លោក​ ហ៊ុន​ សែន​ ប្ដេជ្ញា​ជំរុញ​សេចក្ដីព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យ​ចេញ​រូបរាង​នៅក្នុង​ឆ្នាំនេះ​

នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកព័ត៌មានសរុបជាង៥ ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ (ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្ដេជ្ញា​ជំរុញ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ឱ្យ​ចេញ​នៅក្នុង​ឆ្នាំនេះ​ បន្ទាប់ពី​សេចក្ដីព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​អស់​រយៈពេល​យ៉ាងតិច​ ៦ឆ្នាំ​មក​ហើយ​នោះ។

លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​បែបនេះ​ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ជិត​ ៦ពាន់​នាក់​ កាលពី​ល្ងាច​ថ្ងៃម្សិលមិញ​នេះ​។

លោក​ ហ៊ុន​ សែន​ ថ្លែង​ថា​៖ «អ្វី​ដែល​ជាក់លាក់​ គឺ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ត្រូវ​ចេញ​ឱ្យ​បាន​នៅក្នុង​ឆ្នាំ២០២០​។ ឥឡូវ​ វា​នៅតែ​ក្រសួង​យុត្តិធម៌​ទេ​។ ក្រសួង​យុត្តិធម៌​ មិន​ត្រូវការ​ពេល​ប៉ុន្មាន​ទេ​ គ្រាន់តែ​យក​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ក្រមរ​ដ្ឋ​ប្ប​វេណី​ និង​យក​ទៅ​ផ្ទៀងផ្ទាត់​ជាមួយនឹង​ក្រម​ព្រហ្មទណ្ឌ​ ដើម្បី​ឱ្យ​មាន​សុ​គ្គ​តភាព​ [ភាព​ស្របគ្នា​] រវាង​ច្បាប់​ទាំងឡាយ​ជាមួយគ្នា​តែប៉ុណ្ណោះ​ ទៅលើ​បទ​ប្ប​ញ្ញ​តិ​ស្ដី​ពី​ទោ​សប្ប​ញ្ញ​តិ​»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន​ បាន​ប្រាប់​ថា​ សេចក្ដីព្រាង​ច្បាប់​មួយ​នេះ​ កំពុង​ស្ថិតនៅ​ក្រោម​ការពិនិត្យ​ផ្ទៀងផ្ទាត់​ទៅលើ​ខ្លឹមសារ​នៃ​ទោ​សប្ប​ញ្ញ​ត្តិ​ជាមួយ​ក្រសួងព័ត៌មាន​ មុននឹង​បញ្ជូន​ទៅ​ទី​ស្ដី​គណៈរដ្ឋ​មន្ត្រី​នា​ពេល​ឆាប់​ៗនេះ​។

លោក​ ជិន​ ម៉ា​លីន​ ប្រាប់​ថា​៖ «ជា​នីតិវិធី​ ក្រសួង​យុត្តិធម៌​ នឹង​ត្រួតពិនិត្យ​មើល​ផ្នែក​នៃ​ទោសប្បញ្ញត្តិ​។ ឥឡូវនេះ​ ក្រសួង ​[យុត្តិធម៌​] កំពុងធ្វើការ​ជាមួយ​ក្រសួងព័ត៌មាន​ ដើម្បី​ពិភាក្សា​ និង​កែសម្រួល​។ សួរ​ថា​ ពេលណា​ យើង​ក៏​អត់​ដឹង​ដែរ​ អាស្រ័យ​ទៅលើ​ស្ថានភាព​ជាក់ស្តែង​ ទំហំ​ការងារ​»

អ្នកសារព័ត៌មាន​សេរី​ លោក​ ម៉ម​ មុនី​រត​ន៍​ ប្រាប់​ថា​ លោក​ចង់​ឃើញ​សេចក្ដីព្រាង​ច្បាប់​នេះ​លេចចេញ​ជារូបរាង​ឱ្យ​បាន​ឆាប់​ ប៉ុន្តែ​ លោក​លើកឡើង​ថា​ មាត្រា​មួយចំនួន​នៃ​សេចក្ដីព្រាង​ច្បាប់​នេះ​ នៅតែ​មានការ​រឹតត្បិត​សេរីភាព​អ្នកសារព័ត៌មាន​ ក្នុង​ការ​ស្នើសុំ​ព័ត៌មាន​ពី​ស្ថាប័នរដ្ឋ​។

លោក​ ម៉ម​ មុនី​រត​ន៍​ និយាយ​ថា​៖ «នៅក្នុង​សេច​ក្ដី​ព្រាងច្បាប់​បាន​កំណត់​ថា​ ប្រសិនបើ​អ្នក​ដែល​ត្រូវ​ស្នើសុំ​ យល់ឃើញ​ថា​ អ្នកកាសែត​សុំ​ព័ត៌មាន​ធ្វើ​ឱ្យ​មានការ​រំខាន​ គេ​មាន​សិទ្ធិ​ប្តឹង​បក​មកវិញ​ ហើយ​អ្នកស្នើ​សុំ​ព័ត៌មាន​ ពោល​អ្នកកាសែត​ អាច​ប្រឈម​នឹង​ការ​ជាប់ទោស​ទណ្ឌ​។ ដូច្នេះ​ ខ្លឹមសារ​ទាំងអស់​នេះ​ ខ្ញុំ​យល់ថា​ វា​ជា​ចេតនា​អាក្រក់​ដែល​មិនមែន​ជា​រឿង​ល្អ​សម្រាប់​អ្នក​សែត​ទេ​»

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា​ ខេម​បូ​ចា​ លោក​ ម៉ៃ​ ទិត្យ​ថា​រ៉ា​ លើកឡើង​ថា​ កង្វះ​ច្បាប់​មួយ​នេះ​ បាន​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​ ជួបប្រទះ​បញ្ហា​លំបាក​ក្នុង​ការស្វែងរក​ព័ត៌មាន​រសើបៗ​ពី​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ ដែល​ត្រូវ​យក​មក​ផ្សព្វផ្សាយ​។

លោក​ ម៉ៃ​ ទិត្យ​ថា​រ៉ា​៖ «ការជំរុញ​ឱ្យ​បញ្ចប់​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក្នុង​ពេល​ឆាប់​ៗនេះ​ គឺជា​ចំណុច​មួយ​ល្អ​។ ចំណុច​ល្អ​ហ្នឹង​មិនមែន​សម្រាប់​តែ​អ្នកសារព័ត៌មាន​ទេ​ គឺ​សម្រាប់​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ ពីព្រោះ​គាត់​ងាយស្រួល​ក្នុង​ការ​សុំ​ព័ត៌មាន​ពី​ក្រុមហ៊ុន​ឯកជន​ ឬខាង​ស្ថាប័ន​រដ្ឋាភិបាល​។ គាត់​អាច​ទទួល​បាន​ព័ត៌មាន​បាន​គ្រប់ជ្រុងជ្រោយ​»

កាលពីដើម​ឆ្នាំមុន​ អង្គការ​ និង​សមាគម​ចំនួន​១៩​ បាន​ផ្ញើ​លិខិត​៤ ដាច់ដោយឡែក​ពីគ្នា​ ទៅ​ស្ថាប័ន​កំពូល​របស់​រដ្ឋ​ និង​រដ្ឋាភិបាល​ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំងនោះ​ជំរុញ​ដំណើរការ​តាក់តែង​ច្បាប់​ និង​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​នេះ​ ដោយ​ថា​ ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។

សេចក្ដីព្រាង​ច្បាប់​មួយ​នេះ​ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​នៅ​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៣​ ហើយ​សេចក្ដីព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​រៀបចំ​តាក់តែង​រួមគ្នា​រវាង​ក្រសួងព័ត៌មាន​ អង្គការ​វប្បធម៌​វិទ្យាសាស្ត្រ​ និង​អប់រំ​នៃ​អង្គការសហប្រជាជាតិ​ (យូ​ណេស្កូ​) ស្ថានទូត​នៃ​ប្រទេស​ស៊ុយអែត​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ២០១៤មក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ