រដ្ឋាភិបាលកម្ពុជា ថាក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រព្រឹត្តិមិនស្របតាមវិជ្ជាជីវៈ ក្រោយពួកគេរិះគន់ថាការជំនុំជម្រះក្តីរបស់លោក កឹម សុខា មិនមានគុណភាពនិងពោពេញទៅដោយភាពមិនប្រក្រតី។
កាលពីថ្ងៃម្សិលមិញ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថាដំណើរការទាំងមូលនៃសនាការលើលោក កឹម សុខា រាប់ចាប់ពីការចោទប្រកាន់ រហូតដល់ការជំនុំជម្រះក្តីគ្របដណ្តប់ដោយភាពមិនប្រក្រតី។
ការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ត្រូវបានក្រសួងការបរទេសកម្ពុជា ច្រានចោលភ្លាមៗតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលចេញកាលពីម្សិលមិញនេះដែរ។ ក្រសួងការបរទេសកម្ពុជា ថាការលើកឡើងរបស់ក្រុមមន្រ្តីអង្គការសហប្រជាជាតិទាំងនោះ ធ្វើឡើងក្រោមហេតុផលនយោបាយនិងមានបំណងបំភ័ន្តសាធារណជនអំពីដំណើរការសវនាការលោក កឹម សុខា។
ក្រសួងការបរទេសកម្ពុជាលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានដដែលថា៖ «ដូចពេលកន្លងមកដែរ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការប្រព្រឹត្តិមិន ស្របតាមវិជ្ជាជីវៈរបស់អ្នកជំនាញខាងលើ ដែលមិនមែនជាមន្ត្រីអង្គការសហប្រជាជាតិ និងគ្រាន់តែបំពេញ ការងារ ក្នុងឋានៈផ្ទាល់ខ្លួនប៉ុន្តែតាំងខ្លួនជាចៅក្រមនៅក្នុងកិច្ចការតុលាការនិងផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ។»
ក្រសួងការបរទេសកម្ពុជា ក៏បានលើកឡើងផងដែរថាការរិះគន់ជុំវិញរយៈពេលនេះការឃុំខ្លួនលោក កឹម សុខា លើសរយៈពេលកំណត់ពីសំណាក់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបង្ហាញថាក្រុមមន្រ្តីទាំងនោះមានការយល់ដឹងមានកម្រិត ឬ មិនមានឆន្ទៈចង់យល់ដឹងពីនីតិវិធីតុលាការកម្ពុជា។ ដោយឡែក សម្រាប់ការសម្រេចឲ្យមានការចូលរួមជាសាធារណៈក្នុងបន្ទប់សវនាការកាត់សេចក្តីលោក កឹម សុខា ជាឆន្ទានុសិទ្ធិរបស់តុលាការដោយពិចារណាលើទំហំជាក់ស្តែងនៃបន្ទប់សវនាការ សណ្តាប់ធ្នាប់ និងការប្រព្រឹត្តិទៅនៃការជំនះជម្រះ។
តុលាការកម្ពុជា បានចាប់ផ្តើមបើកសវនាការជំនុំជម្រះលើសំណុំរឿង«សន្ទិដ្ឋិភាពជាមួយបរទេស» កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល អ្នកគាំទ្រ និង អតីតមន្រ្តីបក្សប្រឆាំង មិនត្រូវបានអនុញ្ញាតឲ្យចូលរួមស្តាប់ក្នុងបន្ទប់សវនាការនោះទេ ដោយប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ អះអាងថាបន្ទប់ជម្រះក្ដីសម្រាប់លោក កឹម សុខា ដាក់មនុស្សបានតែ ៣០នាក់ប៉ុណ្ណោះ។
អង្គការសមាគមជាង៨០ កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក៏បានជំរុញទៅស្ថាប័នពាក់ព័ន្ធឱ្យបង្ហាញតម្លាភាពតាមរយៈការផ្សាយផ្ទាល់ និងបើកទូលាយសម្រាប់អ្នកអង្កេតការណ៍ ក៏ដូចជាអ្នកសារព័ត៌មានចូលរួមស្តាប់សវនាការប្រឆាំងអតីតប្រធានគណបក្សប្រឆាំងរូបនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៧ ខែមករា ម្សិលមិញ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ៣រូប មាន លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ដាវីដ កាយ៉េ អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ និងលោក ឌីហ្គោ កាសៀ-សាយយាន អ្នករាយការណ៍ពិសេសស្តីពីឯករាជ្យភាពរបស់ចៅក្រម និងមេធាវី យល់ថាការចោទប្រកាន់ពីបទក្បត់ជាតិប្រឆាំងនឹងលោក សុខា គឺជាហេតុផលនយោបាយ។
ក្រុមមន្រ្តីសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងបីរូបបន្តថា៖«ដំណើរការទាំងមូលនៃការចាប់ខ្លួន និងការឃុំខ្លួនរបស់លោក កឹម សុខា គឺមិនមានគុណភាពអាចទទួលយកបាន ដោយមានភាពមិនប្រក្រតី និងការមិនគិតគូរយ៉ាងច្បាស់ពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់កម្ពុជា។ លោក សុខា ត្រូវបានចាប់ខ្លួនដោយគ្មានដីកាចាប់ខ្លួន និងមិនគោរពអភ័យឯកសិទ្ធិសភារបស់លោក។ គាត់ត្រូវបានគេបដិសេធផងដែរ មិនឲ្យជួបមេធាវីនៅដំណាក់កាលដំបូងនៃការឃុំខ្លួន ហើយទីបំផុត លោកត្រូវបានឃុំខ្លួនឭបណ្តោះអាសន្នអស់រយៈពេលមួយដែលលើសពីរយៈពេលអតិបរិមា ដែលច្បាប់កម្ពុជាអនុញ្ញាត»។
មន្រ្តីជំនាញអង្គការសហប្រជាជាតិទាំងបីរូបនេះយល់ថាកង្វះការចូលរួមរបស់សាធារណជននៅបន្ទប់សវនាការ ដែលត្រូវបានអនុញ្ញាតិសម្រាប់តែសមាជិកអង្គទូត ក៏អាចដាក់ជាសំណួរអំពីភាពត្រឹមត្រូវនៃការជំនុំជម្រះក្តីលោក កឹម សុខា ផងដែរ។
មន្រ្តីទូតរបស់សហភាពអឺរ៉ុប អាមេរិក ណូវេលសេឡង់ ជប៉ុន និងបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួនទៀតត្រូវបានអនុញ្ញាតឲ្យចូលរួមស្តាប់ក្នុងបន្ទប់សវនាការ។
អ្នកនាំពាក្យស្ថានទូតបារាំងលោក Hugo Wavrin ប្រាប់វីអូឌីកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ថាបុគ្គលិកស្ថានទូតលោកបានចូលរួមស្តាប់សវនាការលោក កឹម សុខា ហើយសង្ឃឹមថាសវនាការនេះ នឹងបើកឲ្យមានការចូលរួមសម្រាប់សាធារណជន។ សម្រាប់អ្នកនាំពាក្យស្ថានទូតអាមេរិក លោក Arend Zwartjes សរសេរប្រាប់វីអូឌីតាមអ៊ីម៉េល ខ្លូនតាមដានយ៉ាងយកចិត្តទុកដាក់លើសវនការនេះ ហើយក៏ថែមទាំងបានជំរុញឲ្យតុលាការអនុញ្ញាតឲ្យអ្នកសារព័ត៌មាន និងសង្គមស៊ីវិលចូលរួមក្នុងសវនាការនេះដែរ។
ស្ថានទូតសហភាពអឺរ៉ុប និងអាល្លឺម៉ង់ លើកឡើងស្រដៀងគ្នាតាមរយៈអ៊ីម៉េលប្រាប់វីអូឌីថាពួកគេសង្ឃឹមថាសវនាការនេះ នឹងបើកឲ្យមានការចូលរួមជាសាធារណ ហើយប្រទេសសមាជិកសហភាពអឺរ៉ុបក៏ជំរុញឲ្យតុលាការអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលចូលស្តាប់សវនាការនេះផងដែរ។
តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បើតុលាការរកឃើញថា លោក កឹម សុខា ប្រព្រឹត្តិដូចការចោទប្រកាន់មែននោះ អតីតមេបក្សប្រឆាំងរូបនេះ ប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ដល់ ៣០ ឆ្នាំ។
ទោះយ៉ាងណាក៏ដោយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក កឹម សុខា លើកឡើងលើទំព័រហ្វេសប៊ុករបស់លោក ដោយបដិសេធទាំងស្រុងនូវបទសន្ទិដ្ឋិភាពជាមួយបរទេស។ លោក អះអាងថាមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពានព្រះរាជាណាចក្រកម្ពុជាឡើយ៕