វិភាគ​៖ តើ​រដ្ឋាភិបាល​គួរ​ធ្វើ​យ៉ាងណា​ខ្លះ​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ក្នុង​វិស័យ​សំណង់​?

(ឆ្វេង) លោក ស ខេង – (កណ្ដាល) លោក ហ៊ុន សែន និងលោក ជា សុផារ៉ា (ស្ដាំ) ថ្លែងពីបញ្ហាបាក់រលំអគារនៅខេត្តកែប ដែលហេតុការណ៍កើតឡើងនៅថ្ងៃទី០៣ មករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ឈាន​ចូលឆ្នាំ​ថ្មី២០២០ តែ៣ថ្ងៃ​ប៉ុណ្ណោះ​ កម្ពុជា​បាន​ជួប​រឿង​ដ៏​សោកសៅ​មួយ​ដែល​បាន​កើតឡើង​ក្នុង​ខេត្ត​កែប​ ដែល​បណ្ដាល​ឱ្យ​មនុស្ស៣៦នាក់​ស្លាប់​ និង​របួស២៣នាក់​ ក្នុង​ហេតុការណ៍​បាក់​អាគារ​កម្ពស់​៧ជាន់​នៅក្នុង​ខេត្ត​នេះ​។

ហេតុការណ៍​បាក់​អាគារ​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​សម្រាប់​កម្ពុជា​ ពោល​គឺ​កាលពី​ខែមិថុនា​ ឆ្នាំ២០១៩​ អាគារ​កម្ពស់​៧ជាន់​ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​បាក់រលំ ​សម្លាប់​មនុស្ស១៧នាក់​​ និង​របួស​ចំនួន២៤នាក់​ផង​ដែរ​។

កាលពី​ថ្ងៃទី​៨ ខែមករា​ ប្រធាន​សម្ព័ន្ធ​សហជីពកម្មករ​សំណង់​ និង​ព្រៃឈើ​ លោក​ សុខ​ គីន​ បាន​ថ្លែង​ថា​ មូលហេតុ​នៃ​ការ​បាក់​រលំ​សំណង់​អគារ​កន្លងមក​ គឺប​ណ្ដា​លម​កពី​កម្សោយ​នៃ​ប្រសិទ្ធភាព​ចុះ​អធិការកិច្ច​របស់​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ និង​ការងារ​។

លោក​ សុខ​ គីន​ មានប្រសាសន៍​ថា​៖ «ខ្ញុំ​មិនដឹង​ថា ​ក្រសួង​ដែនដី​ហ្នឹង​គាត់​ចុះ​អធិការកិច្ច​នៅ​កម្រិត​ណា​ទេ​ ដែល​នៅក្នុង​អគារ​ដែល​សាង​សង់​ផ្សេង​ៗហ្នឹង​? បាទ! ​ព្រោះ​អាហ្នឹង​វា​ជា​នីតិវិធី​មួយ​ដែល​អធិការកិច្ច​ការងារ​គេ​មាន​វិធី​សាស្ត្ររបស់​គេ​ក្នុង​អធិការកិច្ច​ការងារ​។ ប៉ុន​គ្រាន់​ថា​ ប្រសិទ្ធភាព​កម្រិត​ណា​ មានប្រសិទ្ធភាព​ ឬគ្មាន​ប្រសិទ្ធភាព​ យើង​មើលឃើញ​ទាំងអស់គ្នា​។ ខ្ញុំ​គិតថា ​វា​មិនសូវ​មានប្រសិទ្ធភាព​»។

ស្ថានភាព​ និង​ការ​ប្រឈម​របស់​កម្មករ​សំណង់​នៅ​កម្ពុជា​

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​ មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​។ យោង​តាម​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ឆ្នាំ២០១៩​ ក្រសួង​រៀបចំ​ដែនដី​បាន​លើកឡើង​ថា​ ចាប់តាំងពី​ឆ្នាំ២០០០​ រហូតដល់​ឆ្នាំ២០១៩​ រដ្ឋាភិបាល​បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ ៤៨​ ៤៤៦គម្រោង​ ដែល​មានតម្លៃ​ប្រមាណ​ជាង​ ៥៣លាន​ដុល្លារ​អាមេរិក​។ ខណៈ​ក្នុង​ឆ្នាំ២០១៩នេះ​ រដ្ឋាភិបាល​បាន​អនុម័ត​គម្រោង​សាងសង់​បាន​ ៤ ៨៨៨គម្រោង​ ដែល​មានតម្លៃ​ប្រមាណ​ ១១លាន​ដុល្លារ​ ក្នុង​នោះ​ចំពោះ​សំណង់​អាគារ​ចាប់ពី៥ជាន់ ​ដល់៩ជាន់​ មាន២៣៨អាគារ​ ពី១០ ដល់១៩ជាន់ មាន១៦៧អាគារ​ ពី២០ ដល់២៩ជាន់​ មាន​៦៤អាគារ​ ពី៣០​ ដល់៣៩ជាន់ ​មាន២៩អាគារ​ និង​ពី៤០ជាន់ឡើង ​មាន១៥អាគារ​។

ទន្ទឹម​នឹង​ការ​រីកចម្រើន​ កម្មករ​ដែល​ជា​អ្នកធ្វើការ​ដោយ​ផ្ទាល់​ក្នុង​វិស័យ​នេះ​ ត្រូវ​បាន​អ្នកជំនាញ​រក​ឃើញថា​នៅតែ​ប្រឈម​នឹង​បញ្ហា​ និង​ហានិភ័យ​ខ្ពស់​ បើ​ធៀប​នឹង​កម្មករ​ដែល​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​។

ប្រធាន​សម្ព័ន្ធ​សហជីពកម្មករ​សំណង់​ និង​ព្រៃឈើ​ លោក​ សុខ​ គីន​ មានប្រសាសន៍​ថា​ បច្ចុប្បន្ន​ កម្មករ​សំណង់​នៅ​កម្ពុជា​ ជាង២០ម៉ឺន​នាក់​ កំពុង​ប្រឈម​ហានិភ័យ​គ្រោះថ្នាក់​ការងារ​ខ្ពស់​ដល់​ជិត២០ភាគរយ​ បើ​ធៀប​នឹង​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ដែល​មាន​ត្រឹម៥ភាគរយ​ ប៉ុន្តែ​ ពួកគេ​ទទួល​បានការ​ធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ​ និង​របប​សន្តិសុខ​សង្គម​តិចតួច​។

លោក​បញ្ជាក់​ថា​ តាម​ការ​ចុះ​ស្រាវជ្រាវ​របស់​អង្គការ​លោក​នៅ​ចុងឆ្នាំ២០១៧​ លើ​កម្មករ​សំណង់​ជាង១០០០នាក់​ បាន​រក​ឃើញថា​ ក្នុងចំណោម​ពួកគេ១០០នាក់​ មាន១៩នាក់​ បាន​ជួប​គ្រោះថ្នាក់​ពេល​បំពេញភារកិច្ច​ ហើយ​គ្រោះថ្នាក់​នោះ​ មានដល់​ថ្នាក់​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ ឬធ្លាក់​ពីលើ​អគារ​ ជាដើម​។

លោក​ថា​៖ «យើង​មើលឃើញ​ទិន្នន័យ​ និង​អត្រា​គ្រោះថ្នាក់​ គឺ​ខ្ពស់​មែនទែន​ ដល់ទៅ១៩ភាគរយ​។ អ៊ីចឹង​ សូម្បីតែ​ក្រសួងការងារ​ អង្គការ​ ILO​ ស្ថាប័ន​ពាក់ព័ន្ធ​ គិតថា​ នៅក្នុង​ប្រទេស​កម្ពុជា​ មាន​អត្រា​គ្រោះថ្នាក់​ខ្លាំង​មែនទែន​ ហើយ​ការធានា​ និង​ការ​ព្យាបាល​មានកម្រិត​តិចតួច​។ បាទ​ចឹង​ ខ្ញុំ​គិតថា​ កម្មករ​នៅក្នុង​វិស័យ​សំណង់​នៅតែ​មាន​បញ្ហា​»។

ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិ​ភាព​ លោក​ យ៉ង​ គិម​អេង​ មានប្រសាសន៍​ថា​ បញ្ហា​នេះ​មិន​ត្រឹមតែ​មាន​គ្រោះ​ដល់​កម្មករ​ប៉ុណ្ណោះទេ​ វា​បង្ក​ឱ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​ និង​អ្នក​រស់នៅ​ជិត​សំណង់​ទាំងនោះ​ផង​ដែរ​ ព្រោះតែ​ការដ្ឋាន​មួយចំនួន​គ្មាន​ការ​ការពារ​សុវត្ថិភាព​បាន​ត្រឹមត្រូវ​។

លោក​ យ៉ង់​ គិម​អេង​ មានប្រសាសន៍​ថា​៖ «ធ្លាក់​ត្រូវ​មនុស្ស​ស្លាប់​ របួស​ស្មា​ម ធ្លាក់​ត្រូវ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​គេ​ដូចជា​ឡាន​ ជា​អី​។ បញ្ហា​នេះ​កើតឡើង​ដោយសារ​អត់មាន​ការ​ត្រួតពិនិត្យ​ពី​ប្រព័ន្ធ​សុវត្ថិភាព​ ហើយ​ និង​ការ​ធ្វើការ​អង្កេត​មើល​ពី​ប្រព័ន្ធ​សុវត្ថិភាព​នៃ​សំណង់​នី​មួយ​ៗ ដែល​នេះ​ហើយ​ជា​បញ្ហា​»។

តើ​គួរតែ​ដល់ពេល​អនុវត្ត​ច្បាប់​សំណង់​ឱ្យ​មាន​ប្រសិទ្ធភាព​ឬនៅ​?

ច្បាប់​សំណង់​កម្ពុជា​ទើបតែ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ កន្លងទៅ​ ស្រប​ពេល​ដែល​គម្រោង​សាងសង់​នៅ​កម្ពុជា​កាន់តែ​ច្រើន​ ដោយ​ច្បាប់​នេះ​មាន​គោលបំណង​ធានា​គុណភាព​ សន្ដិ​សុខ​ សុវត្ថិភាព​សំណង់​ ដល់​ម្ចាស់​សំណង់​ អ្នកប្រើ​ប្រាស់​ និង​សាធារណជន​ រក្សា​សោភ័ណភាព​បរិស្ថាន​ គណនេយ្យ​ភាព​ការងារ​សំណង់​ និង​បង្កើន​ទំនុកចិត្ត​របស់​អ្នក​វិនិយោគ​។ ក្នុង​ច្បាប់​នេះ​ក៏​មាន​ចែង​ពី​ការ​ចុះ​អធិការកិច្ច​ ការទទួលខុសត្រូវ​ និង​ទោស​បញ្ញា​ត្តិ​ផង​ដែរ​។

មេធាវី​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ លោក​មេធាវី​ ហុង​ គឹ​មសួន​ មានប្រសាសន៍​ថា ​ច្បាប់​មួយ​ត្រូវការ​ពេលវេលា​យូរ​ ឬឆាប់​ ដើម្បី​ជ្រាប​ដល់​សាធារណជន​ទូទៅ​ គឺ​អាស្រ័យ​លើ​ទំហំ​នៃ​ច្បាប់​ និង​ភាព​បន្ទាន់​នៃ​ការអនុវត្ត។ លោក​បន្ថែម​ថា​ ដើម្បី​ឱ្យ​ច្បាប់​នេះ​ទទួល​បានការ​អនុវត្ត​ពេញលេញ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏ដូចជា​មន្ត្រី​រដ្ឋាភិបាល​ខ្លួនឯង​ផ្ទាល់​ គឺជា​អ្នក​ជំរុញ​ និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ក្នុង​ប្រទេស​។

លោក​មេធាវី​ ហុង​ គឹ​មសួន​ មានប្រសាសន៍​ថា​៖ «មិនខ្វះទេ​កម្លាំង​នគរបាល​ មិន​ចាំ​កម្លាំង​នគរបាល​សាធារណៈ​ផង​! នគរបាល​តាមតែ​សង្កាត់​តាម​ឃុំ​ហ្នឹង​គឺជា​អ្នកដើរ​មើល​សុវត្ថិភាព​ឱ្យ​ប្រជាពលរដ្ឋ​ គឺ​មើល​តាំងពី​សុវត្ថិភាព​នៃ​ការសាងសង់​ហ្នឹង​ទៅ​គឺ​បាន​ហើយ​។ វា​មិនខ្វះទេ​ បើសិន​មានការ​ផ្សព្វផ្សាយ​របៀប​នេះនោះ​។ […] រឿង​នេះ ​វា​មក​ពី​ការ​មិន​យកចិត្ត​ មិន​ព្រួយបារម្ភ​ មិន​យកចិត្ត​ទុកដាក់​ពី​ទុក្ខសោក​របស់​ប្រជាពលរដ្ឋ​ពីសំណាក់​អាជ្ញាធរ​»។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោក​ មួង​ សូ​នី​ ឱ្យ​ដឹង​ថា ​វា​ដល់ពេល​ដែល​អាជ្ញាធរ​អនុវត្ត​ច្បាប់​សំណង់​ពេញទំហឹង​ និង​អប់រំ​ពលរដ្ឋ​ពី​ច្បាប់​នេះ​ ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពលរដ្ឋ​ហើយ​។

លោក ​មួង​ សូ​នី​ លើកឡើង​ថា​៖ «ភាគច្រើន​សំណង់​នៅ​ប្រទេស​កម្ពុជា​យើង​គឺ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​អត់មាន​ការ​សុំច្បាប់​ ដោយសារតែ​ពលរដ្ឋ​ហ្នឹង​គឺ​គាត់​អត់​ទាន់​ដឹងឮ​អំពី​ច្បាប់​ដែល​មានស្រាប់​។ ទីពីរ​ គឺ​ការ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ហ្នឹង​គឺ​មានកម្រិត​ទាប​ ហើយ​ចំណុច​ទី៣ គឺ​ប្រព័ន្ធ​រដ្ឋបាល​របស់​(រដ្ឋ)គឺ​គាត់​អត់មាន​ការ​ជំរុញ​ឱ្យ​អនុវត្ត​។ បានន័យ​ថា ​អ្នកណា​សាងសង់​អី​ សាងសង់​ទៅ យើង​(អាជ្ញាធរ​)អត់មាន​ចុះទៅ​ត្រួតពិនិត្យ​ ចេះតែ​បណ្ដោយ​រហូតដល់​តែ​មាន​កើតហេតុ​ បាន​យើង​ទៅ​ត្រួតពិនិត្យ​ នេះ​ហើយ​ជា​បញ្ហា​ដែល​កំពុងតែ​កើតមាន​»។

ជា​រួម ​អ្នក​តាមដាន​យល់ថា​ រដ្ឋ​គួរតែ​ចាប់ផ្ដើម​អនុវត្តច្បាប់​សំណង់​តឹង​រ៉ឹង​នៅក្នុង​ប្រទេស​ហើយ​ ខណៈ​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​នេះ​ដល់​ពលរដ្ឋ​ឱ្យ​មានចំណេះ​ដឹង​ទូលំទូលាយ​ផង​ដែរ​។

ដំណោះស្រាយ​

នៅ​ថ្ងៃទី១៤​ ខែមករា​ ក្រសួង​រៀបចំ​ដែនដី​បាន​បើក​វគ្គ​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​សំណង់​ ជូន​អ្នក​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​។ ក្នុង​ពិធី​បើក​នោះ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ លោក​ ជា​ សុ​ផា​រ៉ា​ បាន​ថ្លែង​បញ្ជាក់​ថា​ ចាប់ពី​ថ្ងៃនេះ​ទៅ​ ច្បាប់​សំណង់​នឹង​ត្រូវ​អនុវត្ត​ឱ្យ​បាន​តឹង​រ៉ឹង​បំផុត​។ លោក​ក៏បាន​ជំរុញ​ដល់​អ្នកសាង​សង់​ឱ្យ​ចូលរួម​គោរពច្បាប់​ថ្មីនេះ​ផង​ដែរ​។

លោក​ ជា​ សុ​ផា​រ៉ា​ មានប្រសាសន៍​ថា​៖ «ពីមុន​ អត់មាន​ច្បាប់​ បច្ចុប្បន្ន​នេះ​គឺ​មានច្បាប់​ ហើយ​ជឿជាក់​ចុះ​ថា ​ខ្ញុំ​នឹងអាច​អនុវត្តបាន​។ បើ​អត់ច្បាប់ ​ខ្ញុំ​អត់​ដឹង​ថា​ម៉េចដែរ​? អង្វរ​គេ​ ក៏​គេ​អត់​ស្ដាប់​យើង​ ទៅ​សំពះ ​ក៏​មិន​និយាយរក​។ ឥឡូវ​អត់ទេ​! គឺ​ធ្វើ​ទៅតាមច្បាប់​ ម្ដង​ចុះ​ទៅ​ត្រួតពិនិត្យ​មាន​ឯកសារ​ រុញ​ធ្វើជា​ដើមបណ្ដឹង​ទៅ​តុលាការ​ ព្រះរាជអាជ្ញា​ធរ​ចេញ​លិខិត​ទៅ​ គឺ​ចប់ហើយ​។ បើ​យើង​ធ្វើ​យ៉ាង​ដូច្នេះ​ ទើប​យើង​អាច​សម្រេច​បាន​នូវ​គោលបំណង​នៃ​ច្បាប់​នេះ​ » ។

ទោះជាយ៉ាងណា ​សម្រាប់​អ្នក​តាមដាន​យល់ថា​ ការអនុវត្ត​ច្បាប់​តែមួយមុខ​គឺ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោក​ មួង​ សូ​នី​ បាន​លើកឡើង​ថា​ ក្រៅពី​ការអនុវត្ត​ច្បាប់​ រដ្ឋាភិបាល​ផ្ទាល់​គួរតែ​មាន​វិធានការ​លុបបំបាត់​អំពើពុករលួយ​ឱ្យ​ខ្លាំងក្លា​ផង​ដែរ​។

លោក ​មួង​ សូ​នី​ និយាយ​ថា​៖ «ការអនុវត្ត​ច្បាប់​គឺ​ត្រូវ​ទៅ​ទាំងអស់គ្នា​ មិនមែន​តែ​សម្រាប់​សំ​ណង់​ធំៗ​ទេ​ តែ​វា​ល្អ​ដែរ​ព្រោះ​អ្នក​ដែល​ធំៗ​គឺ​សាងសង់​អា​គារ​ខ្ពស់​ៗដែល​មាន​ហានិភ័យ​ច្រើនជាង​អ្នក​ដែល​សាងសង់​អា​គា​រតូចៗ​ តែ​រឿង​ចម្បង​មួយទៀត​នោះ​គឺ​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ធ្វើ​យ៉ាងណា​លុបបំបាត់​អំពើពុករលួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ ទើប​អាច​ធ្វើការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​បាន​»។

សម្រាប់​ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិ​ភាព ​លោក​ យ៉ង់​ គិម​អេង​ បាន​លើកឡើង​ថា៖ «ច្បាប់​សំណង់​គឺ​ត្រូវ​អនុវត្ត​ ក៏ប៉ុន្ដែ​ការអនុវត្ត​ហ្នឹង​គឺ​ត្រូវ​ជួយ​ពួកគាត់​ ឱ្យ​ការសាងសង់​ហ្នឹង​កាន់តែ​មាន​សុវត្ថិភាព​ មានគុណ​ភាព​។ ផ្ទុយទៅវិញ ​កុំ​កោស​រូសគា​ត់​ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ហ្នឹង​ទៅជា​មិន​ចង់​សហការ​ជាមួយ​អាជ្ញាធរ​ ដែល​គាត់​យល់ថា ​អាជ្ញាធរ​មក​គឺ​គ្មាន​អី​ក្រៅពី​កោស​រូ​សលុយ​ហ្នឹង​! ធ្វើ​យ៉ាងម៉េច​ត្រូវ​កែប្រែ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ ពី​ការ​មើលឃើញ​អាជ្ញាធរ​ថាទៅ​ទារ​លុយ​ទារ​កាក់​ ដែល​ជា​រឿង​អំពើពុករលួយ​ មក​ជា​ការ​គិត​ពី​អាជ្ញាធរ​ទៅ​ជួយ​ឱ្យ​សំណង់​របស់​គាត់​កាន់តែ​មានគុណ​ភាព​ និង​សុវត្ថិភាព​សម្រាប់​ការរស់នៅ​ក៏ដូចជា​អ្នក​ដែល​កំពុង​សាងសង់»​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ