តុលាការសៀមរាបថាការដោះលែងអតីតអ្នកគាំទ្រ CNRP ម្នាក់យឺត ព្រោះការបញ្ជូនឯកសារត្រូវចំណាយពេល

លោក ធុន យុទ្ធ ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ (បណ្ដាញសង្គម)

មន្ត្រីតុលាការខេត្តសៀមរាប បានអះអាងថា ការសម្រេចដោះលែងជនពិការជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ លោក ធុន យុទ្ធ មានភាពយឺតយ៉ាវ ព្រោះការបញ្ជូនឯកសារសាលដីកាពីរាជធានីភ្នំពេញត្រូវចំណាយពេលវេលា។

សាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៧ ខែធ្នូនេះ បានសម្រេចដោះលែងអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរូបនេះឱ្យមានសេរីភាពឡើងវិញ ក្រោយរូបលោកជាប់ពន្ធនាគាររយៈពេលជាង៥ខែ៕

អ្នកនាំពាក្យតុលាការខេត្តសៀមរាប លោក យិន ស៊្រាង បានបញ្ជាក់ថា លោកបានត្រៀមដីកាទុកដោះលែង លោក ធុន យុទ្ធ រួចរាល់ហើយ ដោយរង់ចាំការបញ្ជូនឯកសារសាលដីការបស់សាលាឧទ្ធរណ៍ពីភ្នំពេញមកដល់ខេត្តសៀមរាបប៉ុណ្ណោះ។ លោកថា សមត្ថកិច្ចគ្មានចេតនាពន្យារពេលដោះលែងជនជាប់ចោទឡើយ តែការបញ្ជូនឯកសារឆ្លងខេត្ត-ក្រុង ត្រូវចំណាយពេលវេលា។

លោក យិន ស្រ៊ាង បានរៀបរាប់ថា៖ «ប្រហែលជាថ្ងៃនេះ ឬថ្ងៃស្អែក មកដល់ហើយយ៉ាង! សាលដីកាហ្នឹងមកដល់ គេនឹងដោះលែងគាត់ហើយ។ វានៅលើការបញ្ជូនសាលដីកាហ្នឹងមកសាលាដំបូងខេត្តសៀមរាប។ ធម្មតា ត្រូវការពេលវេលាដើម្បីបញ្ជូនសាលដីកាពីសាលាឧទ្ធរណ៍ហ្នឹងមក អ៊ីចឹងវាមិនមានការយឺតយ៉ាវអីទេ»។

VOD មិនអាចទំនាក់ទំនងអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ បកស្រាយបញ្ជាក់អំពីបញ្ហានេះបានទេ ដោយទូរសព្ទចូលជាច្រើនលើក ប៉ុន្តែ គ្មានអ្នកទទួល។

មេធាវីការពារក្ដីឱ្យលោក ធុន យុទ្ធ គឺលោក សំ ទិត្យសីហា បានអះអាងថា ការដោះលែងកូនក្ដីរបស់លោកយឺតយ៉ាវ វាគឺជាការរំលោភសិទ្ធកូនក្ដីរបស់លោក។

មេធាវី សំ ទិត្យសីហា បានពន្យល់ថា៖ «ក្នុងនាមខ្ញុំជាមេធាវី តាមនីតិវិធី យើងនឹងប្តឹង គេហៅថា វារំលោភលើសិទ្ធិបុគ្គល ហើយទីពីរ វាផ្ទុយទៅនឹងក្រមនីតិវិធី ព្រោះនៅក្រមនីតិវិធីព្រហ្មទណ្ឌ គេចែងហើយថា បើសិនទណ្ឌិតគេត្រូវចេញថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យ គេត្រូវដោះលែងគាត់មុនមួយថ្ងៃ ហើយករណីនេះ វាទៅជាករណីឃុំឃាំងមនុស្សខុសច្បាប់វិញ»។

ភរិយារបស់លោក ធុន យុទ្ធ អ្នកស្រី មុំ វិត បានរៀបរាប់ថា ការរង់ចាំរាប់ថ្ងៃដែលមន្ត្រីពន្ធនាគារដោះលែងប្ដីរបស់អ្នកស្រី ឱ្យមានសេរីភាពកាន់តែយូរ អ្នកស្រីកាន់តែបារម្ភខ្លាំង។ អ្នកស្រីថា ស្ថានភាពសុខភាពរបស់ប្ដីកាន់តែទ្រុឌទ្រោម កូនស្រីក៏ទៅរៀនមិនទៀងទាត់ ឯប្រាក់ជំពាក់ថ្លៃផ្ទះជួលក៏កើនឡើង ព្រោះរវល់ធ្វើដំណើរចុះឡើងតាមរឿងក្ដីរបស់ប្ដី មិនអាចប្រកបរបររកចំណូលបាន។

អ្នកស្រី មុំ វិត បានបន្តថា៖ «វាយឺតយ៉ាវពេក ហើយណាមួយខ្ញុំសួរគេ គេថាអត់ដឹង អត់អី គេមិនទាន់ដឹងថាថ្ងៃណា ថ្ងៃណី ដូចមានអារម្មណ៍ថា អស់សង្ឃឹមម៉េច ចាំមើលផ្លូវ ចាំបាត់ៗ។ មួយរយៈចុងក្រោយនេះ ខ្ញុំខ្វះខាតលុយ មិនសូវមានអីហូបចុកដែរ ឥលូវដាច់ខែហ្នឹងត្រូវបង់ថ្លៃផ្ទះគេ អត់មានលុយបង់ថ្លៃផ្ទះគេទេ ជាង៥ខែមកហ្នឹង ជំពាក់គេជាង៣០០ហើយហ្នឹង»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានមានប្រសាសន៍ថា ចំណាត់ការយឺតយ៉ាវរបស់មន្ត្រីយុត្តិធម៌របស់ខ្មែរ បានបង្ហាញនូវរបៀបធ្វើការដែលមានស្ដង់ដារពីរ។ លោកថា សកម្មភាពនៃការតាមចាប់ខ្លួនអ្នកគាំទ្រគណបក្សប្រឆាំងនានា អនុវត្តគ្មានរើសវេលាយប់ ឬថ្ងៃឡើយ តែថ្ងៃដោះលែងបែរជាមានការអូសបន្លាយពេលវេលាទៅវិញ។

លោក អំ សំអាត បានបន្តថា៖ «តាំងពីសប្តាហ៍មុនរហូតមកដល់ឥលូវនេះ អត់ទាន់មានការដោះលែងគាត់នៅឡើយ ដែលយើងមើលទៅវានាំឱ្យមានការរិះគន់ច្រើន។ ប៉ុន្តែ ទោះយ៉ាងណា យើងខ្ញុំសង្ឃឹមថា ថ្ងៃនេះ លោក យុទ្ធ នឹងត្រូវបានដោះលែង»។

លោក ធុន យុទ្ធ ជាជនពិការពីកំណើតមួយរូបប្រកបរបរជាអ្នកលក់វត្ថុអនុស្សាវរីយ៍នៅខេត្តសៀមរាប ត្រូវសាលាដំបូងខេត្តនេះ កាត់ទោសកាលពីថ្ងៃទី៣១ ខែតុលា ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពីបទ «ញុះញង់ និងជេរប្រមាថជាសាធារណៈ» ព្រោះផ្សព្វផ្សាយសាររិះគន់រដ្ឋាភិបាលតាមបណ្ដាញទំនាក់ទំនងហ្វេសប៊ុក(Facebook)របស់ខ្លួន ដែលបានសរសេរថា «ខ្ញុំចង់បាននាយករដ្ឋមន្ត្រីថ្មី»៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ