CCHR រកឃើញថាច្បាប់មួយចំនួនរិតត្បិតសិទ្ធិមូលដ្ឋានពលរដ្ឋផ្ទុយពីបទដ្ឋានអន្តរជាតិ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) (រូបដោយ៖ ជន ចាន់រ៉ែន)

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថា​ច្បាប់មួយចំនួននៅក្នុងប្រទេសកម្ពុជាមានការរឹតត្បិតសេរីភាព និងបង្កការប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានប្រជាពលរដ្ឋ ផ្ទុយពីបទដ្ឋានអន្តរជាតិ។

ការអះអាងរបស់​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើឡើង​ក្នុងរបាយការណ៍ពិនិត្យមើលទៅលើច្បាប់​ជាតិ និង​ការអនុវត្តស្របតាម​ច្បាប់អន្តរជាតិដែល​ចេញ​ផ្សាយនេះ។

ច្បាប់ទាំងនោះរួមមាន រដ្ឋធម្មនុញ្ញកម្ពុជា ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្តិពីការធ្វើបាតុកម្មដោយសន្តិវិធី ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីទូរគមនាគមន៍ និងច្បាប់សហជីពជាដើម។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញ​ថា​កម្ពុជាមិនទាន់អនុវត្តស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងបទដ្ឋានស្តីពីសេរីភាពមូលដ្ឋាន ដែលកម្ពុជាផ្តល់សច្ចាប័នដូចជា កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយនៅឡើយ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងក្នុងរបាយការណ៍នោះថា៖«ការវិភាគនេះបង្ហាញថា បទប្បញត្តិមួយចំនួននៅក្នុងក្របខ័ណ្ឌច្បាប់ជាតិនៅកម្ពុជា មិនអនុលោមពេញលេញជាមួយច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងបទដ្ឋានស្តីពីសេរីភាពមូលដ្ឋានទេ។ នេះជាប្រការព្រួយបារម្ភ ជាពិសេសទាក់ទិននឹងទិដ្ឋភាពសិទ្ធិមនុស្សនៅកម្ពុជានាពេលបច្ចុប្បន្ន ដែលត្រុវបានចាត់ទុកថា ជាការរំលោភបំពានទោលើការអនុវត្តដ៏ស្របច្បាប់នៃសេរីភាពមូលដ្ឋានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ទទួលស្គាល់ថា ច្បាប់ដែលបង្កើតឡើងតែងតែមានការខ្វះចន្លោះ។ ប៉ុន្តេលោកបង្ហាញការស្វាគមន៍ បើសង្គមស៊ីវិលមានបំណងស្នើសុំវិសោធនកម្មមាត្រាខ្លះឲ្យស្របតាមបទដ្ឋានអន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «ច្បាប់ធ្វើហើយមិនមែនល្អឥតខ្ចោះនោះទេ អាស្រ័យទៅលើការអនុវត្ត ប្រសិនបើជួបការលំបាក មានចំណុចខ្វះខាតត្រង់ណាគាត់អាចលើកពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលតាមរយៈវេទិការរដ្ឋាភិបាល និងសង្គមស៊ីវិលបានឲ្យតែមានមូលដ្ឋានច្បាស់លាស់មិនមានបញ្ហាអ្វីទេ ក្នុងការធ្វើវិសោធនកម្មធ្វើម៉េចឲ្យច្បាប់វាឆ្លើយតបបានទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ហើយវិវត្តន៍ទៅតាមការរីកចំរើន និងបរិបទរបស់សង្គមកម្ពុជា»

CCHR ផ្តល់ជាអនុសាសន៍ដល់រដ្ឋាភិបាលធ្វើវិសោធនកម្មទៅលើច្បាប់ទាំងអស់ខាងលើនេះ ដោយដកចេញចំណុចដែលរឹតត្បិតសេរីភាព ដើម្បីផ្តល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ  និងបទដ្ឋានអន្តរជាតិ ទើបទទួលបានផលវិជ្ជមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ