​នាយករដ្ឋ​មន្ត្រី​​ ហ៊ុន សែន អំពាវ​នាវ​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​វីរុស​​កូរ៉ូណា​ថ្មី

បុគ្គលិក​សុខាភិបាល​ចិន​នៅ​ខេត្ត​ហ័រប៉ី ចូលរួម​ប្រយុទ្ធ​នឹង​ការ​ផ្ទុះ​ឡើង និង​ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី ដែល​ត្រូវ​បាន​រាយការណ៍​ថា បាន​សម្លាប់​មនុស្ស​លើស​ពី​ចំនួន ៥០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២០។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់ ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​​ជំងឺ​ប្រភេទ​ថ្មី​ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន ហើយ​បាន​ឆ្លង​រីករាល​ដាល​ទៅ​ដល់​ប្រទេស​ជាច្រើន។

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​អំពាវ​នាវ​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ។

លោក ហ៊ុន សែន រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជាពិសេស​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស​ដែល​កំពុង​មាន​មេរោគ​កូរ៉ូណា​ឆ្លង»

សារព័ត៌មាន​សិង្ហបុរី Channel News Asia បាន​ចុះ​ផ្សាយ​ថា មាន​ប្រទេស​ចំនួន ១៤​ហើយ​នៅ​ទូទាំង​ពិភពលោក បាន​រក​ឃើញ​ការ​ឆ្លង​នៃ​មេរោគ​កូរ៉ូណា​នេះ ក្នុង​នោះ​មាន​ទាំង​ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហបុរី និង​វៀតណាម ដែល​នៅ​ក្បែរ​ខាង​កម្ពុជា​ផង​ដែរ។

ខណៈ​ដែល​មេរោគ​ថ្មី​នេះ​កំពុង​តែ​រីករាល​ដាល​ទៅ​ដល់​ប្រទេស​ជិត​ខាង​កម្ពុជា​នោះ  លោក ហ៊ុន សែន ​ក៏​បាន​ជំរុញ​ទៅ​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់ ឱ្យ​បង្កើន​ការ​ត្រួត​ពិនិត្យ​រាល់​អ្នក​ដំណើរ​ទាំង​អស់​ចូល​មក​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នក​ស្រី ឱ វណ្ណឌីន បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា មិន​ទាន់​មាន​ជំងឺរលាក​សួត​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មករា​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​រាយការណ៍​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​ដែល​មាន​ប្រភព​មក​ពី​ទីក្រុង​វូហាន​​​នោះ បាន​កើន​ឡើង​លើស ៥០​នាក់​នៅ​ក្នុង​ប្រទេស​ចិន ​ហើយ​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ ខណៈ​ដែល​ករណី​ឆ្លង​ជាង ៣០០​ករណី​ទៀត ត្រូវ​បាន​រក​ឃើញ។

AFP ដែល​បាន​ដក​ស្រង់​សម្ដី​របស់​អាជ្ញាធរ​ចិន បាន​ចុះ​ផ្សាយ​ថា សម្រាប់​ប្រទេស​ចិន​តែ​មួយ មនុស្ស​ជិត ២​ពាន់​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ថា បាន​ឆ្លង​មេរោគ​ប្រភេទ​ថ្មី​នេះ​នៅ​ទូទាំង​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ