អ្នកធ្វើការ​ផ្នែក​វិស័យ​ព័ត៌មាន​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​យាយី​

ក្រុមអ្នកសារព័ត៌មាននៅក្នុងកម្មវិធីមួយនៅទីក្រុងភ្នំពេញកាលពីពេលកន្លងទៅ។ (រូបថត៖ ជន ចាន់រ៉ែន)

អ្នកធ្វើការ​ផ្នែក​វិស័យ​សារព័ត៌មាន​មួយចំនួន​ ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​លុបបំបាត់​ការរើសអើង​ និង​យាយី​ទៅលើ​អ្នក​សារ​ព័ត៌មាន​ ដើម្បី​ឱ្យ​ពួកគេ​បាន​បំពេញវិជ្ជា​ជីវៈ​ដោយ​គ្មាន​ការភ័យខ្លាច​ ខណៈ​នាយក​រដ្ឋមន្ត្រី​ជួប​អ្នក​សារព័ត៌​នៅ​ថ្ងៃនេះ​។

នៅ​ថ្ងៃអង្គារ​នេះ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជួប​អ្នកសារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី១៤ ខែមករា​នេះ​ ប៉ុន្តែ​ ជំនួប​នោះ​ដូច​ឆ្នាំ​មុន​ៗដែរ​ អ្នកសារព័ត៌មាន​មិន​អនុញ្ញាត​ឱ្យ​ចោទសួរ​ ឬឡើង​ថ្លែង​ពី​ទុក្ខ​កង្វល់​របស់​ពួកគេ​ ប្រាប់​នាយក​រដ្ឋមន្ត្រី​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឡើយ​។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ ហៅ​ ខេម​បូ​ចា​ លោក​ ម៉ៃ​ ទិត្យ​ថា​រ៉ា​ មានប្រសាសន៍​ថា​ លោក​ចង់​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​យន្តការ​បញ្ចប់​ការ​ធ្វើទុក្ខ​បុកម្នេញ​ ការ​វាយដំ​ ឃាត់ខ្លួន​ និង​ការរារាំង​ការងារ​របស់​អ្នកសារព័ត៌មាន​ និង​ធានា​តម្លាភាព​នៅក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ជាដើម​។

លោក​ថា​៖ «សម្រាប់​ខេម​បូ​ចា​ ប្រសិនបើ​មានឱកាស​ជួប​ជា​មួ​យសម្ដេ​ចនា​យក​រដ្ឋមន្ត្រី​ ខេម​បូ​ចា​នឹង​ស្នើសុំ​ឱ្យ​បញ្ឈប់​ការ​រុកកួន​អ្នកសារព័ត៌មាន​ តែ​ការពារ​ពួកគាត់​ ដើម្បី​ស្តារ​លំហ​សេរីភាព​អ្នកសារព័ត៌មាន​ឱ្យ​បាន​ប្រសើរ​ឡើងវិញ​ ហើយក៏​អាច​ស៊ើបអង្កេត​ចំពោះ​អ្នកសារព័ត៌មាន​ដែល​ត្រូវ​បាន​ធ្វើឃាត​កន្លងមក​ដែល​អ្នកខ្លះ​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ​»។

សាស្ត្រា​ចារ្យ​ផ្នែក​សារព័ត៌មាន​នៅ​សកលវិទ្យាល័យ​កម្ពុជា ​លោក​ មឿន​ ឈាន​ណា​រិទ្ធិ​ មានប្រសាសន៍​ថា​ លោក​ចង់​ឱ្យ​រដ្ឋាភិបាល​បង្កើត​វិទ្យាស្ថាន​សិក្សា​ផ្នែក​សារព័ត៌​មា​ន ដើម្បីប​ណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ​ដល់​អ្នកសារព័ត៌មាន​ និង​ចង់​ឃើញ​អ្នកសារព័ត៌មាន​មាន​សុវត្ថិភាព​ទាំង​ផ្លូវកាយ​ និង​ផ្លូវច្បាប់​ គ្មាន​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ ដូច​មាន​ចែង​ក្នុង​គោលនយោបាយ​របស់​រដ្ឋាភិបាល​។

លោក​ថា​៖ «ទន្ទឹម​នឹង​អ្នកសារព័ត៌មាន​គាត់​អនុវត្ត​នូវ​វិជ្ជាជីវៈ​របស់​គាត់​ល្អ​ប្រសើរ​ដែរ​ហ្នឹង​ ក៏​យើង​ចង់​ឱ្យ​អាជ្ញាធរ​ឱ្យ​គាត់​យល់​ឱ្យ​បាន​ច្បាស់លាស់ ​និង​ពេញលេញ​អំពី​សិទ្ធិ​ និង​សេរីភាព​អ្នកសារព័ត៌មាន​ផង​ដែរ​»។

ក្រសួងព័ត៌មាន​ កាលពីដើម​ខែមករា​នេះ​ បាន​ជួប​ក្រុម​អ្នកសារព័ត៌មាន​មក​ពី​ជាង៤០ស្ថាប័ន​ ស្វែងរក​មិត​យោបល់​ ជ្រើសរើស​យក​បញ្ហា​អាទិភាព​ដាក់​ជូន​រដ្ឋាភិបាល​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​ លោក​ ផុស​ សុវណ្ណ​ មានប្រសាសន៍​ថា​ កង្វល់​មួយចំនួន​ដែល​ក្រុម​អ្នកសារព័ត៌មាន​បាន​លើកឡើង​ ក្រសួង​បាន​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​ហើយ​ ដូចជា​ការ​ស្នើ​ឱ្យ​អ្នកសារព័ត៌មាន​ មាន​ធានារ៉ាប់រង​ជំងឺ​ ត្រូវការ​មេធាវី​ការពារ​ពេល​មាន​បញ្ហា​កើតឡើង​ ស្នើ​ឱ្យ​ប្រើ​ច្បាប់​ស្ដី​ពី​របប​សារព័ត៌មាន​ដើម្បី​ការពារ​ពួកគេ​ជាដើម​ ។

លោក​ថា​៖ «យើង​មាន​ជជែក​ដែរ​ ពី​ការ​តម្រូវ​ឱ្យ​ប្រើប្រាស់​ច្បាប់​ស្ដី​ពី​របប​សារព័ត៌មាន​ ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ យើង​ក៏​មាន​ដាក់​ចំនុច​អស់ទាំង​ហ្នឹង​ទៅ​រដ្ឋាភិបាល​ដែរ​»។

អ្នករាយការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ លោក​ ស៊ុន​ ណា​រិន​ មានប្រសាសន៍​ថា​ ការ​បើកឱកាស​ឱ្យ​អ្នកសារព័ត៌មាន​ចោទសួរ​ទៅ​នាយក​រដ្ឋ​មន្ត្រី​ផ្ទាល់​ៗ ពី​កិច្ច​អន្តរាគមន៍​លើ​កង្វល់​របស់​ពួកគេ​ ជា​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់​កង្វះខាត​របស់​ស្ថាប័ន​ពាក់ព័ន្ធ​។

លោក​ថា​៖ «កាលពី​ឆ្នាំមុន​ យើង​ឃើញ​មានការ​ជួបជុំ​ដែរ​ ក្នុង​ពេលហ្នឹង​សេរីភាព​សារព័ត៌មាន​ក៏​មានការ​ធ្លាក់ចុះ​ មានការ​ចាប់​អ្នកសារព័ត៌មាន​ដែរ​ ប៉ុន្តែ​ យើង​ឃើញថា ​មិន​មានការ​លើក​ឡើង​ចំៗ​ដោះស្រាយ​បញ្ហា​អស់ទាំង​ហ្នឹង​ទេ​ ខ្ញុំ​គិតថា​ គួរ​មានការ​ដោះស្រាយ​បញ្ហា​ហ្នឹង​ ធ្វើ​យ៉ាងម៉េច​ធានា​ថា​ អ្នកសារព័ត៌មាន​ហ្នឹង​គាត់​អាច​ធ្វើ​ព័ត៌មាន​បាន​ដោយ​គ្មាន​ការភ័យខ្លាច​ ដោយសេរី​ និង​គ្មាន​ការ​កៀបសង្កត់​»។

អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ដែល​កំ​ពុង​ជាប់​បណ្ដឹ​ង លោក​ យាង​ សុ​ធារិ​ន្ទ ចង់​ឃើញ​រដ្ឋាភិបាល​ ទប់ស្កាត់​ការប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​ដើម្បី​រឹត​បន្តឹង​សេរីភាព​អ្នកសារព័ត៌មាន​។

លោក​ថា​៖ «បើ​ខ្ញុំ​ជួប​គាត់​ ខ្ញុំ​នឹង​លើកឡើង​អ៊ីចេះ​ថា​ សូម​សម្រេចរក​យុត្តិធម៌​ឱ្យ​អ្នក​សារ​ព័ត៌​ដែល​រង​ការចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ ឱ្យ​ពួកគាត់​ប្រកប​មុខ​បរ​ឡើងវិញ​ ឱ្យ​សារព័ត៌មាន​ដែល​បាន​បិទ​ហ្នឹង​មានឱកាស​ឱ្យ​មក​បើក​ការិយាល័យ​ឡើងវិញ​ ដើម្បី​មានឱកាស​បម្រើ​ប្រជាពលរដ្ឋ​»

អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ (RSF​) នៅ​ឆ្នាំ២០១៩ បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​នៅ​អន់​ថយ​នៅឡើយ​ ក្នុង​លំដាប់ថ្នាក់​លេខ១៤៣​ ក្នុងចំណោម​ប្រទេស​ចំនួន១៨០​។

ការ​វាយ​យម្លៃ​ពី​សេរីភាព​អ្នកសារព័ត៌មាន​ធ្លាក់ចុះ​នេះ​ អង្គការ​នោះ​ លើកឡើង​ពី​ការ​បិទ​ស្ថានីយ៍​វិទ្យុ​ប្រមាណ​ជា៣០ កាលពី​ចុងឆ្នាំ២០១៧​ និង​ការ​បង្ខំចិត្ត​បិទ​ទ្វា​របស់​កាសែត​ ឌឹ​ខេម​បូ​ឌា​ដេលី​ និង​ការ​ផ្លាស់​ប្តូរ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ហើយ​ធ្វើ​ឱ្យ​ការបោះឆ្នោត​ឆ្នាំ២០១៨ ស្ងប់ស្ងាត់​៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ