្ខាំង​មនុស្ស​ និង​ជំរិត​ទារប្រាក់ ១៣លើក​ លួច ១៤២លើក​ ឆក់ ៣៣លើក​ រំលោភ​លើ​ទំនុក​ចិត្ត ៣០លើក​ ល្បែង​ស៊ី​សង​ចំនួន ៤៨លើក​ ឃាតកម្ម ១៤លើក​ និង​ប្រើប្រាស់ ​និង​រក្សា​អាវុធ​ខុសច្បាប់ ២១លើក​។

អគ្គលេខាធិការ​រង​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ លោក​ ថោង​ សុ​គន្ធា​ ទទួលស្គាល់​ថា​ បទល្មើស​គ្រឿងញៀន​មានការ​កើនឡើង​ជាង​បទល្មើស​ផ្សេងទៀត​ ប៉ុន្តែ​ លោក​ថា​ បទល្មើស​គ្រឿងញៀន​ពិបាក​ទប់ស្កាត់​ ដោយសារតែ​ប្រជាពលរដ្ឋ​ខ្វះ​ការ​សហការ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច​។

ករណីនេះ​ លោក​ សុ​គន្ធា​ លើកទឹកចិត្ត​ទៅ​ពលរដ្ឋ​ជួយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ បើ​ឃើញ​មាន​អ្នក​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​។

លោក​លើកទឹកចិត្ត​ទៅ​ពលរដ្ឋ​ដូចនេះ​ថា​៖ «សូម​ឱ្យ​ប្រជាពលរដ្ឋ​គាត់​រួមគ្នា​តែ​ម្ដ​ង បើ​មាន​បញ្ហា​កន្លែង​ហ្នឹង​កើតឡើង​ ធ្វើ​ម៉េច​រួមគ្នា​ដោះស្រាយ​ ឬរាយការណ៍​ សំខាន់​បំផុត​រាយការណ៍​ទៅ​មូលដ្ឋាន​ ដើម្បី​ចាត់វិធានការ​ដោះស្រាយ​ឱ្យ​ទាន់ពេល​វេលា​ ឧប​មា​ថា​ នៅកន្លែង​ហ្នឹង​មាន​អ្នក​ញៀន​គ្រឿងញៀន​។ យើង​ត្រូវ​រួមគ្នា​និយាយ​មួយ​ម៉ាត់​ម្នាក់​ ដើម្បី​រុញ​គាត់​ លើកទឹកចិត្ត​គាត់​ ឱ្យ​គាត់​ទៅ​ទទួលយក​ការ​ព្យាបាល​ ហើយ​គាត់​ជា​កាលណា​ គាត់​ជាសះស្បើយ​ គាត់​ឈប់​ ចាត់ទុក​ដូច​យើង​បាន​ផ្តាច់​បញ្ហា​មួយ​អ៊ីចឹង​»។

ប្រជាពលរដ្ឋ​រស់នៅ​ម្ដុំ​ក្តាន់​ពីរ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឱ្យ​ដឹង​ថា​ នៅ​ផ្លូវចូល​ក្បែរ​ក្តាន់​ពី​រ ជិត​ផ្លូវ​រទះ​ភ្លើង​ មាន​អ្នក​ចែកចាយ​ និង​អ្នកប្រើ​ប្រាស់​គ្រឿងញៀន​ស្ទើ​រតែ២៤ម៉ោង​។ លោក​ថា​ ក្មួយ​របស់​គាត់​ក៏​ជា​អ្នករងគ្រោះ​ដោយសារ​ការប្រើ​ប្រាស់​គ្រឿងញៀន​នេះ​ដែរ​ រហូតមកដល់​ពេលនេះ​ ឪពុក​ម្ដា​យបាន​កាត់កាល​ចោល​ទៀតផង​។

លោក​អះអាង​ថា​ នៅពេល​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ជួយ​អន្តរាគមន៍​ មានការ​លំបាក​ និង​យឺតយ៉ាវ​ក្នុង​ការ​ចុះ​ទប់ស្កាត់​ឱ្យ​ទាន់ពេល​វេលា​។

លោក​មាន​ប្រសាសន៍​ថា​៖ «តេ​ហើយ​ ទៅ​ហៅ ​[សមត្ថកិច្ច​] ដល់​ផ្ទាល់​ អត់​មក​ គេ​និយាយ​ថា​ គេ​រវល់​។ គេ​ជាប់​ចុះ​ប៉េ​ ស្រេចតែ​គេ​ដោះស្រាយ​ យើង​ជាប់រវល់​រកស៊ី​ ចេញ​បាត់​ ចូល​បាត់​»។

ពលរដ្ឋ​ម្នាក់ទៀត​ កញ្ញា​ ផាន់​ មុ​ន្នី​សត្យា​ និយាយ​ថា​ ប្អូនប្រុស​របស់​គាត់​អាយុ២៤ឆ្នាំ​ បាន​ចងកសម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ​ក្នុង​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​ត្រឡប់​មក​ពី​ធ្វើការងារ​នៅ​ខេត្តក្រចេះ​ និង​ខេត្តសៀមរាប​។ ដើមចម​ដែល​នាំ​ឱ្យ​ប្អូន​របស់​គាត់​ចង​កសម្លាប់​ខ្លួន​ ដោយ​សារ​គាត់​ប្រើប្រាស់​គ្រឿងញៀន​។

កញ្ញា​រូប​នេះ បាន​អំពាវនាវ​ទៅ​សមត្ថកិច្ច​ចុះ​ធ្វើអន្តរាគមន៍២៤ម៉ោង​លើ២៤ម៉ោង​ នៅពេល​ដែល​ប្រជាពលរដ្ឋ​ជូនដំណឹង​ថា ​នៅ​តំបន់​ណាមួយ​មាន​អ្នក​ចែកចាយ​ និង​អ្នកប្រើ​ប្រាស់​គ្រឿងញៀន​ ទើប​អាច​ទប់ស្កាត់​បញ្ហា​នេះ​បាន​។

កញ្ញា​អំពាវនាវ​ថា​៖ «ប្រជាពលរដ្ឋ​ប្រាប់​ភ្លាម​ៗ គួរតែ​មក​ភ្លាម​ កុំ​បង្អង់​ ចាំ​តិច​ ចាំចុះ​ ចាំ​បញ្ជា​ពី​ថ្នាក់លើ​ កុំ​ចាំ​ថា​ មាន​ដីកា​សិន​»។

ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា​ ហៅ​កាត់​ថា​ DARAC​ លោក​ មាស​ សុវណ្ណ​ មានប្រសាសន៍​ថា​ បទល្មើស​គ្រឿងញៀន​នៅតែ​បន្ត​កើតមាន​ច្រើន​ដដែល​ ដោយសារ​អាជ្ញា​ធរមួយចំនួន​អនុវត្ត​ច្បាប់​មិនទាន់​រឹងមាំ​នៅឡើយ​។

លោក​ផ្តល់​ជា​អនុសាសន៍​ថា​ ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​បាន​ លុះត្រាតែ​សមត្ថកិច្ច​ពង្រឹង​ការអនុវត្ត​ច្បាប់​ និង​ចាប់​មេ​ខ្លោង​ធំៗ​ដាក់​ពន្ធនាគារ​ ទើប​ទទួល​បានផល​វិជ្ជមាន​។

លោក​មានប្រសាសន៍​ថា​៖ «ពួក​ឧក្រិដ្ឋជន​មិន​ងាយ​ស្រាវជ្រាវ​ទេ​ ជួនកាល​អត់​នៅ​ស្រុកខ្មែរ​ផង​។ រាល់ថ្ងៃ​ចាប់បាន​តែ​ពួក​បម្រើ​ការងារ​ បើ​ចាប់បាន​មេធំ​ ការចែកចាយ​សេវា​នៅ​ទូទាំង​ប្រទេស​នឹង​ស្ងាត់​ ព្រោះ​មេធំ​មានតែ​មួយ​ មានតែ​ពីរ​នាក់​ទេ​ ហើយ​ចាប់​ឱ្យ​បាន​ស្អាត​ទាំងអស់​ទៅ​ ខ្ញុំ​ជឿ​ថា ​នឹង​មានការ​ថយ​ចុះ​ដូច​ឆ្នាំ​មុនៗចឹង​»។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស ខេង​ ក្នុង​ពីធី​ដុត​បំផ្លាញ​សារ​ធាតុ​ញៀន​ជាង​ ២តោន​ កាលពី​ថ្ងៃទី២៦​ ខែមិថុនា​ បាន​ក្រើន​រំឭក​មន្ត្រី​កុំ​ឱ្យ​ជាប់ពាក់ព័ន្ធ​ជាមួយ​បណ្ដា​ញជួញដូរ​គ្រឿងញៀន​ ដើម្បី​សហការ​រួមគ្នា​ស្វែងរក​ចាប់​មេ​ខ្លោង​មក​ផ្តន្ទា​ទោស​ ឈាន​ទៅ​លុបបំបាត់​ការ​ចរាចរ​គ្រឿងញៀន​តាម​ក្លឹប​កម្សាន្ត​នៅ​ត្រឹម​បំណាច់​ឆ្នាំ២០១៩នេះ​។

លោក​ ស ខេង​ ថ្លែង​នៅពេល​នោះ​ថា​ វិធានការ​នេះ​ជាផ្នែក​មួយ​នៃ​ «ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​ចំពោះមុខ​ប្រវត្តិ​សា​ស្ដ្រ ធានា​ដល់​សុខុមាលភាព​សង្គម​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ