បុគ្គលិកជាង ១០០នាក់បម្រើការនៅសណ្ឋាគារ The Great Duke បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃនេះ នៅមុខសណ្ឋាគារដោយផ្ទាល់ ដោយទាមទារប្រាក់បំណាច់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ដទៃទៀត។
លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជាប្រចាំនៅសណ្ឋាគារនេះ បានប្រាប់នៅឯកន្លែងប្រមូលផ្ដុំតវ៉ាថា បុគ្គលិកជាង ១០០នាក់នៅក្នុងចំណោមបុគ្គលិកសរុបជិត ១៥០នាក់ដែលបម្រើការងារនៅសណ្ឋាគារនេះ បានទាមទារការទូទាត់ប្រាក់អត្ថប្រយោជន៍ ៤ចំណុច។
ប្រាក់អត្ថប្រយោជន៍ទាំងនោះរួមមាន ប្រាក់បំណាច់អតីតភាពឆ្នាំចាស់ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជូនដំណឹង ប្រាក់បំណាច់ការឈប់សម្រាកប្រចាំឆ្នាំដែលត្រូវទូទាត់ជាលុយ។
មេដឹកនាំសហជីពរូបនេះ ព្រមានថា បើក្រុមហ៊ុនមិនចេញមកដោះស្រាយតាមការស្នើសុំរបស់កម្មករទេ ពួកគេនឹងហែក្បួនទៅក្រសួងការងារឱ្យជួយអន្តរាគមន៍ដោះស្រាយរឿងនេះផងដែរ។
លោក ទូច កុសល ថ្លែងថា៖ «បើសិនជាមិនទូទាត់ទេ យើងប្រហែលជាហែក្បួនទៅក្រសួងការងារ ព្រោះយើងនៅក្រោមឱវាទក្រសួងការងារ យើងចង់ឱ្យក្រសួងការងារជួយដឹងឮ ជួយដោះស្រាយដល់កម្មករ។ ពួកយើងមកថ្ងៃនេះ ចង់បានយុត្តិធម៌ទៅតាមច្បាប់ គឺថា ឱ្យសណ្ឋាគារគោរពច្បាប់។ យើងក៏ត្រូវគោរពច្បាប់ដូចគ្នាដែរ ហើយបន្ទាប់ពីក្រសួងការងារមិនដោះស្រាយឱ្យ ប្រហែលជាយើងតវ៉ាទៅប្រមុខរដ្ឋាភិបាល ដើម្បីឱ្យជួយដោះស្រាយជូនកម្មករដែរ»។
សណ្ឋាគារ The Great Duke ដែលជាអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (InterContinental) បានប្រកាសបិទប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូកាលពីឆ្នាំមុន បន្ទាប់ពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួនអស់រយៈពេល ២៣ឆ្នាំកន្លងមក។
The Great Duke គឺជាសណ្ឋាគារលំដាប់ផ្កាយ៥ ដំបូងគេនៅក្នុងប្រទេសកម្ពុជា ហើយធ្លាប់ទទួលរៀបចំកម្មវិធីលំដាប់អន្តរជាតិធំៗ ក្នុងនោះមានទាំងកិច្ចប្រជុំកំពូលរបស់បណ្ដាមេដឹកនាំនៃប្រទេសសមាជិកអាស៊ាននៅក្នុងឆ្នាំ២០០២ផងដែរ។
អ្នកនាង ឆោម សម្ផស្ស ប្រាប់ថា គាត់បម្រើការជាចុងភៅនៅសណ្ឋាគារនេះអស់រយៈពេល ១២ឆ្នាំមកហើយ មុននឹងសណ្ឋាគារលំដាប់ផ្កាយ៥ដំបូងគេនៅកម្ពុជាមួយនេះ បានប្រកាសបិទអាជីវកម្មរបស់ខ្លួន។
អ្នកនាង ឆោម សម្ផស្ស បានឱ្យដឹងថា តាមរយៈមេធាវីរបស់ខ្លួន ក្រុមហ៊ុនគ្រប់គ្រងលើសណ្ឋាគារនេះ បានយល់ព្រមផ្ដល់សំណងតែពីរចំណុចប៉ុណ្ណោះ ក្នុងនោះមានការយល់ព្រមទូទាត់ប្រាក់ជូនដំណឹង និងប្រាក់បំណាច់អតីតភាពការងារឆ្នាំចាស់។
បុគ្គលិករូបនេះ បានឱ្យដឹងទៀតថា ក្រុមហ៊ុនបានស្នើទូទាត់ប្រាក់សំណងជំងឺចិត្តជា ៣ដំណាក់កាល ប៉ុន្តែ ក្រុមបុគ្គលិកបានបដិសេធទៅនឹងសំណើបែបនេះ។
អ្នកនាង ឆោម សម្ផស្ស និយាយថា៖ «អ្នកដែលមកភាគច្រើនគាត់អត់ទាន់មានការងារធ្វើទេ ដោយសារអីគាត់ចាំទាមទារលុយចាស់សិន។ បើសិនជាគាត់ទៅធ្វើការនៅកន្លែងផ្សេង យើងពិបាកសុំច្បាប់ គាត់ប្រឈមមុខអត់ការងារធ្វើសិន»។
អ្នកនាង សម្បស្ស និយាយបន្តថា៖ «បើនិយាយតាមត្រង់ទៅ ចាប់ពីឱ្យអូតែល [សណ្ឋាគារ] បិទមក ខ្ញុំចាប់ផ្តើមខ្ចីលុយបងប្អូន ដើម្បីបង់ធនាគារ ថ្លៃផ្ទះជួល ថ្លៃហូប។ ទីផ្សារយើងឥឡូវឡើងថ្លៃទាំងប្រេង ទាំងម្ហូបអាហារ»។
បើតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ សណ្ឋាគារនេះ បានប្ដូរឈ្មោះរបស់ខ្លួនទៅជាសណ្ឋាគារ The Great Duke កាលពីដើមឆ្នាំ២០១៨ និងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Regency Company Limited។
ទិន្ន័យដែលចងក្រងដោយអង្គការ Global Witness បញ្ជាក់ថា ក្រុមហ៊ុន Regency Company Limited គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Thai Boon Roong ដែលមានឧកញ៉ា ខូវ សម្បត្តិ ជាអគ្គនាយក។
លោកមេធាវី លី តៃសេង ដែលតំណាងឱ្យសណ្ឋាគារ The Great Duke បានឱ្យដឹងថា ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលជជែកពិភាក្សាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិវាទមួយនេះ។
យ៉ាងណា លោក លី តៃសេង បានអះអាងថា ក្រុមហ៊ុននឹងដោះស្រាយវិវាទនេះទៅតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា ប៉ុន្តែ លោកថា មិនឆ្លើយតបទាំងស្រុងទៅតាមការទាមទាររបស់បុគ្គលិកនិយោជិកនោះឡើយ។
លោក លី តៃសេង ប្រាប់ថា៖ «ក្រុមហ៊ុននឹងអនុវត្តទៅតាមច្បាប់។ បើក្នុងច្បាប់និយាយថា ម៉េចក្រុមហ៊ុននឹងធ្វើតាម។ យើងអត់អាចឆ្លើយតបតាមការទាមទារគ្រប់ចំណុចទៅតាមអ្វីដែលពួកគាត់ចង់បានទេ»។
លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជាប្រចាំនៅសណ្ឋាគារនេះ បានបញ្ជាក់ថា រូបគាត់ និងមេធាវីពីររូបរបស់ក្រុមហ៊ុន កំពុងជជែកគ្នានៅក្រសួងការងារនារសៀលថ្ងៃនេះ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានប្រាប់តាមតេឡេក្រាមថា បើភាគីទាំងពីរនាក់ មិនឯកភាពគ្នាទេ ក្រសួងនឹងរុញករណីនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដើម្បីដោះស្រាយបន្ត ដោយលោកថា បើយោងតាមព័ត៌មានបឋម សណ្ឋាគារមួយនេះមិនមែនក្ស័យធននោះទេ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ មានប្រសាសន៍ថា បើភាគីក្រុមហ៊ុនមិនព្រមដោះស្រាយផ្តល់ប្រាក់អត្ថប្រយោជន៍ដល់បុគ្គលិកកម្មកររបស់ខ្លួនឱ្យស្របតាមច្បាប់ការងារទេ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ក្រុមហ៊ុន។
លោក ឃុន ថារ៉ូ និយាយថា៖ «ប្រសិនបើក្រុមហ៊ុនបន្តយឺតយ៉ាវ ហើយលើកពេលក្នុងការបើកឱ្យកម្មករនិយោជិក វាប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ហើយសម្ពាធផ្នែកសេដ្ឋកិច្ចសម្រាប់ក្រុមគ្រួសាររបស់គាត់។ ខ្ញុំគិតថា ជួនកាលកូដកម្មនៅតែបន្ត វាមិនអាចបញ្ចប់បាន ហើយរឿងក្រុមហ៊ុនព្រម ឬមិនព្រម ជារឿងមុខមាត់របស់ក្រុមហ៊ុន»។
បុគ្គលិកកម្មករដែលបម្រើការនៅសណ្ឋាគារនេះ បានផ្ទុះការតវ៉ាតាំងពីដើមខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីពួកគេអះអាងថា ថៅកែសណ្ឋាគារនេះ បានបើកប្រាក់ឈ្នួលយឺតយ៉ាវទៅដល់ពួកគេ៕