បទយកការណ៍៖ កសិករខ្លះ​នៅខេត្តព្រៃវែង​ បន្តចិញ្ចឹមជ្រូកដោយប្រថុយប្រថានទោះប្រឈមនឹងការខាត​បង់

កសិករចិញ្ចឹមជ្រូកមួយរូប​នៅភូមិជ្រៃគ្រហ៊ឹម ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង លោក ឃឿន នឿន កំពុងបាញ់ទឹកជ្រូក​នៅក្នុងទ្រូងជ្រូករបស់ខ្លួន។ (សូត សុខប្រាថ្នា/ ១៦ មករា ២០២០)

ជំងឺប៉េស្តជ្រូកអាហ្វ្រិក​បាន​ផ្ទុះឡើងនៅកម្ពុជា​កាលពីដើមឆ្នាំមុន និងធ្វើឱ្យជ្រូកកសិកររាប់ពាន់ក្បាលងាប់​ ហើយគិតជាថវិកាខាត​អស់រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ស្ថានភាពជំងឺនេះ បាន​ស្ងប់ស្ងាត់ទៅវិញ​ ​ខណៈកសិករ​តំបន់ខ្លះ​ខ្លាចរអានឹងការចិញ្ចឹមសត្វជ្រូកបន្តទៀត ប៉ុន្តែ កសិករខ្លះ​ក៏បន្តចិញ្ចឹមជ្រូកឡើងវិញ ដោយថា​ គ្មានជម្រើសផ្សេង។

ជាក់ស្តែង កសិករនៅភូមិជ្រៃគ្រហ៊ឹម ​ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង មួយចំនួន បាន​ចិញ្ចឹមជ្រូកឡើងវិញ ក្រោយពេលជ្រូកពួកគាត់ក្នុងភូមិងាប់ស្ទើរគ្មានសល់ ដោយថា គ្មានជម្រើស​ ម្យ៉ាងចេះតែស្តាយ​បាយស្រា កន្ទក់​ បាយ ឬចំណីនៅសល់​។

កសិករចិញ្ចឹមជ្រូកឡើងវិញមិនមែនត្រឹមតែគ្មានជម្រើសផ្សេងទេ ប៉ុន្តែ ពួកគេ​អះអាងថា ​ក៏ចិញ្ចឹមដោយប្រថុយប្រថាន ​ឬតាមយថាកម្ម​ ដោយថា បើចិញ្ចឹមកាក់កបបានផលក៏យក ហើយបើជ្រូកត្រូវងាប់បន្ថែមទៀតក៏​បោះចោល ដោយគ្មានមន្ត្រីជំនាញណាណែនាំ​អ្វីទាំងអស់។

អង្គុយក្រោមផ្ទះ មាត់ពិសាស្លាបណ្តើរ និយាយបណ្តើរ កសិករចិញ្ចឹមជ្រូកមួយរូបនៅភូមិជ្រៃគ្រហ៊ឹម មានវ័យ៤៨ឆ្នាំ លោក​ សៀប សុធា រៀបរាប់ថា កាលពីខែកក្កដា ឆ្នាំ២០១៩ ជ្រូករបស់លោកជាង៥០ក្បាលបានងាប់គ្មានសល់ ដែលធ្វើឱ្យលោកខាតបង់ប្រាក់​ប្រមាណ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

លោកអះអាងថា ការចិញ្ចឹមជ្រូករបស់លោក​ឡើងវិញ​ ដែលមានជ្រូកមិនដល់១០ក្បាលផងនោះ គឺចិញ្ចឹម​ទាំងប្រថុយប្រថាន​ប៉ុណ្ណោះ​ ដោយថា គ្មានអាជ្ញាធរជំនាញណាមកណែនាំពលរដ្ឋថា គួរ ឬមិនគួរចិញ្ចឹមជ្រូកទៀតនោះទេ។ យ៉ាងនេះក្តី លោកក៏មាន​ការបារម្ភខ្លាចជ្រូករបស់ខ្លួន​ងាប់បន្ថែមទៀត។

បទយកការណ៍៖ កសិករខ្លះ​នៅខេត្តព្រៃវែង​ បន្តចិញ្ចឹមជ្រូកដោយប្រថុយប្រថានទោះប្រឈមនឹងការខាត​បង់
កសិករចិញ្ចឹមជ្រូកមួយរូបនៅភូមិជ្រៃគ្រហ៊ឹម មានវ័យ៤៨ឆ្នាំ លោក សៀប សុធា រៀបរាប់ពីការបន្តចិញ្ចឹងមជ្រូកបច្ចុប្បន្ន ប៉ុន្តែ ចិញ្ចឹមដោយប្រថុយប្រថាន។ (សូត សុខប្រាថ្នា/ ២០ មករា ២០២០)

លោកមានប្រសាសន៍ថា៖ «ព្រួយដែរ តែមិនដឹងធ្វើម៉េច ព្រោះមុខរបរហើយ វាត្រូវតែ​ចេះតែផ្សង​បន្តទៀត ព្រោះវាចោលច្រើនណាស់របស់របរ​ដែលយើងរកបាន​ដូចជាកន្ទក់ បាយស្រា បាយអីហ្នឹង វាចោល។ អីចឹងយើងចេះតែប្រឹងទៅ​»។ 

កសិកររូបនេះ ចង់អំពាវនាវឱ្យមន្ត្រីជំនាញជួយ ប៉ុន្តែ លោកថា ​មិនដឹងទៅរកនរណា​ឱ្យជួយ​ ឬណែនាំ​អំពីវិធី​បង្ការជំងឺជ្រូកនោះឡើយ។

លោកបន្ថែមថា៖ «សំណូមវាសំណូមពរហើយ ប៉ុន្តែ មិនដឹង​ទៅសំណូមពរ​ឯណា បើវាអត់ដែលឃើញមាន​​មន្ទីរជំនាញ​អីមកដល់ផ្ទះផង យើងមិនដឹងទៅសំណូមពរឯណា។ បើខេត្តវានៅឆ្ងាយ​ បើពឹងទៅប្រធានពេទ្យសត្វឃុំហ្នឹង គាត់ចិញ្ចឹម(ជ្រូក)គាត់ងាប់​អស់អាលីងដែរ។ អីចឹង មិនដឹងទៅរកនរណា​។ បើគំនិតរបស់ខ្ញុំ ថាបើរដ្ឋាភិបាល​អាចជួយបាន គឺទប់ស្កាត់​តែជ្រូកបរទេស​កុំឱ្យតែចូលមក​បានទៅ ជ្រូកខ្មែរយើងមិនសូវមានមេរោគទេ»។

មិនឆ្ងាយ​ប៉ុន្មាន​ពីគេហដ្ឋានរបស់លោក សៀប សុធា ​កសិករចិញ្ចឹមជ្រូក​មួយរូបទៀត លោក ឃឿន នឿន លើកឡើងថា ​កាលពីខែកក្កដា ឆ្នាំមុន​ ជ្រូករបស់លោក បានងាប់ ហើយខាត​ប្រាក់​ប្រមាណ៥ពាន់ដុល្លារ។

ក្រោយជ្រូករបស់លោក​ឆ្លងជំងឺងាប់​អស់ កាលពីខែកក្កដា លោកផ្អាកចិញ្ចឹមមួយរយៈខ្លី ក្រោយមក​ក៏ចិញ្ចឹម​ឡើងវិញ ប៉ុន្តែ លោកថា ជាការចិញ្ចឹម​តាមបែបផ្សងព្រេងប៉ុណ្ណោះ ដែលមានជ្រូកប្រមាណ២០ក្បាល។

បទយកការណ៍៖ កសិករខ្លះ​នៅខេត្តព្រៃវែង​ បន្តចិញ្ចឹមជ្រូកដោយប្រថុយប្រថានទោះប្រឈមនឹងការខាត​បង់
កសិករចិញ្ចឹមជ្រូកមួយរូប​នៅភូមិជ្រៃគ្រហ៊ឹម ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង លោក ឃឿន នឿន កំពុងបាញ់ទឹកជ្រូក​នៅក្នុងទ្រូងជ្រូករបស់ខ្លួន។ (សូត សុខប្រាថ្នា/ ១៦ មករា ២០២០)

លោកបន្តថា៖ «ចិញ្ចឹមហ្នឹងប្រថុយប្រថានហ្មង សូម្បីតែថ្នាំ​ក៏មិនចាក់ដែរ។ អត់មានការណែនាំអីទេ ប៉ុន្តែកាល​ចិញ្ចឹម​មុនៗ ធ្លាប់ចាក់វ៉ាក់សាំង ចាក់អី អីចឹង ដល់ក្រោយហ្នឹង​ខ្ញុំ​លែង​ចាក់ហ្មង ខ្ញុំចិញ្ចឹមធម្មតាហ្មង»។

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​ប្រទេស​ចិន ​បាន​រីក​រាលដាល​ដល់​ប្រទេស​វៀតណាម​នៅ​ដើម​ឆ្នាំ២០១៩ និង​បាន​ឆ្លង​ចូល​ដល់​ខេត្ត​រតនគិរី​ នៃ​ប្រទេស​កម្ពុជា​ កាល​ពី​ចុង​ខែ​មីនា​ឆ្នាំមុនដដែល។

គិត​មកដល់ចុងឆ្នាំ២០១៩ រដ្ឋាភិបាល​បានបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ​បាន​ផ្ទុះ​ដល់​ខេត្ត​ចំនួន៥ ក្នុងប្រទេស​កម្ពុជា ​​​រួម​មាន ខេត្ត​រតនគិរី ខេត្ត​កំពង់ចាម ខេត្ត​តាកែវ ខេត្ត​ស្វាយ​រៀង និង​ខេត្ត​កណ្ដាល ដោយជំងឺនេះ ​អាជ្ញាធរ​អះអាងកាលពីចុងឆ្នាំមុនថា បណ្តាលឱ្យជ្រូកងាប់ និងបំផ្លាញចោល​ជាង៤ពាន់ក្បាល ហើយខាតបង់ទឹក​ប្រាក់​វិញ​អស់​ជិត១លានដុល្លារសហរដ្ឋអាមេរិក។

ទោះបីជា​រដ្ឋាភិបាល​ប្រកាស​អំពីការផ្ទុះជំងឺនេះឡើង មិនមានករណីនៅខេត្តព្រៃវែងក៏ដោយ ប៉ុន្តែ​ សម្រាប់​កសិករចិញ្ចឹមជ្រូក​ និងអាជ្ញាធរ​មូលដ្ឋាន​សង្ស័យថា ជំងឺ​ដែលបណ្តាលឱ្យជ្រូកពួកគាត់​​ងាប់កាលពីឆ្នាំមុននោះ គឺ ជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះ។

មេភូមិជ្រៃគ្រហ៊ឹម លោក នួន យិន មានប្រសាសន៍ថា ពលរដ្ឋនៅក្នុងភូមិលោក មានចំនួន៧៤៥គ្រួសារ និងមានប្រជាជនចំនួនជាង ៤ពាន់នាក់។ លោកថា កាលពីមិនទាន់មានផ្ទុះជំងឺប៉េស្តជ្រូក ភូមិនេះមាន​ពលរដ្ឋ​ចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារប្រមាណ៦០ភាគរយ  ប៉ុន្តែ​ ងាប់កាលពីឆ្នាំមុននោះ​ស្ទើរតែអស់ គឺនៅរស់តែ​មេជ្រូក​២ក្បាលប៉ុណ្ណោះ។

លោកថា បច្ចុប្បន្ន​ កសិករក្នុងភូមិរបស់ខ្លួន ដែលចិញ្ចឹមជ្រូកឡើងវិញ​​ មានមិនដល់១០គ្រួសារផង ហើយអាជ្ញាធរមូលដ្ឋាន​​បានត្រឹមតែណែនាំឱ្យជ្រើសរើសពូជល្អប៉ុណ្ណោះ ដោយមិន​អាចជួយអ្វីផ្សេងបានឡើយ។

បទយកការណ៍៖ កសិករខ្លះ​នៅខេត្តព្រៃវែង​ បន្តចិញ្ចឹមជ្រូកដោយប្រថុយប្រថានទោះប្រឈមនឹងការខាត​បង់
មេភូមិជ្រៃគ្រហ៊ឹម លោក នួន យិន មានប្រសាសន៍អំពីស្ថានភាព​ពលរដ្ឋ​ចិញ្ចឹមជ្រូកក្នុងភូមិ។ (សូត សុខប្រាថ្នា/ ១៦ មករា ២០២០)

លោកមានប្រសាសន៍ថា៖ «បាទ! ភាសាហ្នុង​និយាយដោយស្មោះ គឺមិនទាន់បាន​ណែនាំទេ ថាចិញ្ចឹមចុះ​បងប្អូន​ ដោយរក​មើលជ្រូកណាល្អៗទៅ តែគ្មានផ្តល់អីមកទេ»។

អគ្គនាយកនៃអគ្គនាយកដ្ឋាន​សុខភាពសត្វ និងផលិតកម្ម​សត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តាន់ ផាន់ណារ៉ា មានប្រសាសន៍ថា ស្ថានភាពជ្រូកបច្ចុប្បន្ន​ គឺមិនមានជំងឺអ្វីនោះទេ ហើយការចិញ្ចឹមជ្រូកវិញ​មានលក្ខណៈធម្មតា។  ​

លោកអះអាងថា ​ករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក​ដែលផ្ទុះឡើង​នៅកម្ពុជា​កាលពីឆ្នាំមុន មានតែ ៥ខេត្តទេ​ដែលមានជ្រូកងាប់ប្រមាណ៦ពាន់ក្បាល ហើយការចាត់ទុក​ថា តំបន់ជ្រូក​មានជំងឺ​នេះ គឺទាល់តែមានការពិនិត្យតេស្តរកឃើញថា មានមេរោគជំងឺប្រភេទនេះ។

លោកថា ដោយឡែកនៅខេត្តព្រៃវែង ​លោកមិនទទួលបានរបាយការណ៍​ស្តីពីជ្រូកងាប់​​នោះឡើយ។

លោកមានប្រសាសន៍ថា៖ «ខាងក្រសួង ក៏ដូចជាខាងអគ្គនាយកដ្ឋាន​ចាត់ទុក ​(ថាមានជំងឺប៉េស្តជ្រូក) លុះណាតែ​បានធ្វើតេស្តទៅឃើញថា​មានជំងឺហ្នឹង (ប៉េស្តជ្រូកអាហ្វ្រិក) ប៉ុន្តែ ខ្ញុំ​មិនទាន់​ទទួលបាន​របាយការណ៍​អីពីហ្នុងផង បាទ»។  

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន លើកឡើងថា ​កសិករ​មិនគួរ​ចិញ្ចឹម​ជ្រូក​តាមបែបប្រថុយប្រថាននោះទេ ដោយពួកគេ​គប្បីរិះរកវិធីសាស្ត្រផ្សេងៗសម្រាប់បង្ការ ឬតម្រូវការទីផ្សារលក់ចេញ និងដើម្បីឱ្យការចិញ្ចឹម​របស់ខ្លួន​ទទួលបានជោគជ័យ ចៀសវាងការខាតបង់បន្ថែមទៀត។

ជាមួយគ្នានេះ លោកថា រដ្ឋាភិបាល​តាមរយៈមន្ត្រីជំនាញរបស់ខ្លួន​ ក៏ត្រូវ​ចុះណែនាំដល់កសិករ និងដាក់ចេញ​ជាគោលនយោបាយ​ជាក់លាក់​ក្នុងការជួយដល់​កសិករ​ទាំងបច្ចេកទេស ធនធាន និងទីផ្សារជាដើម ត្បិត​លោកថា កន្លងមក ​ការជួយជ្រោមជ្រែងដល់ពលរដ្ឋ​នៅមានកម្រិតនៅឡើយ។

លោកមានប្រសាសន៍ថា៖ «ទន្ទឹមនឹងនេះដែរ យើងក៏ស្នើ​ឱ្យរដ្ឋាភិបាលមានវិធានការ​ពិសេស គឺ​ការចុះផ្សព្វផ្សាយ អប់រំ និងជជែក​ពិភាក្សាជាមួយ​ប្រជាពលរដ្ឋ​ ដើម្បី​ប្រមូល​បញ្ហា​ក្នុងការកំណត់​​អំពីតម្រូវការ​ និងទីផ្សារ​ជាអាទិភាព​ជូនប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណឹង ក្រសួង​ត្រូវដើរតួនាទីក្នុងការសម្របសម្រួល​បន្ថែម​ទៅ​លើបច្ចេកទេស ការចាក់​វ៉ាក់សាំងថ្នាំបង្ការដល់ជ្រូក​របស់ពលរដ្ឋ​​​»។

មិនមែនតែខេត្តព្រៃវែងទេដែលមានជ្រូកងាប់ច្រើន​កាលពីឆ្នាំមុន ហើយក៏មាន​កសិករ​បោះបង់​ការចិញ្ចឹមជ្រូកច្រើនដែរ ប៉ុន្តែ ​ក្រសួង​មិនបាន​បញ្ជាក់​ថា​ ករណីជ្រូកងាប់ទាំងនោះ​ជាជំងឺអ្វីឱ្យប្រាកដ។ ដោយឡែកនៅខេត្តកំពង់ចាម​កាលពីឆ្នាំមុននោះ កសិករ​អះអាងថា ជ្រូករបស់ពួកគាត់​រាប់សិបក្បាលបាន​ងាប់​ និងមានពលរដ្ឋជាច្រើនគ្រួសារ​បោះបង់មុខរបរនេះថែមទៀតផង៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ