អ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថា នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ដែលអាចបញ្ចាំងវីឌីអូ ឱ្យសាធារណជនបានឃើញអំពីសវនាការ ក្នុងសំណុំរឿងរបស់លោក កឹម សុខា ដូចសាលាក្ដីខ្មែរក្រហមនៅឡើយទេ។
នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃទី១៤ ខែមករា។ ការអះអាងពីភាពខ្វះខាត និងខ្សត់ខ្សោយផ្នែកធនធានរបស់តុលាការថ្នាក់ជាតិនេះ ស្របពេលក្រុមអ្នកកាសែតប្រតិកម្មចំពោះវិធានការរបស់តុលាការ នៅមុន១ថ្ងៃនៃសវនាការរបស់លោក កឹម សុខា មកដល់។
ថ្លែងប្រាប់វីអូឌី លោក ជិន ម៉ាលីន បញ្ជាក់ថា នៅពេលនេះ តុលាការក្នុងស្រុក មិនទាន់មានមធ្យោបាយគ្រប់គ្រាន់ដូចសាលាក្ដីកូនកាត់គឺសាលាក្ដីខ្មែរក្រហមនៅឡើយទេ។ លោកបន្តថា ការបោះជំហានយឺតយ៉ាវនេះ វាជាប់ទាក់ទងនឹងធនធានបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ។
លោកបន្ថែមថា៖ «បើបានដូចសាលាក្ដីខ្មែរក្រហមល្អហើយ ប៉ុន្តែ យើងធ្វើទៅតាមធនធាន និងស្ថានភាពជាក់ស្ដែង។ យើងមើលសាលាក្ដីខ្មែរក្រហម ថវិកាក៏ខុសពីថវិការបស់សាលាក្ដីជាតិយើង។ សម្ភារប្រើប្រាស់ក៏អត់ដូចគ្នាដែរ។ យើងបើកទូលាយ បើកជាសាធារណៈ ប៉ុន្តែ ទៅតាមស្ថានភាពជាក់ស្ដែង និងធនធានជាក់ស្ដែងរបស់សាលាជម្រះក្ដី » ។
កញ្ញា កាន់ វិច្ឆិកា ជាអ្នកកាសែតកំពុងបម្រើការនៅក្នុងទីក្រុងភ្នំពេញ ឱ្យដឹងថា ជាការពិត ព័ត៌មានដែលទទួលពីសាលាក្ដីខ្មែរក្រហម គឺមិនចាំបាច់តម្រូវឱ្យអ្នកកាសែតត្រូវទៅស្ដាប់ដោយផ្ទាល់ក៏បានដែរ។ ក្នុងដំណើរការកាត់ក្ដីរបស់តុលាការកូនកាត់មួយនេះ គឺប្រើប្រាស់មធ្យោបាយតាមបែបបច្ចេកទេសទំនើប។ វិធីសាស្ត្រនេះហើយ ដែល វិច្ឆិកា យល់ឃើញថា អាចបើកផ្លូវឱ្យអ្នកខាងក្រៅសាលសវនាការ ក៏នៅអាចទទួលព័ត៌មានបានព័ត៌មានគ្រប់ជ្រុងជ្រោយបានដូចគ្នា។
កញ្ញាបន្ថែមថា៖ «ខ្ញុំនៅតែគាំទ្ររបៀបនៃការផ្សព្វផ្សាយព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម ព្រោះថា ខ្ញុំអត់ដែលបានចូលរួមសវនាការរបស់សាលាក្ដីនេះដោយផ្ទាល់ទេ។ ប៉ុន្តែ នៅក្នុងសាលសវនាការ ជុំវិញហ្នឹងគឺមានបន្ទប់ដែលមានផ្សាយផ្ទាល់តែម្ដង។ នេះបានន័យថា ផ្សាយផ្ទាល់ពីសាលសវនាការឱ្យអ្នកសារព័ត៌មានបានស្ដាប់ដែរ»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការចោទប្រកាន់ថា រួមគំនិតក្បត់ជាមួយបរទេស ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ក៏នឹងត្រូវចូលរួមដោយផ្ទាល់នៅថ្ងៃបើកសវនាការដែរ។ នេះបើតាមការបញ្ជាក់ពីមេធាវីរបស់លោក។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញ បានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ដើម្បីបើកផ្លូវឱ្យលោក កឹម សុខា បានដើរចេញក្រៅជាសាធារណៈ។ ប៉ុន្តែ លំហនៃសិទ្ធិសេរីភាពនេះ លោក សុខា ត្រូវបានតុលាការដាក់កម្រិតមិនឱ្យធ្វើនយោបាយ និងចេញទៅក្រៅប្រទេស។ តុលាការកំពូលបានរំលាយគណបក្សប្រឆាំង នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨មកដល់។ ក្នុងអំឡុងពេលឃុំខ្លួន ទាំងក្នុងផ្ទះ និងពន្ធនាគារត្រពាំងផ្លុង លោក កឹម សុខា តែងបដិសេធជាដរាប ប្រឆាំងបទចោទនេះ។
អតីតអ្នកកាសែត ខេមបូ ឌាលី (Cambodia Daily) លោក ឃី សុវុឌ្ឍី ប្រាប់វីអូឌីថា នៅមុនថ្ងៃសវនាការចាប់ផ្ដើម លោក និងក្រុមអ្នកកាសែតផ្សេងបានព្យាយាមទៅចុះឈ្មោះមុន ដើម្បីបានចូលរួមស្ដាប់ការជំនុំជម្រះដោយផ្ទាល់។ ក៏ប៉ុន្តែ លោក វុឌ្ឍី បញ្ជាក់ថា មកដល់ពេលនេះ លោកទទួលបានចម្លើយពីតុលាការមកថា ក្រុមអ្នកកាសែត នឹងមិនមានវត្តមានដោយផ្ទាល់ នៅក្នុងបន្ទប់ជំនុំជម្រះទេ។ អតីតអ្នកកាសែត២ស្ថាប័នរួចមកហើយ និងបច្ចុប្បន្នជាស្ថាប័ននៃអង្គភាព ខេមបូចា (CamboJa) បង្ហាញការហួសចិត្តចំពោះវិធានការរបស់តុលាការក្រុងភ្នំពេញនៅពេលនេះ។ បើតាមលោក ឃី សុវឌ្ឍី ក្នុងនាមជាអ្នកកាសែត ដែលមានវិជ្ជាជីវៈ វាពិតជាលំបាកណាស់ ដែលពុំបានឭ និងឃើញដោយផ្ទាល់ពីហេតុការណ៍ដែលខ្លួននឹងត្រូវសរសេរ។
លោកបន្ថែមថា៖ «ខ្ញុំគិតថា អ្នកសារព័ត៌មាន បើសិនជាយកពីខាងអ្នកស៊ើបអង្កេត និងពីខាងសិទ្ធិមនុស្សក៏បានដែរ។ ប៉ុន្តែ សំខាន់យើងចង់ដឹងពីទិដ្ឋភាពពិតថា នៅក្នុងសវនាការហ្នឹងគេតទល់គ្នាយ៉ាងម៉េចអីយ៉ាងម៉េច។ អ៊ីចឹង អ្នកសារព័ត៌មានគួរតែផ្ដិតយកទិដ្ឋភាពបែបហ្នឹងមកសរសេរ ទើបល្អ»។
មន្ត្រីនាំពាក្យតុលាការក្រុងភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី ព្យាយាមបដិសេធអំពីមធ្យោបាយនៃការដាក់កម្រិតទៅលើអ្នកកាសែត នៅថ្ងៃសវនាការនេះ។ លោក រ៉ានឌី ឆ្លើយតបយ៉ាងខ្លីថា ឱ្យសាកសួរទៅផ្នែករដ្ឋបាលដែលទទួលបន្ទុករឿងនេះវិញចុះ។
លោកបន្ថែមថា៖ «សូមអញ្ជើញទាក់ទងលោក រិទ្យា តិចចុះ គាត់នៅខាងរដ្ឋបាល។ ទាក់ទងជាមួយ រិទ្យា តិចទៅ » ។
បើទោះជាបែបណា មន្ត្រីតុលាការក្រុងភ្នំពេញ ព្យាយាមបិទទូរសព្ទ នៅពេលតេចូល។
ដោយឡែក កញ្ញា កាន់ វិច្ឆិកា ជាអ្នកកាសែតឯករាជ្យ និងកំពុងបម្រើការឱ្យកាសែតនៅក្នុងទីក្រុងភ្នំពេញ បញ្ជាក់ថា នេះជាលើកទី១ហើយ ក្នុងអាជីពជាអ្នកសារព័ត៌មាន ដែលប្រឹងប្រែងចុះឈ្មោះមុនថ្ងៃសវនាការមកដល់។ បើតាម វិច្ឆិកា វិធីសាស្ត្របែបនេះ ពីមុនមកមិនធ្លាប់មានទេ។ បើទោះជាបែបណា អ្នកកាសែតរូបនេះអះអាងថា ខាងតុលាការបានផ្ដល់ចម្លើយមកវិញ គឺចំនួនអ្នកកាសែតដែលបានចុះឈ្មោះ នឹងមិនមានវត្តមានដោយផ្ទាល់ នៅក្នុងបន្ទប់សវនាការទេ។ ប្រភពបន្តថា ការបិទផ្លូវអ្នកកាសែត មិនឱ្យចូលរួមស្ដាប់ការកាត់ក្ដីដោយផ្ទាល់បែបនេះ នឹងធ្វើឱ្យព័ត៌មានមួយចំនួនអាចនឹងបាត់បង់។
កញ្ញាបន្ថែមថា៖ «ខ្ញុំចង់ទៅយកព័ត៌មានហ្នឹងដោយខ្លួនឯង ស្ដាប់ឭដោយផ្ទាល់ត្រចៀក និងឃើញដោយផ្ទាល់ភ្នែកខ្លួនឯង ជាជាងខ្ញុំឮព័ត៌មានហ្នឹងពីមាត់មនុស្សម្នាក់ទៀត។ អ៊ីចឹង សវនាការនេះជាសាធារណៈ។អ៊ីចឹង អ្វីដែលខ្ញុំចង់បាន គឺខ្ញុំចូលរួមដោយផ្ទាល់ ដើម្បីបានមើល បានសង្កេត ហើយនិងបានកត់ទុកនូវដែលខ្ញុំបានឮ។ ហើយខ្ញុំជឿថា ពេលដែលខ្ញុំបានស្ដាប់ពីមន្ត្រីអ្នកនាំពាក្យ ឬមេធាវីដែលពួកគាត់នាំពាក្យ ឬមកនិយាយប្រាប់ អាហ្នឹងគឺអត់សូវច្បាស់ទេសម្រាប់អ្នកកាសែត»។
យ៉ាងនេះក្ដី អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់ថា តាមពិតខាងតុលាការមិនបានរឹតត្បិត អ្នកកាសែតដែលប៉ុនប៉ងចូលរួមស្ដាប់សវនាការដោយផ្ទាល់ទេ។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះ អះអាងថា មូលហេតុសំខាន់គឺទំហំបន្ទប់មានកំណត់។
លោកបន្ថែមថា៖ «ខ្ញុំទទួលបានព័ត៌មានគឺដូចមិនរឹតត្បិតមិនឱ្យអ្នកកាសែតចូលទេ។ ប៉ុន្តែ ដោយសារចំនួនមានវាកំណត់។ យើងទៅចុះឈ្មោះមិនបានទាន់គេ ចំនួនវាពេញអស់។ ដូច្នេះ មិនមានគោលការណ៍ណាមួយដែលថាមិនឱ្យអ្នកកាសែតចូលទេ»។
មកដល់ពេលនេះ មន្ត្រីតុលាការនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ពីចំនួនអ្នកកាសែត ដែលនឹងត្រូវចូលរួមស្ដាប់សវនាការដោយផ្ទាល់នៅថ្ងៃទី១៥ ខែមករា។ លោក តាំង ស៊ុនឡាយ បានប្រាប់វិទ្យុវីអូអេ ថាបន្ទប់ជម្រះក្ដីសម្រាប់លោក កឹម សុខា នេះអាចដាក់មនុស្សបានតែ៣០នាក់ប៉ុណ្ណោះ។ ហើយភាគច្រើនត្រូវផ្ដល់ឱ្យមន្ត្រីទូត និងមន្ត្រីសិទ្ធិមនុស្ស គឺមិនមែនសម្រាប់អ្នកសារព័ត៌មានទេ៕