អាជីវករ និងប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានលើកឡើងថា តម្លៃបន្លែត្រីសាច់ និងសម្ភារសែនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំនេះ ឡើងថ្លៃពី ៥០០រៀល ដល់៣០០០រៀលក្នុងមួយគីឡូ បើធៀបនឹងថ្ងៃធម្មតា និងឆ្នាំមុន។
ពិធីបុណ្យប្រពៃណីចិន-វៀតណាមឆ្នាំនេះ នឹងត្រូវរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឬចាប់ពីចុងសប្ដាហ៍នេះរហូតដល់ដើមសប្ដាហ៍ក្រោយ។
អាជីវករលក់ដើមអង្គាសីលនៅម្តុំវត្តសំពៅមាស អ្នកស្រី សាយ សុខលាភ បាននិយាយថា គាត់លក់ផ្ការយៈពេល ២០ឆ្នាំមកហើយ ប៉ុន្តែ គាត់ថា ផ្កាឆ្នាំនេះឡើងថ្លៃជាងឆ្នាំមុនប្រហែល ២០ដុល្លារក្នុងមួយផើង។
អាជីវកររូបនេះ បញ្ជាក់ថា ផ្កាអង្គាសីល ត្រូវបានពលរដ្ឋខ្មែរខ្សែស្រឡាយចិន និងជនជាតិចិន-វៀតណាម ទិញយកទៅដាក់នៅផ្ទះ ឬក្រុមហ៊ុន ដើម្បីសុំសេចក្តីសុខ រកស៊ីមានបាន។
អ្នកស្រី សាយ សុខលាភ និយាយថា៖ «ឡើងដោយសារតែផ្កា [រីក] អត់ចំថ្ងៃ វាតូចពេក ក៏ពិបាកលក់ អត់ចំថ្ងៃ ក៏វាពិបាកលក់ដែរ ដល់ពេលយើងទិញចំពេកថ្លៃ មួយដើមឡើង២០ ទៅ ៣០ដុល្លារ។ ជួនកាលឡើងដល់ ៥០ដុល្លារក៏មាន ព្រោះឆ្នាំនេះ អាកាសធាតុមិនល្អ។ បើឆ្នាំមុនៗនៅល្អដល់ថ្ងៃសែន ឆ្នាំនេះមានតែថ្លៃ»។
រីឯអ្នកលក់បន្លែនៅម្តុំផ្សារដើមគរ អ្នកស្រី គឹម សារ៉ែម បានលើកឡើងថា បន្លែឆ្នាំនេះឡើងថ្លៃចន្លោះពី ៥០០រៀលទៅ ៣០០០រៀលក្នុងមួយគីឡូក្រាម ពីព្រោះពួកគាត់មានឱកាសយកចំណេញបានត្រឹមតែ ២ទៅ ៣ថ្ងៃមុនចូលឆ្នាំចិននេះតែប៉ុណ្ណោះ។
អ្នកស្រី គឹម សារ៉ែម និយាយថា៖ «ឡើងដោយសារតែបុណ្យចូលឆ្នាំ [ចិន] ដ៏ពេលអត់មានរដូវបុណ្យ អត់មានឡើងទេ ឡើងតែខែរដូវបុណ្យទេ។ បន្លែបូកគោបាន ១០០០រៀលជាង ឡើង ១៥០០រៀល ខាត់ណា ការ៉ុតក៏ឡើង ឆៃថាវក៏ឡើងដែរ តែមួយមុខបានតែ ៥០០រៀលទេ»។
ចំណែកពលរដ្ឋជាអ្នកទិញ លោក ទយ ហេង និយាយថា តម្លៃបន្លែ សាច់ និងសម្ភារសែនចិនឆ្នាំនេះ ឡើងថ្លៃគ្រប់មុខ។ ប៉ុន្តែ លោកថា គ្មានជម្រើស ត្រូវទិញយកទៅធ្វើម្ហូបសែនជីដូនជីតា ដើម្បីសុំសេចក្តីសុខតាមបែបប្រពៃណីចិន។
លោកនិយាយថា៖ «បើគាត់ [អ្នកលក់] លក់រាល់ដង ឥឡូវឡើងពីរពាន់ បីពាន់រៀលហើយ ដើមខាត់ណា ១គីឡូតែ ២៥០០រៀល ឥឡូវឡើង៣០០០ ទៅ៣៥០០រៀល។ ស្អែកក៏ឡើងទៀតដែរ ខ្ញុំទិញយកទៅស្លហូប គ្រាន់តែទិញថ្លៃនេះ ទិញទុកសែន។ ធ្លាប់ស្គាល់គ្នា ម៉ូយ គាត់ឡើងតែ ១០០០រៀល ទៅ២០០០រៀលទេ។ ស្អែកគាត់ [អ្នកលក់] ថា ឡើងពេញតែម្តង»។
អ្នកជំនាញផ្នែកកសិកម្ម លោក យ៉ង់ សំាងកុមារ លើកឡើងថា លោកមិនចម្លែកទេនៅពេលទំនិញឡើងថ្លៃអំឡុងថ្ងៃបុណ្យប្រពៃណីធំៗ ទាំងពិធីបុណ្យប្រពៃណីជាតិ និងពិធីបុណ្យនៃជាតិសាសន៍ដទៃទៀតនៅក្នុងប្រទេសកម្ពុជា។
លោកផ្តល់ជាអនុសាសន៍ ដើម្បីកុំឱ្យប្រជាពលរដ្ឋត្អូញត្អែររឿងឡើងថ្លៃទំនិញ បន្លែ សាច់ នៅថ្ងៃបុណ្យ រដ្ឋាភិបាលត្រូវចាត់អ្នកជំនាញចិញ្ចឹមត្រី សាច់ បន្លែ ឱ្យបានប្រមូលផលនៅមុនចូលឆ្នាំចិន ២ទៅ ៣ថ្ងៃ ដើម្បីទុកលក់ឱ្យប្រជាពលរដ្ឋ ទើបកាត់បន្ថយការនាំចូលពីបរទេស និងទប់ស្កាត់តំម្លៃកុំឱ្យឡើងខ្ពស់ជាដើម។
លោក យ៉ង់ សាំងកុមារ មានប្រសាសន៍ថា៖ «រដ្ឋាភិបាលអាចធ្វើបាន ចង់និយាយថា គាំទ្រដោយអ្នកផលិត សម្របសម្រួល សារ៉េការផលិតឱ្យចំរដូវកាល [បុណ្យប្រពៃណីចិន] ហ្នឹង ដើម្បីធ្វើម៉េចឱ្យមានផលិតផលច្រើន ដើម្បីឱ្យចូលរួមចំណែកកុំឱ្យឡើងថ្លៃពេក និងកាត់បន្ថយការនាំចូលពីខាងក្រៅ»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ថា ក្រសួងបានបណ្តុះបណ្តាលប្រជាពលរដ្ឋនៅតាមសហគមន៍ចំនួន ១១៩០សហគមន៍នៅទូទាំងប្រទេស។ លោកបន្តថា លទ្ធផលបណ្តុះបណ្តាលនៅមានកម្រិតទាបនៅឡើយ ករណីនេះធ្វើឱ្យបញ្ហាប្រឈមនៅតែបន្តកើតឡើង។
លោក វេង សាខុន មានប្រសាសន៍ថា៖ «យើងកុំយល់ច្រឡំថា ឱ្យតែមានបញ្ហាអ្វីមួយកើតឡើង គឺដាក់បន្ទុកលើក្រសួងកសិកម្មទាំងអស់ ព្រោះក្រសួងកសិកម្មនៅមានកម្រិតនៅឡើយ មិនអាចមានលទ្ធភាពធ្វើបានទូលំទូលាយទាំងអស់ទេ»។
អំឡុងខែកញ្ញា ឆ្នាំ២០១៧ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយ កំពុងប្រកបរបរកសិកម្ម ប៉ុន្តែ កសិករអាចដាំបន្លែបានតែ ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារបញ្ហាផ្សេងៗ៕