លោក ស ខេង ថាដំណោះស្រាយបញ្ហាដីធ្លី​ជារឿងអាទិភាព​ក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្តរតនគិរី

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ (រូបពិហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថាដំណោះស្រាយបញ្ហាដីធ្លីដោយរៀបចំ​ប្លង់ដី​ឲ្យបាន​ត្រឹម​ត្រូវ​ជាការងារអាទិភាពមួយក្នុងចំណោមការងារផ្សេងទៀតដែល​រូមចំណែកក្នុងផែនការអភិវឌ្ឍន៍រយៈពេលមធ្យម និងរយៈពេលវែងសម្រាប់ខេត្តរតនគិរី។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងនៅក្នុងកម្មវិធីប្រកាសតែងតាំងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននាខេត្តរតគិរីកាលពីម្សិលមិញនេះថា ដើម្បីធានាដល់ការអភិវឌ្ឍន៍របស់ខេត្ត នៅក្នុងវិធានការណ៍រយៈពេលវែង និងមធ្យម ខេត្តរតនគិរីត្រូវដោះស្រាយបញ្ហាចំនួនបី។ តាម​លោក ស ខេង បញ្ហាទាំងបីនោះរួមមាន ទី១ការសិក្សារៀបចំប្លង់ដី ទី២ការរៀបចំផែនការសកម្មភាពគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច និងទី៣ការបណ្តុះបណ្តាលកសាងសមត្ថភាពធនធានមនុស្ស។

លោក ស ខេង បានថ្លែងបញ្ជាក់អំពីប្រយោជន៍នៃការរៀបចំប្លង់ដីថា៖ «ដើម្បីកំណត់តំបន់អាចអភិវឌ្ឍន៍បាន និងតំបន់ដែលត្រូវអភិរក្ស ត្រូវរក្សាការពារធនធានធម្មជាតិឱ្យបានគង់វង្ស។ ចំពោះទីប្រជុំជនដែលមិនទាន់មានប្លង់នគរូបនីយកម្មត្រូវធ្វើការសិក្សារៀបចំសំដៅធានាដល់ការអភិវឌ្ឍន៍ទីក្រុង ទីប្រជុំជន ប្រកបដោយនិរន្តភាព និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ»

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាដីធ្លី និងបញ្ហាពីរទៀតប្រកបដោយប្រសិទ្ធភាពក្រុមការងារថ្នាក់ជាតិចាំបាច់ត្រូវគោរពតួនាទីរបស់ខ្លួនឱ្យបាន។ លោកបានរម្លឹកថា ក្រុមការងារថ្នាក់ជាតិដែលមានសមាសភាពពីគ្រប់ក្រសួងពាក់ព័ន្ធអាចមានសិទ្ធត្រឹមពិនិត្យ និងគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលទេ តែគ្មានសិទ្ធសម្រេចលើកិច្ចការផ្សេងៗជំនួសស្ថាប័នសាមីឡើយ។

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានថ្លែងគាំទ្រនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពីការកំណត់ដោះស្រាយបញ្ហាដីធ្លី ជាកិច្ចការចម្បងដើម្បីអភិវឌ្ឍន៍ខេត្ត ដោយលោកថាអាជ្ញាធរខេត្តបានត្រៀមគម្រោង និងផែនទីធ្វើការនេះអស់ហើយ។ លោក បន្តថាបញ្ហាទំនាស់ដីធ្លីក្នុងពេលកន្លងមក ក៏មានគណៈកម្មការដោះស្រាយវិវាទបានជាបន្តបន្ទាប់ ស្ទើរតែចប់ទាំងអស់ទៅហើយ។

លោក ថង សាវុន បន្ថែមថា៖ «វានឹងមិនអាចបញ្ចប់បានទេប្រសិនបើមានអ្នកនៅតែបន្ត[ប្រជាពលរដ្ឋចំណាកស្រុកដែលលួចទន្ទ្រានរានដីព្រៃខុសច្បាប់] អ្នកនៅតែបង្កអាហ្នឹងវាអត់អាចចប់ទេ។ ទាល់តែអ្នកដែលចង់បង្កហ្នឹង កុំឱ្យបង្កអាហ្នឹងបានអាចចប់បាន»

មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូខេត្តរតនគិរី លោក ចេវ សុភា បានថ្លែងសាទរនឹងការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំណត់យកបញ្ហាដីធ្លីជាវិស័យអាទិភាព ព្រោះវាអាចជួយជម្រុញដំណោះស្រាយបញ្ហាកន្លងមក ដែលនៅជាប់គាំងឈានទៅរក​ការបញ្ចប់ជម្លោះ។ លោកថា កន្លងមកបញ្ហាដីធ្លីក្នុងខេត្តរតនគិរីច្រើនជាទំនាស់កើតពីគម្រោងដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋផ្តល់ឱ្យក្រុមហ៊ុននានា ព្រោះរដ្ឋផ្តល់ដីវិនិយោគដោយផ្អែកលើផែនទី មិនបានបញ្ជូនមន្ត្រីជំនាញមកប្រមូលព័ត៌មាននៅថ្នាក់មូលដ្ឋានមុនធ្វើការសម្រេចចិត្ត។

លោក ចេវ សុភា បានរៀបរាប់ថា៖ «រឿងមួយចំនួនវានៅតែជាបញ្ហាប្រឈមដដែលដោយសារមួយរយៈនេះ យើងឃើញថាវាស្ងាត់ប៉ុន្តែវាអត់ទាន់មានដំណោះស្រាយណាមួយសម្រាប់ពួកគាត់[ពលរដ្ឋមានទំនាស់ដីធ្លី]នៅឡើយទេ។ រឿងមួយចំនួនដែលគេអត់ឱ្យមានចំណាត់ការ គឺពួកគាត់អត់ហ៊ានធ្វើចំណាត់ការទេ។ រឿងដែលមានរឿងគឺពួកគាត់អត់ហ៊ានធ្វើអីទៀតទេ រឿងដីសម្បទានអីហ្នឹង»

មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូខេត្តរតនគិរីបានបញ្ជាក់បន្ថែមថា គិតត្រឹមឆ្នាំ២០២០នេះ ស្ថាប័នលោកបានទទួលពាក្យបណ្តឹងទាក់ទងនឹងបញ្ហាវិវាទដីធ្លីក្នុងខេត្តរតនគិរីប្រមាណ៣០។ លោក បន្តថាប្រមាណ៨០ភាគរយនៃបណ្តឹងទាំងនោះគឺជាវិវាទរវាងពលរដ្ឋជនជាតិដើមភាគតិចជាមួយនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល ហើយប្រមាណ២០ភាគរយទៀតជាវិវាទបញ្ហាដីដែលពលរដ្ឋរងការរំលោភបំពានពីសំណាក់អ្នកមានប្រាក់​ និងអ្នកមានអំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ