វិភាគ៖ ស្តង់ដារសន្ដិភាព​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (ហួត វុទ្ធី)

កាល​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩​ លោក​ ហ៊ុន​ សែន​ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​បលើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ខ្លួន​ដែល​បង្ហាញ​ពី​សកម្មភាព​កូនចៅ​របស់​លោក ​ចូល​ទៅ​ជូន​ពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល២០២០​។ លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ បាន​បញ្ចប់​សំណេរ​របស់​លោក​ដែល​បង្ហោះ​លើប​ណ្ដា​ញសង្គម​ហ្វេ​សប៊ុ​កដោយ​ពាក្យ​ថា​ «អរគុណ​សន្តិភាព​»

បន្ទាប់ពី​ការ​បង្ហោះ​របស់​លោក​ ហ៊ុន​ សែន​ មន្ត្រី​ជាន់ខ្ពស់​ និង​អ្នកគាំទ្រ​បក្ស​កាន់អំណាច​ជាច្រើន​ទៀត​បាន​បង្ហោះ​សារ​នេះ​លើប​ណ្ដា​ញសង្គម​ហ្វេ​សប៊ុ​ករបស់​ខ្លួន​។ លើស​ពីនេះ ​ពាក្យ​«អរគុណ​សន្តិភាព​​»នេះ ក៏​ត្រូវ​បាន​ចងភ្ជាប់​នឹង​របង​សាលារៀន​ មន្ទីរពេទ្យ​ និង​អគារ​សាធារណៈ​របស់​រដ្ឋ​ជាច្រើន​ទៀតផង​ដែរ​។

សារ «អរគុណសន្តិភាព អរគុណសម្ដេចតេជោសែន»
សារ «អរគុណសន្តិភាព អរគុណសម្ដេចតេជោសែន» ដែលត្រូវបានបង្ហាញនៅជាប់របងអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)

អ្នក​នាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក សុខ ឥសាន មាន​ប្រសាសន៍​ថា សារ​ដែល​ថ្នាក់​ដឹក​នាំកំពុង​ចែក​រំលែក​នេះ​គឺ​ចង់​បង្ហាញ​ពី​តម្លៃ​នៃ​សន្តិភាព និង​ជា​ការ​ជំរុញ​ដល់​ពលរដ្ឋ​ឱ្យ​ចូល​រួម​ថែរក្សា​សន្តិភាព​នា​ឆ្នាំ​ថ្មីនេះផង​ដែរ។

លោក​ សុខ​ ឥសាន​​៖ «បើសិនជា​អត់​សន្តិភាព​ទេ​ ជីវិត​របស់​យើង​ក៏​ពិបាក​ថែរក្សា​ដែរ​។ តែ​អត់​សន្តិភាព​បានន័យ​ថា​ វា​មាន​សង្គ្រាម​ហើយ​ បើ​មាន​សង្គ្រាម​ បាន​សេច​ក្ដី​ថា​ វា​មានការ​លំបាក​ដល់​ការ​រក្សា​អាយុ​ជីវិត​របស់​យើង​។ បើ​អត់​អាយុជីវិត​របស់​យើង​ សិទ្ធ​សេរីភាព​ ជំនឿ​សាសនា​ និង​ឱកាស​កសាង​អភិវឌ្ឍន៍​ប្រទេស​ក៏​អត់មាន​ដែរ ​»

បន្ទាប់​ពី​រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ហើយទាញកម្ពុជាឱ្យចូលក្នុងសង្គ្រាមស៊ីវិល និងសង្គ្រាមជាមួយប្រទេសជិតខាងមក កម្ពុជា​ទើប​តែ​ទទួល​បាន​សន្តិភាព​ពេញ​លេញ​នៅ​ឆ្នាំ​១៩៩៨​ ពេល​ដែលអង្គ​ចាត់តាំង​ខ្មែរក្រហម​រលាយ​បាត់រូប ដែល​បើក​ផ្លូវ​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​វិនិយោគ​ពី​បរទេស ធ្វើ​ឱ្យ​ប្រទេស​រីក​ចម្រើន​មក​ដល់​​បច្ចុប្បន្ន។ បើ​ទោះ​បីទទួល​បាន​សន្ដិភាព​ដល់​ពេល​បច្ចុប្បន្ន​ពិត​មែន​ តែកម្ពុជា​នៅ​តែ​ប្រឈម​​​នឹងការ​ប្រទាញ​ប្រទង់​នៃ​​ពាក្យ​សង្គ្រាម និង​សន្តិភាព​ម្ដង​ម្ដាល​ផង​ដែរ។

តើ​អ្វី​ជា​សន្តិភាព?

អ្នក​ប្រវត្តិសាស្ត្រ​សង្គ្រាមជនជាតិ​អង់គ្លេស លោក Michael Howard បាន​សរសេរ​នៅ​ក្នុង​សៀវភៅ Problems of a Disarmed World បាន​លើក​ឡើង​ថា ការ​គ្មាន​វត្ដមាន​នៃ​សង្គ្រាម​តែ​មួយ​មិន​មែន​មាន​ន័យ​ថា​មាន​​សន្តិភាពនោះ​ទេ តែ​វាត្រូវ​មាន​​សណ្ដាប់ធ្នាប់ និង​យុត្តិធម៌​សង្គម។

អ្នក​ស្រាវជ្រាវពី​ការ​អភិវឌ្ឍសង្គម​ លោក​បណ្ឌិត​​ ប៉ា ចន្ទរឿន​ បាន​ឱ្យ​និយម​ន័យ«​សន្តិភាព»​ថា សន្តិភាព​សម្រាប់​ប្រទេស​មួយ​ គឺ​មិនមែន​សំដៅលើ​ស្ថានភាព​គ្មាន​សង្គ្រាម​ឡើយ​ តែ​វា​ជា​សង្គម​មួយ​ដែល​មាន​ការ​បង្រួបបង្រួម​ជាតិ​ សាមគ្គីភាព​ យុត្តិធម៌​ សមធម៌​ ជា​ធាតុផ្សំ​សំខាន់​។

បណ្ឌិត ប៉ា ចន្ទរឿន៖ «ការ​ឱ្យ​និយម​ន័យ​សន្តិភាព​ថា​ជា​ស្ថានភាព​ដែល​គ្មាន​សង្គ្រាម​ គ្មាន​ចម្បាំង​រាំង​ជល់ ​ហ្នឹង​គឺ​គ្រាន់​តែ​ជា​និយម​ន័យ​ចង្អៀត​នៃ​ពាក្យ​ថា​សន្ដិភាព​ទេ!»

ប្រវត្តិសាស្ត្រសង្គ្រាមនៅកម្ពុជា

ក្រោយបានឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៥៣ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ បានដឹកនាំឱ្យកម្ពុជារីកចម្រើនគួរ​ឱ្យ​កត់​សម្គាល់ ទោះជាយ៉ាងណា បញ្ហាសង្គ្រាមនៅប្រទេសវៀតណាមដែលបានរាលដាលនៅជិតព្រំដែនកម្ពុជា បានរីករាលចូលប្រទេសបណ្ដើរៗ បូក​រួម​ជា​មួយ​បញ្ហា​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​ដុនដាប​ទៀត​។ ក្នុងសភាពបែបនេះ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ស្តេចសីហនុចេញពីតំណែង និងប្រកាសកម្ពុជាក្លាយជាសាធារណរដ្ឋ ក្រោមហេតុផលការពារការជ្រៀតជ្រែកពីវៀតណាមមកលើកម្ពុជា និង​ស្ដារ​ប្រទេស​សារជា​ថ្មី ទោះជាយ៉ាងណា ការធ្វើរដ្ឋប្រហារនេះហាក់ទាញទម្លាក់កម្ពុជាឱ្យកាន់តែធ្លាក់កាន់តែជ្រៅចូលក្នុងសង្គ្រាម នៅពេលដែលសម្តេចនរោត្តម សីហនុ ហៅពលរដ្ឋឱ្យចូលព្រៃដើម្បីយកអំណាចឱ្យព្រះអង្គវិញ។

សាស្ត្រាចារ្យប្រវត្ដិសាស្ត្រ លោក វង្ស សុធារ៉ា មានប្រសាសន៍ថា ការបាត់បង់សន្ដិភាពរបស់កម្ពុជាកាលពីអតីតកាល បណ្ដាលមកពីកត្តាឥទ្ធិពលនយោបាយមហាអំណាច បូករួមជាមួយការបែកបាក់ផ្ទៃក្នុងប្រទេស។

លោកថា៖ «បើយើងពិនិត្យមើលចំណុចខ្សោយរបស់របប លន់ នល់ យើងអាចឃើញថាមានចំណុចខ្សោយ៣ ទៅ៤ចំណុចធំៗ គឺយើងឃើញថា មន្ត្រីរាជការហាក់បីមានការរារែកទប់រដ្ឋាភិបាល លន់ នល់ កុំឱ្យដួល។ ផ្ទុយទៅវិញ គេបានប្រព្រឹត្តិអំពើពុករលួយ និងជួយជំរុញសេដ្ឋកិច្ច ហើយនិងវិធានការអីផ្សេងៗនៅក្នុងរបប លន់ នល់ ហ្នឹងកាន់តែបរាជ័យទៅៗ។ ដោយសារតែពួកគេមាននិន្នាការអត់ច្បាស់លាស់ថា តើពួកគេត្រូវការពារ លន់ នល់ រក្សារបបសាធារណរដ្ឋខ្មែរ ឬមួយក៏ជួយព្រះអង្គម្ចាស់របស់ពួកគេគឺសម្តេចនរោត្តម សីហនុ។ ផ្ទុយទៅវិញ ពួកគេគឺនាំគ្នាទល់ភ្នែកមើល និងជួយឱ្យ លន់ នល់កាន់តែធ្លាក់ទៅ »

ការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ​ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បាន​នាំប្រវត្តិសាស្ត្រខ្មៅងងឹតមក​កម្ពុជាកាន់តែខ្លាំង ស្ថិតក្រោមការដឹកនាំរបស់ខ្មែរក្រហម ដែល​ធ្វើ​ឱ្យ​សន្តិភាព និង​សន្ដិសុខ​ប្រទេស​កាន់​តែ​បាត់​បង់​មើល​លែង​ឃើញ។

សន្ដិភាព​ដែល​លោក ហ៊ុន សែន ផ្ដល់​ឱ្យ​នាពេល​បច្ចុប្បន្ន

ក្រោយ​ការ​ដួល​រលំ​នៃ​របប​ ប៉ុល ពត កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ហ៊ុន សែន បាន​វិវត្ត​ខ្លួន​ជា​បន្តបន្ទាប់​ពី​របប​​កុម្មុយនីស្ត​ទៅ​រក​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ លោក​ ហ៊ុន សែន ជា​និច្ច​ជា​កាល​តែងតែ​ប្រកាស​ពី​សន្ដិភាព​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ដែល​បាន​ថែ​​រក្សានូវ​ភាព​រីក​ចម្រើន និង​ភាព​សម្បូរសប្បាយ​នៅ​ប្រទេស​កម្ពុជា​។

ជាក់​ស្ដែង​ក្នុង​ខួប​៧ មករា លើក​ទី​៤១ លោក​បាន​ថ្លែង​ថា៖ « មាន​សន្តិភាព​ ទើប​ធានា​ការ​អភិវឌ្ឍ​ដោយ​ចីរភាព ធានា​នូវ​ជីវភាព​រស់​នៅ​ដ៏សុខសាន្ត សម្បូរ​សប្បាយ​របស់​ប្រជាជន មាន​សន្តិភាព​ ទើប​ធានា​ដល់​ការ​ស្ថិតស្ថេរ និង​រីកចម្រើន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​ និង​ជោគជ័យ​នៃ​ដំណើរ​ការ​អភិវឌ្ឍ និង​ភាព​រឹង​មាំ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​ជះ​ឥទ្ធិពល​ត្រលប់​មក​វិញ​នូវ​ការ​ធានា​នៃ​ចីរភាព​នៃ​សន្តិភាព។ បើ​យើង​បាត់បង់​សន្តិភាព​ នោះ​យើង​នឹង​ត្រូវ​បាត់បង់​អ្វីៗ​ទាំង​អស់​ »

សម្រាប់​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ លោក គឹម សុខ ទទួល​ស្គាល់​ថា ​កម្ពុជា​ពិតជា​មាន​ការ​អភិវឌ្ឍ​​ តែ​លោក​ថា​ កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពេញ​លេញ​នោះ​ទេ។

លោក ​គឹម សុខ៖ «គ្រាន់​តែ​ជា​ភាព​ស្ងប់ស្ងាត់​នៃ​ស្ថាន​ការនយោបាយ ឬ​គ្រាន់​តែ​ជា​ភាព​ស្ងប់ស្ងាត់​ដែល​មិន​មាន​ការ​ផ្ទុះ​អាវុធ​កាំភ្លើង​ជា​របៀប​ប្រយុទ្ធ​គ្នា​ជា​សង្គ្រាម​តែ​ប៉ុណ្ណឹង! ក៏​ប៉ុន្តែ សន្តិភាព​ពិតប្រាកដ ​វា​អត់​មាន​ទេ។ ព្រោះ​ដូច​ដែល​ខ្ញុំ​បញ្ជាក់​អញ្ចឹង​! អត់​មាន​គោរព​រដ្ឋធម្មនុញ្ញ អត់​មាន​ការ​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ប្រវត្តិសាស្ត្រ​ត្រូវ​បាន​គេ​បំភ្លៃ ហើយ​មាន​ការ​ឈ្លាន​ពាន​ពី​អ្នក​ជិត​ខាង ក៏​គ្មាន​ស្មារតី​រួម​ដើម្បីការពារ​ជាតិ​ផង​។ ដូច្នេះ​អត់​មាន​សន្ដិភាព​ទេ! »

ក្រោយ​ចាប់​ខ្លួន​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​រំលាយ​បក្សសង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧ បាន​ធ្វើឱ្យ​ស្ថានភាព​នយោបាយ​នៅកម្ពុជា មាន​ការ​រង្គោះរង្គើជាខ្លាំង ដែល​ស្ថាន​ភាព​បែប​នោះ​ហើយ​ត្រូវ​បាន​អ្នក​តាម​ដានចាត់ទុក​ថា ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព​ជាតិ​នោះ ហើយ​ភាព​រង្គោះរង្គើសន្តិភាព​ជាតិ​ គឺ​កើត​ឡើង​ឱ្យ​ឃើញ​នៅ​ពេល​ដែល​លោក សម រង្ស៊ី ត្រៀម​ចូល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា កន្លង​ទៅ។ នៅ​ពេល​នោះ​ មាន​ចលនា​គាំទ្រ​លោក​ សម រង្ស៊ី ចាប់​ផ្ដើម​ងើប​ឡើង ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​មាន​វិធាន​ការ​ជា​បន្តបន្ទាប់​លើ​អ្នក​គាំទ្រ​អតីត​បក្សប្រឆាំង​ទាំង​នោះ​ផង​ដែរ ដោយ​ប្រើ​ពាក្យ​ថា ​ដើម្បី​ការពារ​សន្ដិភាព ទប់​ស្កាត់​ចលនាឧទ្ទាម។

លោក ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (កណ្ដាល) និងលោក កឹម សុខា (ស្ដាំ)

​នាយករង​​ប្រចាំ​តំបន់​អាស៊ីនៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ លោក Phil Robertson បាន​លើក​ឡើង​ថា​ សន្តិភាព​ដែល​លោក​ ហ៊ុន សែន ផ្ដល់​ជូន​ឱ្យ​កម្ពុជា​នេះ ​ជា​សន្តិភាព​ដែល​បាន​មក​តាម​ការ​បំបិត​សំឡេង​ប្រឆាំង និង​ជា​សន្ដិភាព​សម្រាប់​តែ​ក្រុម​លោក​ប៉ុណ្ណោះ ដែល​ជា​ការ​បំផ្លាញ​សន្ដិភាព​ទៅវិញ​ទេ។

លោក ​Phil Robertson៖ « ពាក្យ​សន្តិភាព​របស់​លោក ហ៊ុន សែន គឺ​ជា​ការ​បំបិត​សំឡេង​ដទៃ​ ខណៈ​ដែល​គាត់​សម្រេច​ចិត្ត​លើ​កិច្ច​ការ​ប្រទេស​តែ​ឯង។ ដោយ​បំផ្លាញ​សិទ្ធិ​របស់​ប្រជាជនក្នុង​ការ​ចូល​រួម​អនុវត្តប្រជាធិបតេយ្យ​ គាត់បាន​បង្កើត​ឱ្យ​មាន​ការ​បែង​ចែក​ និង​ភាព​អស់សង្ឃឹម​ក្នុង​សង្គម​​ដែល​ទាំង​អស់​នេះ​គឺ​ជាការ​បំផ្លាញ​សន្ដិភាព​ទៅ​វិញ​ទេ»

សម្រាប់លោកបណ្ឌិត ប៉ា ចន្ទរឿន យល់ថា៖ «សន្តិភាពពេលបច្ចុប្បន្ននេះ មិនមែនជាសន្តិភាពសម្រាប់ទាំងអស់គ្នាទេ យើងឃើញថា មនុស្សមួយចំនួនធំដែលជាអតីតអ្នកគាំទ្រ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ គឺកំពុងរស់នៅក្នុងស្ថានភាពលំបាកលំបិនហ្នឹង។ អ្នកខ្លះរស់ក្នុងស្ថានភាពអយុត្តិធម៌ នេះបើតាមការបកស្រាយរបស់អ្នកនាំពាក្យផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាដើម»។

ជា​រួម​ អ្នក​តាម​ដាន​យល់​ថា​ សន្ដិភាព​ដែល​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ផ្ដល់​ឱ្យ​នាពេល​បច្ចុប្បន្ន​នេះ​ជា​សន្តិភាព​ដែល​កើត​ចេញ​ពី​ការ​បំបិទ​សំឡេង​ប្រឆាំង និង​ជា​សន្តិភាព​ដែល​មាន​តែ​រូបភាព​ខាង​ក្រៅ​ប៉ុណ្ណោះ ខណៈ​សន្តិភាព​ផ្លូវ​ចិត្ត​ និង​សន្ដិភាព​តាម​បែប​ប្រជាធិបតេយ្យ​គឺ​គ្មាននោះ​ទេ។

សម្រាប់​លោក គឹម សុខ វិញ ​ព្រមាន​ថា ប្រសិន​ជា​​​គ្មាន​សន្តិភាពពេញ​លេញ​របៀប​នេះ​នៅ​តែ​បន្ត​ទៀត​នោះ វា​នឹង​ធ្វើ​ឱ្យប្រជាជន​កម្ពុជា​កាន់តែ​បាត់​សិទ្ធិ​អំណាច​របស់​ខ្លួន លើស​ពី​នេះ​ទៀត​ ទឹកដី​ដែល​ពួកគេ​កំពុង​រស់​នៅ​ក៏​ប្រឈម​នឹង​ការ​បាត់បង់​ផង​ដែរ។

លោក​ គឹម សុខ៖ «ប្រសិន​ជា​មាន​ការ​បែក​បាក់​របៀប​នេះ ហើយ​អ្នក​គ្រប់គ្រង​កំពុង​តែ​គ្រប់គ្រងតាម​របៀប​បំភ្លៃ​ប្រវត្តិសាស្ត្រ មិន​គោរព​រដ្ឋធម្មនុញ្ញ គិត​តែ​ប្រយោជន៍​ខ្លួន​ឯង​បែប​ហ្នឹង រយៈពេល​មិន​យូរ​ទេ​ កម្ពុជា​នឹង​អាច​ក្លាយ​ទៅ​ជា​ទឹក​ដីដែល​គេ​គ្រប់គ្រង​បែប​ប្រយោល​មួយ​ជា​របៀប​នៃ​អាណា​ខេត្ត​របស់​យួន ឬ​ផ្នែក​ខ្លះ​ជា​របស់​ចិន ដែល​ជា​ការ​ចាប់​ផ្ដើម​របស់​គេ​រហូត​ដល់​គេ​អាច​តភ្ជាប់​ទឹក​ដី​ទាំង​មូល​ ដែល​នេះ​ជា​ការ​បារម្ភ​ធំ​បំផុតរបស់​ខ្ញុំ» ។ ​

តើ​ត្រូវ​​រក្សា​សន្តិភាព​ដោយ​របៀប​ណា?

ប្រធានាធិបតី​ទី​៤៤ របស់​សហរដ្ឋ​អាមេរិក​ លោក ប៉ារ៉ាក់ អូបាម៉ា មាន​ប្រសាសន៍​ថា សន្តិភាពមិន​មែន​គ្រាន់​តែ​អវត្តមាន​នៃ​ជម្លោះ​ដែល​អាច​មើល​ឃើញផ្ទាល់​ភ្នែកទេ។ ​សន្តិភាព​ដែល​យូរ​អង្វែង គឺ​ជា​សន្ដិភាព​​ដែល​​​ផ្អែក​លើ​សិទ្ធិ​ជា​មូលដ្ឋាន និង​សេចក្តី​ថ្លៃ​ថ្នូ​របស់​បុគ្គល​ម្នាក់​ៗ។

ក្នុង​គេហទំព័រ​ដាស់តឿន​អន្តរជាតិ International Alert បាន​លើក​ឡើង​ថា​ ដើម្បី​ឱ្យ​សន្ដិភាព​ស្ថិត​ស្ថេរ នៅ​ក្នុង​សង្គម​មួយ​ត្រូវមាន​រដ្ឋាភិបាល​ដែល​មាន​តម្លាភាព​ជា​មួយ​ប្រជាជន ប្រជាជន​គ្រប់​រូប​ទទួល​បាន​ឱកាស​ធ្វើ​ការ និង​រស់​នៅដោយ​គ្មាន​ប្រកាន់​ភេទ ពណ៌​សំបុរ ជាតិសាសន៍ សង្គម​មាន​យុត្ដិធម៌​ និង​​​មាន​សុវត្ថិភាព ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ ឬ​ការគំរាមពី​នរណា​ម្នាក់​ ពលរដ្ឋ​ទទួល​បាន​ភាព​ស្នើ​គ្នា​ក្នុង​ការ​ទទួល​បាន​សេវា​សង្គម​រួមមាន​អាហារ ទឹកស្អាត លំនៅ​ដ្នាន ការ​សិក្សា​ សុខាភិបាល និង​បរិស្ថាន​រស់​នៅ​ល្អ។

សម្រាប់​នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ លោក Phil Robertson លើក​ឡើង​ថា ​សន្តិភាព​ដែលបាន​មក​ពី​ការ​ធ្វើទុក្ខបុកម្នេញ​មតិ​ប្រឆាំង​គឺ​ជាសន្តិភាព​ដែល​មិន​យូរ​អង្វែរ ដោយ​លោក​ជម្រុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​កែទម្រង់​ច្បាប់​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​តទៅ​ទៀត។

លោក​សរសេរ​ថា​៖ «មធ្យោបាយ​ដែល​ល្អបំផុត​ដើម្បី​ធានា​នូវ​សន្តិភាពពិតប្រាកដនៅកម្ពុជាគឺបង្ខំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន និងគណបក្សប្រជាជនកម្ពុជា បញ្ឈប់ការរំលោភសិទ្ធិមនុស្ស បញ្ចប់និទណ្ឌភាព និងធ្វើកំណែទម្រង់ច្បាប់ដែលបដិសេធរដ្ឋាភិបាលប្រជាធិបតេយ្យពិតប្រាកដ » ។

សម្រាប់​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង ​កញ្ញា​ លី ស្រីស្រស់​ បាន​លើក​ឡើង​ថា​ ដើម្បី​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ ដើម្បី​ធានា​ស្ថិរភាព​យូរ​អង្វែង​របស់​ជាតិ រដ្ឋាភិបាល​កម្ពុជា​គួរ​ងាក​មក​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ដូច​កាល​ពី​មុន​ឆ្នាំ​២០១៧ ដោយ​ថា ​​ការ​គោរព​លិទ្ធិ​ប្រជាធិបតេយ្យ​ជាការ​លើក​តម្កើងសិទ្ធិ​ជា​មូលដ្ឋានរបស់​មនុស្ស និង​ការ​រក​ដំណោះស្រាយ​ដល់​ជាតិ​មួយ​ដែល​សំខាន់​ផង​ដែរ។

កញ្ញា ​លី ស្រីស្រស់៖ «ក្នុង​គោល​ការណ៍​ប្រជាធិបតេយ្យ​គឺមាន​ចំណុច​សំខាន់ៗ​ច្រើន​ណាស់​ តែ​ខ្ញុំ​លើក​មក​តែ​ពីរ​ទេ គឺ​ការ​គោរពសិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​។ កាល​ណា​យើង​មាន​នីតិ​រដ្ឋ​ មាន​ន័យ​ថា ​វា​អត់​មាន​អយុត្តិធម៌​ក្នុង​សង្គម​ទេ អញ្ចឹង​ វា​អាចផ្ដល់​ឱ្យ​មនុស្ស​នៅ​ក្នុង​សង្គម​ហ្នឹង​ទទួល​បាន​យុត្តិធម៌​ស្មើៗ​គ្នា។ ចំណុច​ទី២ ការ​គោរព​សិទ្ធិ​មនុស្ស​ មានន័យ​ថា​ យើង​ធ្វើ​អី​ក៏​ដោយ​ត្រូវ​គោរព​សិទ្ធិ​គ្នា បើ​ទោះ​បី​ឈ្លោះ​ទាស់​ទែង​យើង​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ឬ​ដោះស្រាយ​តាម​វិធី​អហិង្សាជា​មូលដ្ឋាន​នៅ​ក្នុង​គោលការណ៍​ប្រជាធិបតេយ្យ​ហ្នឹង។ អញ្ចឹង ​ខ្ញុំ​គិត​ថា ​កម្ពុជា​មិន​ចាំ​បាច់​បញ្ចូល​គោល​ការណ៍​អី​ថ្មី​មក​ទេ ឱ្យ​តែ​អនុវត្ត​បាន​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ទៅ អាហ្នឹង​យើង​អាច​ទទួល​បាន​សន្តិភាពពេញ​លេញ​ហើយ »

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ