អ្នកស្រី​ ទេព​ វន្នី​ ចោទ​មន្ត្រី​ថា​គំរាមកំហែង​ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​

អ្នកស្រី​ ទេព​ វន្នី

សកម្មជន​ដីធ្លី​លេចធ្លោ​មួយ​រូប​នៅ​តំបន់​បឹងកក់​ អះអាង​ថា​ មន្ត្រី​រដ្ឋាភិបាល​ប្រើ​រូបភាព​គំរាមកំហែង​រូប​គាត់​ និង​ក្រុម​គ្រួសារ​ តាំងពី​នៅក្នុង​ស្រុក​រហូតដល់​ក្រៅប្រទេស​ ដោយ​ថា​ អាច​មាន​បញ្ហា​ផ្សេង​ៗបើ​មិនព្រម​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​។

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ លោកស្រី​ ទេព​ វន្នី​ មានបាន​ថ្លែង​នៅមុខ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី១១​ ខែមករា​នេះ​ថា​ ក្រោយពី​រូប​គាត់​ចេញពី​ពន្ធនាគារ​ មន្ត្រី​រដ្ឋាភិបាល​តែងតែ​តាម​ឃ្លាំមើល​ និង​លួងលោម​ឱ្យ​ចុះចូល​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​។ ប៉ុន្តែ​ លោកស្រី​ថា​ គាត់​មិនព្រម​ ទើប​មានការ​គំរាមកំហែង​រូប​គាត់​ និង​ក្រុម​គ្រួសារ​គ្រប់រូប​ភាព​ ធ្វើ​ឱ្យ​រូប​គាត់​បារម្ភ​ពី​សុវត្ថិភាព​ផង​ដែរ​។

លោកស្រី​មានប្រសាសន៍​ថា​៖ «គេ​គំរាម​ថា​ បើសិនជា​ខ្ញុំ​មិន​ចុះចូល​ទេ​ គេ​មិន​ឱ្យ​គ្រួសារ​ខ្ញុំ​ហើយនិង​ខ្ញុំ​បាន​សុខ​ទេ​ ជាក់ស្តែង​​មែន​ នៅពេល​ខ្ញុំ​មកដល់​សហរដ្ឋ​អាមេរិក​ គេ​បាន​គំរាម​គ្រួសារ​ខ្ញុំ​ ដូចជា​ ម្ដា​យ ហើយ​កូន​របស់ខ្ញុំ​ ធ្វើ​ឱ្យ​ខ្ញុំ​បានការ​ព្រួយបារម្ភ​ខ្លាំង​ សូម្បីតែ​គាត់​មកដល់​ថៃ​ហើយ​ នៅតែ​មានការ​តាម​ចាប់​ តាម​ជិះ​ម៉ូតូ​បុក​ម្ដា​យខ្ញុំ​ ចាប់​កូន​ខ្ញុំ​ដាក់​ឡាន​យក​ទៅ​គំរាម​ប្រហែលជា​មួយ​ម៉ោង​ ឬពីរ​ម៉ោង​ គឺជា​ការ​គំរាម​កំ​ហែង​បំ​ផិត​បំភៃ​យ៉ាង​ខ្លាំង​ វា​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​ខ្លួនខ្ញុំ​ និង​ក្រុម​គ្រួសារ​ខ្ញុំ​ »។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ លោក​ សុខ​ ឥសាន​ មានប្រសាសន៍​ថា​ លោក​មិន​ចាប់អារម្មណ៍​នឹង​ការ​លើកឡើង​របស់​លោកស្រី​ ទេព​ វន្នី​ ដែល​ថា​ រដ្ឋាភិបាល​គំរាមកំហែង​ និង​លួងលោម​បញ្ចុះ​បញ្ចូល​ឱ្យ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​នោះ​ទេ​។ លោក​ចាត់ទុក​ការ​លើកឡើង​របស់​លោកស្រី​ ទេព​ វន្នី​ គ្រាន់តែ​ចង់បាន​ប្រជាប្រិយ​ភាព​របស់​ខ្លួន​តែប៉ុណ្ណោះ​។

លោក​មានប្រសាសន៍​ថា​៖ «យើង​មិន​ត្រូវការ​ជន​ណា​ដែល​ជា​មេរោគ​នៅក្នុង​សង្គម​កម្ពុជា​ទេ​ ចឹង​ការ​និយាយ​របស់​គាត់​ វា​គ្រាន់តែ​ជា​ការ​លើក​អាទិភាព​របស់​ខ្លួន​តែប៉ុណ្ណោះ​ មានគុណ​សម្បត្តិ​អ្វី​ មានតែ​គុណសម្បត្តិ​ប្រឆាំង​ អ៊ីចឹង​បាន​ប្រឆាំង​តាំងពី​នៅក្នុង​ស្រុក​ រហូតដល់​រត់ចោលស្រុក​ នៅតែ​ប្រឆាំង​ដដែល​ គ្មាន​អ្នកណា​ចាប់អារម្មណ៍​គាត់​»។

មន្ដ្រី​ជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុ​មហ្វ្រែល​ លោក​ កន​ សា​វាង្ស មានប្រសាសន៍​ថា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ រដ្ឋាភិបាល​ដឹកនាំ​ដោ​យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដើរ​ប្រាស់​ចាក​គន្លង​ប្រជា​ធិបតេយ្យ​ ដោយសារ​មានការ​គំរាមកំហែង​ផ្នែក​នយោបាយ​ សេរីភាព​បញ្ចេញមតិ​មានការ​រឹត​ត្បិត​ ផ្ទុយពី​ច្បាប់​ជាតិ​ និង​អន្តរ​ជាតិ​ ជាដើម​។

ករណីនេះ​ លោក​ សា​វង្ស​ មានប្រសាសន៍​ថា​ បើ​រដ្ឋាភិបាល​នៅតែ​ដើរ​ប្រាស់​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ​ទៀត​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​លើ​ចាក​អន្តរជាតិ​។

លោក​មានប្រសាសន៍​ថា​៖ «កន្លងមក​ បញ្ហា​សង្គម​របស់​យើង​នៅតែ​កើតមានឡើង​ជាច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដែល​គ្រប់​គណបក្ស​នយោបាយ​ ទាំង​មតិ​ជាតិ​ មតិ​អន្តរជាតិ​ តែងតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្តា​រលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ រហូត​មានការ​លើកឡើង​ ការ​ផ្តាច់​អនុគ្រោះ​ពន្ធ​ ដូចជា​ EBA​ ដែល​មានការ​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​»។

ក្នុង​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​២០​ ខែ​សីហា ​ឆ្នាំ២០១៨​ ព្រះមហាក្សត្រ​បាន​ប្រទាន​ការលើកលែង​ទោស​ដល់​លោស្រី​ ទេព​ វន្នី​ និង​ស្ត្រី​អ្នក​បឹងកក់​៣នាក់​ទៀតផ្សេង​ទៀត​ទៅ​តាម​ការ​ស្នើ​របស់​លោក​ ហ៊ុន​ សែន​ រួមមាន​ លោកស្រី​ ហេង​ មុំ​ លោកស្រី​ បូ​ ឆវី​ និង​លោកស្រី​ គង់​ ចន្ថា​ ដែល​អ្នក​ទាំ​ង៤​ ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ ពី​បទ​ ប្រមាថ​អ្នករាជការ​សាធារណៈ​ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​ ដែល​មាន​ស្ថាន​ទម្ងន់ទោស​។

ចំពោះ​លោកស្រី​ ទេព​ វន្នី​ ព្រះរាជ​ក្រឹត្យ​ប្រទាន​ការលើកលែង​លែងទោស​ ពាក់ព័ន្ធ​នឹង​រឿង​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ដែល​ព្រះរាជអាជ្ញា​បាន​ចោទ​ថា​ បាន​ប្រព្រឹត្តទៅ​លើ​កង​សន្តិសុខ​នៅ​ក្បែរ​ផ្ទះ​លោក​ ហ៊ុន​ សែន​ កាលពី​ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៣​។

ព្រះរាជ​ក្រឹត្យ​លើកលែងទោស​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​នេះ​ គឺ​នៅ​ក្រោយ​ពេល​មន្ត្រីជាន់​ខ្ពស់​នៃ​អង្គការសហប្រជាជាតិ​អំពាវនាវ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែ​ន ដោះលែង​លោកស្រី​ ទេព​ វន្នី​ អ្នក​នយោបាយ​ និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​។ ក្រោយពី​លើកលែងទោស​ លោកស្រី​ ទេព​ វន្នី​ បាន​និរទេស​ខ្លួន​ទៅក្រៅ​ប្រទេស​ទៀតផង​។

លោកស្រី ​ទេព​ វន្នី​ ជាសកម្ម​ជន​ដីធ្លី​ដែល​សកម្ម​ក្នុង​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​នៅ​តំបន់​បឹងកក់​។ នៅ​ឆ្នាំ​២០១៣​ លោកស្រី​បាន​ទទួល​ពាន​រង្វាន់​ភាព​ជា​អ្នក​ដឹក​នាំ​ពិភព​លោក​ពីអ​តី​តរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោកស្រី​ ហ៊ី​លឡា​រី​ គ្លី​នតុន​ ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ