លោក ស ខេង ប្រាប់​ឱ្យប្រធានអង្គភាពត្រូវ​ធ្វើ​ជាគំរូ​ក្នុងការ​ប្រឆាំងនឹងអំពើពុករលួយ

លោក ស ខេង ចូលរួមក្នុង​ពិធីប្រគល់រថយន្តដល់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃនាថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២០។ (រូបភាព៖ទំព័រហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ឲ្យ​ប្រធានអង្គភាពដែលមប្រើការងារតាមក្រសួង និងមន្ទីរនានា ត្រូវតែធ្វើជាគំរូក្នុង ការ​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយមិនប្រកាន់បក្សពួក ដើម្បីពង្រឹងយុត្តិធម៌សង្គម និង កែទម្រង់គុណ ភាពការងាររបស់ស្ថាប័នរដ្ឋ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងបែបនេះក្នុងពិធីប្រគល់រថយន្តដល់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកមិញនេះ។

លោក ស ខេង ថាដើម្បីលើកមុខមាត់ស្ថាប័ន ក៏ដូចជាលុបបំបាត់បញ្ហាអំពើពុករលួយក្នុងអង្គភាព ប្រធាន​អង្គភាពនីមួយៗចាំបាច់ត្រូវតែបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អផ្តល់ភាពជាគំរូដល់អ្នកនៅក្រោមបង្គាប់។

លោក ស ខេង មានប្រសាសន៍ថា៖ «ការប្រឆាំងនឹងអំពើរពុករលួយនៅក្នុងអង្គភាព ហ្នឹងក៏ជាផ្នែកមួយ ជាតួនាទីភារកិច្ចមួយដើម្បីទ្រទ្រង់ដល់ការកែទម្រង់ស្ថាប័នដែរ។ ហើយប្រធានអង្គភាព ត្រូវតែដើរតួនាទី ជាគំរូគេ។ បើថាអ្នកឯងចង់បានស័ក្តនេះ ប៉ុណ្ណេះមក ខ្ញុំតែងតាំងឱ្យភ្លាម ប៉ុណ្ណោះមកខ្ញុំតែងតាំងឱ្យភ្លាម អាហ្នឹង[សកម្មភាពពុករលួយ]ទៅហើយ។ ចឹងកុំឱ្យឆ្លៀតអាហ្នឹង»។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថាការលុបបំបាត់អំពើពុករលួយ ប្រកបដោយប្រសិទ្ធភាព គឺទាមទារឱ្យមានការរៀបចំប្រព័ន្ធមួយដែលមានលក្ខណៈច្បាស់លាស់ ហើយត្រូវ មានយន្តការបង្ការនូវទំនាស់ផលប្រយោជន៍នៅក្នុងស្ថាប័នសាធារណៈ។ លោកបានបន្ថែមថា ការបង្កើត អង្គភាពប្រយុទ្ធប្រឆាំងនឹងអំពើរពុករលួយរបស់រដ្ឋាភិបាលនាពេលកន្លងមក ពុំគ្រប់គ្រាន់អាចដោះស្រាយបញ្ហា អំពើពុករលួយក្នុងស្ថាប័នរដ្ឋបាននៅឡើយទេ ព្រោះការកំណត់អំពីតួនាទី និងភារកិច្ច ជាន់គ្នាទៅនឹងច្បាប់មួយ ចំនួនដែលមានរួចទៅហើយ។

លោក សន ជ័យ លើកឡើងថា៖ «បញ្ហាអស់ហ្នឹង[ការលើកជម្រុញឱ្យប្រធានអង្គភាព រដ្ឋចូលរួមលុបបំបាត់ អំពើពុករលួយ]យើងឭរាប់សិបឆ្នាំមកហើយ។ ហើយទីបញ្ចប់ វាមិនមានអីទាក់ទងនឹង ការប្រែប្រួលអី ប៉ុន្មាន ទេ។ ឃើញមានតែការធ្វើកំណែទម្រង់អីខ្លះដែរ ក៏ប៉ុន្តែសម្រាប់ជំហាននៅក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើ ពុក រលួយនេះ គឺមួយជំហានកាន់តែស៊ីជម្រៅទៀត គឺរកមធ្យោបាយទប់ស្កាត់បញ្ហាទំនាស់ផលប្រយោជន៍ និងការរំលោភអំណាច»។

របាយការណ៍អង្គការតម្លាភាពអន្តរជាតិដែលចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមករានេះ បង្ហាញថា ស្ថានភាពអំពើពុករលួយនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩ មានស្ថានភាពកាន់តែអាក្រក់ជាងមុនឆ្នាំ២០១៨ ហើយពុករលួយខ្លាំងជាងគេ បើប្រៀបធៀបជាមួយបណ្តា​ប្រទេសក្នុងតំបន់អាស៊ាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ