ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ពី​ខេត្ត៥ផ្សេងគ្នា​ជួបជុំគ្នា​ដាក់​ញត្តិ​ ស្នើ​ទៅ​ក្រសួង​ដែនដី​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​

នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ តំណាង​ពលរដ្ឋ​ប្រមាណ៦០០នាក់​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ ស្វាយរៀង​ ត្បូងឃ្មុំ​ កណ្ដាល​ និង​ខេត្ត​ព្រះសីហនុ ​បាន​ប្រមូល​ផ្តុំគ្នា​មុខក្រសួង​រៀបចំ​ដែន​ដី ដើម្បី​ដាក់​ញត្តិ​ និង​តាមដាន​ញត្តិ​ទាមទារ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​។ (ឃុត សុគន្ធ)

ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ពី​ខេត្ត៥ផ្សេងគ្នា ជួបជុំគ្នា​ដាក់​ញត្តិ​ស្នើ​ទៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ ​ជាថ្មី​ទៀត ​ឱ្យ​ពន្លឿន​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពួកគេ​។ ក្រុម​ពលរដ្ឋ​ទាំងនោះ​អះអាង​ថា​ ជម្លោះដីធ្លី​របស់​ពួកគាត់​ បាន​អូស​បន្លាយ​ជិត២០ឆ្នាំ​មក​ហើយ​។

តំណាង​ពលរដ្ឋ​ប្រមាណ៦០០នាក់​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ ស្វាយរៀង​ ត្បូងឃ្មុំ​ កណ្ដាល​ និង​ខេត្ត​ព្រះសីហនុ ​បាន​ប្រមូល​ផ្តុំគ្នា​មុខក្រសួង​រៀបចំ​ដែន​នៅ​ថ្ងៃនេះ​ ដើម្បី​ដាក់​ញត្តិ​ និង​តាមដាន​ញត្តិ​ទាមទារ​ទៅ​ក្រសួង​រៀបចំ​ដែនដី​ ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​។

កញ្ញា​ ម៉ែ​ន ដា​វី​ ដែល​អះអាង​ថា​ ជា​តំណាង​ពលរដ្ឋ​មក​ពី​សហគមន៍​មួយ​ក្នុង​ស្រុក​រំដួល​ ខេត្តស្វាយរៀង ​ប្រាប់​វី​អូ​ឌី​ថា​ ប្រជា​សហគមន៍​របស់​គាត់​ចំនួន១៥២គ្រួសារ​ បាន​រង​ផល​ប៉ះពាល់​ដីធ្លី​ទំហំដី​សរុប​ជិត៣៥ហិ​កតា​ និង​ផ្ទះ៤៦ខ្នង​ ដោយ​គម្រោង​ស្ដារ​ប្រព័ន្ធ​ធារា​សា​ស្ដ្ររបស់​រដ្ឋាភិបាល​តាំងពី​ឆ្នាំ២០១៤​ ប៉ុន្តែ ​មិនទាន់​បាន​ទទួល​សំណង​អ្វី​សោះ​ឡើយ​។ តំណាង​ពលរដ្ឋ​រូប​នេះ​លើកឡើង​ថា​ ក្រោម​គម្រោង​ស្ដារ​ប្រព័ន្ធ​ធារា​សា​ស្ដ្រនេះ​ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ជីវភាព​ ដោយសារ​ពុំ​មាន​ដី​បង្ក​បង្កើន​ផល​។

អ្នកស្រី​បន្ថែម​ថា​៖ «ការ​មិន​ដោះស្រាយ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពួក​ខ្ញុំ​យ៉ាង​ខ្លាំង​។ ទី១ ពួក​ខ្ញុំ​ប្រឈម​ជាមួយ​ជីវភាព​ ដោយ​ដើរ​តវ៉ា​ ពួក​ខ្ញុំ​អត់មាន​រកស៊ី​។ ហើយ​ធ្វើកូន​ចៅ​របស់​ពួក​ខ្ញុំ អត់​ទៅ​សិក្សា​រៀនសូត្រ​ទៀត​។ ហើយ​ពួក​ខ្ញុំ​អត់មាន​ដីធ្លី​កសិកម្ម​ទៀត​»។

អ្នកស្រី​ ខៀវ​ សា​រ៉ុន​ ដែល​អះអាង​ថា​ ជា​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ មក​ពី​ស្រុក​រមាសហែក​ ខេត្តស្វាយរៀង ​ឱ្យ​ដឹង​ថា​ អ្នកភូមិ៤៤០គ្រួសារ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុ​មហ៊ុ​នឯកជន​មួយ​ឈ្មោះ​ ខេ​វេន​ឈ័រ​ (NKV​) តាំងពី​ឆ្នាំ២០១០​ ដោយ​ប៉ះពាល់​ដីធ្លី​ពលរដ្ឋ​សរុប៦៧០ហិ​កតា​។ តំណាង​ពលរដ្ឋ​រូប​នេះ​អះអាង​ថា​ អ្នកភូមិ​បាន​ឡើង​មក​តវ៉ា​នៅ​ក្រសួង​រៀបចំ​ដែន​ជាច្រើន​ដង​ហើយ ដោយ​ក្រសួង​បាន​ចារ​លិខិត​បញ្ជា​ទៅ​អាជ្ញាធរ​ខេត្ត​ជា​អ្នក​ដោះស្រាយ​ ប៉ុន្តែ​ អាជ្ញាធរ​ទាំងនោះ​មិនបាន​ដោះស្រាយ​បញ្ចប់​វិវាទ​ឡើយ​។

អ្នកស្រី​បន្ថែម​ថា​៖ «បើ​នៅ​អូស​បន្លាយ​មិនព្រម​ដោះស្រាយ​ ពួក​ខ្ញុំ​នៅតែ​នាំគ្នា​ឡើង​មក​តវ៉ា​ដល់​ភ្នំពេញ​រហូត»។

ចំណែក​លោក​ គួន​ សំអាត​ ដែល​អះអាង​ ជា​តំណាង​ពលរដ្ឋ១៤គ្រួសារ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុម​ហេង​អភិវឌ្ឍន៍​នៅក្នុង​ខេត្ត​កណ្ដាល​ បាន​និយាយ​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​ឃុបឃិត​គ្នា​ធ្វើ​លិខិត​លួច​លក់​ដី​របស់​ពួកគាត់​អស់​ជាង១៥ហិ​កតា​ ទៅ​ឱ្យ​អ្នកស្រី​ សៀង​ ចាន់​ហេង​ ម្ចាស់​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​តាំងពី​ឆ្នាំ១៩៩៧​។ តំណាង​ពលរដ្ឋ​រូប​នេះ​ អះអាង​ថា​ បច្ចុប្បន្ន ​ក្រុមហ៊ុន​កំពុង​ធ្វើស​កម្ម​ភាព​ឈូស​ឆាយ​លើ​ដីកំពុង​មាន​ជម្លោះ​នោះ។ លោក​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​ ដោយ​រង់ចាំ​ការ​ដោះស្រាយ​សិន​។

លោក​បន្ថែម​៖ «ពួក​ខ្ញុំ​មានតែ​ពឹង​ទៅលើ​ច្បាប់​ទេ​ ហើយ​ប្រសិនបើ​ក្រសួង​មិន​ជួយ​ដោះស្រាយ​ទេ​ ពួក​ខ្ញុំ​នឹង​បង្កើត​សកម្ម​ភាព​ផ្សេង​ៗឱ្យ​ក្តៅ​ជាង​ហ្នឹង​ ដើម្បី​ជំរុញ​ឱ្យ​ពួកគាត់​រក​ដំណោះស្រាយ​ជូន​ពួក​ខ្ញុំ​»។

លោក​ ហុំ​ ធឿន​ រៀបរាប់​ថា​ លោក​បាន​ជាប់ពន្ធ​នាគារ​រយៈពេល២ឆ្នាំ​ ដោយសារ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្នោះ​«ឋានសួគ៌​ចំកាត់​»ក្នុង​ខេត្ត​ព្រះសីហនុ​។ លោក​ បាន​និយាយ​ថា​ ដី​ទំហំ​ជាង២៦៨ហិកតា​របស់ពលរដ្ឋ៤៥គ្រួសារ​ ត្រូវ​ក្រុមហ៊ុន​រំលោភ​យក​តាំងពី​ឆ្នាំ២០១២​។ លោក​អះអាង​ថា​ អ្នកភូមិ​បាន​ចូលកាន់​កាប់ដី​កំពុង​មាន​ជម្លោះ​ស្ថិតនៅ​ឃុំ​សំរុង​ ស្រុក​ព្រៃ​នុ​បនោះ​ តាំងពី​ឆ្នាំ១៩៧៩​ ដោយ​បាន​បង្ក​បង្កើន​ផល​កសិកម្ម​ដូចជា ​ធ្វើស្រែ​ និង​ដាំ​ដំ​ណា​ផ្សេង​ៗច្រើន​ទៀត​ ប៉ុន្តែ ​ត្រូវ​ក្រុមហ៊ុន​ រួម​ជាមួយ​អាជ្ញាធរ​សហការ​គ្នា​ដាក់​គ្រឿង​ឈូស​ឆាយ​អស់​ និង​ចាប់​តំណាង​ពលរដ្ឋ៤នាក់​ដាក់​ពន្ធ​នាគារ​ថែមទៀត​។

លោក​បន្ថែម​ថា​៖ «ក្រសួង​បាន​ចេញ​លិខិត​អន្តរាគមន៍​ជាច្រើនលើក​ហើយ​ ប៉ុន្តែ​ អត់​ទាន់​មាន​ដំណោះស្រាយ​ ហើយ​យើង​នាំគ្នា​មក​ទាមទារ​ម្ដងទៀត ​ក្រែង​សម្ដេច​បានឃើញ​ គាត់​ជួយ​ដោះស្រាយ​ជូន​ពួក​ខ្ញុំ​។ និយាយ​រួមទៅ​ ពួក​ខ្ញុំ​ចង់បាន​តែ​ដីធ្លី​ និង​ផលដំណាំ​របស់​ពួក​ខ្ញុំ​ពីមុន​មកវិញ​ទេ​។ ខ្ញុំ​អត់​ចង់បាន​អី​លើស​ពី​ហ្នឹង​ទេ​»។

អ្នក​ខេត្ត​ព្រះសីហនុ​ម្នាក់ទៀត​គឺ​ អ្នកស្រី​ ឡុច​ ទូច​ ដែល​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ដង​ជិត២ឆ្នាំ​ ដោយសារ​មាន​ជម្លោះដីធ្លី​ជាមួយ​មន្ត្រី​មានអំណាច​ និង​ឧញ្ញា​ ​តាន់​ តា​ត់​ នៅ​ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​។ អ្នកស្រី​និយាយ​ថា​ វា​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​អ្នកស្រី​ និង​ពលរដ្ឋ​ក្នុង​សហគមន៍​ ដោយ​ថា​ ពួកគាត់​ត្រូវ​គេ​រំលោភ​យក​ដីធ្លី​ និង​ខ្លួន​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធ​នាគារ​ទៀត​។

ចំណែក​លោក​ សែម​ ចំណាន​ ដែល​អះអាង​ថា​ ជា​តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​មក​ពី​សហគមន៍​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ​ បានឱ្យ​ដឹង​ថា​ ដី​សហគមន៍​ជិត១ពាន់​ហិ​កតា​របស់​ប្រជាពលរដ្ឋ២៨០គ្រួសារ​ ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ Harmony​ Investment​ រំលោភ​យក​តាំងពី​ឆ្នាំ២០១២​។

តំណាង​ពលរដ្ឋ​រូប​នេះ ​អះអាង​ថា​ ក្រោយជម្លោះដីធ្លី​ជាមួយ​ក្រុម​ចិន​មួយ​នេះ​ គឺ​អ្នកភូមិ​បាន​ទទួលរង​ការ​គំរាមកំហែង​ និង​តំណាង​ពលរដ្ឋ​ម្នាក់​ត្រូវ​ចាប់​ដាក់​ពន្ធ​នាគារ​មកដល់​សព្វថ្ងៃ​។

លោក​បន្ថែម​ថា​៖ «ពី​មុន​គេ​គំរាម​ថា​ អ្នក​ដែល​តវ៉ា​ដី​ ជា​បក្ស​ប្រឆាំង​ទី១​។ ទី២ គេ​គំរាម​ថា​ ពួក​អ្នក​តវ៉ា​ដី​នឹង​ជាប់​គុក​ជាប់​ច្រ​វ៉ា​ក់​។ និយាយទៅ​ រាល់ថ្ងៃ​ គេ​គំរាម​ចាប់​រហូត​។ គេ​គំរាម​ថា​ ចាប់​តំណាង​នេះ​តំណាង​នោះ​ពីរបី​នាក់​ដើម្បី​ឈប់​ឱ្យ​ពលរដ្ឋ​តវ៉ា​»។

លោក​ សឹង​ សុខុម​ ដែល​អះអាង​ថា​ ជា​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ​ ឱ្យ​ដឹង​ថា​ ពលរដ្ឋ១២៥៧គ្រួសារ​នៅ​ឃុំ​ចំនួន៣ ស្ថិត​ក្នុង​ស្រុក​ចំនួន២ បាន​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ភ្នំ​ពេញ​ស៊ូ​ហ្គើរ​ កំពង់​ស្ពឺ​ស៊ូ​ហ្គើរ​ និង​ក្រុម​ហ៊ុន​ស៊ូ​ហ្គើរ​ផ្លេន​ថេរ​សិន​ របស់​លោក​ លី​ យ៉ុង​ ផាត់​ តាំងពី​ឆ្នាំ២០១០​ ដោយ​មិន​ទាន់ដោះស្រាយ​ចប់​នៅឡើយ​ទេ​។

តំណាង​ពលរដ្ឋ​រូបនេះ​ និយាយ​ថា​ ក្រោម​គម្រោង​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​វិ​និ​យោគ​ដាំ​អំពៅ​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​ពលរដ្ឋ​។

លោក​បន្ថែម​ថា​៖ «ពួក​ខ្ញុំ​មិន​ចង់​មក​ទីនេះ​ទេ ​[ក្រសួង​រៀប​ដែនដី​] ដោយសារ​ជីវភាព​ ដោយសារ​អស់​ដី​ សុំ​សម្ដេច​យល់​ឱ្យ​ច្បាស់​ថា ​កសិករ​រស់​បាន​ដោយសារ​ដី​ បើ​គ្មាន​ដី​ដូច​គ្មាន​ជីវិត​អ៊ីចឹង​។ អ៊ីចឹង ​សូម​សម្ដេច​ជួយ​ធ្វើ​យ៉ាងណា ​ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​ដល់​ពួក​ខ្ញុំ​ ព្រោះ​ឥលូវ​ពលរដ្ឋ៩០ភាគរយ​ហើយដែល​ជំពាក់បំណុល​គេ​»។

ខណៈ​ក្រុម​ពលរដ្ឋ​កំពុង​ប្រមូល​ផ្តុំ​មុខក្រសួង​ អនុប្រធាន​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ អ៊ុល​ សុខ​យស​ បាន​ចេញមុខ​ជួប​ប្រជាពលរដ្ឋ​ និង​បាន​អនុញ្ញា​តតំណាង​ពលរដ្ឋ​មក​ពី​សហគមន៍​នី​មួយ​ៗចូល​ជួប​មន្ត្រី​ក្នុង​ទីស្ដីការ​ក្រសួង​។ បើ​តាម​តំណាង​អ្នកភូមិ​ដែល​ទៅ​ជួប​ផ្ទាល់បានឱ្យ​ដឹង​ថា​ មន្ត្រី​ក្រសួង​បាន​ទទួលយក​ញត្តិ​ពី​ពួកគេ​ម្ដងទៀត​ ប៉ុន្តែ ​មិនបាន​សន្យា​អ្វី​ជាមួយ​ពួកគេ​នោះ​ទេ​។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ភាគី​ពាក់ព័ន្ធ​ដែល​រង​ការចោទប្រកាន់​ពី​ក្រុម​ពលរដ្ឋ​បាន​ឡើយ​។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក​ ថេង​ សាវឿ​ន មាន​មានប្រសាសន៍​ថា​ ការ​ពន្យារ​ពេល​មិន​ដោះស្រាយ​បញ្ចប់​វិវាទ​ជូន​ពលរដ្ឋ ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្លាក់ខ្លួន​ក្រីក្រ​ ហើយ​ពួកគេ​នឹង​ឡើង​មក​តវ៉ា​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ​ទៀត​។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​រូប​នេះ​មើលឃើញ​ថា​ កន្លងមក ​អាជ្ញាធរ​មូលដ្ឋាន​ហាក់​មិន​យកចិត្ត​ទុកដាក់ដោះស្រាយ​ជូន​ពលរដ្ឋ​នោះ​ទេ​ បើ​ទោះបីជា​មាន​បញ្ជាក់​ពី​ក្រសួង​ឱ្យ​​ដោះស្រាយ​ក៏ដោយ​។ លោក​ថា​ បើ​ក្រសួង​មិនមាន​វិធានការ​ទេ​ នឹង​មិន​អាច​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​តាម​ការ​សន្យា​នោះ​ឡើយ​។

លោក​បន្ថែម​ថា​៖ «ខ្ញុំ​ស្នើទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ ​ប្រតិបត្តិ​ការ​យ៉ាងណា ​ពន្លឿន​និង​ដំណើរ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​ពី​គ្រប់​ខេត្ត​ដែល​មាន​ជម្លោះដីធ្លី​ហ្នឹង​ឱ្យ​បាន​ឆាប់​។ បើ​កាល​ណា​ពន្យា​រពេល​ពី១ឆ្នាំ ទៅ១ឆ្នាំ ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្លាក់ខ្លួន​ក្រី​ក្រ​ៗទៅ​ នឹង​ឡើង​មក​តវ៉ា​ទៀត​ ព្រោះ​ពួកគាត់​ត្រូវការ​ដីធ្លី​ស្រែចម្ការ​ ធ្វើមុខ​របរ​ចិញ្ចឹមជីវិត​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ