កម្ពុជា​ប្រកាស​អំពី​ការ​រក​ឃើញ​ករណី​​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​លើក​ដំបូង​​នៅ​ថ្ងៃ​នេះ

មន្ត្រី​សមត្ថកិច្ច​កម្ពុជា​ត្រួត​ពិនិត្យ​មើល​អ្នក​ដំណើរ​ឆ្លង​កាត់​ម៉ាស៊ីន​ស្កេន​ត្រួត​ពិនិត្យ​រក​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី កំឡុងតែមករា ឆ្នាំ២០២០។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​អំពី​ការ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ជា​លើក​ដំបូង​នៅ​ថ្ងៃ​នេះ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ទី​១៥​ហើយ ដែល​ការ​ឆ្លង​វីរុស​នេះ​បាន​កើត​មាន​ឡើង។

ការ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ជា​លើក​ដំបូង​នេះ ត្រូវ​បាន​​ប្រកាស​ឱ្យ​ដឹង​ពី​សំណាក់​រដ្ឋ​មន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​នេះ។

លោក ម៉ម ប៊ុនហេង បាន​ថ្លែង​ថា​៖ «ក្រសួង​សុខាភិបាល​កម្ពុជា​សូម​ជម្រាប​ជូន​សាធារណជន​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថា គិត​មក​ត្រឹម​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​នេះ ក្រសួង​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​មាន​ការ​បញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នូវ​ករណីវិជ្ជមាន​វីរុស​កូរ៉ូណា​ប្រភេទ ២០១៩ (2019-nCoV) នៅ​លើ​បុគ្គលក​ជន​ជាតិ​ចិន​ម្នាក់​ឈ្មោះ ចា ជិនហួរ ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​វូហាន ជាមួយ​ក្រុម​គ្រួសារ ៤​នាក់»

បើ​តាម​រដ្ឋ​មន្ត្រី​សុខាភិបាល​កម្ពុជា ករណី​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​​បុរស​ជន​ជាតិ​ចិន ដែល​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ត្រង់​ពី​ទីក្រុង​វូហាន​មក​កាន់​ខេត្ត​ព្រះសីហនុ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន បុរស​ជន​ជាតិ​ចិន​រូប​នោះ និង​គ្រួសារ​របស់​គាត់ ៣​រូប​ទៀត បាន​ធ្វើ​ដំណើរមក​ដល់​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០។

វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ បាន​ផ្ទុះ​ឡើង​លើក​ដំបូង​នៅ​ក្នុង​ទីក្រុង​វូហាន ក្នុង​ខេត្ត​ហ៊ឺប៉ី ប្រទេស​ចិន ហើយ​កំពុង​រីក​រាល​ដាល​បន្ត ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៨១​នាក់​ហើយ ហើយ​​វា​បាន​ឆ្លង​ទៅ​មនុស្ស​ដល់​ទៅ​ជាង ២,៧៦១​​ករណី​ហើយ​នៅ​ក្នុង​ប្រទេស​នេះ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០។

សារព័ត៌មាន​សិង្ហបុរី CNA បាន​រាយការណ៍​ថា ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ត្រូវ​បាន​ចម្លង​ទៅ​ដល់​ប្រទេស និង​ដែន​ដី​ចំនួន ១៤​ហើយ មាន​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី ជប៉ុន កូរ៉េ​ខាង​ត្បូង នេប៉ាល់ ដែនដី​កោះ​តែវ៉ាន់ តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ និង​ហុងកុង ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម ដែល​បាន​រក​ឃើញ​ការ​ឆ្លង​វីរុស​នេះ​ដល់​ទៅ ៥៦​ករណី។

ការ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​លើក​ដំបូង​នៅ​កម្ពុជា​នេះ បាន​ធ្វើ​ឱ្យ​ក្លាយ​ក្លាយ​ជា​ប្រទេស និង​ដែន​ដី​ទី​១៥​ហើយ ដែល​ការ​ចម្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ត្រូវ​បាន​រក​ឃើញ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ