សាលាឧទ្ធរណ៍​ច្រានចោល​បណ្ដឹង​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្រៅរបង​សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ (ខាន់ លក្ខិណា)

សាលាឧទ្ធរណ៍​ច្រានចោល​បណ្ដឹង​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ ដែល​ប្ដឹង​ជំទាស់​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឱ្យ​បើក​ការស៊ើបអង្កេត​សំណុំរឿង​របស់​ពួកគេ​បន្ថែម​ទៀត​ ។

អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ លោក​ អ៊ួន​ ឈិន​ និង​លោក​ យាង​ សុ​ធារិ​ន្ទ​ ហៅ​ យាង​ សុ​ជា​មេត្តា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ និង​ចោទប្រកាន់​ថា​ បាន​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋ​បរទេស​ ហើយ​បន្ទាប់មក​ក៏​ត្រូវ​បាន​ចោទប្រកាន់​មួយ​ករណី​បន្ថែម​ទៀត​គឺ​បទ​ផលិត​ និង​កាន់កាប់​រូបភាព​អាសអាភាស​។

កាលពី​ថ្ងៃទី០៣​ ខែតុលា​ កន្លងមក​ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេច​ឱ្យ​បើក​ការស៊ើបអង្កេត​សំណុំរឿង​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ​លោក​ អ៊ួន​ ឈិន​ និង​លោក​ យាង​ សុ​ធារិ​ន្ទ​ ហៅ​ យាង​ សុ​ជា​មេត្តា​ បន្ថែម​ពី​បទ​ផលិត​ និង​កាន់កាប់​រូបភាព​អាសអាភាស​ ដោយ​ថា​ ការស៊ើបអង្កេត​កន្លងមក​នៅ​មាន​ចំណុច​ខ្វះខាត​។

ដោយ​មិនសុខចិត្ត​នឹង​សេចក្ដីសម្រេច​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ អ៊ួន​ ឈិន​ និង​លោក​ យាង​ សុ​ធារិ​ន្ទ​ បាន​ប្ដឹង​សាទុក្ខ​មក​សាលាឧទ្ធរណ៍​។

នៅ​ថ្ងៃនេះ​ ចៅក្រម​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍​ លោក​ ប្លង់​ សំណាង​ បាន​ប្រកាស​បដិសេធ​បណ្ដឹង​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំងពីរ​រូប​ ដោយ​សំអាង​ថា​ សំណុំរឿង​នេះ​កំពុងធ្វើការ​ស៊ើបអង្កេត​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្រៅរបង​តុលាការ​ អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ លោក​ យាង​ សុ​ធារិ​ន្ទ​ បង្ហាញ​ការ​ខកចិត្ត​ ហើយ​ចាត់ទុក​សេចក្ដីសម្រេច​របស់​តុលាការ​ថា​ មាន​ចេតនា​ចង់​ធ្វើបាប​ពួកគាត់​ ដោយសារ​ ពួកគាត់​ជា​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​។

លោក​ថា​៖ «ខ្ញុំ​លឺ​ចៅក្រម​និយាយ​ថា​ ខាង​តុលាការ​ព្យាយាម​រក​អី​អ៊ីចឹង​ ដើម្បី​ផ្ដល់​យុត្តិធម៌​ឱ្យ​យើង​អ៊ីចឹង​ ហើយ​គាត់​ថា ​ពួក​យើង​នៅ​ក្រៅ​ឃុំ​ វា​អត់មាន​ប៉ះពាល់​សេរីភាព​ទេ​ ប៉ុន្តែ​ ធាតុ​ពិត​មិនមែន​អ៊ីចឹង​ទេ​ គ្រាន់តែ​ពួក​ខ្ញុំ​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​ [សិទ្ធិ​របស់​] ពួក​ខ្ញុំ​នៅ​រឹត​ត្បិតនៅ​ឡើយ​ ទៅតាម​លក្ខខណ្ឌ​តុលាការ​ ហើយ​សូម្បី​មក​ហ្នឹង​ ក៏​ខាតពេល​វេលា​ពួក​ខ្ញុំ​…។ អ៊ីចឹង ​បើសិន​រឿង​ហ្នឹង​ នៅតែ​បន្ត​អូស​បន្លាយ​តទៅទៀត​ វា​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ខាត​ប្រយោជន៍​ទៅតាម​ហ្នឹង​ដែរ​ មិនមែន​មានន័យថា​ ពួក​ខ្ញុំ​នៅ​ក្រៅ​ឃុំ​មិនមែន​សេរីភាព​ខ្ញុំ​បាន​ពេញលេញ​ទេ​ វា​នៅតែ​មាន​បញ្ហា​អ៊ីចឹង​[សិទ្ធិ​របស់​ពួក​ខ្ញុំ​នៅតែ​រឹត​ត្បិត] យើង​មិន​អាច​ធ្វើ​អី​បាន‌‌​! បាន​ត្រឹម​ខកចិត្ត​។»

លោក​ អ៊ួន​ ឈិន​ លើកឡើង​ថា​ ការ​អូស​បន្លាយពេល​វេលា​របស់​តុលាការ​ ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​ ក្នុង​ការ​ដើរហើរ​ និង​ប្រកបការងារ​ចិញ្ចឹមជីវិត​។

លោក​ថា​៖ «អ្វី​ដែល​យើង​ប៉ង​ចង់បាន​គឺ​ចង់ឱ្យ​រឿងរ៉ាវ​ហ្នឹង​ឆាប់​ចប់​សព្វគ្រប់​អ៊ីចឹង​ទៅ​ ហើយ​យើង​មាន​សេរីភាព​ពេញលេញ ​អាច​ធ្វើដំណើរ​ ដើរហើរ​ អាច​នាំ​គ្រួសារ​ទៅ​នេះ​ទៅ​នោះ ​ទៅ​មើលជំងឺ​នៅ​ប្រទេសជិតខាង​អី​បាន​ ដូច​គេ​ដូច​ឯង​អ៊ីចឹង​ ហើយ​ទទួល​បាន​លិខិតឆ្លងដែន​ អត្តសញ្ញា​ណបណ្ណ​មក​ប្រើប្រាស់​។ រាល់ថ្ងៃ​នេះ​ យើង​ចង់បើ​កគណនេយ្យ​ធនាគារ​មួយ​ក៏​យើង​ពិបាក​ដែរ​ អត់មាន​អី​ទៅ​បើក​ ហើយ​យើង​ត្រូវ​បញ្ជាក់​លិខិតស្នាម​អី​ផ្សេង​ៗទាក់ទង​នឹង​កាតគ្រី​យានយន្ត​អីហ្នឹង​ យើង​ពិបាក​មែន​។»

មេធាវី​ការពារ​ក្ដី​ឱ្យ​លោ​ក អ៊ួន​ ឈិន​ និង​លោក​ យាង​ សុ​ធារិ​ន្ទ​ គឺ​ សំ​ ចំរើន​ ចាត់ទុក​សេចក្ដីសម្រេច​សាលាឧទ្ធរណ៍​ថា​ មិនបាន​ផ្ដល់​យុត្តិធម៌​ឱ្យ​កូនក្ដី​។

លោក​ថា​៖ «យើង​យល់ថា​ សេចក្ដីសម្រេច​បែបនេះ​ នៅតែ​យាយី​ដល់​សិទ្ធិ​របស់​កូនក្ដី​។»

នាយករង​អង្គការ​លី​កាដូ​ទទួលបន្ទុក​ផ្នែក​ឃ្លាំ​មើលសិទ្ធិមនុស្ស​ លោក​ អំ​ សំអាត​ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍​ ដោយ​ថា ​ការ​អូស​បន្លាយពេល​នេះ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​ និង​ការងារ​ពួកគាត់​ផង​ដែរ​។ លោក​បន្ត​ថា​ ប្រសិនបើ​តុលាការ​នៅតែ​មិន​ពន្លឿន​សំណុំរឿង​នេះ​ លោក​ថា តុលាការ​នឹង​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​។

លោក​ថា​៖ «ពន្លឿន​នីតិវិធី​ក្នុង​ការ​ជំនុំជម្រះ​ទៅលើ​រឿង​អ្នក​ទាំងពីរ​ឱ្យ​បាន​ឆាប់​។ យើង​សង្ឃឹមថា ​អ្នក​ទាំងពីរ​នឹង​រួចផុត​ពី​បទចោទប្រកាន់​នេះ​ ព្រោះ​ការ​អូស​បន្លាយ​ បើ​មើល​នីតិវិធី​ស៊ើបអង្កេត​រាប់​ឆ្នាំ​ដែរ​ វា​ល្មមតែ​បញ្ចប់​។ ប៉ុន្តែ​ នៅពេល​សាលាដំបូង​សវនាការ​ គឺ​ចាត់​របៀប​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ អាហ្នឹង​នឹង​នាំ​ឱ្យ​មានការ​រិះគន់​បន្ថែម​ទៀត​ ពីព្រោះ​ការស៊ើបអង្កេត​យូរហើយ​នៅ​តែ​រកភ​ស្ដុ​តាំង​មិនទាន់​បាន​»។

លោក​ អ៊ួន​ ឈិន​ និង​លោក​ យាង​ សុ​ធារិ​ន្ទ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា​ ឆ្នាំ២០១៧​ ហើយ​ក្រោយមក ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ដាក់​ឃុំ​ក្រោម​ការចោទប្រកាន់​ថា​ បាន​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋ​បរទេស​ និង​ផលិត​ និង​កាន់កាប់​រូបភាព​អាសអាភាស​។

អ្នក​ទាំងពីរ​ ត្រូវ​បាន​ដោះលែង​ឱ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ចាប់តាំងពី​ខែសីហា​ឆ្នាំមុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ