អតីត​សកម្មជន​ CNRP ​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​មាន​ជំងឺ​គាប​សរសៃ​ធ្ងន់ធ្ងរ​

អតីត​សកម្មជន​បក្ស​ ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ លោក​ ម៉ៃ​ ហុង​ស្រៀ​ង ចូលសវនាការសាលាឧទ្ធរណ៍ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ (រូបភាព៖ ហ្វេសប៊ុក Sang Sann)

អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​ប្រាប់​ចៅក្រម​សាលាឧទ្ធរណ៍​នៅ​ថ្ងៃនេះ​ថា​ ​ជំងឺ​គាប​សរសៃ​របស់​លោក​ បាន​ធ្វើទុក្ខ​កាន់តែ​ខ្លាំង ​ពិបាក​ដេក​ ដើរ​ ឬធ្វើស​កម្ម​ភាព​ផ្សេង​ៗ។

សាលាឧទ្ធរណ៍​ នៅ​ថ្ងៃនេះ​ បាន​បើកសវនាការ​តាម​បណ្ដឹង​ជំទាស់​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​សកម្មជន​បក្ស​ ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ លោក​ ម៉ៃ​ ហុង​ស្រៀ​ង។

ការ​ប្ដឹង​ជំទាស់​នេះ​ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១០​ ខែតុលា​ ឆ្នាំ២០១៩ បានសម្រេច​ផ្ដន្ទាទោស​លោក​ ម៉ៃ​ ហុង​ស្រៀ​ង ឱ្យ​ជាប់ពន្ធ​នា​គារ១ឆ្នាំ​កន្លះ​ ពី​បទ​ញុះញង់​ឱ្យ​មានការ​រើសអើង​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍​ ពាក់ព័ន្ធ​ការ​ផ្សព្វផ្សាយ​សា​រលើប​ណ្ដា​ញសង្គម​ហ្វេ​សប៊ុ​ក។

ក្នុង​បន្ទប់​សវនាការ​សួរដេញដោល​ នា​ព្រឹកមិញ​ លោក​ ម៉ៃ​ ហុង​ស្រៀ​ង ប្រាប់​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍​ថា​ មូលហេតុ​ដែល​លោក​ស្នើសុំ​ចៅក្រម​ឱ្យ​ទម្លាក់​បទចោទប្រកាន់​ និង​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​ ដោយ​ថា​ រាល់ថ្ងៃ​នេះ​ លោក​សម្រាក​មិនបាន​ ដោយសារ​ ជំងឺ​គាប​សរសៃ​ធ្វើទុក្ខ​ពី​ជើង​ដល់​ខ្នង​។

លោក​ ម៉ៃ​ ហុង​ស្រៀ​ង៖ «ស្នើ​ទៅ​ចៅក្រម​ឱ្យ​ដោះលែង​ខ្ញុំ​ ដើម្បី​បាន​ជួបជុំ​គ្រួសារ​ និង​បាន​ទៅ​ព្យាបាល​ជើង​ខ្ញុំ​ផង​ ព្រោះ​ជើង​ខ្ញុំ​មាន​ជំងឺ​គាប​សរសៃ​ ចេញពី​ឆ្អឹងខ្នង​ទៅ​ សម្រាក​មិនបាន​»។

ក្រៅពី​ប្រាប់​មូលហេតុ​នេះ​ លោក​ ម៉ៃ​ ហុង​ស្រៀ​ង លើកឡើង​ថា​ លោក​មិនបាន​ដឹង​ថា​ ការយកព័ត៌មាន​ពី​អ្ន​កផ្សេង​ៗមក​ផុស​ និង​ចែករំលែក​តាម​ហ្វេ​សប៊ុ​ក នឹង​ត្រូវ​មានទោស​ឡើយ​។

បន្ទាប់​សវនាការ​ជិត១​ម៉ោង​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ បានសម្រេច​លើកពេល​ប្រកាស​សាលដីកា​ នៅ​ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២០​ ខាងមុខនេះ​។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ​ម៉ៃ​ ហុង​ស្រៀ​ង គឺ​លោក​ កែត​ ឃី​ មានប្រសាសន៍​ថា​ កូនក្ដី​លោក​មាន​ជំងឺ​ឆ្អឹង​គាបសរសៃ​ពី​ជើង​ដល់​ខ្នង​ ​តាំងពី​មុន​ជាប់ពន្ធ​នាគា​រម​កម៉្លេះ​។ លោក​បង្ហាញ​ក្ដី​សង្ឃឹមថា​ នៅ​ថ្ងៃទី២១​ ខែមករា​ ខាងមុខនេះ​ តុលាការ​នឹង​ដោះលែង​កូនក្ដី​លោក​ឱ្យ​មាន​សេរីភាព​ ដើម្បី​ជួបជុំ​គ្រួសារ​ និង​បាន​ទៅ​ព្យាបាល​ជំងឺ។

អ្នកនាំពាក្យ​សមា​គម​អាដ​ហុក​ លោក​ សឹង​ សែន​ករុណា​ មើលឃើញ​ថា​ ការ​ចាប់ខ្លួន​ និង​ចោទ​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​ លោក​ថា​ ជា​រឿង​នយោបាយ​។ ករណីនេះ​ លោក​ថា​ តុលាការ​គួរតែ​ដោះលែង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ឱ្យ​មាន​សេរីភាព​។

លោក​ថា​៖ «រយៈពេល​ចុងក្រោយ​នេះ​ យើង​ឃើញ​មាន​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​ឱ្យ​មាន​ដោះលែង​អ្នក​ដែល​ឃុំ​ បញ្ហា​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ កន្លងមក​ មានការ​ដោះលែង​ជាបន្តបន្ទាប់​ ដូច្នេះ​ ដែល​គាត់​មិនទាន់​បាន​ដោះលែង​នេះ​ ខ្ញុំ​យល់ថា​ តុលាការ​គួរ​មានការ​ពិចារណា​ ដើម្បី​ធ្វើការ​ដោះលែង​ពួកគាត់​ជួបជុំ​គ្រួសារ​វិញ​»។

កាលពី​ថ្ងៃទី១៤​ ខែវិច្ឆិកា ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​ដោះលែង​អ្នកគាំទ្រ​អតីត​គណបក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ជាបន្តបន្ទាប់​។ ក្រោយពី​មានការ​បញ្ជា​នោះ​ តុលាការ​បានសម្រេច​ដោះលែង​អតីតមន្ត្រី​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ចាប់ខ្លួន​ ប៉ុន្តែ​ នៅ​មួយចំនួន​ទៀត​ មិនទាន់​បាន​ដោះលែង​នៅឡើយ​ ដោយ​តុលាការ​ថា​ សំណុំរឿង​ទាំងនោះ​កំពុង​ស្ថិតនៅ​ក្នុង​នីតិវិធី​ជំនុំជម្រះ​។

អតីត​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ព្រះសីហនុ​ លោក​ ម៉ៃ​ ហុង​ស្រៀ​ង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ម្ដុំ​ផ្លូវ២០០៤​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ចុងខែ​កក្កដា​ ឆ្នាំ២០១៩​ ក្រោយ​លោក​ភៀសខ្លួន​ចេញពី​ការ​ឡោម​ព័ន្ធ​របស់​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​។

ការ​ចាប់ខ្លួន​លោក​ ម៉ៃ​ ហុង​ស្រៀ​ង ធ្វើឡើង​បន្ទាប់​ពី​លោក​សរសេរ​ និង​ចែករំលែក​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក។ ប៉ុន្តែ​ លោក​ ម៉ៃ​ ហុង​ស្រៀ​ង បញ្ជាក់​ប្រាប់​តុលាការ​នៅ​ថ្ងៃនេះ​ លោក​មិនបាន​ដឹង​ថា​ ការចែក​រំលែក​ព័ត៌មាន​ទាំងនេះ​ខុសច្បាប់​ទេ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ