និស្សិតខ្មែរដែលកំពុងសិក្សានៅបណ្តាខេត្ត និងរដ្ឋធានីមួយចំនួនក្នុងប្រទេសចិន បង្ហាញក្តីព្រួយបារម្ភពីការឆ្លងកូរ៉ូណាវីរុស ខណៈមេរោគនេះកំពុងវាយប្រហារ និងរីករាលដាលយ៉ាងលឿនក្នុងប្រទេសមហាអំណាចមួយនេះ។
គិតត្រឹមម៉ោង៨ព្រឹកថ្ងៃអាទិត្យនេះ អ្នកដែលឆ្លងកូរ៉ូណាវីរុសនេះកើនដល់២០០៤នាក់ ខណៈអ្នកស្លាប់កើន ដល់ ៥៦នាក់។ តាមការចុះផ្សាយរបស់VOA ក្នុងប្រទេសចិន អ្នកឆ្លងវីរុស ដ៏កាចសាហាវនេះកើនឡើង រហូតដល់១៩៧៥នាក់ និងអ្នកស្លាប់ទាំង៥៦នាក់សុទ្ធតែនៅចិន។ កូរ៉ូណាវីរុស កំពុងរាតត្បាតគ្រប់ខេត្តនិងរដ្ឋធានីទាំងអស់របស់ចិនលើកឡើងតែតំបន់ស្វយ័តទីបេមួយប៉ុណ្ណោះដែលពុំទាន់មានសេចក្តីរាយការណ៍ណាមួយពីការឆ្លងនៃវីរុសមួយនេះ។
និស្សិត កង សៅរ៍រស្មី កំពុងសិក្សាត្រៀមភាសាចិននៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនារដ្ឋធានីប៉េកាំង លើកឡើងថា ក្រោយផ្ទុះកូរ៉ូណាវីរុស បុគ្គលិកសាកលវិទ្យល័យរបស់ខ្លួន បានតាមដាននិងសួរនាំពីអាការៈរបស់និស្សិតដែលកំពុងស្នាក់នៅក្នុងអន្តេរវាសិកដ្ឋានជាទៀតទាត់។ សៅរ៍រស្មី ថាខ្លួន និងនិស្សិតខ្មែរ៧នាក់ផ្សេងទៀតដែលកំពុងស្នាក់នៅក្នុងសាលាពេលវិសមកាលនេះ មានការភិតភ័យយ៉ាងខ្លាំងពីការចម្លងយ៉ាងលឿននៃកូរ៉ូណាវីរុសនេះ។
សៅរ៍រស្មី និងមិត្តភ័ក្ររួមសាលាថាចង់ត្រលប់មកប្រទេសកម្ពុជាមួយរយៈវិញដែរ តែបារម្ភខ្លាចនៅពេលដែលទៅព្រលានយន្តហោះខ្លួនអាចឆ្លងមេរោគដ៏កាចសាហាវនេះ។
សៅរ៍រស្មី និយាយថា៖«និយាយទៅខ្លាចម៉ងបង ហើយពីមួយថ្ងៃទៅមួយថ្ងៃវារហ័សអញ្ចឹង។ ហើយឥឡូវថាចង់ទៅផ្ទះដែរ តែខ្លាចនៅព្រលានជួបមនុស្សច្រើន ខ្លាចឆ្លង។»
បើតាមយុវនិស្សិត សៅរ៍រស្មី សាកលវិទ្យាល័យរបស់គាត់ ហាមមិនឲ្យចេញក្រៅបន្ទប់នោះទេ ប្រសិនបើមិនមានការចាបាច់។
តាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ អ្នកដែលឆ្លងកូរ៉ូណាវីរុសក្នុងរដ្ឋធានីប៉េកាំងមានចំនួន៥១ករណី។
និស្សិតម្នាក់ទៀតកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យសិក្សាអន្តរជាតិប៉េកាំង កញ្ញា សំ បូរី ឲ្យដឹងថាចាប់តាំងមានការផ្ទុះកូរ៉ូណាវីរុស សភាពជុំវិញសាលាដែលធ្លាប់តែអ៊ូរអរជាពិសេសនៅពេលបុណ្យចូលឆ្នាំចិន បែរជាមានភាពស្ងាត់ជ្រងំ។ និស្សិតរូបនេះ ថាខ្លួនមិនហ៊ានចេញក្រៅនោះទេ សូម្បីតែទៅផ្សារទៅម្ហូបក៏បារម្ភខ្លាចមិនចង់ទៅដែរ។
កញ្ញា បូរី និយាយថា៖«ម្ហូបខ្ញុំទិញទុកមុនផ្ទុះរឿងថ្មីៗ។ ទៅមុនហ្នឹងបានពីរថ្ងៃ ចឹងទិញទុកបាន២អាទិត្យដែរ។ ឥលូវអត់ហ៊ានទៅណាទេ។»
បូរី ថាគាត់មានគម្រោងមកប្រទេសវិញនៅខែមីនាខាងមុន ប៉ុន្តែបារម្ភពីសុវត្ថិភាពខ្លួននៅពេលដែលទៅព្រលានយន្តហោះដែលមានមនុស្សមកពីគ្រប់តំបន់ទាំងអស់នៃប្រទេសចិន។
បន្ថែមលើការបញ្ហានៃព្រួយបារម្ភនៃការឆ្លងវីរុសកូរ៉ណាដ៏សាហាវនេះ និស្សិត ក៏ជួបប្រទះនូវបញ្ហាមួយចំនួនទៀតផងដែរដូចជាបញ្ហាម្ហូបអាហារ និងកង្វះខាតម៉ាសការពារជាដើម។
បើតាមកញ្ញា បូរី ផ្សារមួយចំនួនក្បែរសាលារបស់កញ្ញា បើកតែមួយព្រឹកប៉ុណ្ណោះ ហើយទំនិញ បន្លែបង្ការដែលដាក់លក់ភាគច្រើនជារបស់នៅសល់មិនមានថ្មីនោះទេ។ និស្សិតបញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគណនេយ្យឆ្នាំទី២រូបនេះ កត់សម្គាល់ថាម៉ាសសម្រាប់ពាក់ការពារដែលដាក់លក់នៅផ្សារក៏អស់រកទិញសឹងមិនបានដែរ។ បូរី បន្ថែមទៀតថាតម្លៃម៉ាសក្នុងមួយដុំដែលកាលពីមុនថ្លៃប្រហែលតែ២០យ័ន( ប្រហែល៣ដុល្លា) តែពេលនេះឡើងដល់ជិត១០០យ័ន(ប្រមាណជា១៥ដុល្លា)។
និស្សិតម្នាក់ទៀតដែលកំពុងសិក្សានៅសាកលវិទ្យាល័យធានជីង នាក្រុងធានជីន ក្បែររដ្ឋធានីប៉េកាំង ក៏មានការព្រួយបារម្ភពីការឆ្លងនៃកូរ៉ូណាវីរុសមិនចាញ់និស្សិតប៉េកាំងប៉ុន្មានដែរ។
និស្សិត សោម ពេជ្រដូល្លារ និយាយថាមិនហ៊ានចេញទៅណាក្រៅពីបន្ទប់ និងបរិវេណក្នុងសាលាណានោះទេ។ និស្សិតរូបនេះថាកាលពីមុនខ្លួនអាចទិញម្ហូបដោយកុម្ម៉ង់តាមអនឡាញតែពេលនេះមិនហ៊ានធ្វើបែបនោះទៀតព្រោះបារម្ភខ្លាចឆ្លងវីរុសពីអ្នកដឹកម្ហូបយកមកឲ្យនោះ។
ពេជ្រដូល្លារ ប្រាប់ថា៖«អ្នកដឹកជញ្ជូនម្ហូបមកដល់កន្លែងហ្នឹង គឺជិះម៉ូតូខ្វាត់ខ្វែង អ៊ីចឹងខ្ញុំបារម្ភថាបើទៅយកម្ហូបចឹងអាចឆ្លងពីពូកគាត់អីដែរ។»
បើតាមពេជ្រដូល្លារ សាកលវិទ្យាល័យរបស់ខ្លូនក៏មានបុគ្គលិកមកសួរសុខទុក្ខ និងអាការៈរបស់និស្សិតជាប្រចាំផងដែរជាពិសេសរំលឹកឲ្យពួកគេធ្វើការសំអាតដៃឲ្យបានញឹកញាប់។ និស្សិតរូបនេះបន្តថាក្រៅពីសាលា សមាគមនិស្សិតខ្មែរនៅចិន ក៏បានយកចិត្តទុកដោយប្រាប់ពីវិធីសាស្រ្តការពារខ្លួន និងសូរនាំជាប្រចាំផងដែរ។
និស្សិតនៅសាកលវិទ្យាល័យក្នុងក្រុងវូហាន ដែលជាប្រភពកូរ៉ូណាវីរុស ហើយជាតំបន់ដែលកំពុងរាតត្បាតខ្លាំង បានបង្ហាញខ្លាំងបារម្ភរបស់ខ្លួនលើសនិស្សិតនៅរដ្ឋធានីប៉េកាំង និង ក្រុងធានជីងមួយកម្រិតទៀត។
និស្សិត ចាន់ថន រស្មី កំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រវិស្វកម្មមេកានិចនៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា Huazhong នៃទីក្រុងវូហាន ប្រាប់ថាដោយតែមានការបារម្ភពីការឆ្លងនៃកូរ៉ូណាវីរុស គាត់ និងមិត្តភ័ក្រ បានទិញសំបុត្រយន្តហោះថានឹងចាកចេញពីទីក្រុងវូហាននៅថ្ងៃទី២៤ ខែមករា ប៉ុន្តែមិនទាន់ដល់ពេលចេញមកផងរដ្ឋាភិបាលចិនបានប្រកាសបិទជើងហោះហើរចេញពីតំបន់នេះបាត់ទៅហើយ។
រស្មី លើកឡើងថា៖«មុនហ្នឹងរដ្ឋាភិបាលចិនប្រកាសបិទក្រុងវូហាន ឬព្រលានយន្តហោះហ្នឹង ខ្ញុំបានទិញសំបុត្រយន្តហោះរួចហើយគឺតាមគម្រោងគឹនឹងហោះចេញពីទីក្រុងវូហាននៅថ្ងៃទី២៤ (ខែមករា) នៅវេលាម៉ោង៧ កន្លះព្រឹក។ ប៉ុន្តែជាអកុសលបន្ទាប់ពីយើងទិញសំបុត្រយន្តហោះហើយ ស្អែកឡើងរដ្ឋាភិបាលចិន បានប្រកាសបិទព្រលានយន្តហោះតែម្តង។ អ៊ីចឹងហើយយើងធ្វើឲ្យយើងមានការកត់ស្លត់។»
បើតាមរស្មី ក្រោយពីក្រុងវូហានត្រូវបានបិទ បញ្ហាធំមួយទៀតសម្រាប់និស្សិតខ្មែរនៅទីនោះគឺបញ្ហាម្ហូបបរិភោគប្រចាំថ្ងៃ។ និស្សិតរូបនេះ បន្តថាគាត់បានទិញម្ហូបមកទុកខ្លះ ហើយមានម្ហូបមួយចំនួនដូចជាត្រីងៀត សាច់គោងៀតដែលយកទៅពីប្រទេសកម្ពុជា។
រស្មី ថារហូតមកដល់ពេលនេះស្ថានទូតខ្មែរហាក់មិនទាន់មានចំណាត់ការណាមួយដើម្បីជួយពួកគេដែលកំពុងជាប់ក្នុងក្រុងវូហាននៅឡើយទេ ក្រៅពីតែការផ្តែផ្តាំតាមរយៈសមាគមនិស្សិតឲ្យពួកគេថែទាំខ្លួន ថែរក្សាសុខភាព និងប្រយ័ត្នប្រយែងជាងមុន។ បើតាមរស្មី និស្សិតខ្មែរដែលកំពុងស្នាក់នៅក្នុងក្រុងវូហានមានចំនួន២០នាក់។
ដោយបារម្ភពីសុវត្ថិភាពរបស់ខ្លួន និងមិត្តភក្ររស្មី សំណួមពរទៅស្ថានទូតនិងរដ្ឋាភិបាលកម្ពុជាជួយសម្របសម្រួលយកពួកគេចេញពីក្រុងវូហាន ដើម្បីបញ្ចៀសពីកូរ៉ូណាវីរុសនេះ។
រស្មី លើកជាសំណើរថា៖«បើសិនជាស្ថានភាពនៃជំងឺនេះវិវត្តន៍កាន់តែគ្រោះថា្នក់ទៅៗ គឺខ្ញុំបាទក៏ដូចជាជំនួសមុខឲ្យនិស្សិតដែលសិក្សានៅទីក្រុងវូហាន ដែលកំពុងជាប់គាំងនៅទីក្រុងវូហាននេះទាំងមួល សំណូមពរឲ្យរាជរដ្ឋាភិបាល ក៏ដូចជាស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន មេត្តាជួយគិតគូរក៏ដូចជាយកចិត្តទុកដាក់ ចំពោះពួកយើងខ្ញុំផង។ ហើយជាជំនួយនោះបើសិនជាអាចគឺពូកយើងចង់ឲ្យគាត់ជម្លៀសនិស្សិតខ្មែរ ទាំងអស់ ដែលនៅក្នុងទីក្រុងវូហាននេះ ចាកចេញពីទីក្រុងវូហាន ហើយវិលត្រលប់ទៅកាន់ប្រទេសកម្ពុជាវិញ។»
ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន លោក ណុប វាសនា អះអាងថាសមាគមតាមដានករណីការរីករាលដាលនៃកូរ៉ូណាវីរុសនេះដោយយកចិត្តទុក។
លោក ណុប វាសនា ថ្លែងថា៖«ខ្ញុំតែងតែតាមដានសូរនាំពួកគេ(និស្សិតខ្មែរនៅប្រទេសចិន) ក៏ដូចជាពីស្ថានទូតចិននៅកម្ពុជាផងដែរ។»
បើតាមលោក ណុប វាសនា និស្សិតកម្ពុជានៅប្រទេសចិនមានចំនួន២៤៩៩ ហើយត្រលប់មកលេងមាតុប្រទេសវិញក្នុងពេលវិសមកាលនេះប្រហែល៥០ទៅ៦០ភាគរយ ដែលមានន័យថានិស្សិតជាង១០០០នាក់ទៀតកំពុងតែមានវត្តមានៅក្នុងប្រទេសចិននាពេលនេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង អះអាងក្រសួងការបរទេសតែងតែត្រៀមលក្ខណៈជានិច្ចក្នុងការជួយដល់និស្សិតក៏ដូចជាពលរដ្ឋខ្មែរទូទៅដែលកំពុងរស់នៅប្រទេសចិន។ លោក ថាទាំងស្ថានទូតខ្មែរប្រចាំរដ្ឋធានីប៉េកាំង និងកុងស៊ុលនៅតាមបណ្តាខេត្តតែងតែយកចិត្តទុកដាក់ទាក់ទងជាប្រចាំជាមួយពួកគេ ហើយប្រសិនបើពួកគេមានបញ្ហាអាចទំនាក់ទំនងទៅមន្រ្តីទាំងនោះបាន។
បន្ថែមលើនេះ លោក កុយ គួង ក៏អំពាវនាវឲ្យក្រុមនិស្សិតដែលកំពុងស្នាក់ប្រទេសចិនទាំងនោះ ត្រូវចេះប្រុងប្រយ័ត្នដោយខ្លួនឯងដែរ។
លោក កុយ គួយ មានប្រសាសន៍ថា៖«ហើយកន្លងមកគាត់ត្រូវដឹងខ្លួនឯងច្បាស់ហើយថាកន្លែងណាដែលមានគ្រោះថ្នាក់គឺគាត់កុំសូវទៅតំបន់ហ្នឹងអី ។ ហើយបើយើងចៀសៗទៅកុំសូវដើរលេង ដើររហេតរហូតច្រើនពេកអាហ្នឹងក៏កាត់បន្ថយដែរ។ គាត់ត្រូវដឹងខ្លួនឯងហើយថាគាត់ជានិស្សិតណា។ ដូចខ្ញុំបានបញ្ជាក់ចឹងគាត់មានការអីគាត់គឺថាតំណាងកម្ពុជានៅហ្នឹងមានច្រើនណាស់។»
កូរ៉ូណាវីរុស ត្រូវបានរកឃើញផ្ទុកនៅខ្លួនមនុស្សមុនដំបូងបង្អស់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន៕