អតីត​យោធិន​ពិការម្នាក់ប្ដឹង​អតីត​មេបញ្ជាការ​រង​ភូមិភាគ៥​ពី​បទ​ហិង្សា​និង​គំរាម​សម្លាប់

អតីត​​យោធិនពិ​ការ​ម្នាក់ បាន​ប្ដឹង​អតីត​មេបញ្ជាការ​រង​ភូមិភាគ៥ ពី​បទ​ប្រើប្រាស់​ហិង្សា និង​គំរាម​អាយុជីវិត ប៉ុនប៉ង​សម្លាប់​ក្នុង​ជម្លោះ​ដីធ្លី​មួយ​កន្លែង ស្ថិត​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

ថ្លែង​ប្រាប់ វីអូឌី តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ទី ២៤ មករា អតីត​​យោធិនពិ​ការមួយរូប គឺ លោក យី ប៊ុនលី ឲ្យ​ដឹង​ថា អតីត​មេបញ្ជាការ​របស់​ខ្លួនប្រើ​ហិង្សា​មក​លើ​រូប​លោក ក្នុង​ពេល​ស្វែង​រក​ដំណោះស្រាយបញ្ហាដីធ្លី។ លោក​បន្ត​ថា នៅ​ចំពោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ចែង​មានជ័យ មេបញ្ជាការ​យោធភូមិភាគ៥ ដែល​ចូល​និវត្ត​ន៍ព្យាយាម​ហក់​ទះ​កំផ្លៀង​លោក ក្នុង​ពេល​ប្រជុំ​ពិគ្រោះ​យោបល់ ដើម្បី​រក​ដំណោះស្រាយ រឿង​ទំនាស់​ដីធ្លី។

លោក​បន្ថែម​ថា«ហេតុ​អី​បាន​ជា​ដើមបណ្ដឹង​ខ្ញុំ​គាត់​មក​រំលោភ​បំពាន់​លើ​ដី​ដែល​មាន​សាលដីកា​រក្សា​ការពារ។អ៊ីចឹង​ហេតុ​អី​អ៊ំ​អត់​មាន​ដំណោះស្រាយ​ឲ្យ​ខ្ញុំ។គ្រាន់​តែ​ខ្ញុំ​និយាយ​ដល់​ចំណុច​ហ្នឹង ហើយ​អ៊ំ​មេឃុំ​អត់​ទាន់​ដោះស្រាយ​ផង ស្រាប់​តែ​ហក់​ទះ​ខ្ញុំ​មួយ​ដៃ​បណ្ដោយ។វាយខ្ញុំ​ផ្អើល​ឆោឡោ​នៅ​ក្នុង​សាលាឃុំ​តែម្ដង។អា​នេះ​ឯង​ជា​សាច់​រឿង​ពិត​នោះ។ដល់​អ៊ីចឹង​ហើយ​គេ​វាយ​ខ្ញុំ​រួច​ហើយ កូន​ក៏​ស្រែក​គំរាម​បន្ថែម​ថា​វាយ​ឯង​ឲ្យ​ងាប់​បណ្ដោយ ហើយ​បាញ់​ឯង​ចោល​បណ្ដោយ​ទៅ ស្រាប់​តែ​ស្រែក​គំរាម​យើង​អ៊ីចឹង​តែម្ដង  »

បើ​តាម​លោក យី ប៊ុនលី ឲ្យ​ដឹង​ថា មេបញ្ជាការ​រង​ភូមិភាគ៥​ឈ្មោះ​លោក ឃុំ ហ៊ាន បាន​ទៅ​ចាប់​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​ជា​ប្រភេទ​ដី​ព្រៃ​ទំនេរ។ដី​នេះ​មាន​ទំហំ ៣៨ ហិកតា ស្ថិត​នៅ​ភូមិ​បុស្ស​ខ្នុរ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ស្រប​ពេល​ជា​មួយ​គ្នា​នោះ បើ​តាម​លោក ប៊ុនលី ឲ្យ​ដឹង​ថា​នៅ​អំឡុង​ឆ្នាំ១៩៩៦​លោក​ក៏​បាន​ចាប់​ដី​ក្បែរ​គ្នា​នោះ ចំនួន ៥ ហិកតារ​ដែរ។ប្រភព​បន្ត​ថា មេបញ្ជាការ​រង​ភូមិភាគ៥ ពេល​នោះ​បាន​ផ្ដាំ​ឲ្យ​លោក​ជួយ​មើល​ដី​ឲ្យ​ផង ព្រោះ​​ដី​នៅ​ជាប់​ព្រំ​គ្នា។

បើ​តាម​លោក យី ប៊ុនលី នៅ​គ្រា​ដែល​ខ្លួន​មើល​ថែទាំ​ដី​ឲ្យ​នេះ លោក ឃុំ ហ៊ាន ដែល​ជា​អតីត​មេបញ្ជាការ​របស់​លោក បាន​សន្យា​ផ្ដល់​ដី​ចំនួន៥ហិកតា ដែល​ជា​ចំណែក​ដី​របស់​គាត់ ក្នុង​ចំណោម​ដី​ទាំង​៣៨ហកិកតាបន្ថែម​ទៀត​ផង។

ជុំវិញ​រឿងរ៉ាវ​នេះ ភរិយា​លោក ឃុំ ហ៊ាន គឺ​អ្នក​ស្រី សុវណ្ណ នារី បដិសេធ​ថា​ក្រុម​គ្រួសារ​អ្នក​ស្រី មិន​ដែល​ធ្លាប់​បាន​សន្យា​ផ្ដល់​ឲ្យ​លោក យី ប៊ុនលី ម្តង​ណា​ឡើយ។ផ្ទុយ​ទៅ​វិញ មាន​តែ​អតីត​យោធិន​ពិការ​នេះ​ទេ ដែល​ប៉ុនប៉ង​ចង់​បាន​ទ្រព្យសម្បត្តិ​របស់​អ្នក​ស្រី។

អ្នក​ស្រី​បន្ថែម​ថា៖ «អត់​ទេ ខ្ញុំ​អត់​ដែល​បាន​សន្យា​អ្វី​ទាំង​អស់។នេះ​ការ​បំផ្លើស​ទាំងស្រុង។ខ្ញុំ​ធ្លាប់​ឲ្យ​ដី​ទៅ​គាត់៥ហិកតារ​រួច​ហើយ ហើយ​គាត់​បាន​លក់​ឲ្យ​ទៅ​រួច​បាត់​ហើយ។ហើយ​គាត់​ថែម​ទាំង​ឈប់​រស់នៅ​ជាមួយ​ខ្ញុំ​យូរ​ឆ្នាំ​ទៀត​ផង។ហើយ​អ្វី​ដែល​គាត់​និយាយ​នេះ​គឺ​បំផ្លើស​ទាំង​អស់។និយាយ​រួម​ទៅ​ខ្ញុំ​មាន​ឯកសារ​ដី​ដែល​ចែក​ឲ្យ​ទៅ​គាត់ ហើយ​បន្ទាប់​មក​គាត់​លក់​ឲ្យ​ទៅ​គេ ខ្ញុំ​ក៏​មាន​ឯកសារ​ថែម​ទៀត​ផង » ។

ផ្ទុយ​ពី​ការ​លើក​ឡើង របស់​ភាគី​លោក ឃុំ ហ៊ាន នេះ លោក យី ប៊ុនលី អះអាង​ថា ការ​សន្យា​ផ្ដល់​ដី​៥ហិកតារ ជា​ថ្នូរ​ក្នុង​ការ​ជួយ​មើល​ថែរក្សា​ដី​ឲ្យ​នេះ គឺ​ភាគី​ទាំង​សង្ខាង​ពុំ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ទេ ពោល​ការ​សន្យា​ធ្វើ​ឡើង​ផ្ទាល់​មាត់​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ។

ក្រោយ​ពេល​អំពើ​ហិង្សា​កើត​ឡើង​ភ្លាម​ៗ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី ២៤ មករា ដដែល លោក យី ប៊ុនលី បាន​សម្រេច​ចិត្ត​ទៅ​ដាក់​ពាក្យបណ្ដឹង ប្រឆាំង​លោក ឃុំ ហ៊ាន និង​កូន​ប្រុស​ពី​បទ « ប្រើប្រាស់​ហិង្សា និង​គំរាមកំហែង » នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ចែង​មានជ័យ ។បើ​តាម​លោក ប៊ុនលី បញ្ជាក់​ថា ហេតុការណ៍​ហិង្សា​នេះ បើ​កុំ​កើត​ឡើង​នៅ​ក្នុង​សាលាឃុំ ហើយ​នៅ​ចំពោះ​មុខ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ផង ម្ល៉េះ​ក្រុម​គ្រួសារ អតីត​មេបញ្ជាការ​ដែល​ចូល​និវត្ត អាច​នឹង​វាយ​ធ្វើ​បាប​លោក​រហូត​ដល់​ស្លាប់​ផង​ក៏​ថា​បាន​ដែរ។

បើ​ទោះ​ជា​បែប​នេះ​ក្ដី ភរិយា​លោក ឃុំ ហ៊ាន​គឺ​អ្នក​ស្រី សុវណ្ណ នារី អះអាង​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​ខុស​ការពិត​ទាំងស្រុង។បើ​តាម​អ្នក​ស្រី នារី បញ្ជាក់​ថា ក្រុម​គ្រួសារ​របស់​អ្នក​ស្រី មាន​តែ​ព្យាយាម​សម្របសម្រួល​ដោយ​សន្តិវិធី ដើម្បី​បញ្ចប់​ទំនាស់​ប៉ុណ្ណោះ។ម្យ៉ាង​វិញ​ទៀត លោក យី ប៊ុនលី នេះ​ក៏​ត្រូវ​ជា​សាច់ញាតិ​ក្នុង​ឋានៈ​ជា​បងប្អូន​ជីដូន​មួយ​ផង ហេតុ​នេះ​អ្នក​ស្រី​គ្មាន​ហេតុផល​ណា ដែល​មាន​ចេតនា​អាក្រក់​បែប​នេះ​ឡើយ។

អ្នក​ស្រី​បន្ថែម​ថា៖«និយាយ​ទៅ​ពន្យុះ គឺ​ពន្យុះ​ឲ្យ​យើង​វាយ​គាត់។ឥឡូវ​និង​គាត់​ដាក់​ពាក្យបណ្ដឹង​ថា​យើង​ស្រែក​ថា​វាយ​វា​ឲ្យ​ងាប់។ដូច្នេះ​វា​ផ្ទុយ​គ្នា។ប៉ុន្តែ​ខ្ញុំ​មាន​កំណត់ហេតុ​ពី​អាជ្ញាធរ​អស់​ហើយ មាន​តែ​ប៉ុណ្ណឹង​ទេ អត់​មាន​អី​វែង​ឆ្ងាយ​ទេ។តែ​គាត់​ព្យាយាម​មក​ខិត​ជិត​យើង ឲ្យ​យើង​ប្រើ​ហិង្សា ប៉ុន្តែ​យើង​យល់​ពី​ច្បាប់ យើង​អត់​យក​ដៃ​ទៅ​ប៉ះពាល់​គាត់​ទេ។ប៉ុន្តែ​គាត់​បែរ​ជា​ស្រែក​ថា​យើង​វាយ​គាត់​ទៅ​វិញ »

ទាក់ទិន​ដី​ទំនាស់​៥ហិតការ​ក្នុង​ចំណោម​ដី​ទាំង​៣៨ ហិកតារ​នេះ កាល​ពី​ថ្ងៃ​ទី ៥ ខែ កក្កដា ឆ្នាំ២០១៩ ចៅ​ក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​បាត់ដំបង​លោក រ័ត្ន ស៊ីថា បាន​ចេញ​ដីកា​រក្សា​ការពារ។ការ​សម្រេច​ចេញ​ដីកា​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​បណ្ដឹង​របស់​លោក ឃុំ ហ៊ាន ដែល​ប្ដឹង​ចូល​ទៅ​តុលាការ នៅ​អំឡុង​ឆ្នាំ២០១៩ ដែល​ចោទ​ប្រកាន់​ថា ក្រុម​គ្រួសារ​លោក យី ប៊ុនលី ប៉ុនប៉ង​ចូល​កាន់កាប់​ដី​ដោយ​ខុស​ច្បាប់។

នាយក​រង​ប៉ុស្តិ៍​នគរបាល​ចែង​មានជ័យ​លោក រើម រឿត បញ្ជាក់​ថា ខាង​នគរបាល​យុត្តិធម៌​បាន​ទទួល​រួច​ហើយ​នូវ​បណ្ដឹង​របស់​លោក យី ប៊ុនលី។លោក​បន្ត​ថា ក្រោយ​បញ្ចប់​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​រួច​នេះ លោក​នឹង​ប្រមូល​ភស្តុតាង​បន្ថែម​ទៀត​សិន មុននឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

លោក​បន្ត​ថា៖« មិន​ទាន់​បាន​ទេ ព្រោះ​ខ្ញុំ​សួរ​គេ​អត់​ទាន់​បាន​អស់​ទេ។គេ​ចាប់​សែន​ចិន​អស់​ហើយ។យើង​សួរ​នាំ​អត់​ទាន់​អស់​ទេ ដល់​ចប់​ចូល​ឆ្នាំ​ចិន​បាន​យើង​ចាប់​ដំណើរការ​ទៀត។ឥឡូវ​នេះ​ម្នាក់​ៗ​រវល់​សែន​ចិន​អស់​ហើយ យើង​ទៅ​សួរ​ពី​ណា​គេ​បាន។ឥឡូវ​នេះ​កៀក​ឆ្នាំ​ចិន​ហើយ​គេ​កំពុង​ចាប់​សែន​ចិន​ទៀត »

ដោយ​ឡែក​មេឃុំ​ចែង​មានជ័យ​លោក បឿន ឌិញ បញ្ជាក់​ថា តាម​ពិត​ហិង្សា​នេះ ដូច​មិន​ជា​ធ្ងន់ធ្ងរ ហើយ​បង្ក​ទៅ​ជា​របួស​ស្នាម​អ្វី​ទេ។លោក​បន្ត​ថា​បើ​ពិនិត្យ​ទៅ​លើ​អង្គហេតុ អតីត​យោធិន​ពិការ អាច​ជា​មនុស្ស​ដែល​ប្រកាន់​ច្រើន ហើយ​ជា​អ្នក​ចូល​កាន់កាប់​ដី​របស់​លោក ឃុំ ហ៊ាន មែន។

លោក​បន្ថែម​ថា៖« អត់​ទេ​មាន​វាយ​អី​ណា​ដល់​ទេ គ្រាន់​តែ​ចង្អុល​មុខ​ហើយ​យក​ដៃ​ផាត់​ទៅ។នេះ​ក្រុម​ប្រឹក្សា​ខ្ញុំ​គាត់​ឃើញ​ ដោយ​ខ្ញុំ​រវល់​អោន​ចុះ​យក​ឯកសារ។ឃុំ ហ៊ាន គាត់​ចង្អុល​តែ​ប៊ុនលី យក​ដៃ​ទៅ​ផាត់​ទៅ​រួច​ហើយ​វា​ប៉ះពាល់​ថ្ពាល់​តិចតួច​ហ្នឹង​ណា។វា​អត់​មាន​អី​ធំ​ដុំ​ទេ រួច​ហើយ​ពួក​ខ្ញុំ​បំបែក​ចេញ​ទៅ។វា​អត់​មាន​ប៉ះពាល់​អី​ធំ​ដុំ​ទេ » ។

ក្រសួង​រៀបចំ​ដែន​ដី នគរ​រូបនីយកម្ម និង​សំណង់ បាន​ចេញ​របាយការណ៍​សង្ខេប ស្ដីពី​វិវាទ​ដីធ្លី​​នៅ​ទូទាំង​ប្រទេស កាល​ពី​ឆ្នាំ២០១៨។យោង​តាម​របាយការណ៍​នេះ​បង្ហាញ​ថា គិត​ត្រឹម​ចុង​ឆ្នាំ២០១៨ ជម្លោះ​ដែល​ផ្ដើម​ចេញ​ពី​ដី​ធ្លី ហើយ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​សល់​ប្រមាណ ១ពាន់ ៥រយ​ករណី​ទៀត​នៅ​ឡើយ។គិត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​របាយការណ៍​ថ្មី​ជា​ផ្លូវការ​ណាមួយ ដែល​បង្ហាញ​ពី​ដំណោះស្រាយ ទាក់ទិន​វិវាទ​ដីធ្លី​នេះ បន្ថែម​ទៀត​នៅ​ឡើយ​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ