របាយការណ៍​បឋម​របស់ក្រ​សួង​បង្ហាញថា​ទេសចរ​កើន៨ភាគរយ​នៅ​ឆ្នាំ២០១៩​

ភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកំសាន្តនៅប្រាសាទអង្គរវត្ត កំឡុងដើមខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

របាយការណ៍​បឋម​ដែល​ផ្តល់​ដោយ​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ បង្ហាញថា ​ចំនួន​ភ្ញៀវ​ទេស​ចរសរុប​ប្រចាំឆ្នាំ២០១៩​ មាន​ចំនួន​ប្រមាណ​ជាង៦លាន​នាក់​ ដែល​កើនឡើង៨ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ២០១៨​។

អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ លោក​ តុប​ សុ​ភ័ក​ បាន​អះអាង​ថា​ របាយការណ៍​បឋម​របស់ក្រ​សួង​ បង្ហាញថា​ឆ្នាំ២០១៩កន្លងមក​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ ​ចំនួន៦លាន ៧សែន​នាក់​។ លោក​ថា ​ចំនួន​ភ្ញៀវ​ទេសចរ​ទស្សនា​ខេត្តសៀមរាប ​មានការ​ថយ​ចុះ​ពិតមែន​ តែ​ភ្ញៀវ​ទៅលេង​ខេត្ត​ព្រះសីហនុ​ កែប​ កំពត​ មណ្ឌលគិរី​ រតនគិរី​ ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង​ មានការ​កើនឡើង​។ អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា ​ឆ្នាំ២០១៩ ភ្ញៀវ​បាន​កើន​ខ្លាំង​ទៅ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ ជា​ប្រភេទ​អេកូ​ទេសចរណ៍​ និង​សហគមន៍​ទេសចរណ៍​ ដែល​គ្រប់គ្រង​ និង​ទទួលផល​ដោយ​ពលរដ្ឋ​ក្នុង​សហគមន៍​ ។

លោក​ តុប​ សុ​ភ័ក​ បាន​បញ្ជាក់​ថា​៖ «ក្រៅអំពី​គេ​មក​មើល​បេ​តិ​កភ​ណ្ឌ​ វត្ថុបុរាណ​ ប្រាង្គ​ប្រាសាទ​អ្វី​ដែល​ជា​បុរាណ​ ក៏​គេ​ចង់​ងាក​ទៅ​មើល​អ្វី​ដែល​ជា​លក្ខណៈ​កែច្នៃ​ ឬ​ក៏​លក្ខណៈ​ធម្មជាតិ​ដែល​មានការ​រៀបចំ​បាន​ល្អ​។ សំខាន់​បំផុត​ គឺ​គេ​បាន​ផ្លាស់​ប្តូរ​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ ឬក៏​ស្វែងយល់​ពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ហ្នឹង​។ ទេសចរណ៍​ផ្នែក​អេកូ​ទេសចរណ៍​ ផ្នែក​សហគមន៍​ទេសចរណ៍​ហ្នឹង​ គឺ​វា​ជួយ​ដល់​សុខភាព​ដែរ​ មាន​ខ្យល់ដកដង្ហើម​អី​ស្រស់ថ្លា​ យើង​ងាក​ចេញពី​ធ្វើការ​ហត់នឿយ​ក្នុង​ទីក្រុង​ គឺ​ងាក​ទៅ​ហ្នឹង​»។

កាលពី​​ឆ្នាំ២០១៨​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ ៦លាន ២សែន​នាក់​ ដែល​កើនឡើង១០​.៧% បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៧​ ដែល​មានន័យថា​ កំណើន​ទេសចរ​នៅ​ឆ្នាំ២០១៩ បាន​ថយ​ចុះ​ជាង២​% បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៨​។

លោក​ តុប​ សុ​ភ័ក​ លើកឡើង​ថា​ មូលហេតុ​នៃ​ការ​ធ្លាក់ចុះ​នៃ​កំណើន​ភ្ញៀវ​ទេ​ចរ​គឺជា​បញ្ហា​សកល​ដែល​កើតឡើង​ស្ទើរគ្រប់​ប្រទេស​ ពុំមែន​មានតែ​នៅ​កម្ពុជា​មួយ​ឡើយ​។

លោក​ តុប​ សុ​ភ័ក​ មានប្រសាសន៍​ថា​៖ «យើង​តែងតែមាន​កិច្ចប្រជុំ​ គេ​ហៅថា​ ការ​ផ្លាស់​ប្តូរ​កិច្ចប្រជុំ​ប្រទេស​ក្នុង​តំបន់​។ ប្រទេស​អាស៊ាន​យើង​ហ្នឹង​ក៏ដូចជា​ប្រទេស​ផ្សេង​ៗទៀត​ ដែល​យើង​មាន​ទំនាក់ទំនង​ទេសចរណ៍​ហ្នឹង​ គឺ​គេ​តែងតែ​រក​ដំណោះស្រាយ​នៅពេល​ដែល​ជួប​បញ្ហា​»។

ទីប្រឹក្សា​នៃ​សមាគម​ទេសចរណ៍​កម្ពុជា​ លោក​ ហូ​ វណ្ណ​ឌី​ បាន​ថ្លែង​បញ្ជាក់​ថា​ ចរន្ត​សកល​ដែល​អាច​ប៉ះទង្គិច​ដល់​វិស័យ​ទេ​ចរណ៍​ទើបតែ​កើតឡើង​កាលពី​ពេល​ថ្មី​ៗនេះ​ប៉ុណ្ណោះ​ គឺ​ដោយសារ​ជម្លោះ​រវាង​ប្រទេស​អាមេរិក និង​ប្រទេស​អ៊ីរ៉ង់​។ លោក​បន្ត​ថា​ ដោយឡែក ​ឆ្នាំ២០១៩​ ពុំ​មាន​បញ្ហា​អ្វី​ធំដុំ​ឡើយ​ ព្រោះ​ប្រទេស​វៀតណាម​ និង​ថៃ​ នៅតែ​អាច​រក្សា​កំណើន​ភ្ញៀវ​ទេសចរ​ប្រចាំឆ្នាំ​របស់​ខ្លួន​បាន​ល្អ​ដដែល​។ លោក ​វណ្ណ​ឌី​ ក៏​ទទួលស្គាល់​ដែរ​ថា ​ការ​ធ្លាក់ចុះ​កំណើន​ទេសចរ​មក​កម្ពុជា​នៅ​ឆ្នាំ២០១៩ ជា​ចំនួន​តិចតួច​ប៉ុណ្ណោះ​ ប៉ុន្តែ​ ពុំ​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​នេះ​នៅឡើយ​ទេ​។

លោក​ ហូ​ វណ្ណ​ឌី​ បាន​ពន្យល់​ថា​៖ «ការ​ថមថយ​នេះ​តិចតួច​ទេ​ ប៉ុន្តែ​ យើង​អត់​ចង់​ឃើញ​តួលេខ​ថមថយ​ទេ​ ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​អ្នករក​ទទួលទាន​ក្នុង​វិស័យ​ហ្នឹង​ ជាពិសេស​វិស័យ​សណ្ឋាគារ​ និង​វិស័យ​ដឹកជញ្ជូន​ ជាពិសេស​ក្រុមហ៊ុន​អាកាសចរណ៍​ ហើយនិង​ផ្លូវគោក​ និង​ផ្លូវទឹក​ ជាដើម​។ ថមថយ​កាន់តែ​ខ្លាំង ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ស៊ីជម្រៅ​កាន់តែ​ច្រើន​ទៅដល់​អន្តរ​វិស័យ​ទៅទៀត​»។

បើ​តាម​អ្នក​ប្រឹក្សា​យោបល់​ នៃ​សមាគម​ទេ​ចរណ៍​កម្ពុជា​ ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ល្អ​ប្រសើរ​ រដ្ឋាភិបាល​ត្រូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ លើ​ការ​រក្សា​ទេសភាព​ ទិដ្ឋភាព​ គុណភាព​ និង​សោភ័ណ្ឌភាព​នៅ​តាម​តំបន់​រមណីយ​ដ្ឋាន​នានា​។ លោក​បន្ថែម​ថា​ បញ្ហា​បន្ទាប់មក​ទៀត​ គឺ​ដោះ​ស្រាយ​បញ្ហា​សណ្ដា​ប់​ធ្នាប់​ អនាម័យ​ និង​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។

ទោះ​យ៉ាងណាក៏ដោយ ​ថ្លែង​នៅក្នុង​ពិធី​ជួបជុំ​លើក​ទី៤​ ជាមួយ​អ្នកសារព័ត៌មាន​ នៅ​ឯមជ្ឈមណ្ឌល​កោះ​ពេជ្រ​ កាលពី​ថ្ងៃទី១៤​ ខែមករា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ឆ្លើយតបទៅនឹង​មតិ​រិះគន់​មួយចំនួន​ទាក់ទង​នឹង​ការ​ធ្លាក់ចុះ​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្តសៀមរាប​ ថា ជា​ការ​ទិតៀន​ផ្អែកលើ​គំនិត​ចង្អៀតចង្អល់​។ លោក​ថា​ ដ្បិត​ភ្ញៀវ​បាន​ធ្លាក់ចុះ​ក្នុង​ខេត្ត​ដែល​សម្បូរ​ប្រាសាទបុរាណ​ តែ​ចំនួន​មនុស្ស​ទៅលេង​ខេត្ត​ជាប់មាត់​សមុទ្រ​ និង​ខេត្ត​ប៉ែក​ឦសាន​ប្រទេស​កម្ពុជា​មានការ​កើនឡើង​។

លោកនាយក​រដ្ឋមន្ត្រី​ បាន​ប៉ាន់ប្រមាណ​ថា ​ចំនួន​ភ្ញៀវ​ទេសចរ​ប្រចាំឆ្នាំ២០១៩​ មានការ​កើនឡើង​រហូតដល់​ជាង១០​% ឯណោះ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បន្ថែម​ថា​៖ «តើ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ទេសចរណ៍​បាន​ធ្លាក់​ ឬទេសចរណ៍​បាន​កើន ​ត្រូវ​មើល​របៀប​នេះ​ សូមកុំ​មើល​ដើមឈើ​មួយ​ដើម​ៗ ត្រូវ​មើល​ព្រៃ​ទាំងមូល​ ទើប​ជា​ការត្រឹមត្រូវ​។ យើង​មាន​អ្នកទេសចរ​តែ​ជាង៦លាន​នាក់​ ចឹង​ទេ​គេ​មិន​អាច​ទៅលេង​សៀមរាប​ម្ដ​ងហើយ​ម្ដ​ងទៀត​ ដោយ​មិន​ប្តូរ​គោលដៅ​នោះ​ទេ​។ នេះ​ជា​បញ្ហា​ដែល​ត្រូវ​យក​មក​គិតជា​កញ្ចប់​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ