តុលាការសើរើរឿងក្តីប្រឆាំងសកម្មជនដីធ្លីនៅខេត្តកំពង់ឆ្នាំងកាលពី១២ឆ្នាំមុន​

ពលរដ្ឋសហគមន៍ឡពាង

មេធាវីការពារក្តីឲ្យតំណាងពលរដ្ឋមានជម្លោះដីធ្លីនៅឡពាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេកោះហៅឲ្យចូលសវនាទៅតាម   បណ្តឹងរបស់ លោកស្រី ជា ខេង ប្រធានក្រុមហ៊ុន ខេឌីស៊ី (KDC) ភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដែលប្តឹងកាល១២ឆ្នាំមុន។

ក្នុងលិខិតអញ្ជើចុះថ្ងៃទី១៧ ខែមករាឆ្នាំ២០២០ ដែលវីអូឌីទើបទទួលបានថ្ងៃនេះ ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញលោក ឆាយ ហុង បានហៅលោក សំ សុគង់ ដែលជាមេធាវីការពារសិទ្ធិឲ្យតំណាងពលរដ្ឋ​ឡពាង គឺអ្នកស្រី អ៊ុំ សុភី ឲ្យចូលសវនាការពាក់ព័ន្ធសុំណុំរឿង«ញុះញង់»កាលឆ្នាំ២០០៨ នៅវេលាម៉ោង​២រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោកមេធាវី សំ សុគង់ មានប្រសាសន៍ថា លោកពុំទាន់សម្រេចថា ត្រូវចូលសវនាការតាមការកោះហៅរបស់តុលាការ ឬក៏មិនចូលនោះទេ ដោយថា រងចាំពិភាក្សាជាមួយកូនក្តីរបស់លោកសិន ពីព្រោះរឿងក្តីនេះយូរហើយ។ ម្យ៉ាងទៀតកាលលោកទៅការពារក្តីឲ្យអ្នកស្រី អ៊ុំ សុភី កាលឆ្នាំ២០០៨នោះ គឺក្នុងនាមលោកជាមេធាវីរបស់អង្គការមួយ ដែលកាលណោះអង្គការចាត់តាំងលោកឲ្យជួយការពារក្តីជូនតំណាងពលរដ្ឋឡពាង ប៉ុន្តែឥឡូវលោកបានលាឈប់ពីអង្គការនោះយូរហើយ។

លោកបន្ថែមថា«ឥលូវខ្ញុំបានលាឈប់ពីអង្គការហើយដែរ។ អីចឹងខ្ញុំពុងតែទាក់ទងជាមួយក្តីខ្ញុំដើម្បីពិភាក្សាថា តើកូនក្តីខ្ញុំនៅតែបន្តឲ្យខ្ញុំការពារក្តីឲ្យគាត់ទៀត ឬគាត់រកមេធាវីថ្មីមកការពារជំនួសព្រោះយើងខានទំនាក់ទំនងគ្នាយូរហើយ»

បើតាមធាវីរូបនេះឲ្យដឹងថា ករណីតុលាការកោះហៅលោកដែលជាមេធាវីការពារក្តីឲ្យតំណាងពលរដ្ឋឡពាងនេះ គឺធ្វើឡើងទៅតាមបណ្តឹងរបស់លោកស្រី ជា ខេង ប្រធានក្រុមហ៊ុន ខេឌីស៊ី (KDC) ភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលប្តឹងតំណាងពលរដ្ឋពីបទ«ញុះញង់»តាំងពីឆ្នាំ២០០៨។

តំណាងពលរដ្ឋឡពាងអ្នកស្រី អ៊ុំ សុភី ដែលអះអាងថា ជាអតីតគ្រូបង្រៀន ហើយបានបាត់បង់ការងារជាគ្រូបង្រៀនដោយសារការតវ៉ារឿងដីធ្លីនោះ និយាយថា អ្នកស្រីក៏មិនទាន់ច្បាស់ដែរថា ត្រូវពឹងពាក់លោកមេធាវី សំ សុគង់ ឲ្យពារក្តីទៀត ឬយ៉ាងណានោះ ព្រោះអ្នកស្រីទើបទទួលបានដំណឹងនេះ។

តំណាងពលរដ្ឋរូបនេះបន្តថា ប្រសិនបើតុលាការតម្រូវឲ្យអ្នកស្រីចូលសវនាការដែរនោះ អ្នកស្រីនឹងចូល ដោយថា អ្នកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។

អ្នកស្រី អ៊ុំ សុភី លើកឡើងថា វាអយុត្តិធម៌បំផុតដែលពួកគាត់បាត់បង់ផ្ទះ និងដីធ្លីដោយសារក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង រំលោភយកអស់ហើយ ត្រូវម្ចាស់ក្រុមហ៊ុនមួយនេះប្តឹងទៅតុលាការទៀតនោះ។

អ្នកស្រីបន្ថែមថា«តាមខ្ញុំចាំនៅថ្ងៃទី៩មករាឆ្នាំ២០០៨ ក្រុមហ៊ុនបានឈួឆាយផ្ទះពួកខ្ញុំអស់១៤ខ្នង ដោយគ្មានសំណងសូម្បីតែមួយរៀលរហូតមកដល់ពេលនេះ។ កាលនោះយើងបានតវ៉ាមិនឲ្យឈូស តែមិនឈ្នះ ហើយយើងបានដាក់ពាក្យបណ្តឹងទៅតុលាការ ប៉ុន្តែតុលាការតម្កល់រឿងរបស់ពួកយើងចោលអត់ចាត់ការទៀត។និយាយវាអយុត្តិធម៌សម្រាប់ពួកខ្ញុំយូរហើយ បើក្រុមហ៊ុនប្តឹងវិញតុលាការកោះហៅពួកខ្ញុំភ្លាម»

គួររំឭកថា ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋឡពាង និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់លោកស្រី ជា ខេង ដែលជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន​អូស​បន្លាយ​រយៈពេល​១៤​ឆ្នាំ​ហើយ ដោយ​ជម្លោះ​នេះ​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ និង​ប្រើ​ហិង្សា​បណ្ដាល​ឲ្យ​របួស​ជាច្រើន​នាក់ផងដែរ។

តំណាងពលរដ្ឋឲ្យដឹងថា បច្ចុប្បន្នមានអ្នកភូមិ៤៥គ្រូសារទៀតដែលមិនទាន់ទទួលបានសំណង ដោយក្នុងនោះមានដីសរុបទំហំ១១០ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ