តុលាការ​មណ្ឌលគិរី​ថា​សមត្ថកិច្ច​មិនទាន់​ចាប់​ឧកញ៉ា៣នាក់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​បាន​នៅឡើយ​ទេ​

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។ (ជន ចាន់រ៉ែន)

មន្ត្រី​តុលាការខេត្ត​មណ្ឌលគិរី​ អះអាង​ថា​ រយៈពេល​ជិត​ ៤ខែ​មកនេះ​ មិនទាន់​បាន​ដំណឹង​ពី​ការ​តាម​ចាប់ខ្លួន​ឧកញ៉ា៣នាក់​ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ មក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​បាន​នៅឡើយ​ទេ​។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ លោក​ មាស​ ប្រុស​ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា​ តុលាការ​បាន​បញ្ជូន​ដីកា​ឱ្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ តាំងពី​ដើមខែ​តុលា​ ឆ្នាំ២០១៩​ ដើម្បី​តាម​ចាប់ខ្លួន​ឧកញ៉ា​ទាំង​ ៣នាក់​ ប៉ុន្តែ​ រហូតមកដល់​ពេលនេះ​ លោក​ថា​ មិនទាន់​ទទួល​បាន​ដំណឹង​ពី​សមត្ថកិច្ច​នៅឡើយ​។

លោក​ថា​៖ « អត់​បាន​ដំណឹង​ទេ​ ព្រោះ​ដីកា​ចាប់ខ្លួន​ចេញ​ហើយ​ ចេញ​រក​អត់​ឃើញ​។ គ្រាន់តែ​ព្រះរាជអាជ្ញា​គាត់​សួរ ​[សមត្ថកិច្ច​ថា​] រក​អត់​ឃើញ​ អាសយ​ដ្ឋាន​មាននៅ​ក្នុង​ដីកា​ទេ​ ផ្ទះនៅ​ត្រង់ណា​ទៅ​រក​ហើយ​ មានន័យថា ​គេចខ្លួន​»។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី​រូប​នេះ​ ក៏បាន​បញ្ជាក់​ថា​ ឧកញ៉ា​ទាំង​បី​រូប​នោះ​បាន​រត់គេច​ខ្លួន​ ចេញពី​ប្រទេស​កម្ពុជា​អស់ហើយ​។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ លោក​ អេង​ ហ៊ី​ អះអាង​ថា​ សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ចការ​នេះ​។

នៅពេល​អ្នកសារព័ត៌មាន​សួរ​ថា​ តើមាន​ភាព​ស្មុគស្មាញ​អ្វី​ដែល​សមត្ថកិច្ច​រក​មិនឃើញ​កន្លែង​លាក់ខ្លួន​ និង​ចាប់​ឧកញ៉ា​ទាំង​ ៣នាក់​នោះ​បាន​? លោក​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ ដោយ​ថា​ ជាប់រវល់​ប្រជុំ​។

លោក​ថា​៖ «កាលណា​មាន​ដីកា​គេ​អនុវត្ត​ ហើយ​អនុវត្ត​មិនទាន់​បានទេ​ គេ​នឹង​បន្ត​»។

ក្នុង​ដីកាកោះហៅ​ ៣ដាច់ដោយឡែក​ពីគ្នា​ ដែល​ចេញ​នៅ​ថ្ងៃទី២៩​ ខែកក្កដា​ដូចគ្នា​នោះ​ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តមណ្ឌលគិរី​ លោក​ ហៀង​ សុ​ភក្ត្រ​ បាន​កោះហៅ​ឧកញ៉ា​ វន់​ ប៊ុ​នថៃ​ ឧកញ៉ា​ ស៊្រុន​ ម៉េ​ងលាង​ ម្ចាស់​ក្រុមហ៊ុន​ ម៉េ​ងលាង​ និង​ឧកញ៉ា​ តុប​ វីរ​ដា​ ម្ចាស់​ក្រុមហ៊ុន​ វិជ្ជ​រី​ ឱ្យ​ចូល​ទៅ​តុលាការ​ឱ្យ​បាន​មុន​ថ្ងៃទី៣០​ ឬ៣១​ ខែសីហា​ ឆ្នាំ២០១៩​ ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​។ ប៉ុន្តែ​ ឧកញ៉ា​ទាំង​ ៣នាក់​នោះ​ មិនបាន​ចូល​បំភ្លឺ​ទៅតាម​ដីកាកោះហៅ​ឡើយ​ ហើយ​ព្រះរាជអាជ្ញា​ថា​ ពួកគេ​បាន​រត់គេច​ខ្លួន​អស់ហើយ​។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ ប៉ែន​ ប៊ុណ្ណារ៍​ ហៅ​ភាពយឺត​យ៉ាវ​នៃ​ចំណាត់ការ​នាំ​ខ្លួន​ជនល្មើស​មាន​ងារ​ជា​ឧកញ៉ា​ មក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​នេះ​ថា​ បាន​ធ្វើ​ឱ្យ​សាធារណជន​ដាក់​ការសង្ស័យ​ទៅលើ​អំពើពុករលួយ​។

លោក​ថា​៖ «មកដល់ពេលនេះ​ ប្រជាពលរដ្ឋ​វាយតម្លៃ​ថា​ សមត្ថកិច្ច​មិន​មាន​ឆន្ទៈ​ក្នុង​ការ​តាម​ចាប់​ជនសង្ស័យ​ ជនល្មើស​ទាំងអស់​ហ្នឹង​ទេ​។ បើ​យើង​និយាយទៅ​ក៏​មានការ​សហការ​រវាង​សមត្ថកិច្ច​នៅ​ទូទាំង​ប្រទេស​ ហើយ​នៅពេល​ប្រទេស​នៅ​ជិតខាង​យើង​ ក៏​ធ្លាប់​ចាប់​បញ្ជូន​ជនល្មើស​អី​មក​ ក៏ប៉ុន្តែ ​ក្នុងករណី​នេះ​ ស្ងាត់ឈឹង​។ អ៊ីចឹង​ យើង​អត់​ដែល​លឺ​ថា​ មានការ​សុំ​សហការ​ក្នុង​ការ​តាម​ចាប់ខ្លួន​ជនល្មើស​ទាំងអស់​ហ្នឹង​ នៅពេល​ដែល​គេចខ្លួន​ទៅក្រៅ​ប្រទេស ​អត់មាន​»។

លោក​ ប៉ែន​ ប៊ុ​ណ្ណា​រ៍​ បន្ត​ថា​ ប្រសិនបើ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ មិន​អាច​ទប់ស្កាត់​ និង​ចាប់ខ្លួន​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន​ លោក​ថា​ ប្រជាពលរដ្ឋ​នឹង​បាត់បង់​ជំនឿ​លើ​ប្រមុខ​រដ្ឋាភិបាល​ដែល​ជា​អ្នកបង្កើត ​និង​បញ្ជា​គណៈកម្មាធិការ​នេះ​។

កាលពី​ខែមករា​ ឆ្នាំ២០១៦​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ​ដែល​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​អម​ដោយ​កងទ័ព​ឆ័ត្រយោង៩១១ និង​អភិបាលខេត្ត​មួយចំនួន​ ដោយ​អះអាង​ថា ​ដើម្បី​បង្រ្កាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​។

ក្រៅពី​បង្កើត​គណៈកម្មាធិការ​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​បង្រ្កាប​ការ​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម​ ដោយ​លោក​ ហ៊ុន​ សែន​ បាន​លើក​ចំ​ឈ្មោះ​ឧកញ៉ា​ពីរ​រូប​គឺ​លោក​ លឹម​ ប៊ុ​នណា​ ហៅ​ខ្នា និ​ងឧកញ៉ា​ ស៊ឹង​ សំ​អុល​។

ចាប់តាំងពី​ការបង្កើត​រហូតដល់​បច្ចុប្បន្ន​នេះ​ គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ធនធាន​ធម្មជាតិ​ បាន​ចុះ​បង្ក្រាប​ដោយ​ចាប់បាន​ឧកញ៉ា​ ២នាក់​ ក្នុង​នោះ​មាន​ ឧកញ៉ា​ គង់​ ក្រឹ​ង និង​ឧកញ៉ា​ ស៊ឹង​ សំ​អុល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ