មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណាថ្មី និងត្រូវបានដាក់ឱ្យស្ថិតក្រោមការព្យាបាលនៅខេត្តព្រះសីហនុនោះ មានសុខភាពធម្មតា ហើយបន្តស្ថិតក្រោមការតាមដានពីសំណាក់ក្រុមគ្រូពេទ្យកម្ពុជា។
ករណីឆ្លងវីរុសកូរ៉ូណាថ្មីជាលើកដំបូង ត្រូវបានក្រសួងសុខាភិបាលកម្ពុជាប្រកាសឱ្យដឹងកាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីបានរកឃើញថា វាបានឆ្លងទៅបុរសជនជាតិចិនមួយរូប ដែលបានធ្វើដំណើរតាមជើងហោះហើរត្រង់ពីទីក្រុងអ៊ូហាន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ដែលចុះទៅដល់ខេត្តព្រះសីហនុផ្ទាល់ បានឱ្យដឹងថា បុរសជនជាតិវ័យ៦០ឆ្នាំរូបនោះ មានសុខភាពល្អធម្មតា ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់ព្យាបាលផងដែរ។
លោក លី សូវ៉ាន់ ប្រាប់ថា៖ «រហូតដល់ម៉ោង ២រសៀលនេះ ទី២៨មករា ឆ្នាំ២០២០ ស្ថានភាពបុរសចិនដែលគាត់មានមេរោគកូរ៉ូណាថ្មីនេះ សុខភាពគាត់ល្អទេ ហើយគ្រូពេទ្យយើងក៏យកចិត្តទុកដាក់ព្យាបាលគាត់»។
អ្នកនាំពាក្យរូបនោះ អះអាងថា គិតត្រឹមម៉ោង ២រសៀលថ្ងៃនេះ ពុំមានករណីថ្មី ត្រូវបានក្រសួងសុខាភិបាលរកឃើញនោះឡើយ ក្រៅពីបុរសជនជាតិម្នាក់នោះ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់ថា គ្រូពេទ្យជំនាញបានរៀបចំកន្លែងដាក់អ្នកជំងឺជនជាតិចិនរូបនោះ ឱ្យស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោក ឃាង ភារម្យ ប្រាប់ថា៖ «បច្ចុប្បន្ននេះ អ្នកដែលផ្ទុកមេរោគកូរ៉ូណាជាជនជាតិចិនដែលមានអាយុ ៦០ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្ត បានដាក់គាត់នៅក្នុងបន្ទប់ដាច់ដោយឡែកមួយ ដើម្បីធ្វើការតាមដានអាការៈជំងឺ សុខភាពរបស់គាត់បន្តទៀត ហើយបើតាមព័ត៌មានបន្ថែមពីប្រធានមន្ទីរពេទ្យបង្អែកខេត្ត គឺថា ក្រុមគ្រូពេទ្យនៃនាយកដ្ឋានបង្ការជំងឺឆ្លងនៃក្រសួងសុខាភិបាលលោកបានអញ្ជើញមកដល់ហើយ ហើយកំពុងធ្វើការរួមគ្នា ហើយនៅទីតាំងបន្ទប់ដាច់ដោយឡែកក៏មានការហ៊ុំព័ន្ធសៀល ដែលយើងមិនអនុញាតឲ្យប្រជាពលរដ្ឋ ឬអ្នកជំងឺណាផ្សេងចូលទៅកាន់ក្បែរទីតាំងហ្នឹងដែរ ដើម្បីធានានៅផលប៉ះពាល់ផ្សេងៗ»។
វេជ្ជបណ្ឌិតនៅមន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារឈូកមាស លោក ជូ ចាន់ឬទ្ធិ មានប្រសាសន៍ថា វីរុសកូរ៉ូណាថ្មី អាចឆ្លងពីមនុស្សទៅមនុស្ស និងពីសត្វមកមនុស្សផងដែរ ហើយលោកថា ការផ្ទុះឡើង និងរីករាលដាលនៃវីរុសនេះ ទាមទារនូវការត្រួតពិនិត្យ ការព្យាបាលអ្នកជំងឺដោយភាពអត់ធ្មត់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូរ៉ូណាថ្មីនេះ។
លោក ជូ ចាន់ឬទ្ធិ ប្រាប់ថា៖ «យើងត្រូវមើលឧបករណ៍យើងផងថា ឧបករណ៍ហ្នឹងវាចាប់ ឬកុងត្រូលបានល្អ ឬអត់ ឬធ្វើការបានល្អអត់ ហើយគ្រូពេទ្យខ្លួនឯង ក៏ត្រូវការពារខ្លួនដែរ ព្រោះយើងថា នៅប្រទេសចិនមានគ្រូពេទ្យពីរនាក់ បានស្លាប់ដោយសារជំងឺហ្នឹងដែរ មិនមែនមានន័យថា យើងការពារគេ ប៉ុន្តែ ខ្លួនឯងក៏ត្រូវការពារឲ្យបានខ្ពស់ដែរ ជាពិសេសគ្រូពេទ្យគាត់ជាអ្នកប្រឈមមុខផ្ទាល់ជាមួយអ្នកជំងឺហ្នឹងតែម្តង»។
វីរុសកូរ៉ូណាប្រភេទថ្មីនេះ បានផ្ទុះឡើងលើកដំបូងនៅក្នុងទីក្រុងអ៊ូហាន ក្នុងខេត្តហ៊ឺប៉ី ប្រទេសចិន ហើយកំពុងរីករាលដាលបន្ត ដោយបានសម្លាប់មនុស្សដល់ទៅ ១០៦នាក់ហើយ ខណៈករណីឆ្លងបានកើនឡើងលើស ៤ពាន់ករណីហើយគិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០៕