លោក ស ខេង រំឭកមន្ត្រីប្រើថវិកាជាតិឱ្យមានតម្លាភាព

លោក ស​ ខេង រង់ចាំទទួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកាខ្សែក្រវ៉ាតនិងផ្លូវលើកទី២ នៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ២០១៩។ (ហួត វុទ្ធី)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្រើនរំឭកមន្ត្រីប្រើប្រាស់ថវិកាជាតិដែលត្រូវបានបង្កើនសម្រាប់៤ឆ្នាំខាងមុខឱ្យមានតម្លាភាព ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ការថ្លែងរបស់លោក ស ខេង នេះ ធ្វើឡើងក្នុងពិធីបិទមហាសន្និបាតនៅរាជធានីភ្នំពេញ ដែលមានអ្នកចូលរូមមកពីសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាទូទាំងប្រទេស នៅថ្ងៃទី២៧ ខែធ្នូនេះ។

លោកថា៖ «បញ្ហាសំខាន់ខ្ញុំគិតថា ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ថវិកានេះឱ្យមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការចាំបាច់នានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

លោក ស ខេង ថ្លែងទៀតថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ថវិកាផ្ទេរទៅឃុំ-សង្កាត់ នឹងកើនឡើងទ្វេដង។ ប៉ុន្តែ លោកថា អ្វីដែលលោកព្រួយបារម្ភនោះគឺការប្រើប្រាស់ថវិកានេះគ្មានតម្លាភាពដូចកន្លងទៅ។

បើតាមលោក ស ខេង ថវិកាដែលរដ្ឋាភិបាលផ្ទេរកន្លងទៅ បើទោះបីចំនួនតិច តែការអនុវត្ត កន្លែងខ្លះរៀបចំគម្រោងចាយគ្មានតម្លាភាព ឃុំខ្លះមិនចេះធ្វើគម្រោងអភិវឌ្ឍន៍ ធ្វើឱ្យលុយសល់ ដែលលោកថា បញ្ហានេះមិនឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពលរដ្ឋនៅមូលដ្ឋានដែលអាជ្ញាធរគ្រប់គ្រង ។

មេដឹកនាំរដ្ឋាភិបាលរូបនេះ រំឭកទៀតថា នេះជាបញ្ហាដែលត្រូវធ្វើកំណែទម្រង់លើការអនុវត្តគោលនយោបាយវិមជ្ឈការ និងសហវិជ្ឈកា ឬហៅថា ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ឱ្យVODដឹងបន្ថែមថា បញ្ហាដែលបានកើតឡើង មកពីកង្វះធនធានមនុស្ស និងអ្នកបច្ចេកទេស ដែលត្រូវសិក្សាទៅលើគម្រោងសាងសង់ស្ពានថ្នល់ជាដើម ដែលលោកថា បញ្ហានេះ ក្រសួងត្រូវការកិច្ចសហការពីសង្គមស៊ីវិលជាដៃគូ។

លោកថា៖ «ទី២ ត្រូវលើកកម្ពស់ការចូលរួមពីសហគមន៍នានានៅមូលដ្ឋានហ្នឹង ក្នុងការត្រួតពិនិត្យគម្រោងដែលអនុវត្តដោយរដ្ឋបាលមូលដ្ឋាន។ សព្វថ្ងៃ យើងមានគម្រោងគណនេយ្យភាពសង្គមដែលជួយមើលលើសេវាអប់រំ សុខាភិបាល ហើយនិងការចាយវាយថវិកាឃុំ យើងនឹងបង្កើនពង្រឹងអាហ្នឹងថែមទៀត ដើម្បីកែលម្អឱ្យសមស្របទៅនឹងការកើនឡើងថវិកាឃុំ»។

បើតាមលោក សក់ សេដ្ឋា ថវិកាជាតិសម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ ចាប់ពីឆ្នាំ២០២០ទៅ ក្នុងមួយឃុំ-សង្កាត់ទទួលបានជាមធ្យមជាង១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្ន លោកថា មានជាមធ្យមចន្លោះពីជាង៤ម៉ឺនដុល្លារ ទៅ៥ម៉ឺន។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ហៅការជំរុញរបស់រដ្ឋាភិបាលនេះនឹងមិនជោគជ័យទេ បើមិនអាចទប់ស្កាត់អំពើពុករលួយ ក្នុងការដេញថ្លៃគម្រោងបែបប្រកួតប្រជែងដោយតម្លាភាពនោះ។

លោកថា៖ «ដើម្បីកាត់បន្ថយអំពើពុករលួយត្រូវរៀបចំលទ្ធកម្មសាធារណៈ [ការដេញថ្លៃដោយប្រកួតប្រជែង] របស់គម្រោងឃុំ-សង្កាត់នេះ ចាំបាច់ត្រូវមានការកែលម្អ និងពិនិត្យឡើងវិញ ការបើកចំហឱ្យមានការចូលរួមពីអង្គការសង្គមស៊ីវិល ក្នុងការតាមដានលទ្ធកម្មរបស់ឃុំ-សង្កាត់»។

លោក សន ជ័យ បន្តថា ការបើកចំហឱ្យពលរដ្ឋចូលរួមតាំងពីដំណាក់កាលកសាងផែនការ ការរៀបចំថវិកានៅក្នុងផែនការ និងការយកថវិកាទៅចាយវាយ ជាប្រសិទ្ធភាពនៃការជំរុញការអភិវឌ្ឍប្រកបដោយតម្លាភាព ព្រោះរាល់សមិទ្ធផលដែលបានកើតឡើង អាចទុកចិត្តពីគុណភាព។

អង្គការតម្លាភាពកម្ពុជា កាលពីដើមឆ្នាំ២០១៩នេះ បានចេញរបាយការណ៍វាយតម្លៃមួយរកឃើញថា កម្ពុជាមានកម្រិតអំពើពុករលួយខ្ពស់ជាងគេក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ តាមការវាយតម្លៃ មូលហេតុចម្បងដែលកម្ពុជាមិនទទួលបានពិន្ទុល្អ ផ្តោតលើលំហប្រជាធិបតេយ្យរួមតូច និងប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ