លោក​ ជា​ សុ​ផា​រ៉ា ​ថា​ម្ចាស់​អគារ​បាក់​នៅ​កែប​ជា​អ្នក​ដក​ចំនួន​ដែក​សម្រាប់​សាងសង់​

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញ ជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។ (វេបសាយក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់)

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ថ្លែង​ថា​ សំណង់​អគារ​កម្ពស់៧ជាន់​ដែល​បាក់​រលំ​សង្កត់​មនុស្ស​ស្លាប់​នៅ​ក្រុង​កែ​បថ្មីៗ​នេះ​ ម្ចាស់​សំណង់​ជា​អ្នក​ដក​ចំនួន​ដែក​ពាក់​កណ្ដា​លដែល​មន្ត្រី​ជំនាញ​កំណត់​ ហើយ​សាងសង់​លើស២ជាន់​។

ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​សំណង់​សម្រាប់​អ្នក​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ នា​ថ្ងៃនេះ​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ជា​ សុ​ផា​រ៉ា​ ថ្លែង​ថា​ សំណង់​អគារ​កម្ពស់៧ជាន់​ដែល​បាន​បាក់​រលំ​កាលពី​ពេល​ថ្មី​ៗនេះ​ ដោយសារ​ ម្ចាស់​សំណង់​សង់​លើស​ច្បាប់​អនុញ្ញាត​ និង​កាត់បន្ថយ​ចំនួន​ដែក​ដែល​អ្នកជំនាញ​កំណត់​។

លោក​ថា​៖ «សំណង់​របស់​ ឯក​ សា​រុន​ មនុស្ស​ហ្នឹង​មក​ពី​បារាំង​ មិនមែន​ដំឡូងមូល​ទេ​ វិស្វករ​សិក្សា​គម្រោង​ប្លង់​គូរ​ឱ្យ​គាត់១៦​សរសៃ​ ដែក​គ្រឿង​ផ្គុំ​សំណង់​ គាត់​យក​ទៅ​ដកចេញ​ ៨ចេញ​ ទុក​តែ៨ទេ​ ជាប់​មក​ពី​ត្រង់ណា​។ ខេត្ត​សម្រេច​ឱ្យ៥​ជាន់​ គាត់​បន្ថែម​បាន២ទៀត​។ ជា​ធម្មតា​ភាពរឹងមាំ​នៃ​សំណង់​ យើង​សង់​សំណង់​ច្រើន​ហើយ។ បេតុង​យ៉ាង​ហោច​ ២០​ថ្ងៃ​ ទៅ២៨​ថ្ងៃ​ ទើប​អាច​ដោះ​ជន្ទល់បាន​ នេះ​អត់ទេ​ ប្រញាប់​ជប់លៀង​តែ១០​ថ្ងៃ​ដោះចេញ​»។

ប៉ុន្តែ​ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ជិត​អគារ​ដែល​បាក់​រលំ​នៅ​ក្រុងកែប​ កាលពី​ថ្ងៃទី៥​ ខែមករា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ថា​ ការ​បាក់​រលំ​អគារ​នេះ​ជា​កំហុស​របស់​មេការ​សំណង់​សង់​អគារ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​។

លោក​ ហ៊ុន​ សែន​ ថា​៖ «គេ​ត្រូវការ​ប្លង់​សេ​ គេ​ត្រូវការ២៧​ – ២៨​ថ្ងៃ​ ទើប​អាច​ដក​ក្ដារពុម្ព​បាន​ ក៏ប៉ុន្តែ​ តាមដែល​យើង​ទទួល​ព័ត៌មាន​ មិនដល់១០​ថ្ងៃ​ទេ​ គាត់​ដក​ក្តារ​ពុម្ព​ចេញ​តែម្ដង​ ដើម្បី​ឈាន​ទៅ​ចាក់​អា​លើ​ទៀត​។អ៊ីចឹង​ មេការ​រូប​នេះ​ គាត់​បាន​ទទួលមរណភាព​ទាំង​ខ្លួន​មេការ​នេះ​ ទាំង​កូន​មេ​ការ​នេះ​ អ៊ីចឹង​មិន​អាច​ទៅ​ចាប់​គាត់​ឱ្យមក​សង​អ្នកណា​ទេ​ ក្រៅ​ពីយើង​ផ្ដល់​ថវិកា​ទៅ​ក្រុម​គ្រួសារ​ ព្រោះ​នេះ​ជា​សោក​នាដ​កម្ម​កើតឡើង​ ជា​កំហុស​របស់​មេការ​»។

ក្រោយ​មាន​ហេតុការណ៍​បាក់​សំណង់​អគារ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជាបន្តបន្ទាប់​នៅ​ខេត្ត​មួយចំនួន​ នៅ​ថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២០​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ចាត់តាំង​មន្ត្រី​ក្រោម​ឱវាទ​ចំនួន​ ១៦៣នាក់​ ឱ្យ​ត្រួតពិនិត្យ​សំណង់​នៅ​តាម​បណ្ដា​រាជធានី​-ខេត្ត​។

ប្រធាន​សម្ព័ន្ធ​សហជីពកម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ លោក​ សុខ​ គីន​ ជំរុញ​ទៅ​រដ្ឋាភិបាល​ និង​ស្ថាប័ន​តុលាការ​ធ្វើការ​ស៊ើបអង្កេត​ករណីនេះ​ឱ្យ​បាន​ច្បាស់លាស់​ មុននឹង​ធ្វើ​សេចក្ដីសន្និដ្ឋាន​។

លោក​ថា​៖ «ចង់ឱ្យ​រដ្ឋាភិបាល​ធ្វើការ​ស៊ើបអង្កេត​រក​ព័ត៌មាន​ហ្នឹង​ ឱ្យ​ច្បាស់​ ប្រសិនបើ​បុគ្គល​ហ្នឹង​ ឬស្ថាប័ន​ណា​ប្រព្រឹត្ត​អំពើ​កំហុស​ដែល​ផ្ទុយពី​ច្បាប់​ គួរតែ​អនុវត្ត​ទៅតាមច្បាប់​ ព្រោះ​យើង​រាល់ថ្ងៃ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​នេះ​ខុស​ អ្នកនោះ​ខុស​ ប៉ុន្តែ​ យើង​អត់​របាយការណ៍​ណា​ពិតប្រាកដ​ជាក់លាក់​អ្នកណា​ជា​អ្នកទទួល​កំហុស​ហ្នឹង»។

លោក​បន្ត​ថា​ ប្រសិនបើ​រដ្ឋាភិបាល​ និង​តុលាការ​មិន​មាន​វិធានការ​ទៅលើ​បុគ្គល​ដែល​សង់​សំណង់​រំលោភច្បាប់​ទេ​ លោក​ថា​ ការសាងសង់​រំលោភច្បាប់​ នឹង​កើតឡើង​ជាថ្មី​ទៀត​ ហើយ​អ្នក​ដែល​រងគ្រោះ​គឺជា​កម្មករ​សំណង់​។

អ្នកជំនាញ​ផ្នែក​ច្បាប់​ លោក​មេធាវី​ សុក​ សំ​អឿន​ មានប្រសាសន៍​ថា​ ប្រសិនបើ​សំណង់​សង់​រំលោភច្បាប់​នោះ​ លោក​ថា​ អ្នក​ដែល​ទទួលខុសត្រូវ​ គឺ​ម្ចាស់​អគារ​ និងវិ​ស្វរ​ក។

លោក​ថា​៖ «ពីព្រោះ​ធម្មតា​ក្រុម​សំណង់​ក្ដី​ វិស្វករ​ក្ដី​ ត្រូវ​មើល​លិខិតអនុញ្ញាត​ ប៉ុន្តែ​ គ្រាន់តែ​ម្ចាស់ដី​ខុស​ធ្ងន់ជាង​គេ​ ព្រោះ​យើង​ជា​ម្ចាស់ដី​ តែ​មិនមែន​ជា​រឿង​ព្រហ្មទណ្ឌ​ទេ​»។

លោក​បន្ត​ថា​ ដើម្បី​ដឹង​ច្បាស់​ថា​ តើ​ការ​បាក់​រលំ​អគារ​បណ្ដាលមកពី​អ្វី​នោះ​ លោក​ថា​ ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ធ្វើការ​ស៊ើបអង្កេត​ ដោយ​ថា​ ការ​បាក់​រលំ​អគារ​នេះ​ អាច​បណ្ដាលមកពី​សង់​ខុស​បច្ចេកទេស​ ហើយ​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះរឿងនេះ​ គឺ​វិស្វករ​ និង​មេការ​។

សំណង់​អគារ​កម្ពស់៧ជាន់​មួយ​កន្លែងនៅ​ក្រុងកែប​ បាន​បាក់​រលំ​សង្កត់​មនុស្ស​ស្លាប់​ចំនួន៣៦នាក់​ ក្នុង​នោះ​មាន​កុមារ៦នាក់​ និង​របួស២៣នាក់​ កាលពី​ថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០២០​ គឺ​ម្ចាស់​សំណង់​ឈ្មោះ​ ឯក​ សា​រុន​ និង​ ឈីវ​ សុធី​ ជា​ប្ដី​ប្រពន្ធ​។

បើ​តាម​មន្ត្រី​តុលាការខេត្ត​កំពត​ លោក​ ម៉ាន់​ បូ​រេ​ត អះអាង​កាលពី​ថ្ងៃទី០៧​ ខែមករា​ ឆ្នាំ២០២០​ ថា​ ម្ចាស់​សំណង់​អគារ​ដែល​បាន​បាក់​រលំ​នៅ​ខេត្ត​កែប​នោះ​ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​បណ្ដោះអាសន្ន​ ក្រោយពី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា​។

នេះ​ជាលើក​ទី៣​ហើយ​នៃ​ការ​បាក់​រលំ​អគារ​ក្នុងរយៈពេល៦ខែ​ គឺ​កាលពី​ថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ២០១៩​ សំណង់​អគារ​សាលា​ធម្មសភា​នៅ​វត្ត​មួយ​ក្នុង​ខេត្តសៀមរាប​ ក៏បាន​បាក់​រលំ​បណ្ដាល​ឱ្យ​បាត់បង់ជីវិត​មនុស្ស៣នាក់​ និង​រង​របួសធ្ងន់​ស្រាល​ចំនួន១៣នាក់​។ កាលពី​ថ្ងៃទី២២ ខែមិថុនា​ឆ្នាំមុន​ សំណង់​អគារ​កម្ពស់៧ជាន់​មួយទៀត​នៅ​ខេត្ត​ព្រះសីហនុ​ បាន​បាក់រលំ​បណ្ដាល​ឱ្យ​កម្មករ២៨នាក់​ស្លាប់​ និង​រង​របួស២៦នាក់​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ