អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​ផ្សាយ​ផ្ទាល់​សវនាការ​សំណុំរឿង​ចោទប្រកាន់​លោក​ កឹម​ សុខា​

លោក កឹម សុខា អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ ​ដើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (បញ្ញា ឆពណ្ណ)

អ្នកឃ្លាំមើល​បញ្ហា​សង្គម​ និង​អង្គការ​សមាគម​ជាង៨០​ ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បង្ហាញ​តម្លាភាព​តាមរយៈ​ការផ្សាយ​ផ្ទាល់​ និង​បើកទូលាយ​សម្រាប់​អ្នកអង្កេត​ការណ៍​ ចំពោះ​សវនាការ​ប្រឆាំង​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ ដែល​ចោទ​ពី​បទ​«ក្បត់ជាតិ​»។

ពីរ​ថ្ងៃ​មកនេះ​ លោក​ កឹម​ សុខា​ និង​មេធាវី​ការពារ​ក្ដី​៤រូប​ទៀត​ បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្រឆាំង​នឹងង​បទ​ចោទ​ថា​ ឃុបឃិតជាមួយ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន​ សែន​ ក្រោយពី​តុលាការ​បង្គាប់​ឱ្យ​ឃុំខ្លួន​ជិត២ឆ្នាំ​ រួចមក​។

ប៉ុន្តែ​ សវនា​កា​នេះ​ មាន​មនុស្ស៣០នាក់​ប៉ុណ្ណោះ​ បាន​ចូលរួម​ស្តាប់​ការ​សួរដេញដោល​ក្នុង​សវនាការ​នេះ​ ដែល​ភាគច្រើន​ជាម​ន្ត្រី​តំណាង​ស្ថានទូត​ប្រចាំ​កម្ពុជា​។

ចំណែក​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ អ្នកសារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ រួម​ទាំង​ប្រជាពលរដ្ឋ​ផង​ មិនបាន​ចូល​ស្តាប់​ការ​តតាំង​ក្ដី​ រវាង​ភា​គី​ដើម​បណ្ដឹ​ងមក​ពី​រដ្ឋាភិបាល​ និង​ភាគី​ចុងចោទ​ មក​ពី​គណបក្ស​ប្រឆាំង​នោះ​ទេ​ ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ (CENTRAL) លោក​ មឿន​ តុលា​ មានប្រសាសន៍​ថា​ រឿង​នេះ​ជា​រឿង​ជាតិ​ ហើយ​ការផ្សាយ​ផ្ទាល់​ជា​រឿង​សំខាន់​ ដើម្បី​ឱ្យ​ពលរដ្ឋ​ទាំង​ក្នុង ​និង​ក្រៅប្រទេស​ បាន​តាមដាន​ និង​ដឹងការ​ពិត​ថា​ ភាគី​ណា​ជា​អ្នកក្បត់​ជាតិ​ពិតប្រាកដ​។

លោក​ថា​៖ «ប្រសិនបើ​សវនាការ​ហ្នឹង​អត់​បានដឹង​ជា​សាធារណ​ទេ​ ឬក៏​បានដឹង​តែ​ផ្នែក​ណាមួយ​ដែលគេ​ចង់​ឱ្យ​ដឹង​ នៅតែ​ដាក់​មន្ទិលសង្ស័យ​ទៅលើ​ជាតិ​ទាំងមូល​ដែរ​។ មានន័យថា ​ប្រជាជាតិ​ទាំងមូល​នៅតែ​មិនអស់ចិត្ត​ថា ​អ្នក​ហ្នឹង​ពិតជា​ក្បត់ជាតិ​មែន​ ឬក៏​ចោទ​ហ្នឹង​ពិតជា​ចោទ​ត្រូវ​មែន​»។

លោក​ មឿន​ តុលា​ បង្ហាញ​ការយល់ឃើញ​ថា​ បញ្ហា​នេះ​បើ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ពង្រីក​វិសាលភាព​ ដើម្បី​បង្ហាញ​ពី​តម្លាភាព​ទេ​ លោក​ថា​ វា​នឹង​បន្សល់ទុក​នូវ​មន្ទិលសង្ស័យ​ទៅលើ​ភាព​មិន​ឯករាជ្យ​របស់​ប្រព័ន្ធ​យុត្តិធម៌​ ដូចដែល​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស ខេង​ ថា​អយុត្តិធម៌​សង្គម​ជា​កត្តា​ជំរុញ​ឱ្យ​បែកបាក់​ជាតិ​។

អ្នកនាំពាក្យ​សមា​គម​អាដ​ហុក​ការពារ​សិទ្ធិមនុស្ស​ លោក​ ស៊ឹង​ សែន​ករុណា​ ហៅ​ការផ្សាយ​ផ្ទាល់​ចេញពី​បន្ទប់​សវនាការ​ដូច​សាលា​ក្ដី​ខ្មែរក្រហម​ ជា​គំរូ​សម្រាប់​ផ្តល់​ទំនុកចិត្ត​សម្រាប់​អ្នក​តាម​ដាន។ លោក​ថា​ បើស​វនា​ការ​សា​ធា​រណៈ​ តែបែរជា​រារាំង​ដល់​មន្ត្រី​សិទ្ធិមនុស្ស​ និង​អ្នកសារព័ត៌មាន​មិន​ឱ្យ​ចូល​ស្តាប់​ វាប​ង្កើត​ជា​សំណួរ​ជាច្រើន​ទៅ​ភាព​ឯករាជ្យ​របស់​ប្រព័ន្ធ​យុត្តិធម៌​​កម្ពុជា​។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ ហៅ ខេម​បូ​ចា​ លោក​ ម៉ៃ​ ទិត្យ​ថា​រ៉ា​ មានប្រសាសន៍​ថា ការផ្សាយ​ផ្ទាល់​ចេញពី​បន្ទប់​សវនាការ​ ឬអនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​បាន​ចូល​ស្តាប់​ផ្ទាល់​ ជា​ភាព​ងាយ​ស្រួយ​ក្នុង​ការ​ធ្វើ​សេច​ក្ដី​រាយការណ៍​ ជា​ជាង​អង្គុយចាំតែ​ទទួល​ព័ត៌មាន​ពី​ភាគី​ទី២ ដែល​ស្រង់​បានតែ​រឿង​ណា​ដែលគេ​ចង់​ឱ្យ​ផ្សាយ​។ លោក​ថា​ បញ្ហា​នេះ​វា​បាន​បង្ក​ផល​លំបាក​ដល់​ការស្វែងរក​ព័ត៌មាន​ពិត​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​។

លោក​ថា​៖ «វា​ជាស​ម័យ​ឌីជីថល​ទៅ​ហើយ​ វា​គ្មាន​ការ​លំបាក​ទេ​ ក្នុង​ការ​ធ្វើស​វនា​ការ​ឡាយ(ផ្សាយផ្ទាល់)​ចេញ​មក​ក្រៅ​ហ្នឹង​។ ម្យ៉ាងទៀត ​យើង​ចង់​ឃើញ​ការ​បើកចំហរ​នៃ​លំហូរ​សេរីភាព​សារព័ត៌មាន​ដូច​ដែល​សម្ដេ​ចនា​យក​រដ្ឋមន្ត្រី​បាន​លើកឡើង​។ អ៊ីចឹង​ តុលាការ​គួ​រតែ​គិត​ចំនុច​ហ្នឹង​ឡើងវិញ​»។

លោក​ ម៉ៃ​ ទិត្យ​ថា​រ៉ា​ លើកឡើង​ទៀត​ថា​ បើស​វនា​ការ​នេះ​នៅតែ​មិន​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​បាន​ចូល​ស្តាប់​ វា​បង្ហាញថា ​សិទ្ធិ​អ្នកសារព័ត៌មាន​នៅតែ​ស្ថិត​ក្នុង​ការ​រឹតត្បិត​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន​ មានប្រសាសន៍​ថា​ សវនាការ​សំណុំរឿង​លោក​ កឹម​ សុខា​ រយៈពេល២ថ្ងៃ​មកនេះ​ ថា​បាន​ផ្តល់​ឱកាស​ឱ្យ​អ្នក​ពាក់ព័ន្ធ​បាន​ចូលរួម​តាមដាន​។ ប៉ុន្តែ​ថា ​ក្រសួង​មិន​អាច​ធ្វើតាម​ការ​ទាមទារ​គ្រប់ពេល​បានទេ​។

លោក​ថា​៖ «ការ​ចង់​ឃើញ​ពី​តម្លាភាព ​ចង់​ឃើញ​សវនាការ​ផ្ទាល់​ភ្នែក​ចង់​អីហ្នឹង​ ជា​ការ​ជ្រួលជ្រើម​ទៅតាម​ចិត្ត​ចង់​ទេ​ មែនទែន!​ ដូច​សាលា​ក្ដី​ខ្មែរក្រហម​អ៊ីចឹង​ ជ្រួលជ្រើម​ថា​សំខាន់ណាស់​ចង់​មើល​ ដល់​គេ​បើក​ឱ្យ​ចូល​មើល​ ហើយ​សវនាការ​វា​ស្មុគស្មាញ​ប្រព្រឹត្តិ​ទៅ​ច្រើនថ្ងៃ​ លែង​មាន​អ្នក​ចូល​មើល​ហើយ​ ហើយ​គេ​ឡាយ​ផ្ទាល់​ឱ្យ​មើល​ទៀត ​ក៏​លែង​មាន​អ្នកមើល​ដែល»

អ្នក​នាំ​ពាក្យ​រូប​នេះ​ អះអាង​ទៀត​ថា​៖ «សម្រាប់​អ្នកសារព័ត៌មាន​ ចង់​ដឹង​ព័ត៌មាន​លម្អិត​ សម្ភាស​ជាមួយ​មេធាវី​ទាំងពីរ​ភាគី​ វា​លម្អិត​ច្បាស់​ពី​នីតិវិធី​នៃ​សំណុំរឿង​ហ្នឹងហើយ​។ បើ​ខ្លួនឯង​ចូល​មើល​ ក៏​មិន​ប្រាកដ​ថា​ យល់​ពី​នីតិវិធី​ និង​ដំណើរការ​ប្រព្រឹត្តិ​ទៅ​របស់​តុលាការ​ប៉ុន្មាន​ដែរ​ ព្រោះ​វា​ជា​ទិដ្ឋភាព​ច្បាប់​ច្រើនជាង​»។

អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ មាស​ នី​ បង្ហាញ​ការយល់ឃើញ​ថា​ សំណុំរឿង​ចោទប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​រឿង​នយោបាយ​។ លោក​ថា​ ដូចនេះ​សិទ្ធិ​អ្នកឃ្លាំមើល​ក្នុង​ដំណើរ​ក្ដី​នៅ​តុលាការ​ នឹង​មិន​ប្រសើរ​ជាង​នេះ​ទេ​ ។

លោក​ថា​៖ «អ៊ីចឹង​ ពេលនេះ ​រដ្ឋាភិបាល​ដូចជា​កំពុង​ព្យាយាម​រក​នីតិវិធី​ទាំងឡាយ​ណា​ដាក់​មក​ទៅ​ ដើម្បី​យក​ច្បាប់​ទៅ​ដោះស្រាយ​រឿង​នយោបាយ​។ អ៊ីចឹង ​ខ្ញុំ​គិតថា ​ក្នុង​ស្ថានភាព​បែបនេះ ​រដ្ឋាភិបាល​មិន​ហ៊ាន​បើកចំហ​រឱ្យ​សាធារណជន​ច្រើន​បាន​ទៅ​មើល​ទេ​ កាលណា​ឱ្យ​ទៅ​មើល​ច្រើន ​វា​អាច​ឃើញ​ចំនុច​ចន្លោះ​ប្រហោង​ នាំ​ឱ្យ​មានការ​រិះគន់​ពី​មហាជន​ថែមទៀត​»

នៅ​ថ្ងៃនេះ​ដែរ​ អង្គការ​សមាគម​ ៨២ បាន​ចេញ​សេច​ក្ដី​ថ្លែងការណ៍​រួម​ ចាត់ទុក​សវនាការ​របស់​លោក កឹម​ សុខា​ លើ​ការចោទប្រកាន់​ពី​ “បទ​សន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​” មិនទាន់​បាន​បង្ហាញ​ជា​សា​ធា​រណៈ​នូវ​ភស្តុ​តាង​គួរ​ឱ្យ​ជឿ​ទុកចិត្ត​ណាមួយ​នៅឡើយ​ទេ​។

សេច​ក្ដី​ថ្លែងការណ៍​រួម​បង្ហាញ​ការ​ព្រួយបារម្ភ​ថា ​ករណីនេះ​ ជន​ត្រូវ​ចោទ​ អាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​រហូតដល់៣០ឆ្នាំ​ ដែល​មានការ​ចាប់អារម្មណ៍​ពីសំណាក់​សាធារណជន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។

ម្យ៉ាងទៀត​ ក្រុម​អង្គការ​ទាំងនោះ​ថា​ ការចោទប្រកាន់​នេះ​ ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ការ​រំលាយ​អតីត​គណបក្សជំទាស់​ធំជាង​គេ​នៅ​កម្ពុជា​កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០១៧ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​ កឹម​ សុខា​ ទោះបីជា​គណបក្ស​នេះ​ ត្រូវ​បាន​បោះឆ្នោត​គាំទ្រ​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​ជាង៤០​% កាលពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ​ឆ្នាំ២០១៧ក៏ដោយ​។

អង្គការ​សមា​គមទាំង៨២នោះ​ ស្នើសុំ​ដោយ​ទទូច​ដល់​តុលាការ​ សូមអនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​ លោក​ កឹម​ សុខា​ អ្នកសារព័ត៌មាន​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ បាន​ចូលរួម​តាមដាន​ ក៏ដូចជា​ស្នើ​ឱ្យ​មានការ​ផ្សាយ​ផ្ទាល់​ពី​ដំណើរការ​សវនាការ​ ដើម្បី​ឱ្យ​សាធារណជន​បាន​តាមដាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ