ហ៊ុន សែន៖ អភិបាល​ខេត្ត​កែប​នឹង​មិន​ត្រូវ​បាន​ដក​តំណែង​ទេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន​​ សែន​ ថ្លែងក្នុងសន្និ​សីទសារ​ព័ត៌មាន ក្រោយការជួយជន​រងគ្រោះក្នុង​ហេតុការណ៍​បាក់រលំ​អគារនៅខេត្តកែប​ត្រូវបាន​បញ្ចប់។ (រូបភាព៖ ជន ចាន់រ៉ែន)

លោក​​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អះ​អាង​ថា លោក​នឹង​មិន​ដក​ហូត​តំណែង​ថ្នាក់​ដឹកនាំ​ខេត្ត​កែប​នោះ​ឡើយ ក្រោយ​ពី​សំណង់​អគារ​កម្ពស់ ៧​ជាន់ បាន​បាក់​រលំ​នៅ​ក្នុង​ខេត្ត​នេះ។

លោក​នាយករដ្ឋ​មន្ត្រី​បាន​អះ​អាង​បែប​នេះ​អំឡុង​ពេល​លោក​ថ្លែង​ក្រោយ​បញ្ចប់​ប្រតិបត្តិការ​រុក​រក និង​ជួយ​សង្គ្រោះ​មនុស្ស ដែល​កប់​ជាប់​នៅ​ក្នុង​សំណង់​អគារ​បាក់​រលំ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​កន្លង​មក​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ប៉ុន្តែ ខ្ញុំ​អាច​បញ្ជាក់​​ដើម្បី​ជៀស​វាងនូវ​​ការ​សង្ស័យ​ណា​មួយ អភិបាល​ខេត្ត​កែប និង​មន្ត្រី​ មិន​ត្រូវ​បាន​ដក​ចេញ​​ពី​តំណែង​ទេ»

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​ព្រមាន​ដក​តំណែង​មន្ត្រី​មួយ​ចំនួន​ដែល​លោក​ថា បាន​រិះគន់ និង​ជំរុញ​ឱ្យ​លោក​ដក​តំណែង​អភិបាល​ខេត្ត​កែប។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា​៖ « ខ្ញុំ​នឹង​អាច​ពិនិត្យ​ទៅ​លើ​មន្ត្រី​របស់​ខ្ញុំ​មួយ​ចំនួនដែល​កំពុង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល បង្ហោះ​ហ្វេសប៊ុក​ចេញ ព្រោះ​តាំង​ពី​រឿង​នេសាទ​ស្អី ប្រមូល​ផ្ដុំ​មក​​ទៅ​លើ​អគារ សំដៅ​រុញ​ច្រាន​ឱ្យ​ខ្ញុំ​​ដក​តំណែង​អភិបាល​ខេត្ត​កែប​តែ​ម្ដង»

សំណង់​អគារ​កម្ពស់ ៧​ជាន់​ស្ថិត​នៅ​ក្រុង​កែប បាន​បាក់​រលំ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​កន្លង​មក​នេះ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣៦​នាក់ ហើយ​មនុស្ស​ ២៣​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ