អ្នក​នាំ​ពាក្យ​​ក្រសួង​ដែនដី​​ថា មន្ត្រីខ្ទង់​​៩០០នាក់​​​ឯកភាព​នឹង​ការ​ប្ដូរ​ទីតាំង​ទីស្ដីការ​ចេញ​ពី​កណ្ដាល​ក្រុង

លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រះ​សង្ឃ និង​មន្ត្រី​រាជ​ការ​ ចូលរួម​ពិធី​បើក​ការដ្ឋាន​សាង​សង់​អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួង​នៅ​ភាគ​ខាង​ជើង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២០។ (ឆពណ្ណ បញ្ញា)

មន្ត្រី​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែន​ដី បាន​ឱ្យ​ដឹង​ថា មន្ត្រី​ក្រោម​ឱវាទ​ទីស្ដីការ​ក្រសួង​នេះ រីករាយ​ទៅ​នឹង​គម្រោង​ផ្លាស់​ប្ដូរ​ទីស្ដីការ​ទៅ​កាន់​ទីតាំង​ថ្មី​ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ បន្ទាប់​ពី​សំណង់​ទីស្ដីការ​ថ្មី​របស់​ក្រសួង​នេះ​ ត្រូវ​សាង​សង់​រួច​រាល់​ទាំង​ស្រុង។

គម្រោង​សាង​សង់​ទីស្ដីការ​ថ្មី​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវ​បាន​បើក​ការដ្ឋាន​ជាផ្លូវការ​នៅ​ថ្ងៃ​នេះ ស្ថិត​នៅ​ក្នុង​ភូមិ​អន្លង់ក្ងាន នៃ​​សង្កាត់​ឃ្មួញ ភាគ​ខាង​ជើង​រាជ​ធានី​ភ្នំពេញ។

រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានសរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា អគារទីស្តីការថ្មី​របស់ក្រសួង គ្រោង​សាង​សង់​កម្ពស់ ៥ជាន់ នៅ​លើផ្ទៃដីសរុប ៣ហិចតា។

ទំព័រ​ហ្វេសប៊ុក​រដ្ឋ​មន្ត្រី​រូប​នេះ បាន​រៀបរាប់​បន្ត​ថា អគារនេះមានចំណតរថយន្តប្រមាណ ៤៥០កន្លែង សាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សួនកណ្តាលអគារ សាលប្រជុំតូចៗ អាចផ្ទុកមនុស្សពី ១៥០នាក់ ទៅ ៣០០នាក់ និង​សាលសន្និបាតអាចផ្ទុកមនុស្សបានប្រមាណជាង១៥០០នាក់ (១៥៨៤នាក់)។

បន្ថែមលើនេះ អគារថ្មីក៏មានកន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍សំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាល័យ និងកន្លែងលេងកីឡាថែមទៀតផង។

អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់​​ លោក លី រស្មី បានថ្លែងបញ្ជាក់ថា ប្លង់​សំណង់​អគារ​ទីស្ដីការ​ថ្មី​របស់​ក្រសួង គឺ​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​រចនា​បថ​សម័យ​បុរាណ និង​សម័យ ដែល​យក​លំនាំ​តាម​ប្រាសាទ​បន្ទាយស្រី និង​វត្ត​ចំណាស់​មួយ​របស់​ប្រទេស​កម្ពុជា។

លោក លី រស្មី បានពន្យល់ថា៖«ដោយសារក្រសួងដែនដីមិនមែនជាក្រុមហ៊ុនសម្រាប់សាងសង់ទេ អ៊ីចឹងក្រសួងដែនដីជាអ្នកគូរប្លង់ ចំណែកឯក្រុមហ៊ុនដែលចូលរួមក្នុងការដេញថ្លៃសាងសង់ហ្នឹង យើងមានក្រុមហ៊ុនផ្សេងៗគ្នាដែរ។ កន្លងមកមានច្រើនដែរ​ប្រហែល ៧ ទៅ ៨ក្រុមហ៊ុន ដែលចាប់អារម្មណ៍ដេញថ្លៃក្នុងការសាងសង់ក្រសួងហ្នឹង»

អ្នក​នាំ​ពាក្យ​ក្រសួងរៀបចំដែនដី លោក សេង ឡូត ប្រាប់ថា មន្ត្រី​​រាជការ​សរុប​ប្រហែល ៩០០​នាក់ ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ​ទីស្ដីការ​ក្រសួង​នេះ នឹង​ត្រូវផ្លាស់​ប្ដូរ​កន្លែងការងារ​របស់​ពួកគេ​ទៅ​កាន់​ទីតាំង​ថ្មី​នេះ ក្រោយ​ពី​ដំណើរការ​សាង​សង់​គ្រោង​បញ្ចប់​នៅ​ក្នុង​រយៈ​ពេល ១​ឆ្នាំ​ក្រោយ។

នៅ​ពេល​ត្រូវ​បាន​សាក​សួរ​ថា តើ​មន្ត្រី​រាជការ​​ទាំង​អស់​យល់​ស្រប​លើ​ការ​ផ្លាស់​ប្ដូរ​ទីតាំង​នេះ​ឬយ៉ាង​ណា​នោះ លោក សេង ឡូត បាន​អះ​អាង​ថា ពួកគេ​រីករាយ​នឹង​ការ​ផ្លាស់​ប្ដូរ​ទីស្ដីការ​ថ្មី​នេះ ដោយ​លោក​ថា វា​ជា​ទីតាំងល្អចំកណ្តាលរាជធានីភ្នំពេញ អមដោយផ្លូវធំទូលាយចៀសផុតពីការកកស្ទះចរាចរណ៍។

លោក សេង ឡូត ប្រាប់ថា៖«នៅទីនេះ គឺក្រុងភ្នំពេញ។ អ៊ីចឹង មន្ត្រីរាជាការរបស់ក្រសួងទាំងអស់ សប្បាយរីករាយ​ដោយសារយើងមានទីធ្លាធំទូលាយ យើងមានចំណតគ្រប់គ្រាន់ អត់មានអ្នកណាគិតថា ក្រសួងឆ្ងាយទេ។ ទីនេះគឺទីក្រុង សឹងថា កណ្តាលទីក្រុងផង»

ប្រធានក្រុមហ៊ុនអមតៈ​អចលនទ្រព្យ អ្នកស្រី តាំង ហួ លើក​ឡើង​ថា ការផ្លាស់ប្តូរទីតាំងអគារធ្វើការរបស់ក្រសួងមួយចំនួននៅក្រុង ទៅបណ្តា​ខណ្ឌផ្សេងទៀតក្នុងរាជធានីភ្នំពេញ ពិតជាកត្តាសំខាន់ជះឥទ្ធិពលដល់តម្លៃដី និងផ្ទះ​សម្បែង​នៅទីតាំងនោះ។

អ្នកស្រី​បន្ត​ថា អ្នកទិញផ្ទះ និងដី នឹងកាន់តែមានទំនុកចិត្តខ្ពស់ជាងមុន នៅ​ពេលឃើញសំណង់អគាររឹងមាំរបស់ស្ថាប័នរដ្ឋ ព្រោះជឿថា វាជាសកម្មភាពនៃការពង្រីកក្រុងស្របតាមកំណើនប្រជាជន។

អ្នកស្រី តាំង ហួ ប្រាប់ថា៖ «កន្លែងណាមានក្រសួង កន្លែងនោះមានប្រជាពលរដ្ឋរស់នៅកុះករ ក្រុងរីកដុះដាល ហើយវាជាសញ្ញាណដែលថា ដីធ្លីត្រូវតែឡើងថ្លៃហើយ»

លោក ជា សុផារ៉ា បាន​រៀបរាប់​បន្ថែម​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​លោក​ថា ទីស្ដីការ​បច្ចុប្បន្ន​របស់​ក្រសួង​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនីវង្ស នៅ​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់ រាជ​ធានី​ភ្នំពេញ ក្រោយ​ទីស្ដីការ​ថ្មី​បញ្ចប់​ការ​សាង​សង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ