លោក​ ស៊ុន​ ចាន់​ថុល​ ប្តេជ្ញា​ពង្រឹងគុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឱ្យ​កាន់តែ​ប្រសើរ​ក្នុង​ឆ្នាំ២០២០​

លោក ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថានៅក្នុង​ពិពណ៌«​សម្ភារផ្គត់ផ្គង់ ​និង​ផលិតផលឧស្សាហកម្មខេត្តហ៊ូណាន ប្រទេសចិន» នៅ​រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (បញ្ញា ឆពណ្ណ)

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី​ ឆ្នាំ​សកល២០២០​ បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ថា ​នឹង​ពង្រឹងគុណភាព​ឱ្យ​បាន​ប្រសើរ​ឡើង​បន្ថែម​ទៀត​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​។

ការ​ប្តេជ្ញា​នេះ​ ធ្វើឡើង​ក្រោយ​សេវា​សាធារណៈ​លើ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​ រង​ការរិះគន់​ជាបន្តបន្ទាប់​ពីសំណាក់​ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​មួយចំនួន​ ដូចជា ​ថា​ធ្វើ​ផ្លូវ​គ្មាន​គុណភាព​ ឬផ្លូវ​ធ្វើ​ជាប់​ជាងគេ​ ដោយធ្វើ​មុខខូច​ក្រោយ​ ធ្វើ​ក្រោយ​ខូច​មុខ​។ បន្ថែម​ពីនេះ​ មានផ្លូវ​ជាតិ​ ផ្លូវ​ខេត្ត​ និង​ផ្លូវលំ​ជាច្រើន​ ពិបាកធ្វើ​ដំណើរ​ ដោយសារ​មានផ្លូវ​សំបុក​មាន់​ច្រើន​ ហុយ​ខ្លាំង​ក្នុង​រដូវប្រាំង​ និង​ភក់ជ្រាំ​ក្នុង​រដូវវស្សា ​ជាដើម​។

ទំព័រ​ហ្វេ​សប៊ុ​ករបស់ក្រ​សួង​សាធារណការ ​និង​ដឹកជញ្ជូន​ កាលពី​រសៀល​ថ្ងៃម្សិលមិញ​ បាន​បង្ហោះ​សារ​ជូន​ពរពលរដ្ឋ​នា​ឱកាស​ចូលឆ្នាំ​ថ្មី ​ឆ្នាំ​សកល២០២០​។ លោក​ ស៊ុន​ ចាន់​ថុល​ លើកឡើង​ក្នុង​សារ​នោះ​ថា​ លោក​នឹង​បន្ត​ជំរុញ​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ សំដៅ​ពង្រឹងគុណភាព​ និង​ស្ដ​ង់​ដារ​ក្នុង​ការ​ជួសជុល​ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​។ ប្រភព​ដដែល​អះអាង​ថា​ ការ​ប្តេជ្ញា​នេះ​ គឺ​ដើម្បី​ធានា​ការ​ផ្តល់​សេវា​សា​ធា​ណៈ​ លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ និង​កាត់បន្ថយ​ការ​ចំណាយ​ក្រៅផ្លូវការ​ ជាដើម​។

ហ្វេ​សប៊ុ​ករបស់ក្រ​សួង​សាធារណការ ​និង​ដឹកជញ្ជូន​ សរសេរ​ថា​៖ «ព្រមទាំង​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ ដែល​មាន​លក្ខណៈ​សាមញ្ញ​ ចំណេញពេលវេលា​ និង​គ្មាន​ចំណាយ​ក្រៅផ្លូវការ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អភិវឌ្ឍ​សង្គម​ជាក់​ស្ដែ​ង ព្រមទាំង​លើ​កម្ពស់ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​»។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ ​និង​សន្តិភាព​ លោក​ យង់​ គីម​អេង​ មានប្រសាសន៍​ថា​កន្លងមក ​មន្ត្រី​រដ្ឋាភិបាល​តែង​ប្តេជ្ញា​ចិត្ត​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ជា​ច្រើន​សារ​ ដើម្បី​ឱ្យ​ពលរដ្ឋ​សប្បាយចិត្ត​មួយ​គ្រា​លៗ​ ប៉ុន្តែ​ លទ្ធផល​នៅតែ​បរាជ័យ​។

លោក​មានប្រសាសន៍​ថា​៖ «ការ​ប្តេជ្ញា​ចិត្ត​ហ្នឹង​ដូច​ៗតែ​គ្នា​ទេ​ នៅក្នុង​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ ក្នុង​ការ​ធ្វើ​ផ្លូវថ្នល់​ ដូច​ក្រសួងសាធារណការ​អីហ្នឹង​ ក្នុង​ការ​លុបបំបាត់​អំពើពុករលួយ​អី​ជាដើម​។ ប៉ុន្តែ​ ជាទូទៅ ​ផ្លូវ​ដែល​ធ្វើ​ហើយ​ហ្នឹង​ ធ្វើ​ហើយក៏​ខូចខាត​ទៅ​ ហើយ​គុណភាព​នៃ​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​នៅតែ​ជា​បញ្ហា​នៅឡើយ​»។

លោក​ យង់​ គីម​អេង​ យល់ថា ​ដើម្បី​ឱ្យ​ការ​ប្តេជ្ញា​ចិត្ត​របស់​មន្ត្រី​រដ្ឋាភិបាល​ទទួល​បាន​ជោគជ័យ​ រដ្ឋ​គប្បី​មាន​ផែនការ​ច្បាស់លាស់​ និង​មាន​យន្តការ​តាមដាន​ការងារ​កំណែទម្រង់​នោះ​ជាប្រចាំ​។ ការ​លុបបំបាត់​អំពើពុករលួយ​ បក្ខពួក​និយម​ក្នុង​ជួរ​មន្ត្រី​រាជការ​តាម​ស្ថាប័នរដ្ឋ​ ដែល​នាំការ​អនុវត្ត​ច្បាប់​មានការ​រាំងស្ទះ​។

សង្គម​ស៊ីវិល​ដដែល​ លើកឡើង​ថា​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​គ្មាន​គុណភាព​ និង​មិនបាន​ឆ្លើយតបទៅនឹង​តម្រូវការ​ពលរដ្ឋ​ជាក់​ស្ដែ​ង វា​ធ្វើ​ឱ្យ​ខាត​បង់ថវិកា​ជាតិ​ ហើយ​ពលរដ្ឋ​ជា​អ្នករងគ្រោះ​ ម្យ៉ាង​ក៏​ធ្វើ​ឱ្យ​ខូច​មុខមាត់​កម្ពុជា​លើឆាកអន្តរជាតិ​ផង​ដែរ​។

យ៉ាងណា ​លោក​ យង់​ គីម​អេង​ ថា​ការ​ប្តេជ្ញា​ចិត្ត​កំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​ពង្រឹងគុណភាព​កសាង​ និង​ជួសជុល​ផ្លូវ​នេះ​ ពលរដ្ឋ​នឹង​តាមដាន​បន្ត​ទៀត​ ហើយ​ប្រសិនបើ​ការ​ប្តេជ្ញា​ចិត្ត​នេះ​បរាជ័យ​ កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ទុកចិត្ត​មក​លើ​រដ្ឋាភិបាល​។

ក្នុង​ពិធីសម្ពោធ​ស្ពាន​ចំនួន៥​ នៅ​ខេត្តបាត់ដំបង​ កាលពី​ខែសីហា ​ឆ្នាំ២០១៩​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​លើកឡើង​ថា​ គិត​ត្រឹម​ចុងឆ្នាំ២០១៨​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​ និង​ផ្លូវ​ខេត្ត​ សរុប​ប្រវែង​ជាង​ ១ម៉ឺន​ ៦ពាន់​គីឡូម៉ែត្រ​ ត្រូវ​បាន​ស្ដារ ​និង​ស្ថាបនា​ឱ្យ​ប្រសើរ​ជាង​មុន​៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ