អ្នកជាប់ឃុំជាមួយគ្នា ករណីជម្លោះដីធ្លីនៅក្នុងខេត្តបន្ទាយមានជ័យ អះអាងថា ពួកគេបានឃើញ និងឮផ្ទាល់ ករណីសមត្ថកិច្ចខេត្តនេះវាយធ្វើទារុណកម្មបន្តបន្ទាប់លើតំណាងរបស់ពួកគេឈ្មោះ ទុយ ស្រស់ រហូតដល់ស្លាប់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០។
នេះបើតាមការអះអាងរបស់សកម្មជនដីធ្លីម្នាក់ដែលសមត្ថកិច្ចខេត្តបន្ទាយជ័យចាប់ឃុំខ្លួនជាមួយលោក ទុយ ស្រស់ ក្នុងចំណោមសកម្មជនដីធ្លី៥នាក់។
ប្រភពដែលថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព បានថ្លែងកាលពីថ្ងៃទី៩ ខែមករា ថា លោក ទុយ ស្រស់ មិនមែនស្លាប់ដោយសារជំងឺទេ។ ប៉ុន្តែលោកថា មរណភាពរបស់អតីតសកម្មជនដីធ្លីរូបនេះ ព្រោះតែត្រូវទទួលការវាយដំធ្ងន់ធ្ងរពេក។ ប្រភពដដែលបញ្ជាក់ថា ក្នុងអំឡុងពេលឃុំខ្លួន៣ថ្ងៃ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោក ទុយ ស្រស់ ត្រូវបានគេដាក់វេនគ្នា ទាត់ធាក់គ្មានលោះពេលឡើយ ដើម្បីយកចម្លើយ។
លោកបន្ថែមថា៖ «ទីមួយ វ៉ៃ(វាយ)នៅកន្លែងប៉េអ៊ឹមមុនចាប់។ ចាប់រួចហើយ វ៉ៃតែម្ដង។ ចាប់ហើយដាក់ខ្នោះ ដាក់ខ្នោះរួចហើយបានយកមកដាក់ឡាន ដាក់ឡានរួចហើយយកវ៉ៃនៅបន្ទាយប៉េអ៊ឹមទៀត។ នៅពន្ធនាគារប៉េអ៊ឹមវ៉ៃទៀត។ វ៉ៃតាំងពីម៉ោង ៩យប់ រហូតដល់ភ្លឺ។ ក្នុងរយៈពេលពីរបីថ្ងៃ វ៉ៃរហូត ចន្លោះតែមួយថ្ងៃទេគឺថ្ងៃទី៣០។ វ៉ៃស្មើៗគ្នាទេ តែវ៉ៃខ្លាំងជាងគេគឺ ទុយ ស្រស់។ វ៉ៃទល់ភ្លឺតែម្ដង គឺដាក់វេនគ្នាវ៉ៃ។ ឧទាហរណ៍ ដល់វេនខ្ញុំដេក មានអ្នកផ្សេងទៀតមក៉ៃទៅ រហូតដល់សន្លប់»។
ទាក់ទិនរឿងនេះ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋប្រមាណ២០០នាក់ មកពីឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខសាលាខេត្តបន្ទាយមានជ័យ។ មូលហេតុដែលនាំឲ្យមានការផ្ទុះការតវ៉ានេះកើតមានឡើង ក្រោយពីអ្នកភូមិអះអាងថា កាលពីថ្ងៃទី២៦ ខែធ្នូ អភិបាលខេត្តលោក អ៊ុំ រាត្រី បានបញ្ជាកម្លាំងចម្រុះ រុះរើ និងដុតលំនៅឋានរបស់អ្នកភូមិដែលស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អ្នកស្រី ប៊ុយ គីមឡាក់ ដែលត្រូវជាប្រពន្ធរបស់លោក ទុយ ស្រស់ រស់នៅភូមិជ្រៃ បញ្ជាក់ថា ចំណាត់ការរបស់អាជ្ញាធរប្រឆាំងពលរដ្ឋប្រមាណ ២០០គ្រួសារនេះដោយចោទថា ជាអ្នកដែលចូលទៅកាន់កាប់ដីសាធារណៈរបស់រដ្ឋ។
មនុស្សទាំង៥នាក់ដែលត្រូវបានចាប់ខ្លួនកាលពីចុងឆ្នាំ២០១៩ នៅខាងមុខសាលាខេត្តបន្ទាយមានជ័យ ត្រូវតុលាការខេត្តនេះចោទថា បានប្រើប្រាស់អំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ ពួកគេត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ និងឃុំខ្លួនអស់រយៈពេល៣ថ្ងៃ នៅទីបញ្ជាការប៉េអ៊ឹម មុននឹងបញ្ជូនទៅឃុំនៅពន្ធនាគារនៅថ្ងៃទី៣១ ខែធ្នូ។
ដោយឡែក អ្នកស្រី ប៊ុយ គីមឡាក់ បានប្រាប់វីអូឌី តាមទូរសព្ទកាលពីថ្ងៃទី៨ ខែមករា ថា ប្ដីរបស់អ្នកស្រីគឺលោក ទុយ ស្រស់ ជាមនុស្សមានស្មារតីធម្មតា ហើយមានកាយសម្បទារឹងមាំ និងរហ័សរហួន។ អ្នកស្រីបន្ថែមទៀតថា ប្រភពចំណូលនៅក្នុងគ្រួសារគឺប្ដីរបស់អ្នកស្រីជាអ្នកទទួលបន្ទុកទាំងស្រុង។ ក្រៅពីមានមុខរបរដើរទិញមាន់ និងដឹកធ្យូងតាមផ្ទះរបស់អ្នកភូមិ ដើម្បីយកទៅលក់បន្តជារៀងរាល់ថ្ងៃហើយ គីមឡាក់ អះអាងថា លោក ទុយ ស្រស់ ក៏ជាកងកម្លាំងប្រជាការពារក្នុងភូមិដែរ។
អ្នកស្រីបន្ថែមថា៖ «គាត់ជាមនុស្សមាំទាំ និងវាងវៃល្អណាស់។គាត់អត់បានកើតអីទេ។គាត់ដើររកស៊ីរាល់ថ្ងៃ ដើរទិញមាន់រាល់ថ្ងៃ អត់ដែលមានកើតអីផង។ហើយគាត់ដើរល្បាត និងដើរយាមរាល់ថ្ងៃ ព្រោះជាជាកងសន្តិសុខភូមិ » ។
បើតាមអ្នកស្រី គីមឡាក់ មុនមួយថ្ងៃ ពេលប្ដីរបស់អ្នកស្រីស្លាប់ គឺអ្នកស្រីបានទៅសួរសុខទុក្ខដល់ពន្ធនាគារខេត្ត។ ប្រភពបន្ថែមថា នៅពេលនោះហើយ ដែលអ្នកស្រីបញ្ជាក់ថា ស្ថានភាពសុខភាពរបស់លោក ទុយ ស្រស់ គឺមានសភាពទ្រុឌទ្រោម និងខុសធម្មតាទៅហើយ។
អ្នកស្រីបន្ថែមថា៖ «នៅក្នុងពន្ធនាគារ ខ្ញុំទៅមើលឃើញ ប្ដីខ្ញុំគេយកចេញមក ដៃជើងល្វន់ល្វៃអស់ហើយ។ គាត់អត់ដឹងខ្លួនអីតិចផង។ ពេលគេយកគាត់មកជួបខ្ញុំ ភ្នែករបស់គាត់គឺត្រឡប់សក្បុសអស់បាត់ហើយ។ ហើយដៃជើងវិញទន់បាត់អស់ហើយ។ នៅពេលហ្នឹងគាត់លែងដឹងខ្លួនទេ » ។
នៅពេលនេះ មនុស្ស៤នាក់ រួមមានលោក យិប ម៉ក់ អាយុ ៦២ឆ្នាំ លោក នូវ នឿន អាយុ ៦២ឆ្នាំ លោក ហ៊ីម គីរី អាយុ ៤៥ឆ្នាំ និងលោក អាន រួន អាយុ ៥៩ឆ្នាំ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពេលលោក ទុយ ស្រស់ ស្លាប់។ បើតាម គីមឡាក់ ប្តីរបស់អ្នកស្រីស្លាប់នៅលើឡានពេលកំពុងធ្វើដំណើរតាមផ្លូវ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ បច្ចុប្បន្ន ប្ដីរបស់អ្នកស្រីបូជាទៅតាមប្រពៃណី និងធ្វើបុណ្យ៧ថ្ងៃរួចហើយ នៅស្រុកកំណើត។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ថាការស្លាប់នេះគឺមិនមែនជាការធ្វើទារុណកម្មយកចម្លើយ របស់ក្រុមទីបញ្ជាការនៃកងរាជអាវុធហត្ថខេត្តទេ។ នៅក្នុងសេចក្ដីប្រកាស ដោយយោងការធ្វើកោសលវិច័យរបស់ស្នងការនគរបាលខេត្ត រកឃើញថា ការស្លាប់គឺបណ្ដាលមកពីជនសង្ស័យជាមនុស្សមានសុខភាពមិនល្អ ញៀនស្រាដាច់មិនបាន និងជាមនុស្សមានសភាពមិនប្រក្រតី។
សាលាខេត្តបន្ទាយមានជ័យ បញ្ជាក់បន្ថែមថា ការធ្វើកោសលវិច័យនេះ គឺវាដូចគ្នាទៅនឹងចម្លើយសារភាពរបស់ជនជាប់សង្ស័យ៤នាក់ផ្សេងទៀត ដែលកម្លាំងនគរបាលចាប់ខ្លួនជាមួយគ្នា។ បើតាមសេចក្ដីប្រកាសនេះ ចម្លើយសារភាពរបស់តំណាងទាំង៤នាក់នោះ គឺលោក ទុយ ស្រស់ ពិតជាមនុស្សបែបនេះមែន។
ផ្ទុយពីលទ្ធផលនៃការធ្វើកោសលវិច័យនេះ អ្នកជាប់ឃុំជាមួយលោក ទុយ ស្រស់ បានផ្ដល់បទសម្ភាសន៍ឲ្យវីអូឌី ដឹងថា ពួកគាត់បានលឺ និងឃើញផ្ទាល់នឹងភ្នែក គឺក្រុមកម្លាំងកងរាជអាវុធហត្ថខេត្ត បានទាត់ធាក់ និងវាយធ្វើបាបក្នុងទម្រង់ធ្ងន់ធ្ងរ ដើម្បីយកចម្លើយគ្រប់ពេល។ លោក ទុយ ស្រស់ ត្រូវបានកម្លាំងប៉េអ៊ឹម ធ្វើទារុណកម្មក្នុងទម្រង់ធ្ងន់ធ្ងរ ដើម្បីបានចម្លើយ បើធៀបនឹងតំណាង៤នាក់ផ្សេង។នៅក្នុងរបាយការណ៍របស់សាលាខេត្តបន្ទាយមានជ័យ ចោទថា លោក ទុយ ស្រស់ ត្រូវរងការចោទប្រកាន់ថា ជាមេខ្លោងដឹកនាំពលរដ្ឋតវ៉ា។
ទាក់ទងបញ្ហានេះ ភរិយាលោក ទុយ ស្រស់ គឺអ្នកស្រី ប៊ុយ គីមឡាក់ យល់ឃើញថា មូលហេតុនៃការស្លាប់ស្វាមីរបស់អ្នកស្រីនេះ ប្រហែលក្នុងដំណាក់កាលនៃការឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ឬពន្ធនាគារផងក៏មិនដឹង។ បើតាម គីមឡាក់ មរណភាពនេះគឺផ្ដើមចេញពីទម្រង់នៃការធ្វើទារុណកម្ម ព្រោះមានស្នាមជាំពេញខ្លួន ក្រោយពេលស្លាប់។
បដិសេធនឹងការចោទប្រកាន់នេះ ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន អះអាងថា ការស្លាប់របស់លោក ស្រស់ គឺមិនជាប់ទាក់ទងនឹងពន្ធនាគារឡើយ។ ម្យ៉ាងវិញទៀត ខាងពន្ធនាគារមិនមែនជាកន្លែងចាប់បង្ខំជនសង្ស័យ ដើម្បីយកចម្លើយនោះដែរ។ បើតាមលោក ស៊ីផាន ពន្ធនាគារគ្រាន់តែជាកន្លែងសម្រាប់ឃុំខ្លួន ដើម្បីរង់ចាំនីតិវិធីរបស់តុលាការ និងស្តារនីតិសម្បទាអ្នកដែលត្រូវឃុំខ្លួនប៉ុណ្ណោះ។
លោកបន្ថែមថា៖ «អត់មានទេបង យើងអត់មានប៉ះពាល់។ យើងជម្រាបតាមត្រង់មានអ្នកទោសទាំងចេញ និងចូលរាប់ពាន់នាក់មកហើយតាំងពីមុនមកដល់ឥឡូវនេះ គឺអត់ដែលមានប្រវត្តិបែបនេះទេ។ យើងអត់ដែលមានប៉ះពាល់អ្នកទោសទេ»។
លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានរុញការទទួលការខុសត្រូវចំពោះការធ្វើទារុណកម្ម និងលទ្ធផលនៃកោសលវិច័យ ឱ្យសាលាខេត្ត និងកងរាជអាវុធហត្ថ។ បើតាមលោក ខែម ខាងកម្លាំងនគរបាល មិនបានដឹងឮនោះទេ។
លោកបន្ថែមថា៖ «ជួបសួរទៅគាត់ទៅ។ សួរទៅសាលាខេត្តទៅ។ គាត់មានស្អីសំអាងដែលចេញរបាយការណ៍ហ្នឹង។ កន្លែងណាដែលគេមានសេចក្ដី និងព័ត៌មាន អ្នកកាសែតសួរទៅខាងហ្នឹងទៅ » ។
វីអូឌី បានព្យាយាមទាក់ទងលោក ប៊ន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រយៈពេល៣ថ្ងៃជាប់ៗគ្នា ប៉ុន្តែ ទូរសព្ទរបស់លោកបានបិទរហូត រាល់ពេលហៅចូល។ យ៉ាងនេះក្ដី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី បដិសេធការចោទប្រកាន់ថា មានការធ្វើទារុណកម្ម និងមិនបកស្រាយអ្វីច្រើនចំពោះសំណុំរឿងនេះទេ។ បើតាមលោក អេង ហ៊ី ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត មិនជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មនេះថែមទៀតផង។
លោកបន្ថែមថា៖ «ខ្ញុំបានជម្រាបមិញរួចហើយ រឿងនេះមិនមែនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អាវុធហត្ថទេ។ រឿងនេះស្ថិតនៅក្នុងសមត្ថកិច្ចរបស់អាជ្ញាធរខេត្ត។ដូច្នេះ អាជ្ញាធរខេត្តជាអ្នកបកស្រាយបានហើយ » ។
វីអូឌី មិនអាចសុំការបំភ្លឺបានទេពីអភិបាលខេត្តបន្ទាយមានជ័យ គឺលោក អ៊ុំ រាត្រី។ប៉ុន្តែ សេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តចេញកាលពីដើមឆ្នាំ២០២០នេះ បានហៅលោក ទុយ ស្រស់ ថាជាមេគំនិតនៃការតវ៉ា។ បន្ថែមពីលើនេះ សេចក្ដីប្រកាសរបស់សាលាខេត្ត ចាត់ទុកប្រជាពលរដ្ឋដែលផ្ទុះការតវ៉ារឿងដីធ្លីនេះថា ជាក្រុមអនាធិបតេយ្យ។
បើទោះជាបែបណា មាត្រា២០៤ នៃក្រមព្រហ្មទណ្ឌ ចែងថា បទឃាតកម្មដែលប្រព្រឹត្តដោយអ្នករាជការសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី១៥ ទៅ៣០ ឆ្នាំ។ ទន្ទឹមនឹងនេះ មាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ កំណត់ថា ការធ្វើទារុណកម្ម ដោយអំពើឃោរឃៅ អំពើឃាតកម្មកើតឡើងក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា មានប្រសាសន៍ថា នេះជារឿងក្ដីបទឧក្រិដ្ឋ។ ការដោះស្រាយសំណងតាមរយៈការឯកភាពរវាងគូភាគី វាជាសំណងរដ្ឋប្បវេណី មិនមែនជាការបញ្ចប់ទៅនៃបណ្ដឹងអាជ្ញាឡើយ។ លោកបន្ថែមថា សំណុំរឿងនៃបទឧក្រិដ្ឋនេះ អយ្យការគឺមានតួនាទីសំខាន់ណាស់ក្នុងការស្វែងរកយុត្តិធម៌សង្គម។

លោកបន្ថែមថា៖ «ភាគីជនរងគ្រោះ តែជាដើមបណ្ដឹងរដ្ឋប្បវេណីទេ មិនមែនជាដើមបណ្ដឹងព្រហ្មទណ្ឌទេ។ ចំណែកដើមបណ្ដឹងព្រហ្មទណ្ឌគឺព្រះរាជអាជ្ញា។ អ៊ីចឹងព្រះរាជអាជ្ញាគាត់នឹងធ្វើការចាត់ការ ព្រោះព្រះរាជអាជ្ញាជាអ្នកការពាររដ្ឋ អ្នកការពារច្បាប់ អ្នកការពារទៅលើសណ្ដាប់ធ្នាប់ និងជាអ្នកការពារមនុស្ស។ ដូច្នេះ គាត់នឹងចោទប្រកាន់ទៅតាមហ្នឹង » ។
ប្រពន្ធរបស់លោក ទុយ ស្រស់ បញ្ជាក់ថា ថ្វីត្បិតនៅពេលនេះ អ្នកស្រីមិនដឹងត្រូវដោះស្រាយតាមវិធីណា ដើម្បីបានយុត្តិធម៌មកវិញ។ បើតាម គីមឡាក់ ជំហរអ្នកស្រីនៅតែទាមទារ និងចង់បានយុត្តិធម៌ឲ្យប្ដីរបស់អ្នកស្រីដែលបានស្លាប់ទៅបិទភ្នែកជិត ហើយស្ងប់ចិត្តផង៕