ក្រសួងមហាផ្ទៃ​ស្នើ​អភិបាល​រាជធានី​ភ្នំពេញ​ផ្អាក​ចំណាត់ការ​រដ្ឋបាល​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​

សកម្មភាពអាជ្ញាធរ បាន អនុវត្តវិធានការរដ្ឋបាល រុះរើ សំណង់របស់ពលរដ្ឋ ដែល អាជ្ញាធរ ចោទ ថា បាន សាងសង់រំលោភយកដីគេ ដែលមានកម្មសិទ្ធិនៅតំបន់ អភិវឌ្ឍន៍ឫស្សីកែវ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ (បណ្ដាញសង្គម)

ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ដល់​អភិបាល​រាជធានី​ភ្នំពេញ​ ឱ្យ​ផ្អាក​ចំណាត់ការ​រដ្ឋបាល​ជា​បណ្ដោះអាសន្ន​លើ​ដី​កំពុង​មាន​ទំនាស់​ នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​ ដើម្បី​ឱ្យ​មន្ត្រី​ចុះ​ស្រាវជ្រាវ​ បញ្ចៀស​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។

ការ​បញ្ជា​នេះ​ ក្រោយ​ក្រសួងមហាផ្ទៃ​បាន​ទទួលពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ចំនួន៨គ្រួសារ​ កាលពី​ថ្ងៃទី២៨​ ខែធ្នូ​ ដែល​បាន​ប្តឹង​អភិបាលខណ្ឌ​ឫស្សីកែវ​ លោក​ ជា​ ពិសី​ និង​បក្សពួក​ ថា​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​លោក​ ព្រំ​ បូ​ ជា​ពលរដ្ឋ​កំពុង​រស់នៅ​លើ​ដី​មាន​ទំនាស់​នោះ​។

ក្នុង​លិខិត​ចុះ​ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០១៩​ ផ្ញើ​ទៅកាន់​អភិបាល​រាជធានី​ភ្នំពេញ​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក​ ងី​ ច័ន្ទ្រផល​ បាន​ស្នើ​ដល់​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ឃួង​ ស្រេង​ ឱ្យ​ផ្អាក​ចំណាត់ការ​រដ្ឋ​បាល​ជាបណ្ដោះ​អាសន្ន​ និង​រក្សា​ភាព​ដើម​នៃ​ទីតាំង​ទំនាស់​ដី​ ដែល​ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​ ស្ថិតនៅ​ភូមិ​ស្ពាន​ខ្ពស់​ សង្កាត់​គីឡូម៉ែត្រ​លេខ៦​ សង្កាត់​ទួលសង្កែ​ទី២​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

បើ​តាម​លិខិត​របស់ក្រ​សួង​ ការ​ផ្អាក​សកម្មភាព​រដ្ឋ​បា​លប​ណ្ដោះ​អាសន្ន​នេះ​ គឺ​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​មន្ដ្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ បញ្ចៀស​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​ប្រយោជន៍​ច្បាប់​។

អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ឃួង​ ស្រេង​ សុំ​មិន​ធ្វើ​អធិប្បាយ​យ៉ាងណា​ចំពោះ​ចំណាត់ការ​បន្ត​នោះ​ទេ​ ដោយ​គ្រាន់​បញ្ជាក់​យ៉ាង​ខ្លី​ថា​ លោក​បាន​ទទួលលិខិត​ស្នើ​របស់ក្រ​សួង​មហាផ្ទៃ​ហើយ​ នឹង​បាន​អនុវត្ត​តាម​ការ​ស្នើ​របស់ក្រ​សួង​ផង​ដែរ​។

លោក​ ឃួង​ ស្រេង​ បាន​បញ្ជក់​ថា​៖ «ខ្ញុំ​សូម​អត់​ឆ្លើយ​ទេ​ ព្រោះអី​ខ្ញុំ​ផ្អាក​តាម​ការណែនាំ​ហើយ​!»

កាលពី​ថ្ងៃទី២៦​ ធ្នូ​កន្លងមក​នេះ​ អភិបាលរង​រាជធានី​ភ្នំពេញ​ លោក​ មាន​ ចាន់​យ៉ា​ដា​ បាន​ដឹកនាំ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​ ចុះ​ប្រើ​វិធានការរដ្ឋបាល​ រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ចំនួន៨គ្រួសារ ​រស់នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​ ដើម្បី​យក​ដី​ចែក​ឱ្យ​ពលរដ្ឋ​ចំនួន១៧៧គ្រួសារ​។

កាលពី​ថ្ងៃម្សិលមិញ​នេះ​ នៅ​ភូមិ​ទួល​ពពែ​ សង្កាត់​ទួលសង្កែ​ទី២​ ខណ្ឌឫស្សីកែវ​ បាន​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ពលរដ្ឋ​ម្នាក់​ទៅ​សាលា​ខណ្ឌឫស្សីកែវ​ ខណៈ​សមត្ថកិច្ច​ចុះ​ការពារ​សកម្មភាព​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី​កំពុង​មាន​ទំនាស់​ទាំង៨ឡូត៍​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ