GDP​ ថា​រដ្ឋ​ត្រូវ​ទម្លាក់​ថវិកា​យ៉ាងតិច២០០លាន​ដុល្លារ​ក្នុង១ឆ្នាំ​ ដើម្បី​កុំ​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ផ្ដល់​ជា​យោបល់​ថា ​ដើម្បី​កុំ​តម្លៃ​ស្រូវ​កសិករ​ខ្មែរ​តែងតែ​ធ្លាក់ចុះ​ជា​រៀងរាល់​ឆ្នាំ​នៅ​រដូវ​ប្រមូល​ផល​ រដ្ឋាភិបាល​ត្រូវ​ទម្លាក់​ថវិកា​យ៉ាងហោចណាស់២០០លាន​ដុល្លារ​ក្នុង១​ឆ្នាំ ​សម្រាប់​ទិញ​ស្រូវ​ស្ដុ​កទុក​។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ សរសេរ​នៅ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ខ្លួន​កាលពី​ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០១៩​ ថា​ ដើម្បី​ជួយ​ទប់ស្កាត់​ការ​ធ្លាក់​តម្លៃ​ស្រូវ​របស់​កសិករ​ មាន​វិធី​សាស្ត្រ​ផ្សេង​ ដោយ​មិន​ចាំបាច់​ប្រើ​វិធី​ដូច​សម័យ​កុម្មុយ​នីស្ដ​ ដែល​រដ្ឋ​ត្រូវ​កំណត់​តម្លៃ​ស្រូវ​ទាំង​បង្ខំ​នោះ​ទេ​។ ​

គណបក្ស​នេះ​ថា​ រដ្ឋាភិបាល​សម័យ​ទំនើប​ដែល​យល់ដឹង​អំពី​ទីផ្សារ​ ត្រូវ​បញ្ចេញ​ប្រាក់​បម្រុង​ ១០០ ទៅ២០០លាន​ដុល្លារ​ ពេល​ដល់​រដូវ​ច្រូតកាត់​រៀងរាល់​ឆ្នាំ​ ទៅ​ឱ្យ​រោងម៉ាស៊ីន​កិនស្រូវ​ និង​ពាណិជ្ជករ​ខ្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​។

ការ​បញ្ចេញ​ប្រាក់​នេះ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា​ ដើម្បី​រោងម៉ាស៊ីន​កិនស្រូវ​ និង​ពាណិជ្ជករ​ មាន​ទុន​គ្រប់គ្រាន់​សម្រាប់​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ​ ដោយ​មិន​ឱ្យ​ក្រុម​ឈ្មួញ​មក​ពី​ប្រទេសជិតខាង​ទិញ​ទម្លាក់​តម្លៃ​ស្រូវ​របស់​កសិករ​ខ្មែរ​ស្រេច​តែ​នឹង​ចិត្ត​ឡើយ​។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សរ​សេរ​៖ «រដ្ឋាភិបាល​សម័យ​ទំនើប​ដែល​យល់ដឹង​អំពី​ទីផ្សារ​ គឺ​រដ្ឋាភិបាល​អាច​ជួយ​ទប់​ការ​ធ្លាក់​ថ្លៃ​តាមរយៈ​ការ​បញ្ចេញ​ប្រាក់​បម្រុង​ ១០០​ ទៅ២០០លាន​ដុល្លារ​ រាល់​រដូវ​ច្រូតកាត់​ម្ដ​ងៗ​ ទៅ​ឱ្យ​ម៉ាស៊ីន​កិនស្រូវ​ និង​ពាណិជ្ជករ​ខ្ចី​ ដោយមាន​អ​ត្រា​ការប្រាក់​ទាប​។ ធ្វើបែប​នេះ​ រោងម៉ាស៊ីន​កិនស្រូវ​ និង​ពាណិជ្ជករ​ក្នុង​ស្រុក​ មាន​ទុន​គ្រប់គ្រាន់​ ដើម្បី​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ​ ហើយ​ឈ្មួញ​សៀម​ និង​យួន​មិន​អាច​ទម្លាក់​តម្លៃ​ស្រូវ​ខ្មែរ​ស្រេចនឹង​ចិត្ត​ទេ​។»

ការ​លើកឡើង​ររបស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​កាលពី​ថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០១៩​ ថា​ បុគ្គល​ដែល​តែងតែ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​កំណត់​តម្លៃ​ស្រូវ​សម្រាប់​ឱ្យ​ក្រុម​ឈ្មួញទិញ​ពី​កសិករ​ លោក​ថា​ បុគ្គល​នោះ​ហើយ​ ជា​អ្នក​បង្ខំ​ឱ្យ​កម្ពុជា​ យក​គំរូ​តាម​រប​បកុម្មុយ​នី​ស្ដ​។

លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​៖ «អ្នកខ្លះ​ស្អប់​កុម្មុយ​នី​ស្តណាស់​ ប៉ុន្តែ​ អំពាវនាវ ​ឬក៏​ជំរុញ​ឱ្យ​ខ្ញុំករុណា​ ធ្វើ​កុម្មុយនីស្ត​។ ស្អី​ទៅ​ គឺ​ឱ្យ​យើង​កំណត់​ស្រូវ​ អ៊ីចឹង​ទេ​ គឺថា​ ខ្លួនឯង​ពូកែ​ណាស់​មក​ជេរ​គេ​ថា​ គេ​កុម្មុយ​នី​ស្ដ​ ប៉ុន្តែ​ខ្លួនឯង​ហ្នឹង​ ក៏​ជា​អ្នក​មក​ចាប់បង្ខំ​គេ​ឱ្យ​អនុវត្ត​សេដ្ឋកិច្ច​បែ​បកុម្មុយ​នី​ស្ដ​ដែរ​»។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ លោក​ វេង​ សា​ខុន​ បាន​ប្រាប់​វី​អូ​ឌី​ថា​ ការ​ទម្លាក់​ថវិកា​ ដើម្បី​ទប់ស្កាត់​តម្លៃ​ស្រូវ​ចុះថោក​ លោក​ថា​ រដ្ឋាភិបាល​បាន​ធ្វើរួចហើយ​។ លោក​បន្ត​ថា​ តម្លៃ​ស្រូវ​ក្នុង​ឆ្នាំនេះ​ ក៏​មិន​មានការ​ធ្លាក់​ថ្លៃ​ខ្លាំង​ដូច​ឆ្នាំមុន​ដែរ​។

លោក​មានប្រសាសន៍​ថា​៖ «ខ្ញុំ​បាន​ទទួល​ទិ​ន្ន​ន័យ​រាល់ថ្ងៃ​ គ្រប់​បណ្ដា​រាជធានី​-ខេត្ត​បាន​បញ្ជូន​មក​ឱ្យ​ខ្ញុំ​។ ខ្ញុំ​តាមដាន​ប៉ុណ្ណឹង​ ហើយ​អ្នក​និយាយ​ចេះតែ​និយាយទៅ​ ប៉ុន​កសិករ​ដូចជា​ មិន​រអ៊ូអី​ផង​ គាត់​លក់​បាន។​ បើ​ឆ្នាំទៅ​ បាន​ពិបាក​លក់​ ១គីឡូ​ ៦០០​រៀល​ ប៉ុន​ឆ្នាំនេះ​ ហាក់បីដូចជា​ល្អ​ មិន​ស្អី​ផង​ តាំង​សម្ដេច​ទម្លាក់​លុយ​ ៥០​លាន​ដុល្លារ​ចុះទៅ​ គឺថា​ តម្លៃ​ស្រូវ​ថេរ​ល្អ​សឹង​អី​។ អ្នក​ដែល​មិន​ធ្វើ​ទេ​ ដែល​ស្រែក​ព្រួយ​ខ្លាំងពេក​ យើង​ដឹងពី​របៀប​ចាត់ចែង​អស់ហើយ​ ដូច​មិន​ព្រួយបារម្ភ​ដល់​ថ្នាក់​ម្ល៉ឹង​ពេក​ទេ​ណាស់​»។

អ្នកជំនាញ​កសិកម្ម​ និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លោក​ យ៉ង​ សាំង​កុមារ​ ប្រាប់​វី​អូ​ឌី​ក្នុង​បទ​សម្ភាស​កាលពី​ថ្ងៃទី២៧​ ខែធ្នូ​នេះ​ ថា​ កត្តា​ផ្សេងទៀត​ដែល​ជំរុញ​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​នៅ​រដូវ​ប្រមូល​ផល​ ដោយសារ​ កសិករ​សម្រុក​លក់​ក្នុង​ពេល​តែមួយ​ និង​ការ​មិន​មាន​ទីផ្សារ​ក្នុង​ការ​នាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​ រួម​ទាំង​ការ​យកពន្ធ​ពី​សហភាព​អឺរ៉ុប​។

លោក​ថា​៖ «កុម្ម៉ង់​ពី​អឺរ៉ុប​ មានការ​ធ្លាក់​ថយ​ចុះ​ខ្លាំង​ ដោយ​ពន្ធ​ជិត​ ២០០​ដុល្លារ​ដែរ​ ក្នុង១​តោន ​អ៊ីចឹង​វា​ថ្លៃ​ ធ្វើ​ឱ្យ​អង្ករ​យើង​ថ្លៃ​ពិបាក​ប្រកួតប្រជែង​។ កត្តា​ទី២​ ទាក់ទង​ឥទ្ធិពល​ប្រទេសជិតខាង​ ដោយ​នៅ​ថៃ ​ស្រូវ​នៅក្នុង​ស្រុក​គេ​ច្រើន​។ អ៊ីចឹង ​ស្រូវ​នៅក្នុង​ស្ដុ​កច្រើន​ គេ​ក៏​មិនសូវ​សម្រុក​ទិញ​ដែរ​ អ៊ីចឹង​វា​ឥទ្ធិពល​មក​ស្រូវ​ស្រុកខ្មែរ​ដែរ​ ប៉ុន្តែ​ រដ្ឋាភិបាល​ថៃ​គេ​រុញ​ឱ្យ​ស្រូវ​មាននៅ​ក្នុង​ស្ដុ​កឱ្យ​ច្រើន​ ដើម្បី​ឱ្យ​ទីផ្សារ​រស់រវើក​ អ៊ីចឹង​បាន​រដ្ឋាភិបាល​អន្តរាគមន៍​ដៃ​ម្ខាង​ឱ្យ​កសិករ​ប្រញាប់​លក់​ អន្តរាគមន៍​ដៃ​ម្ខាង​ឱ្យ​រោងម៉ាស៊ីន​ប្រញាប់​ទិញ​។»

កាលពី​ឆ្នាំ២០១៦​ ប្រជាកសិករ​នៅ​ខេត្តបាត់ដំបង​ បាន​ផ្ទុះ​ការ​តវ៉ា​ដោយ​ចាក់​ស្រូវ​បិទផ្លូវ​ បន្ទាប់ពី​តម្លៃ​ស្រូវ​ចុះថោក​ ក្រោយពី​មានការ​តវ៉ា​នោះ​ រដ្ឋាភិបាល​បាន​ទម្លាក់​លុយ​ជាបន្តបន្ទាប់​ ខ្ទង់​រាប់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ជួយ​ទប់​តម្លៃ​ស្រូវ​ដែល​ធ្លាក់​ថ្លៃ​។

យោង​តាម​ទិន្នន័យ​កាលពី​ថ្ងៃទី២៧​ ខែធ្នូ ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ តម្លែ​ស្រូវ​ផ្ការំដួល​សើម​នៅ​វាលស្រែ​មានតម្លៃ​ចន្លោះ៩០០រៀល​ ដល់១២០០រៀល​ក្នុង​មួយ​គីឡូក្រាម​។ ចំណែក​ តម្លែ​ស្រូវ​អ៊ី​អ៊ែ​រសើម ​មានតម្លៃ​ចន្លោះ​ ៦៩០ដល់​ ៨៥០​រៀល​ ហើយ​ស្រូវ​សែន​ក្រអូប​សើម​វិញ​ មានតម្លៃ៩៦០​ ដល់១១០០រៀល​។

បើ​តាម​អង្គភាព​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​កម្ពុជា​ ប្រទេស​កម្ពុជា​អាច​ផលិត​ស្រូវ​បាន​ជាង១០លាន​តោន​ក្នុង​មួយឆ្នាំ​។ ប្រទេស​នេះ​ត្រូវការ​តែ​ជាង៤លាន​តោន​ប៉ុណ្ណោះ​ ដើម្បី​ចិញ្ចឹម​ពលរដ្ឋ​ ខណៈ​ជាង៥លាន​តោន​ត្រូវ​បាន​ប្រទេសជិតខាង​នាំគ្នា​ចូល​មក​ទិញ​ពី​កសិករ​ ហើយ​ការនាំចេញ​អង្ករ​ទៅ​អន្តរជាតិ​ដោយក្រុម​ហ៊ុន​ឯកជន​ក្នុង​ស្រុក​មាន​ចន្លោះ​តែ​ពី៥០ម៉ឺន​ ទៅ​ជាង៦០ម៉ឺន​តោន​ប៉ុណ្ណោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ