ក្រសួង​ដែនដី​ប្តេជ្ញា​ចុះបញ្ជី​ដីធ្លី​ឱ្យ​បាន១០០ភាគរយ​នៅ​ឆ្នាំ២០២១​

ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ អ្នកមានជម្លោះដីធ្លីមានពីស្រុកថ្ពង និងស្រុកឱរ៉ាល់ ចំនួន ៦៩៤​នាក់ បាននាំគ្នាឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដីជាថ្មី​ ដើម្បីសុំឱ្យស្ថាប័ននេះ ផ្ដល់ដំណោះស្រាយថ្មីជូនពួកគេ។ រូបភាព៖ ខាន់ លក្ខិណា

ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់​ បាន​ដាក់​ផែនការ​ចុះបញ្ជី​ដីធ្លី​ជូន​ពលរដ្ឋ​ឱ្យ​បាន៩៤ភាគរយ​នៅ​ឆ្នាំ២០២០នេះ​ និង​ចុះបញ្ជី​ឱ្យ​បញ្ចប់១០០ភាគរយ​នៃ​ក្បាលដី​ ប៉ាន់ស្មាន​សរុប​ចំនួន៧លាន​ក្បាលដី​នៅ​ឆ្នាំ២០២១​។

ក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​ឆ្នាំ២០១៩​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០​ ក្រសួង​រៀបចំ​ដែនដី​ឱ្យ​ដឹង​ថា​ គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ២០១៩​ ក្រសួង​បាន​ចេញ​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ចំនួន ៥​ ៦២៥​ ៦៨៦បណ្ណ​ ស្មើនឹង៨០,៣៧ភាគរយ​នៃ​ក្បាលដី​ ប៉ាន់ស្មាន៧លាន​ក្បាលដី​។

ក្រសួង​បញ្ជាក់​ថា​ ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រេច​បាន​ ៥ ០០៨​ ១០៥បណ្ណ​ ដោយ​ចែក​បណ្ណ​ជូន​ពលរដ្ឋ​បាន​ចំនួន ៤​ ៦៦៣​ ០៥៦បណ្ណ​ និង​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ដាច់​ដោយ​ដុំ​សម្រេច​បាន​ ៦១៧​ ៥៨១បណ្ណ​ ក្នុង​នោះ​ដី​រដ្ឋ​បាន ១៨៥៤បណ្ណ​ ដែល​មាន​ដី​ទំហំ ៧៧៨​ ៧២៥ហិ​កតា​ ដី​ឯកជន​បាន ៦១៤​ ៩០៨បណ្ណ​ និង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន ៣០សហគមន៍​ស្មើនឹង ៨១៩បណ្ណ​ ដែល​មាន​ដី​ទំហំ ៣១៦០៥ហិ​កតា​សម្រាប់​ប្រជាពលរដ្ឋ ៣០៣៣គ្រួសារ​។

អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិមនុស្ស​ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោក​ វណ្ណ​ សុផាត​ បាន​សាទរ​ចំពោះ​ក្រសួង​ដែល​ប្តេជ្ញា​នេះ​ ប៉ុន្តែ​ លោក​មិន​សង្ឈឹម​ថា ​ក្រសួង​ធ្វើ​បានសម្រេច​ជាស្ថាពរ១០០ភាគ​នោះ​ទេ​។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​លើកឡើង​ថា​ ក្បាលដី​មួយចំនួន​របស់​ប្រជាពលរដ្ឋ​កំពុង​ជាប់ពាក់ព័ន្ធ​ជាមួយ​ជម្លោះ​មិនទាន់​បាន​ដោះស្រាយ​ចប់​នៅឡើយ​។ លោក​ វណ្ណ​ សុផាត​ បន្ត​ថា​ ដើម្បី​ចុះបញ្ជី​ដីធ្លី​ជូន​ពលរដ្ឋ​ឱ្យ​បាន​ចប់​ជាស្ថាពរ១០០ភាគរយ​ លុះត្រាតែ ​រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ដីធ្លី​ឱ្យ​បាន​ចប់​ជាមុន​សិន​។

លោក​បន្ថែម​ថា៖ ​«ខ្ញុំ​គិត ​គាត់​ពន្លឿន​យ៉ាងម៉េច​ក៏​មិន​អាច​ចុះបញ្ជី​ចប់បាន​ជាស្ថាពរ​ដែរ​ ព្រោះ​ដីស​ព្វ​ថ្ងៃនេះ​ វា​មាន​បញ្ហា​ចម្រូង​ចម្រាស​ច្រើន​។ ប៉ុន្តែ​ យើង​ស្វាគមន៍​គាំទ្រ​ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់​។ អ៊ីចឹង​ជា​អនុសាសន៍​របស់​យើង​ គឺ​គាត់​ត្រូវតែ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ឡើង​មក​តវ៉ា​សព្វថ្ងៃ​នេះ​ ឱ្យ​ចប់​សិន​ ទើប​អាច​ចុះបញ្ជី​ដីធ្លី​ចប់​បាន​»

តំណាងប្រជាពលរដ្ឋនៅខេត្តកោះកុង អ្នកស្រី ផាវ ញើង ដែលអះអាងថា សហគមន៍របស់គាត់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ជាង១០ឆ្នាំ មិនទាន់ទទួលបានដំណោះស្រាយ និងមានបណ្ណកម្មសិទ្ធត្រឹមត្រូវនោះ មិនជឿថា រដ្ឋាភិបាលធ្វើបាននោះទេ។

តំណាងពលរដ្ឋរូបនេះ អះអាងថា ក្រសួងរៀបចំដែនដីបានដោះស្រាយដីធ្លីជូនពួកគាត់រយៈពេលបីឆ្នាំហើយ ដោយតម្រូវឲ្យអាជ្ញាធរមូលដ្ឋានចុះវាស់វែង និងធ្វើបណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋ ប៉ុន្តែ ពេលនេះអាជ្ញាធរថ្នាក់ក្រោមទាំងនោះមិនបានអនុវត្តតាមឡើយ។

អ្នកស្រីបន្ថែមថា៖ «ទាល់តែពួកខ្ញុំទៅយំ ទៅស្រែកមុខក្រសួងរៀបចំដែនដីជាង១ពាន់នាក់ បានឃើញមន្ត្រីភូមិបាលស្រុកស្រែអំបិល៤នាក់ចុះមកផ្ទះខ្ញុំដើម្បីពិភាក្សាជជែករឿងចុះបញ្ជីដីធ្លី។ បើសិនណា ការចុះបញ្ជីនៅថ្ងៃនេះ មួយខែទៀតអត់ឃើញប្លង់ទេ ពួកខ្ញុំនឹងទៅតវ៉ាដល់ក្រសួងម្តងទៀត។ ព្រោះរឿងនេះវាអយុត្តិធម៌ចំពោះពួកខ្ញុំណាស់»។

កាលពី​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩​ ប្រជាពលរដ្ឋ​ជិត១ពាក់​នាក់ ​មក​ខេត្ត​ចំនួន៦ ដែល​កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​ បាន​ឡើង​តវ៉ា​មុខក្រសួង​រៀបចំ​ដែនដី​ ដើម្បី​ដាក់​ញត្តិ​សុំ​ទៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ ​ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពួកគេ​ ដោយ​ពលរដ្ឋ​ទាំងនោះ​អះអាង​ថា​ ជម្លោះដីធ្លី​របស់​ពួកគេ​បាន​អូស​បន្លាយ​ជិត២០ឆ្នាំទៅ​ហើយ​។

ក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​ឆ្នាំ២០១៩​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០​ បាន​ឱ្យ​ដឹង​ថា​ ចាប់តាំងពី​ឆ្នាំ២០១៦​ ដល់​ខែធ្នូ​ ឆ្នាំ២០១៩​ ក្រសួង​ទទួល​បា​នប​ណ្ដឹ​ងវិវាទ​ដីធ្លី​ចំនួន ២០៩៦ករណី​ ដោយ​ដោះស្រាយ​បាន​ចំនួន ៤៧៨ករណី​ ក្នុង​នោះ​បាន​ដោះស្រាយ​បញ្ចប់​ជាស្ថាពរ ២១១ករណី​ ធ្វើ​លិខិត​ឆ្លើយ​តបទៅ​ម្ចាស់​បណ្ដឹ​ង និង​បង្វែរ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេង​ដោះស្រាយ​ចំនួន ២៦៧ករណី​ ហើយ​ក្រសួង​កំពុង​ដំណើរការ​ដោះស្រាយ​ ១៦១៨ករណី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ