អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​៖ បន្លែ​គ្មាន​ទីផ្សារ​ ព្រោះ​ការ​សហការ​រវាង​អ្នក​ដាំ​ជាមួយ​មន្ត្រីនៅ​មានកម្រិត​

(រូបខាងស្ដាំ) កសិករ​ជា​អ្នក​ដាំ​បន្លែ​នៅ​ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ លោក​ អ៊ឹម​ សុ​ភ័ក្រ ឈរកាន់បង្ហាញបន្លែស្ពៃដែលគាត់ដាំនៅចម្ការរបស់គាត់។ (ហ្វេសប៊ុក អុឹម សុភ័ក្រ/ ខែធ្នូ ឆ្នាំ២០១៩)

អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​ លោក​ អ៊ិ​ន សុវណ្ណ​មុ​ន្នី​ បាន​អះអាង​ថា ​បញ្ហា​ច្រំដែល​ដែល​ពលរដ្ឋ​ជា​អ្នក​ផលិត​បន្លែ​តែង​ជួបប្រទះ​ពិបាក​រក​ទីផ្សារ​លក់​ផលដំណាំ​របស់​ខ្លួន​ ព្រោះ​កសិករ​ភាគច្រើន​មិន​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​។

អ៊ិ​ន សុវណ្ណ​មុ​ន្នី​ មានប្រសាសន៍​ថា ​មន្ទីរ​កសិកម្ម​បាន​ពង្រាយ​មន្ត្រី​ទីផ្សារ​តាម​មូលដ្ឋាន​នានា​ជួយ​ផ្តល់​ព័ត៌មាន​អំពី​តម្លៃ​កសិផល​ និង​អ្នកជំនាញ​ណែនាំ​អំពី​ពូជ​ ព្រមទាំង​ការប្រើ​ប្រាស់​ជី​ជួយ​ដល់​ដល់​កសិករ​ តែ​បញ្ហា​នៅត្រង់​ការ​តាំងចិត្ត​របស់​កសិករ​ធ្វើតាម​ការណែនាំ​របស់​អ្នកបច្ចេកទេស​នៅ​មានកម្រិត​។

លោក​ អ៊ិ​ន សុវណ្ណ​មុ​ន្នី​ បាន​បញ្ជាក់​ថា​៖ «ការរៀបចំ ​Plan​ [ផែនការ​] ដាំ​ គេ​ថា ​ខែ​នេះ​ ខែ​អី​គួរ​ដាំ​អានេះ​ វា​បាន​ថ្លៃ​ ហើយ​បាន​ល្អ​។ វា​ពិបាក​ដាំ​មែន​ តែ​វា​បាន​ថ្លៃ​ ចឹ​ងយើង​គួរ​ដាំ​ ប៉ុន្តែ​ ពេលខ្លះ​ អា​ពិបាក​បន្តិច​ហ្នឹង​ គាត់​មិន​ចង់​ទេ​។ ភាគច្រើន ​គាត់​ងាក​ទៅវិញ​ និយាយ​អឺអើ​បានតែ​បន្តិច​។ ធ្វើ​ចង់បាន​តែ​អា​ណា​ស្រួល​ៗភាគច្រើន​។ មិនមែន​ចង់​បន្ទោស​គាត់​ទេ​។ ពេលខ្លះ​ គាត់​ទទួលយក​ដែរ​ក្នុង​ការដែល​ដាំ​ តែ​គ្រាន់​ថា​ ភាគរយ​ដែល​ទទួលយក​ វា​មានកម្រិត​»។

មន្ត្រី​កសិកម្ម​រូប​នេះ​បាន​បន្ថែម​ថា​ កន្លងមក​ មន្ទីរ​បាន​ជួយ​កសិករ​ជា​អ្នក​ផលិត​តាមរយៈ​សកម្មភាព​មួយចំនួន​ដូចជា​ ជំនួយ​បច្ចេកទេស​ក្នុង​ការ​ដាំដុះ​ស្របតាម​ស្ដ​ង់​ដារ​ទីផ្សារ​ កម្មវិធី​ជំនួប​រវាង​អ្នកបញ្ជា​ទិញ​ និង​អ្នកផ្គត់ផ្គង់​ ហើយ​មានការ​ចងក្រង​ជា​សហគមន៍​អ្នក​ផលិត​ ដើម្បី​ងាយ​ផ្តល់​ព័ត៌មាន​ជួយគ្នា​ ជាដើម​។

កសិករ​ជា​អ្នក​ដាំ​បន្លែ​នៅ​ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ លោក​ អ៊ឹម​ សុ​ភ័ក្រ បាន​អះអាង​ថា​ ត្បិត​លោក​ពុំ​ធ្លាប់ទៅ​ជួប​មន្ត្រី​ជំនាញ​មុន​សម្រេចចិត្ត​ដាំដំណាំ​ តែ​លោក​ព្យាយាម​សិក្សា​ពីទី​ផ្សារ​តាមរយៈ​ឈ្មួញ​កណ្ដា​ល និង​កសិករ​រស់នៅ​ក្នុង​ភូមិ​រួមគ្នា​។ លោក​ទទួលស្គាល់​ថា​ ការ​និយម​ដាំ​បន្លែ​តាម​ទម្លាប់​ និង​កង្វះ​ព័ត៌មាន​ផ្នែក​ទីផ្សារ​ពី​មន្ត្រី​ជំនាញ ​ធ្វើ​ឱ្យ​កសិករ​ប្រឈម​នឹង​ការខាតបង់​ថវិកាចំណាយ​លើ​ការ​ដាំដុះ​។

លោក​ អ៊ឹម​ សុ​ភ័ក្រ បាន​បន្ត​ថា​៖ «បាទ​! ព្រោះអី​យើង​ជា​កសិករ​ មិនសូវ​បាន​ទំនាក់ទំនង​ខាង​គាត់​ (មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​) ដែរ​។ ព័ត៌មាន ​(ព័ត៌មាន​អំពី​តម្រូវការ​ប្រភេទ​បន្លែ​នៅ​លើ​ទីផ្សារ​) ឥលូវ​វា​មិនសូវ​បាន​ទូលំទូលាយ​ប៉ុន្មាន​ទេ​ ចឹង​វា​មានការ​លំបាក​ដែរ​»។

កសិករ​ជា​អ្នក​ដាំ​បន្លែ​នៅ​ស្រុក​រតន​មណ្ឌល​មួយ​រូប​ទៀត​ លោក​ មាស​ លី​ បាន​លើកឡើង​ថា​ មន្ត្រី​ជំនាញ​ពិតជា​បាន​ចុះ​ជួយ​ពន្យល់​ពី​បច្ចេកទេស​ដាំដុះ​ដំណាំ​តាម​តម្រូវការ​ទីផ្សារ​ជា​រឿយ​ៗប្រាកដ​មែន​ តែ​ការ​លក់​ផលដំណាំ​ក្រោយ​ផលិត​បាន​ លោក​តែង​ផ្អែកលើ​ព័ត៌មាន​ពី​ឈ្មួញ​កណ្ដា​ល។

លោក​ មាស​ លី​ បាន​រៀបរាប់​ថា​៖ «(តើមាន​មន្ត្រី​ទីផ្សារ​ អាច​កសិករ​ទំនាក់ទំនង​សួរ​អំពី​តម្លៃ​បន្លែ​បានទេ​?) អូ! មិនដែល​មាន​ផង​ មិនដែល​ប្រាប់​តម្លៃ​ផង​។ អាហ្នឹង​ដឹងពី​ឈ្មួញ​ទេ​ ឈ្មួញ​គេ​ថា​ ទិញ​ពីរ​រយ​ គឺ​ពីរ​រយ​ហើយ​ ឈ្មួញ​គេ​ថា​ បី​រយ​ គឺ​បី​រយ​ប៉ុណ្ណឹង​ឯង​»។

ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បណ្ឌិត​ យ៉ង​ សាំង​កុមារ​ បាន​មានប្រសាសន៍​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​ច្រំដែល​រឿង​ដាំ​បន្លែ​ ហើយ​គ្មាន​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ រដ្ឋាភិបាល​គប្បី​បញ្ជូន​មន្ត្រី​ជំនាញ​ផ្នែក​ទីផ្សារ​ចុះ​ធ្វើការ​ជិត​ស្និទ្ធិជាមួយ​កសិករ​នៅ​តាម​មូល​ដ្ឋាន​នាៗ​។ លោក​ថា​ តាម​ការ​ប៉ាន់​ប្រមាណ​សម្រាប់​បញ្ហា​បន្លែ​ គឺ​ត្រូវការ​មន្ត្រី​ជំនាញ​ប្រមាណ៥០០នាក់​ ដើម្បី​ធ្វើការ​នៅ​ទូទាំង​ប្រទេស​។

បណ្ឌិត​ យ៉ង​ សាំង​កុមារ​ មានប្រសាសន៍​ថា​៖ «ខ្ញុំ​ធ្លាប់ធ្វើ​ការ​ជា​មួ​យម​ន្ដ្រី​កសិកម្ម​ច្រើន​ដែរ​នៅ​តាម​ស្រុក​ គឺ​គាត់​ខ្វះ​ទាំងអស់​ ទាំង​សមត្ថភាព​ ទាំង​ធនធាន​ ទាំង​ថវិកា​ ហើយនិង​ការដឹកនាំ​លើកទឹកចិត្ត​ក្នុង​ការ​ធ្វើការ​ផ្ទាល់​ជាមួយ​កសិករ​។ ដើម្បី​ដោះស្រាយ​បញ្ហា​កសិកម្ម​នៅ​ស្រុកខ្មែរ​ វា​ត្រូវការ​មាន​មន្ដ្រី​ គ្រូ​កសិកម្ម​ល្អ​ចុះ​ធ្វើការ​គ្រប់​ទីកន្លែង​ហ្នឹង​។ យើង​ចំ​ណាយ​ពេល​បណ្ដុះ​បណ្ដា​លត្រឹម​ពីរបី​ឆ្នាំ​ហ្នឹង ​វា​គ្រប់គ្រាន់​ហើយ​ ព្រោះ​មន្ត្រី​រាជការ​យើង​មាន​រាប់​សែន​នាក់​ ហើយ​យុវជន​ចប់​ការសិក្សា​មួយ​ឆ្នាំ​ៗ រាប់​ម៉ឺន​នាក់​»។

បញ្ហា​បន្លែ​អត់​ទីផ្សារ​បាន​ធ្វើ​ឱ្យ​កសិករ​ លោក​ អ៊ឹម​ សុ​ភ័ក្រ រស់នៅ​ក្នុង​ខេត្តបាត់ដំបង ​ប្រកាស​ចែក​ស្ពៃ​ប្រមាណ​ជាង១០តោន​ ដោយ​ឥតគិតថ្លៃ​ដល់​សាធារណ​ជន​កាលពី​ពេល​ថ្មី​ៗនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ