ក្រសួងការបរទេសថាមហាអំណាចនៅតែជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាដោយប្រើលេសសិទ្ធិមនុស្ស

បុរសម្នាក់ដើរកាត់ក្រសួងការបរទេសកម្ពុជា។ (ហួត វុទ្ធី)

កម្ពុជានៅតែបន្តចាត់ទុកប្រទេសមហាអំណាចមួយចំនួនថា ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដោយប្រើលេសពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

របាយការណ៍សង្ខេបរបស់ក្រសួងការបរទេសកម្ពុជាចេញ​កាលពីម្សិលមិញ បានឱ្យដឹងថា ប្រទេសមហាអំណាចមួយចំនួន​ទំនងជាសំដៅទៅប្រទេសអាមេរិក និងសហភាពអឺរ៉ុប បានប្រើល្បិចកលសង្គ្រាម ដើម្បីប្រយោជន៍សេដ្ឋកិច្ច គួប​ផ្សំជាមួយនឹងការអនុវត្តនយោបាយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការដាក់ទណ្ឌកម្មក្រោមស្លាកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅតែបន្តកើតមាន ដោយមិនខ្លាចរអែងច្បាប់ ដែលធ្វើឱ្យសន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក កាន់តែស្ថិតនៅក្នុងហានិភ័យខ្ពស់គួរឱ្យព្រួយបារម្ភ។

របាយការណ៍៖ «ទិសដៅសំខាន់របស់មហាអំណាចទាំងអស់នោះ គឺខិតខំរក្សា ការពារឥទ្ធិពល និងផលប្រយោជន៍របស់ខ្លួន តាមរយៈការផ្តួលរំលំរដ្ឋាភិបាលកំពុងកាន់អំណច ដោយប្រើ ឬខ្ចីដៃកម្លាំងផ្ទៃក្នុងដូចអ្វីដែលបានកើតមានរួចមកហើយនៅប្រទេសវេណេស៊ុយអេឡា ស៊ូដង់ ប៊ូលីវី លីបង់ ស៊ីវី លីប៊ី និងយេម៉េនជាដើម»។

របាយការណ៍ដដែលបញ្ជាក់ថា ប្រទេសដែលទទួលបានផល គឺប្រទេសមហាអំណាចដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ហើយប្រទេសដែលរងគ្រោះជាប្រទេសទន់ខ្សោយ។

ទោះជាបែបនេះក្តី ក្រសួងការបរទេសកម្ពុជា ឱ្យដឹងទៀតថា ខ្លួនបានបញ្ជូនប្រតិភូទៅតស៊ូនៅសមរភូមិការទូត និងសាធារណមតិជាមួយឥស្សរជននៃគណៈកម្មការអឺរ៉ុប ឱ្យរក្សារបបអនុគ្រោះពន្ធ EBA និងតបទៅនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រួមទាំងការវាយប្រហារជាបន្តបន្ទាប់មកលើឯករាជ្យ និងអធិបតេយ្យកម្ពុជា។

យ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជា អះអាងថា កម្ពុជាប្រកាន់ជំហរដាច់ខាត មិនធ្វើការដោះដូរឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា ជាមួយនឹងជំនួយណាមួយឡើយ។

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោក មាស នី មានប្រសាសន៍ថា បើរដ្ឋាភិបាលកម្ពុជានៅតែមិនបន្ទន់ជំហររបស់ខ្លួនជាមួយប្រទេសមហាអំណាចទេ នឹងធ្វើឱ្យកម្ពុជាខាតបង់ប្រយោជន៍ច្រើននៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ។

លោក មាស នី មានប្រសាសន៍ថា៖ «បើយើងងាកទៅរកប្លុកកុម្មុយនីស្តដូចចិន ប៉ុន្តែយើងដកដៃ ឬក៏យើងធាក់ ឬយើងរិះគន់ទៅលើមហាអំណាចពីបស្ចិមប្រទេស ជួនកាលវាធ្វើឱ្យប្រទេសយើងទទួលរងសម្ពាធផ្សេងទៀត ទាំងសេដ្ឋកិច្ច ឬក៏សម្ពាធអ្វីផ្សេងៗទៀត ដែលយើងរំពឹងថា វានឹងមានបន្តបន្ទាប់ទៀត ថ្ងៃក្រោយយើងអាចប៉ះពាល់ទាំងសេដ្ឋកិច្ច ទាំងនយោបាយ ទាំងសង្គមកិច្ចផ្សេងៗនៅក្នុងប្រទេសយើង»។

ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩មក សហភាពអឺរ៉ុបដែលមានសមាជិក ២៨ប្រទេស បានដំណើរការនីតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្ដោះ​អាសន្ន​ ក្រោយពីរកឃើញថា រដ្ឋាភិបាលបានបរាជ័យក្នុងការស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតាមលក្ខខណ្ឌរបស់ខ្លួន។

របាយការណ៍ស៊ើបអង្កេតដំណាក់កាលទី២ របស់គណកម្មការអឺរ៉ុប ក្នុងដំណើរឈានទៅដល់ការព្យួរប្រព័ន្ធ EBA ពីកម្ពុជា​ ដែលបានផ្ញើទៅរដ្ឋាភិបាលពិនិត្យ និងឆ្លើយតបនៅថ្ងៃ១២ ខែវិច្ឆិកា​ ឆ្នាំ២០១៩។ បើតាម​នីតិវិធី កម្ពុជាមានពេល​១ខែ គិតចាប់ពីថ្ងៃទទួល ដើម្បីធ្វើការពិនិត្យ និងឆ្លើយតប ហើយគណកម្មការនឹងបិទបញ្ចប់របាយការ​ណ៍ និងធ្វើការសម្រេចចិត្តនៅថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ២០២០នេះ។   

ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ហៅកាត់​ថា​ EBA ត្រូវបានមន្ត្រីជំនាញ រដ្ឋាភិបាលប៉ាន់ប្រមាណថា ទឹក​ប្រាក់​ជិត ៧០០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ ដែលកម្ពុជាចំណេញពីការមិនបង់ពន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ