បទ​យកការណ៍​៖ គ្រូបង្រៀន​ម្នាក់​ប្រមូល​ទិញ​សម្ភារប្រពៃណី​ខ្មែរ​ ដើម្បី​លើកស្ទួយ​ការ​ចង​ចាំ​សម្រាប់​ក្មេង​ជំនាន់​ថ្មី​

ម្ចាស់អាហារដ្ឋានម្លប់ជ្រៃមានលាភ ១៦៨ និងជាម្ចាស់សិប្បកម្មកែច្នៃរបស់របរប្រពៃណីចាស់ៗ ផង លោក ទៀ ទូច។ (សូត សុខប្រាថ្នា/ ១៥ មករា ២០២០)

ឧបករណ៍​ប្រើប្រាស់​បុរាណ​ខ្មែរ​មួយចំនួន​ កាន់តែ​រសាត់​ឆ្ងាយ​ពី​ពលរដ្ឋ​ដែល​ធ្លាប់​ប្រើប្រាស់​ ឬស្ទើរតែ​បាត់បង់​តែ​ម្ដ​ងសម្រាប់​របស់របរ​ប្រើប្រាស់​ខ្លះ​ ដោយ​ជំនួស​មកវិញ​នូវ​ឧបករណ៍​ប្រើ​ប្រាស់​ទំនើប​ៗ។

របស់របរ​ប្រើប្រាស់​ប្រពៃណី​ខ្មែរ​មួយចំនួន​ ត្រូវ​បាន​គេ​ទុកចោល​ ប៉ុន្តែ​ របស់របរ​មួយចំនួន​ទៀត​ ត្រូវ​បាន​គេ​យក​ទៅ​តាំងនៅ​ទី​តាំង​ផ្សេង​ៗ ដូចជា​ភោជនីយដ្ឋាន​ ឬសណ្ឋាគារ​ ដូចជា​រទេះគោ​ នង្គ័ល​ រនាស់​ ទ្រុង​ ទ្រូ​ ឈ្នាង​ អង្រុត​ ដែលជាឧបករណ៍សម្រាប់បម្រើក្នុងវិស័យកិសកម្ម និងនេសាទជាដើម​។

រទេះ​គោ​ចាស់​ៗច្រើ​នដេស​ដាស​នៅ​ខាងមុខ​ហាង​អាហារ​មួយ​កន្លែង​ឈ្មោះ ​«ម្លប់​ជ្រៃ​មានលាភ១៦៨»​ ស្ថិត​ក្នុង​ឃុំ​ស៊ីធរ​ ស្រុក​ខ្សាច់​កណ្ដា​ល ខេត្ត​កណ្ដា​ល ជាប់​ព្រំប្រទល់​នឹង​ស្រុក​ពារាំង​ ខេត្តព្រៃវែង​ តាម​បណ្ដោ​យផ្លូវជាតិ​លេខ៨​ ហើយ​បើ​គេ​ចូល​ទៅ​ខាងក្នុង​ នឹង​ឃើញ​មាន​សម្ភារប្រពៃណី​យ៉ាងច្រើន​ស្អេកស្កះ​ស្ទើរ​រក​កន្លែង​ដាក់​គ្មាន​។

មាន​សម្បុរស​ណ្ដែ​កបាយ​ និ​យា​យមួយៗ​ និង​ច្បាស់​ៗ ម្ចាស់​អាហារដ្ឋាន​ម្លប់​ជ្រៃ​មានលាភ​ ១៦៨​ និង​ជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​របស់ប្រើប្រាស់​ប្រពៃ​ណី​ចាស់​ៗផង​ លោក​ ទៀ​ ទូច​ មានប្រសាសន៍​ថា​ អាហារដ្ឋាន​របស់​លោក​ចាប់ផ្តើម​បើក​ដំណើរការ​ និង​ទទួល​ទិញ​របស់​ប្រើ​ប្រាស់​ចាស់​ៗតាំងពីចុង​ឆ្នាំ២០១៣​។

ម្ចាស់​អាហារដ្ឋាន​ដដែល​បន្ត​ថា​ មូលហេតុ​លោក​ប្រមែប្រមូល​របស់​ប្រើប្រាស់​ទាំងនោះ​មក​រក្សាទុក​ គឺ​ដើម្បី​រួមចំណែក​ថែរក្សា​អត្តសញ្ញាណ​ជាតិ​ និង​សម្រាប់​បង្ហាញ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បានឃើញ និងស្គាល់​សម្ភារ​ប្រើប្រាស់​របស់​ខ្មែរ​ពី​បុរាណ​ទាំងនោះ​។

ម្ចាស់អាហារដ្ឋានម្លប់ជ្រៃមានលាភ ១៦៨ និងជាម្ចាស់សិប្បកម្មកែច្នៃរបស់របរប្រពៃណីចាស់ៗ ផង លោក ទៀ ទូច ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត។ (សូត សុខប្រាថ្នា/ ១៥ មករា ២០២០)

លោក​ ទៀ​ ទូច​ មានប្រសាសន៍​បន្ថែម​៖ «គោលបំណង​ទី១​ គឺ​ចង់​ចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​ដែល​ជាម​រត​កដូនតា​យើង​ ហើយ​គោលបំណង​ ដើម្បី​ឱ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​ស្គាល់​របស់របរ​ដែល​ខ្មែរយើង​ប្រើ។»

លោក​ ទៀ​ ទូច​ បន្ត​ថា​ សម្ភារប្រើប្រាស់​បុរាណ​ដែល​លោក​ប្រមូល​ទុក​ ដោយ​លោក​ទិញ​ពី​ពលរដ្ឋ​ ឬអ្នកលក់​អេតចាយ​ ដូចជា​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ រួមមាន​ រទេះ​គោ​ចាស់​ៗ នង្គ័ល​ រនាស់​ កណ្ដៀ​វ កន្តាំង​ ល្អី​ ចង្អេរ​ និង​ត្បាល់បុក​ស្រូវ​។

ចំណែក​សម្ភារនេសាទ​វិញ​ ក៏​មាន​ច្រើន​ដែរ​ ដូចជា​ ទ្រុង​ ទ្រូ​ លប​ ឈ្នាង​ មង​ សន្ទូច​ សំណាញ់​ ផង​ដែរ​។ ក្រៅពី​នេះ​ ក៏​មាន​របស់របរ​ប្រើប្រាស់​ក្នុង​ផ្ទះ​ រួមមាន ​ចង្កៀង​ម៉ាំងសុង​ ផ្តិលស្ពាន់​ ឆ្នាំង​ស្ពាន់​ កាំបិត​ ពូថៅ​ ពន្លៀក​ ញញួរ​ ស្មុ​កស្លា​ ជញ្ជីង​បុរាណ​ បំពង់​ទឹកត្នោត​ ព្រមទាំង​វង់ភ្លេង​ និង​ឧបករណ៍​ប្រើប្រាស់​រាប់មិនអស់​ផ្សេងទៀត​។

ម្ចាស់ហាង​អាហារដ្ឋាន​ម្លប់​ជ្រៃ​លាភ​ ១៦៨​ ក្រៅពី​មុខរបរ​នេះ​ លោក​ក៏​ជា​គ្រូបង្រៀន​មួយ​រូប​នៅ​អនុវិទ្យាល័យ​ចតុមុខ​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លោក​មិន​ត្រឹមតែ​ប្រមែប្រមូល​វត្ថុ​ប្រើប្រាស់​បុរាណ​ខ្មែរ​ប៉ុណ្ណោះទេ​ លោក​ក៏បាន​ប្រមូល​ទិញ​សៀវភៅ​ចាស់​ៗ មក​រក្សាទុក​ ដោយ​លោក​មាន​គោលបំណង​បង្កើត​បណ្ណាល័យ​រក្សាទុក​ឯកសារ​ទាំងនោះ​ សម្រាប់​ជា​ការសិក្សា​ និង​ឈ្វេងយល់​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ទៀតផង​។

លោក​មានប្រសាសន៍​បន្ត​ថា​៖ «គំនិត​ហ្នឹង​អីចេះ​ គឺ​ចង់​បង្កើត​ជា​បណ្ណាល័យ​ ដើម្បី​ឱ្យ​ភ្ញៀវ​គាត់​ចូល​មក​ គាត់​ចង់​សិក្សា​ស្រាវជ្រាវ​អាន​ យើង​មាន​ឯកសារ​សម្រាប់​គាត់​អាន​ ហើយ​សិស្ស​ក៏អាច​ចូល​មក​អាន​បាន​ដែរ​បាទ។ គំនិត​ថា​ ចង់​រក​សៀវភៅ​ចាស់​ៗ ទាំង​ពី​សស្ត្រា​ស្លឹក​រិត​ មាន​អាយុកាល​យូ​រមក​ហើយ​ហ្នឹង​»

ថៅកែ​ហាង​អាហារ​រូប​នេះ​ បាន​លើកឡើង​ថា​ ប្រសិនបើ​របស់របរ​ប្រើប្រាស់​ប្រពៃណី​ទាំងនោះ​ មិន​ត្រូវ​បាន​ថែរក្សា​ និង​ឱ្យ​តម្លៃ​ វា​អាច​នឹង​បាត់បង់​នៅពេល​ខាងមុខ​។ ជាមួយគ្នា​នេះ​ លោក​ស្នើ​ឱ្យ​ពលរដ្ឋ​គ្រប់រូប​ ចូលរួម​ថែរក្សា​ ហើយ​លោក​ក៏​ស្នើ​ឱ្យ​មានការ​ផលិត​សម្ភារ​ប្រើប្រាស់​ប្រពៃណី​ទាំងនោះ​ឡើងវិញ​ផង​ដែរ​។

លោក​ប្រាប់​ថា​៖ «ជា​គំនិត​ខ្ញុំ​ យូរ​មក​ហើយ​ គឺថា ​អ្នក​ដែល​មាន​លុយ​ច្រើន​ៗ គួរតែ​បង្កើត​ជា​សិប្បកម្ម​ ឬអាច​ថា​ជា​រោងចក្រ​ផលិត​ របស់​ដែល​ខ្មែរយើង​ធ្លាប់​ប្រើ​ហ្នឹង​។ ទី១​ ចង់ឱ្យ​យើង​រក្សា​តម្លៃ​នៃ​វប្បធម៌​ជាតិ​ ហើយ​ទី២​ យើង​ច្នៃ​ទៅ​ យើង​លក់​ទៅ​ឱ្យ​ជនបរទេស​ជា​ទេសចរ​ ដើម្បី​ឱ្យ​គេ​ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ជាតិ​យើង​»។

ម្ចាស់​រថយន្តឈ្នួល​មួយ​រូប​ ដែល​តែង​ចុះ​បរិភោគ​អាហារ​នៅ​អាហារដ្ឋាន​ម្លប់​ជ្រៃ​មានលាភ១៦៨​ លោក​ រស់​ ប៊ុ​នថន​ កោតសរសើរ​ចំពោះ​គំនិត​ស្រឡាញ់​ និង​អភិរក្ស​សម្ភារ​ប្រពៃណី​ទាំងនោះ​ ដោយ​ថា​ ជា​គំនិត​កម្រ​រកបាន។

លោក​ថា​ នៅពេល​មនុស្ស​ម្នា​ ឬភ្ញៀវ​ដែល​មក​បរិភោគ​អាហារ​ តែង​បាន​ស្គាល់​ឧប​រណ៍​ប្រើប្រាស់​តាម​តំបន់​ផ្សេង​ៗ ដែល​ឧបករណ៍​ខ្លះ​ ក្មេង​ជំនាន់​ក្រោយ​មិនបាន​ស្គាល់​ និង​ខ្លះទៀត​បាន​បាត់បង់​រួច​ទៅ​ហើយ​ដែរ​។

ម្ចាស់រថយន្តឈ្នួលមួយរូប ដែលតែងចុះបរិភោគអាហារនៅអាហារដ្ឋានម្លប់ជ្រៃមានលាភ១៦៨ លោក រស់ ប៊ុនថន ផ្ដល់បទសម្ភាសន៍ពីចំណាប់អារម្មណ៍នឹងការច្នៃប្រឌិតរបស់អាហាដ្ឋាន។ (សូត សុខប្រាថ្នា/ ១៥ មករា ២០២០)

លោក​មានប្រសាសន៍​ថា​៖ «តាម​មតិ​ និង​យោបល់​របស់ខ្ញុំ​ បើ​គាត់​បាន​តាំង​អ៊ីចឹង​ល្អ​ម្យ៉ាង​ ល្អ​ត្រង់ថា ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ស្គាល់​ថា ​ជា​អត្តសញ្ញាណ​របស់​ខ្មែរ​ ពីដើម​មក​ខ្មែរ​ប្រើរបស់​ទាំងអស់​ហ្នឹង​ ហើយ​ខ្មែរ​អាច​ធ្វើ​បាន»។

រដ្ឋលេខាធិការ​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ លោក​ ហាប់​ ទូច​ បានឱ្យ​ដឹង​ថា​ ឧបករណ៍​ប្រើប្រាស់​ទាំងនោះ​ គេ​ហៅថា ​សម្ភារ​ប្រពៃណី​ ឬឧបករណ៍​ជាតិពន្ធុ​មួយ​ ឬក្រុម​មួយ​។

លោក​អះអាង​ថា​ ក្រសួង​គាំទ្រ​ចំពោះ​គំនិត​ថែរក្សា​ និង​ស្រឡាញ់​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​បែបនេះ​ ហើយ​ខាង​ក្រសួង​រីករាយ​នឹង​ជួយ​ជា​បច្ចេក​ទេសរៀបចំ​ ឬការ​លើកទឹកចិត្ត​ណាមួយ​ ប្រសិនបើ​ពលរដ្ឋ​ទាំងនោះ​ធ្វើការ​ស្នើសុំ​មក​ក្រសួង​។

លោក​ ហាប់​ ទូច​ មានប្រសាសន៍​ថា​៖ «អ៊ីចឹង​ហើយ​អ្វី​ដែល​សំខាន់​ហ្នឹង​ គឺ​ការ​រក្សាទុក​កេរដំណែល​ទាំងអស់​ហ្នឹងហើយ​ ហើយ​ផ្ទេរ​ចំណេះដឹង​ទៅ​អ្នក​ជំនាន់​ក្រោយ​ហ្នឹងឯង​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ណាស់​ក្នុងនាម​ក្រសួង​ ឱ្យ​មានការ​ចូលរួម​ចំណែក​ ហើយ​ក្រសួង​នឹង​ខិតខំ​ធ្វើការ​ទាំងអស់គ្នា​ ប្រសិនបើ​មាន​អ្វី​ដែល​ក្រសួង​អាច​ជួយ​បាន​។ អ៊ីចឹង​ដូច​ពួកគាត់​ដាក់​តាំង​អ៊ីចឹង​ ពួកគាត់​ត្រូវការ​ជា​បច្ចេកទេស​ក្នុង​ការ​ដាក់​តាំង​ផ្សេង​ៗ គឺ​ពួកគាត់​អាច​ធ្វើ​លិខិត​មក​ក្រសួង​ ស្នើសុំ​អ្នកបច្ចេកទេស​ជួយ​ ក្រសួង​រីករាយ​នឹង​ធ្វើ​ រីករាយ​នឹង​ចូលរួម​»

គំនិត​ស្រឡាញ់​ និង​អភិរក្ស​សម្ភារ​ប្រពៃណី​ទាំងនេះ​ កន្លងមក ​មាន​ចាស់​ព្រឹទ្ធា​ចារ្យ​មួយ​រូប​នៅ​ខេត្តកំពង់ធំ​ លោក​ កង​ សា​អ៊ុំ​ ក៏បាន​ខិតខំ​ប្រមែប្រមូល​របស់របរ​ទាំងនោះ​មក​រក្សាទុក​ក្នុង​ផ្ទះ​ខ្មែរ​ ដែល​ជា​សារ​មន្ទីរ​របស់​ខ្លួន​ ដោយសារ​ខ្លាច​បាត់បង់​ ម្យ៉ាង​ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​ បើ​ទោះ​បីជា​គាត់​មាន​វ័យ​កាន់តែ​ចាស់ជរា​ទៅ​ហើយ​ក្ដី​។

ប្រធាន​មជ្ឈមណ្ឌល​អប់រំប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​ និង​សន្តិភាព​ លោក​ យង់​ គីម​អេង​ មានប្រសាសន៍​ថា​ ការបាត់បង់​កេរដំណែល​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​បុរាណ​ខ្មែរ​ គឺ​មានក​ត្តា​មួយចំនួន​ ក្រៅពី​ការ​វិវត្ត​នៃ​សង្គម​។ កត្តា​ទាំងនោះ​ ដូចជា ​កង្វះ​ចំណេះដឹង​ និង​ការ​ឱ្យ​តម្លៃ​ទៅលើ​ឧបករណ៍ ​ឬសម្ភារប្រើប្រាស់​ប្រពៃណី​ទាំងនោះ​នៅ​មានកម្រិត​ ព្រមទាំង​ការ​ខ្វះ​ចំណេះ​ជំនាញ​ផលិត​សម្ភារ​ទាំងនោះ​ជាដើម​។

លោក​ថា​ អត្តសញ្ញាណ​ជាតិ​មួយ​ ឬតំបន់​មួយ​ បាន​បង្ហាញ​តាមរយៈ​របស់របរ​ប្រើប្រាស់​ទាំងនោះ​ដែរ​ ប៉ុន្តែ​ នៅពេល​វា​បាត់បង់​ ជាហេតុ​ធ្វើ​ឱ្យ​បាត់បង់​គ្រឿង​សម្គាល់​របស់​ពលរដ្ឋ​នៃជា​តិ​មួយ​ ឬតំបន់​មួយ​។

លោក​មានប្រសាសន៍​ថា​៖ «និយាយទៅ​ របស់របរ​ប្រើប្រាស់​គឺ​វា​ភ្ជាប់​ទៅ​នឹង​អត្តសញ្ញាណ​ជាតិ​របស់​យើង​ហ្នឹង​ធំ​ណាស់​ បាទ​។ ប្រសិនបើ​យើង​អត់មាន​ប្រវត្តិ​នៃ​របស់របរ​ប្រើប្រាស់​ទាំងអស់​ហ្នឹង​ទេ​ យើង​អត់មាន​ស្លាកស្នាម​កេរដំណែល​របស់​ទាំងអស់​ហ្នឹង​ទេ​ យើង​ក៏​ពិបាក​កំណត់​អត្តសញ្ញាណ​របស់​យើង​។ វា​ហាក់បីដូចជា​ខ្វះ​អ្វីមួយ ​បាទ​»

ប្រធាន​អង្គការ​ដដែល​នេះ​ ផ្តល់​ជា​គំនិត​ថា​ ដើម្បី​រួមចំណែក​ថែរក្សា​សម្ភារ ឬឧបករណ៍​ប្រើប្រាស់​ដែល​ជា​អត្តសញ្ញាណ​ជាតិ​នោះ​ រដ្ឋ​ត្រូវ​ពង្រឹង​កា​រប​ណ្ដុះ​ស្មារតី​ស្រឡាញ់​ ថែរក្សា​ និង​ផ្សព្វផ្សាយ​គ្រឿង​ប្រើប្រាស់​ទាំងនោះ​ឱ្យ​កាន់តែ​ទូលំទូលាយ​។ លើស​ពីនេះ​ រដ្ឋ​ក៏​ត្រូវ​មាន​កញ្ចប់​ថវិកា​ទ្រទ្រង់​ដល់​រាល់​ការងារ​ទាំងនេះ​ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​ និង​អ្នកថែរក្សា​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ