លោក​ ហ៊ុន​ សែន​ ប្រកាស​ផ្តល់​មេធាវី​សម្រាប់​ជួយការ​ពារ​អ្នកកាសែត​ដែល​ប្រឈម​នឹង​បណ្ដឹង​ផ្លូវច្បាប់​

កិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ2019 និងលើកផែនការការងារប្រចាំឆ្នាំ2020 របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។ (ហ្វេសប៊ុក ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន)

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ផ្តល់​មេធាវី​សម្រាប់​ការពារ​ក្ដី​ដល់​អ្នកកាសែត​ ដែល​ប្រឈមមុខនឹង​បណ្ដឹង​ផ្លូវច្បាប់​ណាមួយ​អំឡុង​ពេល​ពួកគេ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ ប៉ុន្តែ​ លោក​ថា​ សេវា​ការពារ​ក្ដី​មួយ​នេះ​ នឹង​ត្រូវ​បាន​ផ្ដល់​ជូន​អាស្រ័យ​លើ​លក្ខណៈ​វិនិច្ឆ័យ​ដាច់ដោយឡែក​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​អំពី​ការ​ផ្ដល់​មេធាវី​ការពារ​ក្ដី​សម្រាប់​អ្នកកាសែត​បែបនេះ​ ក្នុង​ជំនួប​លើក​ទី៤ រវាង​លោក​ និង​ក្រុម​អ្នកសារព័ត៌មាន​ជិត​ ៦ពាន់​នាក់​ កាលពី​ល្ងាច​ថ្ងៃម្សិលមិញ​នេះ​។

នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកព័ត៌មានសរុបជាង៥ ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកព័ត៌មានសរុបជាង៥ ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ (ហ្វេសប៊ុក លោក ហ៊ុន សែន)

លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​៖ «អ្នកសារព័ត៌មាន​បំពេញវិជ្ជា​ជីវៈ​របស់​គេ​ ត្រូវ​បាន​ទទួលការ​ប្តឹង​ពី​អ្នកនេះ​ពី​អ្នកនោះ​ យើង​ត្រូវ​ចេញ​មុ​ខការ​ពា​ឱ្យ​ ប៉ុន្តែ​ មេធាវី​នេះ​មាន​សិទ្ធិ​បដិសេធ​ចំពោះ​ការ​ស្នើសុំ​អ្នកសារព័ត៌មាន​ណា​ ដែល​ជេរ​ម្ដាយ​គេ​ ដែល​បំភ្លៃ​ការពិត​»

ក្នុង​ពិធី​នោះ​ដែរ​ លោក​ ហ៊ុន​ សែន​ បាន​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ទាំងអស់​ ឱ្យ​ប្រកាន់​ក្រមសីលធម៌​មិន​ប្រើ​សម្ដី​ជេរប្រមាថ​ បំពាន​សិទ្ធិ​អ្នកដទៃ​ និង​ផ្សព្វផ្សាយ​បំភ្លៃ​ការពិត​នោះ​ឡើយ​។

លោក​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ លោក​បាន​ប្រគល់​សិទ្ធ​ទៅ​ប្រធាន​ក្រុម​មេធា​វី​ស្ម័គ្រ​ចិត្ត​របស់​លោក​ គឺ​លោក​ គី​ តិច​ ជា​អ្នកចាត់ចែង​ និង​ទទួលខុសត្រូវ​។

ហើយ​ទន្ទឹម​នឹង​ការប្រកាស​ផ្តល់​មេធាវី​ការពារ​ក្ដី​ដល់​អ្នក​សា​ព័ត៌មាន​នេះ​ លោក​ ហ៊ុន​ សែន​ ក៏​ស្នើ​ឱ្យ​លោក​ គី​ តិច​ ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​អំពី​អង្គហេតុ​ និង​អង្គច្បាប់​ មុន​ទទួលយក​សំ​ណើសុំ​ការពារ​ពីសា​ព័ត៌មាន​។

វី​អូ​ឌី​មិន​អាច​សុំ​ការ​បញ្ជក់​បន្ថែម​ពី​លោក​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោកនាយក​រដ្ឋមន្ត្រី​បានទេ​នៅ​ថ្ងៃនេះ​ ដោយ​ទូរសព្ទ​ចូល​ហើយ​ តែ​លោក​ចុច​បិទ​។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (ខេម​បូ​ចា​) លោក​ ម៉ៃ​ ទិត្យ​ថា​រ៉ា​ បាន​សាទរ​ចំពោះ​ការសម្រេច​បែបនេះ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោយ​ចាត់ទុកថា​ ជា​ចំណុច​ល្អ​មួយ​សម្រាប់​អ្នកសារព័ត៌មាន​ នៅពេល​ពួកគេ​ប្រឈមមុខនឹង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ។

ប៉ុន្តែ​ លោក​ក៏​មានការ​បារម្ភ​ថា​ អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ដែល​ហ៊ាន​សរសេរ​រិះគន់​ពី​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ អាច​នឹង​មិន​ទទួល​បាន​សេវា​នេះ​ទេ​ ដោយសារ​មេធាវី​ទាំងនោះ​ភ័យខ្លាច​ មិន​ហ៊ាន​ចេញមុខ​ការពារ។

លោក​ ម៉ៃ​ ទិត្យ​ថា​រ៉ា​ ប្រាប់​ថា​៖ «ខ្ញុំ​គិតថា​ អញ្ចេះ​ទេ​ ដើម្បី​ឱ្យ​មាន​តម្លាភាព​សម្រាប់​អ្នកសារព័ត៌មាន​ និង​មេធាវី​ គ្រាន់តែ​ភាគី​ទាំងពីរ​ហ្នឹង​ ហ៊ាន​ធ្វើ​រឿង​ដែល​កើតឡើង​ពិតប្រាកដ​ ដោយ​ពុំ​មានការ​ភ័យខ្លាច​។ ឧទាហ​រណ៍​ថា​ អ្នកនេះ​ធ្វើការ​ឱ្យ​កាសែត​នេះ​ ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ ខ្លួន​មិន​ហ៊ាន​ការពារ​ក្ដី​ឱ្យ​ ខ្លាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​។ អ៊ីចឹង ​សុំ​ឱ្យ​ភាគី​ទាំងពីរ​ហ្នឹង​ លុះត្រាតែ​ហ៊ាន​ធ្វើការ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​ពួកគាត់​ផ្តល់​ដោយ​ពុំ​មានការ​ភ័យខ្លាច​»

បច្ចុប្បន្ន​នេះ​ អតីត​អ្នកយកព័ត៌មាន​ឱ្យ​អតីត​កាសែត​ខេម​បូ​ឌា​ ដេលី​ ២រូប​ មាន​លោក​ អូន​ ភាព​ និង​លោក Zsombor​ Peter​ កំពុង​ប្រឈមមុខនឹង​ការចោទប្រកាន់​ពី​បទ​ញុះញង់​ទៅតាម​បណ្ដឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​ខេត្តរតនគិរី​ ក្រោយពី​អ្នកកាសែត​ទាំងពីរ​នាក់​នោះ​ចុះទៅ​យក​ព័ត៌មាន​នៅមុន​ការបោះឆ្នោត​ឃុំ​-សង្កាត់ ​ឆ្នាំ២០១៧។

ចំណែក​អតីត​បុគ្គលិកវិទ្យុ​អាស៊ី​សេរី​ ២រូប​ លោក​ អ៊ួន​ ឈិន​ និង​លោក​ យាង​ សុ​ធារិ​ន្ទ​ (ហៅ​ យាង​ សុ​ជា​មេត្តា​) កំពុង​ស្ថិត​ក្រោម​ការចោទប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម​បម្រើ​ឱ្យ​រដ្ឋ​បរទេស​ ក្រោយពី​ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ ចាប់ខ្លួន​កាលពី​ចុងឆ្នាំ២០១៧​។ សំណុំរឿង​របស់​ពួកគេ​ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បើក​ការស៊ើបអង្កេត​ឡើងវិញ​។

លោក​ យាង​ សុ​ធារិ​ន្ទ​ បាន​លើកឡើង​ថា​ វា​ជាការល្អ​ដែល​រដ្ឋាភិបាល​ផ្តល់​មេធាវី​ដើម្បី​ការពារ​ក្ដី​ជូន​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ ប៉ុន្តែ​ លោក​ថា​ វា​នឹង​មិនបាន​ផលប្រយោជន៍​ទេ​ ប្រសិនបើ​ប្រព័ន្ធ​តុលាការ​មិនល្អ​ មិន​ឯករាជ្យ​នោះ​។

លោក​ យាង​ សុ​ធារិ​ន្ទ​ និយាយ​ថា​៖ «ទោះបីជា​ខំ​ផ្តល់​មេធាវី​ឱ្យ​គាត់​យ៉ាងណាក៏ដោយ​ ប្រសិនបើ​ប្រព័ន្ធ​តុលាការ​ហ្នឹង​ អត់​យុត្តិធម៌​ទៅ​ហើយ​ វា​មិន​អាច​ជួយ​អ្វី​បាន​ដល់​អ្នកកាសែត​ទេ​។ អ៊ីចឹង​ សម្រាប់​ខ្ញុំ​ អ្វី​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ​ គឺ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​ឱ្យ​ល្អ​ វា​ជាជាង​ផ្តល់​មេធាវី​។ តែ​ប្រព័ន្ធ​អត់​ល្អ​ វា​ក៏​មិនល្អ​ដែរ​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ